អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​ដូណាល់ ត្រាំ៖ ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី នឹង​អាច​លុបចោលវិញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក​ឈ្នះ​ឆ្នោត​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី ១៣​មករា ​ថា ទណ្ឌកម្ម​ដែល​លោក​អូបាម៉ា​ដាក់​ទៅលើ​រុស្ស៊ី កាលពី​ចុងខែ​ធ្នូ នឹង​អាច​លុបចោល​ទៅវិញ នៅក្នុង​អាណត្ត​របស់លោក បើសិន​រុស្ស៊ី​សហការ​ជាមួយ​អាមេរិក​ប្រយុទ្ធប្រឆាំង ​ក្រុមភេរវនិយម។ លោក​ដូណាល់ ត្រាំ ចង់​លុបចោល​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី នៅក្នុង​កាលៈទេសៈ ដែល​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អាមេរិក​បាន​រកឃើញ​ថា ប្រធានាធិបតី​រុស្ស៊ី ជា​អ្នកបញ្ជារ​ឲ្យ​មាន​ការវាយប្រហារ​អ៊ីនធ័រនែត​របស់​គណបក្ស​លោកស្រី​គ្លីនតុន ដើម្បី​ជ្រៀតជ្រែក ចូល​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិកាំង។ 

លោក​ដូណាល់ ត្រាំ អនាគត​ប្រធានាធិបតី​ទី​៤៥​របស់​អាមេរិក
លោក​ដូណាល់ ត្រាំ អនាគត​ប្រធានាធិបតី​ទី​៤៥​របស់​អាមេរិក REUTERS/Lucas Jackson
ផ្សាយពាណិជ្ជកម្ម

អនាគត​ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ បាននិយាយ​ប្រាប់​កាសែត Wall Street Journal ថា ទណ្ឌកម្ម​ដែល​ដាក់​ទៅលើ​រុស្ស៊ី នឹង​អាច​លុបចោល​វិញ។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​អាមេរិកាំង ​លោក​ត្រាំបាន​និយាយថា រដ្ឋបាល​របស់លោក​នឹង​អាច​រក្សាទុក ទណ្ឌកម្ម​របស់​លោកអូបាម៉ា ប៉ុន្តែ បើសិន​រុស្ស៊ី ជួយ​អាមេរិក ប្រយុទ្ធប្រឆាំង​ក្រុមភេរវនិយម ដោយ​ប្រសិទ្ធិភាព នោះ​លោក​នឹង​លុប​ចោល​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ទៅវិញ។

 
ទណ្ឌកម្ម​ទៅលើ​រុស្ស៊ី ដែល​លោក​ដូណាល់ ត្រាំ និយាយ​ថា នឹង​អាច​លុប​ចោល​ទៅវិញ គឺ​ ទណ្ឌកម្ម​ចុងក្រោយ ដែល​លោក​បារ៉ាក់ អូបាម៉ា ទើប​បាន​ដាក់ កាលពី​ចុងខែ​ធ្នូ​កន្លងទៅ។ សូម​រំលឹកថា នៅក្រោយ​ទទួល​បានរបាយការណ៍​ស៊ើបអង្កេត​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក ដែល​រកឃើញថា រុស្ស៊ី​មាន​ជាប់ពាក់ព័ន្ធ វាយប្រហារ​អ៊ីនធ័រនែត ដើម្បី​ជ្រៀតជ្រែក​ក្នុងការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក លោក​បារ៉ាក់ អូបាម៉ា​បាន​បញ្ជារ បណ្តេញចេញ មន្រ្តីទូត និង​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​រុស្ស៊ី ចំនួន​៣៥នាក់ ចេញ​ពី​ទឹកដី​អាមេរិក។ ទណ្ឌកម្ម​របស់​លោក​អូបាម៉ា​ផ្តោត​ផងដែរ ទៅលើ​ទីភ្នាក់ងារ ស៊ើបការណ៍​សម្ងាត់​របស់​រុស្ស៊ី។

នៅក្នុង​អាណត្តិ​របស់លោក​អូបាម៉ា អាមេរិក បាន​បង្កើត​តារាង​បញ្ជីឈ្មោះ បុគ្គល ឬ​ក្រុមហ៊ុន​រុស្ស៊ី​ជាច្រើន ដែល​ជាប់​ក្នុង​បញ្ជីខ្មៅ រង​ការដាក់​ទណ្ឌកម្ម​ពី​អាមេរិក។ បញ្ជីដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី ត្រូវ​បាន​បង្កើតឡើង​នៅ​ឆ្នាំ ២០១២ នៅពេល​ដែល​អាមេរិក​បាន​រុស្ស៊ី​ថា បាន​រំលោភ កាត់យក​ទឹកដី​គ្រីមេ​របស់​អ៊ុយក្រែន​ទៅធ្វើ​ជា​ទឹកដី​រុស្ស៊ី។

ជំហរ​នយោបាយ​ដ៏ស្រពិចស្រពិល ចំពោះ​រុស្ស៊ី
តាំង​ពី​មុន​ឈ្នះឆ្នោត​ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ មហាសេដ្ឋី អចលនទ្រព្យ​ញូវយ៉ក ដែល​គ្មាន​បទពិសោធន៍​ធ្វើ​នយោបាយ​សោះនោះ មិន​ដែល​លាក់បាំង​ពី​បំណង​ ចង់​ទៅ​ចាប់ដៃ​ធ្វើការ​ជាមួយ​លោកប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន។ លោក​ដូណាល់​ត្រាំ ដែល​ធ្លាប់​តែ​រិះគន់​នយោបាយ​អរិភាព​របស់​អាមេរិក​ទៅលើ​រុស្ស៊ី បាន​និយាយ​ហើយ​ថា លោក​ចង់​ឲ្យ​អាមេរិក​ប្តូរជំហរ បន្ទន់​នយោបាយ​ការទូត​ជាមួយ​រុស្ស៊ី​វិញ។

នៅក្នុង​បទសម្ភាសន៍​កាលពី​ថ្ងៃ​សុក្រ លោក​ដូណាល់ ត្រាំ នៅ​បាន​បញ្ជាក់ថា លោក​កំពុង​រៀបចំ​ជួប​លោក​ពូទីន នៅ​ក្រោយ​ពេល​លោក​ស្បថ​ចូល​កាន់តំណែង នៅ​ថ្ងៃ​ទី ២០​មករា​ខាងមុខ។
 

លោក​រិច ធីល័រសុន អនាគត​រដ្ឋមន្រ្តី​ការបរទេសអាមេរិក​នៅ​ព្រឹទ្ធសភា​ថ្ងៃពុធ​ទី ១១​មករា​
លោក​រិច ធីល័រសុន អនាគត​រដ្ឋមន្រ្តី​ការបរទេសអាមេរិក​នៅ​ព្រឹទ្ធសភា​ថ្ងៃពុធ​ទី ១១​មករា​ REUTERS/Kevin Lamarque

នៅក្នុង​រឿងរុស្ស៊ី លោក​ដូណាល់ ត្រាំ ហើយ​និង​អនាគត​រដ្ឋមន្រ្តី​របស់លោក​និយាយ​ផ្ទុយស្រឡះ​គ្នា។ លោក​ដូណាល់ ត្រាំ អួតសរសើរ​រុស្ស៊ី ចំណែក អនាគត​រដ្ឋមន្រ្តី​ការបរទេស ហើយ​និង​ការពារជាតិ ដែល​ជា​ស្ថាប័ន​សំខាន់ៗ បែរ​ជា​និយាយថា គេ​មិនត្រូវ​ទុកចិត្ត​រុស្ស៊ី ​ដែលមាន​សមត្ថភាព​ធ្វើអ្វី​គ្រប់យ៉ាង​ដែល គេ​មិនអាច​ដឹងទុកមុន។ នៅក្នុង​សវនការ​សួរដេញដោល​របស់​គណៈកម្មការ​ស៊ើបអង្កេត​របស់​ព្រឹទ្ធសភា​អាមេរិក លោក James Mattis អនាគត​រដ្ឋមន្រ្តីការពារ​ជាតិ​ហើយ​និង​លោក​Rex Tillerson ដែល​នឹង​ចូល​កាន់តំណែង​ជា​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក បាន​​ចាត់ទុក​រុស្ស៊ី ថា ជា​គ្រោះថ្នាក់​សម្រាប់​អឺរ៉ុប ដោយ​ចង់​បំបែកបំបាក់​អូតង់។

លោក​ដូណាល់ ត្រាំ​បាន​រិះគន់ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក ថា អសមត្ថភាព និង​មិន​ស្មោះត្រង់ នៅក្រោយ​ពេលដែល​របាយការណ៍​ដែល​និយាយ​ពី​ទំនាក់ទំនង​រវាង​លោក​ត្រាំ ហើយ​និង​រុស្ស៊ី ត្រូវ​បាន​ចេញ​ផ្សាយ នៅតាម​វិបសៃតិ៍​ព័ត៌មាន អាមេរិក។
 

អនាគត​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក James Mattis
អនាគត​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក James Mattis REUTERS/Yuri Gripas

អនាគត​រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិក លោក​Mattis ​យល់ឃើញ​ផ្ទុយ​ពី​លោកត្រាំ។ លោក​Mattis ដែល​ជា​អតីត​មេបញ្ជាការ​ទ័ពជើងទឹក​អាមេរិក បាន​បញ្ជាក់​ទៅកាន់​ព្រឹទ្ធសភា​អាមេរិក ហើយ​ថា លោក​ទុកចិត្ត ១០០​ភាគរយ ទៅលើ​សមត្ថភាព​របស់​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក។ ចំណែក​លោក​Rex Tillerson ដែល​លោក​ដូណាល់ ត្រាំ ជ្រើសរើស​ឲ្យ​ធ្វើ​ជា​រដ្ឋមន្រ្តីការបរទេស​អាមេរិក រឹត​តែ​ធ្វើ​ឲ្យ​គេ​ឆ្ងល់​ទៅទៀត ព្រោះថា មហាសេដ្ឋីប្រេងរូបនេះ  ដែលធ្លាប់ ស្និទ្ធ និង​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​រុស្ស៊ី បែរនិយាយ​កុំ​ឲ្យ​គេ​ទុកចិត្ត​រុស្ស៊ី​ទៅវិញ។ រញ៉េរញ៉ៃ និង​មិន​ច្បាស់លាស់ នេះ​ជា​ពាក្យ​ដែល​គេ​សង្ខេប​បាន​ពី​ជំហរ​នយោបាយ​របស់​អនាគត​រដ្ឋាភិបាល​អាមេរិក ដឹកនាំ​ដោយ​លោក​ដូណាល់ ត្រាំ។

នៅក្នុង​កាសែត​អាមេរិកាំង លោក​ដូណាល់ ត្រាំ បាន​ឆ្លើយដោះសារ​យ៉ាង​ស្រួលថា លោក​ទុក​ឲ្យ​មន្រ្តី​របស់លោក​មានសិទ្ធិ សេរីភាព បញ្ចេញមតិ។ គេ​មិនដឹងថា តើ​លោក​ដូណាល់ ត្រាំ នឹងអាច​កោះ​ហៅ រដ្ឋមន្រ្តី​របស់​លោក​មក​និយាយ​ក្រើនរំលឹក ថា នឹង​ត្រូវ​តែ​ដើរ​តាម​បន្ទាត់​នយោបាយ​របស់​គាត់ ដែរឬទេ។ ប៉ុន្តែ បើសិន​ប្រធានាធិបតី​និយាយ​ផ្សេង ហើយ​រដ្ឋមន្រ្តី​ការបរទេសនិយាយ​ផ្សឹង នោះ គឺ​អាមេរិក​ពិត​ជា​ពិបាកហើយ។

គេ​មិនដឹងថា អាមេរិក​របស់​លោក​ដូណាល់ ត្រាំនឹង​មាន​ជំហរ​យ៉ាងណា​ឲ្យ​ពិត​ប្រាកដ ជាមួយ​រុស្ស៊ី។ បើសិន​លោក​ត្រាំ​ចង់​ចូល​ជិតស្និទ្ធ​ជាមួយ​លោកពូទីន តើ​រដ្ឋាភិបាល​ថ្មី​របស់​អាមេរិក​នឹង​គិតគូរ​យ៉ាងម៉េច​ចំពោះវិបត្តិ អ៊ុយក្រែន ដែល​អាមេរិក​ធ្លាប់​ជួយ​គាំទ្រ ដោយសារ​តែ​រងការគំរាមកំហែង​ពី​រុស្ស៊ីនោះ? តើ​អាមេរិក​នឹង​មាន​ជំហរ​យ៉ាងម៉េច​ក្នុង​វិបត្តិ​ស៊ីរី? ក្រសួងការបរទេស​រុស្ស៊ី នៅ​ថ្ងៃ​សៅរ៍​ទី ១៤​មករា​បាន​អះអាងថា រុស្ស៊ី​បាន​អញ្ជើញ​រដ្ឋាភិបាល​ថ្មី​របស់​អាមេរិក​ឲ្យ​ចូលរួម​នៅក្នុង​សន្និសីទ​ស្តីពី​ស៊ីរី ដែល​ត្រូវ​ធ្វើ​នៅ​ប្រទេស​កាហ្សាក់ស្ថាន នៅថ្ងៃទី ២៣ មករា​ខាងមុខ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ