អានតួអត្ថបទ
សហរដ្ឋអាមេរិក-ប៉ាឡេស្ទីន

លោក​ Abbas ​សរសេរ​លិខិត​ព្រមាន​លោក​​Trump​ កុំ​ទទួល​ស្គាល់ ​Jérusalem ​ជា​រដ្ឋធានី​អ៊ីស្រាអែល​

លោក​ Donald Trump ប្រធានាធិបតី​ថ្មី​របស់​អាមេរិក ធ្លាប់​បាន​សន្យា​នៅ​ឱកាស​ធ្វើ​យុទ្ធនាការ​​​ឃោសនា​បោះ​ឆ្នោត​ ថា​លោក​នឹង​ទទួល​ស្គាល់ Jérusalem  ជា​រដ្ឋធានី​របស់​ប្រទេស​​អ៊ីស្រាអែល។ មិនតែប៉ុណ្ណោះ លោក Trump ​ថែម​ទាំង​បាន​បញ្ជាក់​ដែរ​ថា “ស្ថានទូត​អាមេរិក​ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ក្រុង​Tel-Aviv ​នឹង​ត្រូវ​ប្តូរ​ទីកន្លែង​ទៅ​​នៅ​​ក្រុង​ Jérusalem ដែរ។​ ដូច្នេះ​ហើយ​បានជាប្រធានរដ្ឋអំណាចប៉ាឡេស្ទីន​ផ្ញើលិខិតព្រមានលោកTrump​ ជាមុនកុំ​ឲ្យ​ទទួល​​ស្គាល់​ ក្រុង Jérusalem​ ជា​​រដ្ឋធានីរបស់​អ៊ីស្រាអែល។ 

Mahmoud ABBAS
Mahmoud ABBAS
ផ្សាយពាណិជ្ជកម្ម

លោក ​ Donald Trump  ប្រធានាធិបតី​អាមេរិក​ថ្មី ធ្លាប់​បាន​សន្យា​នៅ​នា​ឱកាស​ធ្វើ​យុទ្ធនាការ​ឃោសនា​​បោះ​ឆ្នោត​ថា ​“លោក​នឹង​ធ្វើការ​ទទួល​ស្គាល់​ក្រុង​ Jérusalem ​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល និង​​​​ប្តូរ​​ទីកន្លែង​​ស្ថានទូត​​អាមេរិក​​ដែល​​បច្ចុប្បន្ន​ស្ថិត​​នៅ​​ក្រុង​ Tel-Aviv ​ទៅ​​ដាក់​​នៅ​ក្រុង Jérusalem ​វិញ​។ ការ​​សន្យា​​បែប​នេះហើយដែល​​បាន​​ធ្វើ​ឲ្យ​​ប្រជាជន​ប៉ាឡេស្ទីន​ទាំង​មូល​​មាន​ក្តី​ព្រួយ​បារម្ភ​ជា​ពន់ពេក។ ប៉ាឡេស្ទីន​ដែល​ទាមទារ​ចង់​បាន​ភាគ​ខាង​កើត​នៃ​ក្រុង​ Jérusalem ​​មក​ធ្វើ​ជា​រដ្ឋធានី​របស់​ខ្លួន។

 
ក្នុង​ន័យ​នេះ​ហើយ បាន​ជា​​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន លោក Mahmoud Abbas បាន​​សរសរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​កាន់លោក​ Donald Trump ដើម្បី​​ព្រមាន​​ពី​ផលវិបាក​នានា​​ដែល​​អាច​​លេច​​ចេញ​​ពី​​សេចក្តី​​​​ជូន​ដំណឹង​​នេះ។

ក៏ប៉ុន្តែ​នៅ​លើ​វិស័យ​ការទូត​​នា​ពេល​ខាង​មុខ​របស់​លោក Trump  ​​វិញ ​ក្រុម​អ្នក​សង្កេតការណ៍​អន្តរជាតិ​​ភាគ​ច្រើន​ នៅ​តែ​​ពុំ​ទាន់​ស្មាន​ត្រូវ​នៅ​ឡើយ​ទេ ​រហូត​មក​ទល់​ពេល​នេះ។

ប៉ុន្តែ ចំពោះ​ប្រជាជន​ប៉ាឡេស្ទីន ការ​សន្យា​របស់​លោក Trump ​ទាំង​នោះ​ គឺ​ជា​សញ្ញា​ដ៏​អាសន្នធំ​​​​មួយ​​សំរាប់​ប៉ាឡេស្ទីនចាប់ពីអំណេះតទៅ​ ជាពិសេស​នៅ​ពេល​ដែល​លោក Donald Trump ​ឡើង​ចូលកាន់​​មុខ​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​នៅ​ថ្ងៃ​ទី​២០​មករា​ខាង​មុខ​។​

ប៉ាឡេស្ទីន បាន​រំលឹក​សា​ជា​ថ្មី​ម្តង​ទៀត​ថា លក្ខន្តិកៈ​នៃ​ទីក្រុង​ Jérusalem ត្រូវ​តែ​ផ្សា​​ភ្ជាប់​ជានិច្ច​ជាមួយ​នឹង​កិច្ច​ព្រមព្រៀង​សន្តិភាព​លើក​ចុង​ក្រោយ​​និង​ក៏​​ត្រូវតែ​មាន​​ការ​ពិភាក្សា​គ្នា​រវាង​​​អាមេរិក​និង​ប៉ាឡេស្ទីន​ឲ្យ​បាន​ច្បាស់​លាស់​ដែរ​នៅ​លើ​បញ្ហា​នេះ។

ប្រជាជន​ប៉ាឡេស្ទីន នៅខណៈនេះ នៅ​តែ​មាន​ក្តីសង្ឃឹម​ផង​ដែរ​ទៅ​លើ​ការ​គាំទ្រ​ពីសំណាក់​បណ្តា​ប្រទេស​អ៊ីស្លាម​នានា​​នៅ​លើ​លោក ដែល​បាន​ចាត់​ទុក​ទីក្រុង​ Jérusalem​ ថា​ជា​ទីក្រុង​សក្ការៈ​មួយ។ ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​វិញ ​បាន​​ផ្ញើ​​លិខិត​​ជូន​ទៅ​​បណ្តា​ប្រមុខ​​រដ្ឋ​​អារ៉ាប់​នានា​​ផ្សេង​ទៀត​​នៅ​លើ​លោក ដើម្បី​សុំ​​អោយ​ជួយ​ធ្វើ​អន្តរាគម​នៅ​ក្នុង​ការ​ពិភាក្សា​គ្នា​​​​​ជាមួយ​លោក Donald Trump​ ពី​​បញ្ហាទីក្រុង​ Jérusalem ។

រដ្ឋអំណាច​ប៉ាឡេស្ទីន​ ថែម​​ទាំង​បាន​អំពាវនាវ​ផងដែរ​ សុំ​​ឲ្យ​វិហារ​​អ៊ីស្លាមទាំងអស់​​​នៅ​លើ​លោក ធ្វើការ​ផ្តន្ទា​ទោស​ទៅ​លើ​សេចក្តី​ជូន​ដំណឹង​របស់លោកត្រាំនេះ ​នៅ​​ថ្ងៃ​សុក្រ​ដែល​ជា​ថ្ងៃ​សូត្រ​ធម៌​បួង​សួង​របស់​អ្នក​កាន់​សាសនា​អ៊ីស្លាមនៅលើលោក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ