អានតួអត្ថបទ
សហរដ្ឋអាមេរិក

លោក​John Lewis៖​លោកដូណាល់​ ត្រាំ​មិនមែន​ជាប្រធានាធិបតី​ស្របច្បាប់

ប្រធានាធិបតី​ឈ្នះ​ឆ្នោត​អាមេរិក លោកដូណាល់ ត្រាំ នៅ​ចុងសប្តាហ៍​នេះ បាន​បង្ក​ឲ្យ​មាន​មតិរិះគន់ មិន​ពេញចិត្ត ជាថ្មី ក្នុង​ចំណោម​អ្នកនយោបាយ និង​អ្នកការពារ​សិទ្ធិមនុស្ស​អាមេរិក។ កាលពី​ថ្ងៃ​សៅរ៍ លោកត្រាំ​បាន​សរសេរ​នៅក្នុង​សារ Twitter រិះគន់​យ៉ាង​ចាស់ដៃ លោក​John Lewis ដែល​ជា​បុគ្គល​សំខាន់​ក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក។ លោក​John Lewis ធ្លាប់ធ្វើ​បាតុកម្ម​ជាមួយ​លោក​Martin Luther King ដើម្បី​ទាមទារ​សិទ្ធិ​ពលរដ្ឋ​ជូន​ប្រជាជន​អាមេរិកាំង​ស្បែកខ្មៅ ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៦០។ 

លោក​ចន លេវីស (ស្តាំ)តំណាងរាស្រ្ត​នៅ​រដ្ឋ​Georgie ជាមួយ​គ្រួសារ​របស់លោក​អូបាម៉ា ហើយ​និង​លោក​ប៊ូស.
លោក​ចន លេវីស (ស្តាំ)តំណាងរាស្រ្ត​នៅ​រដ្ឋ​Georgie ជាមួយ​គ្រួសារ​របស់លោក​អូបាម៉ា ហើយ​និង​លោក​ប៊ូស. REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

អនាគត​ប្រធានាធិបតី​អាមេរិក លោក​ដូណាល់​ត្រាំ បាន​រិះគន់ វាយប្រហារ​លោក John Lewis ដែល​អាមេរិក​ចាត់ទុក​ជា​សកម្មជន​សំខាន់ ខាង​ការពារ​សិទ្ធិ​ពលរដ្ឋ​អាមេរិកាំង ស្បែកខ្មៅ ​ជាង​កន្លះ​សតវត្សរ៍​មកហើយ។ នៅក្នុង​សារ​Twitter របស់​លោក នៅ​ថ្ងៃ​សៅរ៍ លោក​ដូណាល់ ត្រាំ​បាន​សរសរ​ក្រើន​រំលឹក​លោក​ John Lewis​ឲ្យ​យក​ពេល​វេលា​ទៅជួយ​តំបន់​ឆ្នោត​របស់លោក ដែល​កំពុង​ធ្លាក់​ដុនដាប ដោយសារ​បទឧក្រិដ្ឋ ជាជាង មក​និយាយ​ចោទ​ប្រកាន់​លទ្ធផល​បោះឆ្នោត។

 
លោក​ដូណាល់​ត្រាំ ខឹង​នឹង​លោក​John Lewis ដោយសារ​តែ លោក​ John Lewis​បាន​បដិសេធ​មិន​ទទួល​លោក​ជាប្រធានាធិបតី។ នៅ​ថ្ងៃ​សុក្រ នៅ​ទូរទស្សន៍​អាមេរិកាំង NBC លោក​John Lewis និយាយ​ថា លោក​មិន​ចាត់ទុក​ប្រធានាធិបតី​ជាប់ឆ្នោត (លោក​ដូណាល់ ត្រាំ) ជា​ប្រធានាធិបតី​ស្របច្បាប់​នោះទេ។ លោក​នៅ បាន​បន្ថែមថា សម្រាប់លោក ការវាយប្រហារ​អ៊ីនធ័រនែត​របស់​រុស្ស៊ី ទៅលើ​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិកាំង​បាន​ជួយ​ឲ្យ​លោក​ដូណាល់​ត្រាំ ឈ្នះ​ឆ្នោត នៅ​ថ្ងៃ​ទី ៨​វិច្ឆិកា​កន្លងទៅ។

ក្នុង​វ័យ ៧៦​ឆ្នាំ លោក​ John Lewisដែល​ជា​អ្នកតំណាងរាស្រ្ត​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ នៅ​សភា​អ្នកតំណាង បាន​អះអាងថា លោក​នឹង​មិន​ចូលរួម​នៅក្នុង​ពិធីស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី របស់​លោក​ដូណាល់ ត្រាំ នៅ​ថ្ងៃទី ២០​មករា​ខាងមុខទេ។ នេះ​ជា​លើក​ទី ១ ដែល​លោក​ John Lewis​ខកខាន ចាប់តាំង​ពី​លោក​បាន​ជាប់ឆ្នោត ជា​សមាជិក​សភា នៅ​ឆ្នាំ ១៩៨៦។ នៅ​ឆ្នាំ ១៩៦៥ លោក​ John Lewis​ធ្លាប់​បាន​ចូលរួម​ដើរ​ជាមួយ​លោក​ Martin Luther King​ដែល​ជា​បិតា​ទាមទារ​សិទ្ធិពលរដ្ឋ​ឲ្យ​ប្រជាជន​អាមេរិកាំង​ស្បែកខ្មៅ។

ក្រៅពី​លោក​John Lewis នៅ​មាន​សមាជិក​សភា មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ទៀត​ដែល​បាន​និយាយ​ហើយ​ថា ពួកគេ​នឹង​មិនទៅចូលរួម​ក្នុង​ពិធី​ស្បថ​របស់​លោក​ដូណាល់ ត្រាំ។ នៅ​មួយ​សប្តាហ៍​មុន​ពិធី​ស្បថចូល​កាន់តំណែង​ប្រធានាធិបតី បាតុកម្ម​ប្រឆាំង​លោក​ត្រាំ​បាន​ចាប់ផ្តើម​ផងដែរ តាំង​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។ ប្រជាជន​អាមេរិកាំង​ជាច្រើន​ពាន់​នាក់​បាន​ជួបជុំគ្នា នៅ​ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​ធ្វើ​បាតុកម្ម​តវ៉ា ប្រឆាំង​នឹង​សំដី​គ្រោតគ្រាត​របស់​លោក​ដូណាល់ ត្រាំ ដែល​មើលងាយ រើសអើង ជនជាតិ​ម៉ិកស៊ិក អ្នកកាន់​សាសនា​អ៊ីស្លាម។ ក្រុមប្រឆាំង ត្រាំ ជាង ៣០​ក្រុម​បាន​ទទួល​ការអនុញ្ញាត​ឲ្យ​ធ្វើ​បាតុកម្ម​តវ៉ា ពីពេលនេះ រហូត​ដល់​ថ្ងៃ​ស្បថ​ចូលកាន់តំណែង​របស់លោក​ត្រាំ។ បាតុកម្ម​ធំជាង​គេ ដែល​ចូលរួម​ដោយ​បណ្តា​សកម្មជន​ការពារ​សិទ្ធិស្រ្តី នឹង​រៀបចំធ្វើ នៅថ្ងៃ​សៅរ៍ មួយ​ថ្ងៃ​បន្ទាប់​ក្រោយ​ពិធីស្បថ​របស់​លោក​ដូណាល់ត្រាំ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ