អានតួអត្ថបទ
អាមេរិក

អាមេរិក៖​លោកអូបាម៉ា​ចេញ​មុខ​ការពារ​នយោបាយ​ការបរទេស​ក្នុង​អាណត្តិ ៨ឆ្នាំ​របស់​លោក

នៅ​សហរដ្ឋអាមេរិក លោក​បារ៉ាក់ អូបាម៉ា​នឹង​ផ្តល់​កូនសោ​វិមាន​ប្រធានាធិបតី​ទៅ​ឲ្យ​លោក​ដូណាល់ ត្រាំ​នៅ​ថ្ងៃទី២០ មករា​ខាង​មុខ។ តែ​នៅ​ថ្ងៃ​អាទិត្យ ទី១៥ មករា ពោល ៥ថ្ងៃ មុន​នឹង​ចាក​ចេញ​ពី​តំណែង លោក​អូបាម៉ា​បាន​ផ្តល់​បទសម្ភាសន៍​ចុង​ក្រោយ​ក្នុង​នាម​ជា​ប្រមុខរដ្ឋ​ឲ្យ​ទូរទស្សន៍ CBS។ នៅ​ក្នុង​បទសម្ភាសន៍​នោះ លោក​អូបាម៉ា​បាន​ការពារ​យ៉ាង​ពេញ​ទំហឹង​លើ​នយោបាយ​ការបរទេស​របស់​លោក​ក្នុង​រយៈពេល ៨ឆ្នាំ​កន្លង​ទៅ។

​លោកអូបាម៉ា​ចេញ​មុខ​ការពារ​នយោបាយ​ការបរទេស​ក្នុង​អាណត្តិ ៨ឆ្នាំ​របស់​លោក
​លោកអូបាម៉ា​ចេញ​មុខ​ការពារ​នយោបាយ​ការបរទេស​ក្នុង​អាណត្តិ ៨ឆ្នាំ​របស់​លោក REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

តុល្យការ​នៃ​នយោបាយ​ការបរទេស នេះ​ជា​លទ្ធផល​មួយ​ក្នុង​ចំណោម​លទ្ធផល​ផ្សេង​ទៀត​ដែល​លោក​ប្រធានាធិបតី​អាមេរិក​ផុតអាណត្តិ​បារ៉ាក់ អូបាម៉ា​បាន​ចេញ​មុខ​ការពារ។ លោក​អូបាម៉ា​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​លើ​ព័ត៌មាន​ដែល​ថា ប្រទេស​រុស្ស៊ី​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​នៅ​ក្នុង​រយៈពេល ៨ឆ្នាំ​នៃ​កាន់​តំណែង​របស់​លោក។

« បើ​គិត​ថា ការ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ដុនដាប ហើយ​បញ្ជូន​ទ័ព​ទៅ​ជួយ​ស៊ីរី​ដែល​ជា​ប្រទេស​សម្ព័ន្ធមិត្ត​តែមួយ​របស់​ខ្លួន វា​គឺ​ជា​ការ​ដឹកនាំ​ល្អ ដូច្នេះ​យើង​មាន​ទស្សនៈ​ផ្ទុយ​គ្នា អំពី​អ្វី​ដែល​ជា​ភាពដឹកនាំ »

ទាក់ទង​នឹង​សំណុំរឿង​នៅ​មជ្ឈិមបូព៌ា ពិសេស​វិបត្តិ​នៅ​ក្នុង​ប្រទេស​ស៊ីរី លោក​អូបាម៉ា​បាន​ទទួល​រង​ការរិះគន់​ខ្លាំង​ពី​ការ​ដែល​លោក​បាន​ដក​ខ្លួន​ថយ​នៅ​ចំពោះ​ការ​ប្រើ​អាវុធគីមី​សម្លាប់​ពលរដ្ឋ​ពី​សំណាក់​របបស៊ីរី​របស់​លោក​ប្រធានាធិបតី​អាសាដ។ ឆ្លើយ​នឹង​ការ​រិះគន់​នេះ លោក​អូបាម៉ា​បាន​ការពារ​ជំហរ​របស់​លោក​ដោយ​បញ្ជាក់​ថា អាមេរិក​លែង​ជា​ប៉េអិម​ពិភពលោក​ទៀត​ឡើយ។

« បើ​សិន​ជា​យើង​គិត​តែ​ពី​វិធានការ​បញ្ជូន​ទ័ព ២០ម៉ឺននាក់​ឲ្យ​ទៅ​​ស៊ីរី ឬ​​ឲ្យ​ត្រឡប់​ទៅ​អ៊ីរ៉ាក់​វិញ នៅ​ក្នុង​គោលដៅ មិន​ត្រឹម​តែ​ធ្វើ​ជា​អ្នក​រក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​ទេ តែ​ធ្វើ​ជា​អ្នក​គ្រប់គ្រង​ទាំង​ផ្នែក​រដ្ឋបាល​នៅ​ក្នុង​តំបន់... បើ​យើង​ធ្វើ​កំហុស​ឆ្គង​បែប​នេះ​ម្តង​ទៀត វា​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់​ណាស់​សម្រាប់យើង »

ចប់​ហើយ​តួនាទី​ជា​ប្រធានាធិបតី តែ​លោក​អូបាម៉ា​នៅ​មិន​បាន​ទម្លាយ​ឲ្យ​ដឹង​ពី​តួនាទី និង​កម្មវត្ថុ​ដែល​លោក​ចង់​ធ្វើ​នា​ពេល​អនាគត​ទេ។ មាន​អាយុ ៥៦ឆ្នាំ​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ លោក​អូបាម៉ា​បាន​គិតគូរ និង​យក​ចិត្ត​ទុកដាក់​ច្រើន​លើ​គ្រួសារ ពិសេស​ភរិយា និង​កូនស្រី​ទាំង​ពីរ​នាក់​របស់​លោក។ លោក​អូបាម៉ា​សង្ឃឹម​ថា​ចាប់​ពី​ពេល​នេះ​ត​ទៅ លោក និង​ក្រុមគ្រួសារ​អាច​នឹង​រួច​ផុត​ពី​ការ​តាម​ប្រម៉ាញ់​របស់​សារព័ត៌មាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ