អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកដូណាល់ ត្រាំ ចេញបញ្ជា​ឲ្យ​សង់ជញ្ជាំង​នៅព្រំដែន​អាមេរិក-ម៉ិចស៊ិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធានាធិបតី​អាមេរិក នៅថ្ងៃ​ពុធទី ២៥​មករា ​បាន​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ មួយ​ស្តី​ពីការសាងសង់​ជញ្ជាំង នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិចស៊ិក។ ក្រឹត្យ​ប្រធានាធិបតី​មាន​ទិសដៅ ទប់ស្កាត់ លំហូរ​ជនអន្តោប្រវេសន៍​ខុសច្បាប់ ក្រុមជួញដូរ​ថ្នាំញៀន និង​ក្រុមភេរវនិយម មក​ពីប្រទេស​ជិតខាង។ ប្រធានាធិបតី​ម៉ិចស៊ិក​បាន​ប្រតិកម្ម​ថ្កោលទោស​ការសម្រេច​របស់​ប្រធានាធិបតី​អាមេរិក និង​ប្រកាស​ថា ម៉ិចស៊ិក​នឹង​មិន​ឲ្យ​លុយ សូម្បី​មួយសេន ទៅក្នុង​គម្រោង​សាងសង់​ជញ្ជាំង ទៅតាម​ការទាមទារ​របស់​ប្រធានាធិបតី​អាមេរិក។ 

ជញ្ជាំង​ព្រំដែន​អាមេរិក ម៉ិចស៊ិក
ជញ្ជាំង​ព្រំដែន​អាមេរិក ម៉ិចស៊ិក REUTERS/Jose Luis Gonzalez
ផ្សាយពាណិជ្ជកម្ម

ទៅតាម​ក្រឹត្យ​ប្រធានាធិបតី ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ លោក​ដូណាល់ ត្រាំ​បាន​បញ្ជា​ឲ្យ​គេសាងសង់​ឲ្យ​បាន​ឆាប់​បំផុត​ជញ្ជាំង​ នៅ​លើ​បណ្តោយព្រំដែន​របស់​អាមេរិក ជាមួយ​ប្រទេស​ម៉ិចស៊ិក ដែល​មាន​ប្រវែង​៣២០០គីឡូម៉ែត្រ។ សម្រាប់​លោក​ត្រាំ ប្រទេស​មួយ​ដែលគ្មានព្រំដែន គឺ​គេ​មិនហៅថា ប្រទេស​ទេ។ “ពីពេលនេះ​តទៅ អាមេរិក​នឹង​ចាប់​ត្រួតពិនិត្យ​ព្រំដែន​របស់ខ្លួន​ឡើងវិញ”។

 
អាមេរិក​មាន​រួចហើយ ជញ្ជាំង ប្រវែង ១០៥០គីឡូម៉ែត្រ នៅ​លើ​ព្រំដែន​ម៉ិចស៊ិក-អាមេរិក។ ដូច្នេះ ជញ្ជាំង​ដែល​រដ្ឋបាល​លោក​ដូណាល់ ត្រាំ បញ្ជា​ឲ្យ​សង់​បន្ថែម មាន​តែ ជាង ២០០០​គីឡូម៉ែត្រ​តែប៉ុណ្ណោះ។ ជញ្ជាំងដែល​លោក​ត្រាំ​ចង់បាន គឺ ជញ្ជាំង​ដែល​ធ្វើ​ឡើង​ពី​ថ្មបេតុង កំពស់​ជាង​១០ម៉ែត្រ និង​ដាក់​កប់ជ្រៅ ទៅក្នុង​ដី ដើម្បីទប់ស្កាត់​កុំ​ឲ្យ​ជនអន្តោរប្រវេសន៍ អាច​ជីក​រូងក្រោម​ដី ឆ្លង​ចូល​ក្នុង​ទឹកដី​អាមេរិក​បាន។

នៅក្នុងក្រឹត្យ ប្រធានាធិបតី លោកដូណាល់ ត្រាំ​បាន​សម្រេច​ផងដែរ​ឲ្យ​គេ​ជ្រើសរើស​បន្ថែម ឆ្មាំ​ការពារ​ព្រំដែន ចំនួន ៥ពាន់​នាក់ទៀត ដើម្បី​ត្រួត​ពិនិត្យ ទប់ស្កាត់​កុំ​ឲ្យមាន​មនុស្ស​លួច​ឆ្លងចូល​ខុសច្បាប់ ក្នុង​ទឹកដី​អាមេរិក។ ដើម្បី​សម្រួល​ដល់​ការចាប់បញ្ជូន​ចេញ​ជនអន្តោប្រវេសន៍​ខុសច្បាប់ គេ​នឹង​បង្កើត​ផងដែរ មណ្ឌល​ឃុំខ្លួន​បណ្តោះអាសន្ន ជាច្រើន នៅ​តាម​ព្រំដែនអាមេរិក ជាមួយ​ម៉ិចស៊ិក។ ក្រឹត្យ​របស់​លោក​ដូណាល់ ត្រាំ​សំដៅ​ផងដែរ​កាត់បន្ថយ​ប្រាក់​ឧបត្ថម្ភ​រដ្ឋាភិបាល ដល់​បណ្តា​រដ្ឋ ទីក្រុង​ណា ដែល​ការពារ​ជនអន្តោប្រវេសន៍​ខុសច្បាប់។ អាមេរិក មាន​ជនអន្តោប្រវេសន៍​រស់នៅ​ខុសច្បាប់​ប្រមាណ ១១​លាន​នាក់ ដែល​នៅក្នុង​នោះ ពាក់កណ្តាល​ជា​ជនជាតិ​ម៉ិចស៊ិក។

វិធានការ​របស់​លោកដូណាល់ ត្រាំ នឹង​ជា​និមិត្តរូប ជាជាង​ដើរតួនាទី ពិតប្រាកដ​ដើម្បីទប់ស្កាត់​លំហូរ​ជនអន្តោប្រវេសន៍​ខុសច្បាប់។ ទោះ​ជា​ជញ្ជាំង​របស់​លោក​ដូណាល់ ត្រាំ មាន​កំពស់​ខ្ពស់ និង​វែង​ប៉ុណ្ណាក៏ដោយ ក៏​វា​មិនអាច​ទប់ស្កាត់​ការហូរចូល ជនអន្តោប្រវេសន៍​ខុសច្បាប់ ឬ​ការជួញដូរ​គ្រឿងញៀន បានដែរ។ បើតាម​ក្រុមអ្នកជំនាញ​ខាង​ជនអន្តោប្រវេសន៍ មនុស្ស​នៅ​តែ​អាច​រក​មធ្យោបាយ ដូចជាប្រើ ជណ្តើរ​កាន់តែ​ខ្ពស់ ដើម្បី ដាក់​ផ្លោះជញ្ជាំង​ចូល​ក្នុង​ទឹកដី​អាមេរិក។ ចំណែក ក្រុមជួញដូរ​មក​ពី​ខាង​ម៉ិចស៊ិក វិញ គឺ​មាន​បទពិសោធន៍​យូរឆ្នាំ មកហើយ ខាងបោះ រំលង​ថ្នាំញៀន ពីលើ​ជញ្ជាំង​ដែល​ធ្លាប់​ខណ្ឌ​ព្រំដែន​ម៉ិចស៊ិក-អាមេរិក។

ការសិក្សា​មួយ​នៅ​ឆ្នាំ ២០០៦ ក៏​បាន​បង្ហាញដែរថា ជនអន្តោប្រវេសន៍​ខុសច្បាប់ ប្រមាណ ពាក់​កណ្តាល នៅ​អាមេរិក តាមពិត​ មិនមែន​ចូល​មក​អាមេរិក តាម​ព្រំដែន​គោក​ជាមួយ​ម៉ិចស៊ិកទេ។ ពួកគេ​បាន​ចូល​ទៅ​អាមេរិក​តាមផ្លូវ​ធម្មតា គឺ​ព្រលាន​យន្តហោះ។ ពោលគឺ អ្នកដំណើរ​ទាំងនោះ បាន​បន្ត​រស់នៅ អាមេរិក បន្ទាប់ពី​ទិដ្ឋាការ ហួស អស់​សុពលភាព​តែ​ប៉ុណ្ណោះ។

លោក​ប្រធានាធិបតី​Enrique Pena Nieto៖ ម៉ិចស៊ិក​នឹង​មិន​ចូលលុយ​សង់ជញ្ជាំង​នោះទេ
ប្រធានាធិបតី​ម៉ិចស៊ិក​បាន​ប្រតិកម្ម​ថ្កោលទោស ការសម្រេច​របស់​ប្រធានាធិបតី​អាមេរិក។ លោកEnrique Pena Nieto​នៅ​បាន​បញ្ជាក់​ថា ម៉ិចស៊ិក​នឹង​ចូលលុយ ដើម្បី​សង់ជញ្ជាំង​ដែល​ម៉ិចស៊ិក​ចាត់ទុក​ថា បាន​បំបែក​បំបាក់ ជាជាង​បង្រួបបង្រួម ប្រជាជាតិ​ទាំងពីរ។ នៅក្នុង​ស្រុក លោក​ប្រធានាធិបតី​ម៉ិចស៊ិក​ត្រូវ​បានគណបក្ស​នយោបាយ​អំពាវនាវ​ឲ្យ​លុប​ចោល​ទស្សនកិច្ច​របស់​លោកទៅ​វ៉ាស៊ីនតោន នៅ​ថ្ងៃទី​៣១​មករា​ខាងមុខ។ តាម​គម្រោង លោក​ប្រធានាធិបតី​ម៉ិចស៊ិក​ត្រូវ​ជួប​លោក​ដូណាល់ ត្រាំ ដើម្បី​និយាយ​ពី​ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ដែល​នៅក្នុង​នោះ អាមេរិក​ជាទីផ្សារ​ស្រូប​យក​៨០ភាគរយ​នៃ​ផលិតផល នាំចេញ ពី​ម៉ិចស៊ិក។
 
ក្រុមការងារ​របស់​លោក​ដូណាល់ ត្រាំ​បាន​វាយតម្លៃ​ថា តម្លៃ សង់ ជញ្ជាំង​នៅ​លើ​ព្រំដែន​ម៉ិចស៊ិក-អាមេរិក ​ជាង ២០០០គីឡូម៉ែត្រ ដែល​គេ​ត្រូវ​សង់​បន្ថែម មាន​តម្លៃ ប្រមាណពី ៤ ទៅ ១០​ពាន់​លាន​ដុល្លារ​អាមេរិក។ ប៉ុន្តែ តាម​ការគន់គូរ​របស់​វិទ្យាស្ថាន​បច្ចេកវិទ្យា​អាមេរិក ហៅកាត់ថា MIT តម្លៃ​សាងសង់​ជញ្ជាំង​នៅ​ព្រំដែន​ម៉ិចស៊ិក អាមេរិក គឺ​ច្រើនជាង​តម្លៃ​ដែលលោក​ដូណាល់ ត្រាំ បាន​ប៉ាន់ស្មាន​ឆ្ងាយណាស់។ គេ​វាយម្លៃថា គ្រាន់តែ ជញ្ជាំង​ប្រមាណ​១៦០០​គីឡូម៉ែត្រ គេ​ត្រូវ​ចំណាយ​លុយ​ពី ២៧ ទៅ ៤០ពាន់​លាន​ដុល្លារ​អាមេរិក។ ចុះ​ទម្រាំ ជញ្ជាំង​ដល់​ទៅ ជាង ២ពាន់​គីឡូម៉ែត្រ នោះ?

លោក​ដូណាល់ ត្រាំធ្លាប់​ បាន​ប្រកាស​ថា ម៉ិចស៊ិក​នឹង​ចេញថ្លៃ​ជាមួយ​អាមេរិក​ដើម្បី​សង់ជញ្ជាំង ខ័ណ្ឌ​ចែក​ព្រំដែន​ម៉ិចស៊ិក-អាមេរិក។ នៅថ្ងៃ​ម្សិលមិញ បន្ទាប់ពី​ប្រធានាធិបតី​ម៉ិចស៊ិក​និយាយ​ថា ម៉ិចស៊ិក​នឹង​មិនចូលលុយ​ដើម្បី​សង់ជញ្ជាំង លោក​ដូណាល់ ត្រាំ​ដែល​បាន​ផ្តល់​បទសម្ភាសន៍​ដល់​ទូរទស្សន៍ អាមេរិកាំង ABC បាន​និយាយ​ជាថ្មី​ថា ម៉ិចស៊ិក​ត្រូវ​ចូលរួម​ចំណែក​លុយ សង់​ជញ្ជាំង​ជាមួយ​អាមេរិក។

តាមលោក Paul Ryan ប្រធាន​ក្រុម​សាធារណរដ្ឋនៅ​សភា​អ្នកតំណាង អាមេរិក​អាច​ចេញលុយ​មុន​ដើម្បី​សង់ជញ្ជាំង បន្ទាប់មក គឺ​ម៉ិចស៊ិក​ដែល​នឹង​ត្រូវ​ចេញ​លុយ​សង​លើ​ជញ្ជាំង​ដែល​សង់រួច។ អាមេរិក គឺ មាន​មធ្យោបាយ​ច្រើន ដើម្បីចាប់​បង្ខំ គាប​យក​លុយ​ពី​ម៉ិចស៊ិក នោះបើទោះជា​ម៉ិចស៊ិក​មិន​ចូលរួម​លុយ​ជា​ផ្លូវការ​ក្នុង​គម្រោង​សង់​ជញ្ជាំង​ក៏ដោយ។ អាមេរិក​អាច​ដំឡើង​តម្លៃ​សំបុត្រ​ចូល នៅ​ច្រក​ព្រំដែន​ម៉ិចស៊ិក និង​អាមេរិក ឬ​មួយ​ស្រួលជាងនេះ ទៅទៀត អាមេរិក​អាច​រឹបអូស​យក​លុយ​ទាំង​ប៉ុន្មាន ដែល​ប្រជាជន​ម៉ិចស៊ិក​ធ្វើការនៅអាមេរិក បាន​ផ្ញើ​ទៅ​សាច់ញាតិ​របស់ខ្លួន ក្នុង​ប្រទេស​ម៉ិចស៊ិក ដែល​គេ​បាន​វាយតម្លៃ​ថា មាន​ប្រមាណ ២៥ពាន់​លាន​ដុល្លារ ក្នុង​មួយឆ្នាំៗ។

ការសាងសង់ជញ្ជាំង​ដែលត្រូវ​ឆ្លងកាត់​ដំណាក់កាល​ដ៏ស្មុគស្មាញ​ខាង​ផ្លូវច្បាប់
លោក​ដូណាល់ ត្រាំ ចង់​ឲ្យ​គេ​សង់​ជញ្ជាំង​ឲ្យ​បាន​ឆាប់ៗ ប៉ុន្តែ វា​មិន​ងាយ​ស្រួល​ធ្វើ​នោះទេ។ នៅពេលនេះ គេ​នៅ​មិនទាន់​ដឹង​កាលកំណត់ ដែល​ត្រូវ​សង់​ជញ្ជាំង ហើយ​គេ​នៅ​មិនទាន់ដឹងថា តើ​រដ្ឋបាល​លោក​ត្រាំ នឹង​បាន​យក​លុយ​មកពីណា មក​សង់ជញ្ជាំង​នោះ? ថ្វីត្បិត​លោក​ត្រាំ និយាយ​ថា តម្លៃ​សង់​ជញ្ជាំង​គឺ​មាន​តិច​ជា​តម្លៃ​ខាតបង់​របស់​ប្រជាជន​អាមេរិកាំង ដែល​គ្មាន​ការងារ​ធ្វើ​ដោយសារ​តែ​ជនអន្តោប្រវេសន៍​ខុសច្បាប់ ប៉ុន្តែ លុយសង់ជញ្ជាំង​គឺ​ច្រើនណាស់ បើប្រៀបធៀប​នឹង​សារៈប្រយោជន៍​របស់វា។

មួយវិញទៀត ដើម្បី​សង់ជញ្ជាំង គេ​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ប្តឹងផ្តល់​នៅ​តុលាការ​ច្រើន ព្រោះ​ថា នៅ​ត្រង់​ចំណុច​ព្រំដែន​ខ្លះ ដែនដី ស្ថិតនៅ​ក្រោម​កម្មសិទ្ធិ​ឯកជន។ រដ្ឋដែល​មិន​អាច​សម្រេច​សង់​ជញ្ជាំង លើ​ដី​ឯកជន ត្រូវ​ចរចា​ទិញយក​មក​ធ្វើ​ជា​សម្បត្តិរដ្ឋ។ ចំណុចចោទ​ជា​បញ្ហាមួយទៀត គឺ ទឹកស្ទឹង ដែល​ជា​ខ្សែបន្ទាត់ ធម្មជាតិ កំណត់ព្រំដែន​របស់​ប្រទេស​ទាំងពីរ។ ច្បាប់ និង​កិច្ចព្រមព្រៀង​របស់​ម៉ិចស៊ិក និង​អាមេរិក​បាន​ចែង​ហើយថា គេ​មិនអាចពុះខ័ណ្ឌ​ចែក​ព្រំដែន ខ្សែទឹក​មកប្រើ​តែ​ម្នាក់​ឯង​នោះទេ។ មើល​ទៅលើ​ថវិកា និង​ដំណាក់កាល​ផ្លូវច្បាប់ ជញ្ជាំង​ដែល​លោកដូណាល់ ត្រាំ ចង់​ខណ្ឌ បិទជិត​ព្រំដែន​អាមេរិក និង​ម៉ិចស៊ិក គឺ​ត្រូវការ​ពេលវេលា​យូររាប់ឆ្នាំ ទម្រាំ​អាច​លេច​ចេញរូបរាង​ឡើង​បាន។

លោក​ដូណាល់ ត្រាំ ការពារ​គម្រោង​ហាមឃាត់​អ្នកកាន់សាសនា​ចូល​ក្នុង​ទឹកដីអាមេរិក
នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ លោកដូណាល់ ត្រាំ បាន​និយាយ​ថា គម្រោង​របស់លោក​មិនមែន ហាម​រាល់​អ្នកកាន់​សាសនា​អ៊ីស្លាម​មិន​ឲ្យ​ចូល​ក្នុង​ទឹកដីអាមេរិកទេ។ គឺ​លោក​គ្រាន់តែ​ចង់​កាត់បន្ថយ ចំនួន​មនុស្ស​ដែលមក​ពី​ប្រទេស​កាន់​សាសនា​អ៊ីស្លាម ដែល​អាច​ជាប្រភព ជង្រុក​ក្រុមភេរវនិយម​តែប៉ុណ្ណោះ។

តាម​កាសែត​Washington Post ដែល​បាន​ចុះផ្សាយ​សេចក្តី​ព្រាង​ក្រឹត្យ​ប្រធានាធិបតី រដ្ឋបាល​លោក​ត្រាំ ដែល​ចង់​ការពារ​ជាតិ​ពីការវាយប្រហារ​របស់​ភេរវជន​បរទេស មាន​គម្រោង​កាត់បន្ថយ​ការផ្តល់​ទិដ្ឋាការ​ទៅ​ឲ្យ​មនុស្ស​ដែល​ចេញ​មកពី​ប្រទេស​កាន់សាសនា​អ៊ីស្លាម ចំនួន ៧ ដែល​មាន​ដូចជា អ៊ីរ៉ាក់ អ៊ីរ៉ង់ ស៉ូម៉ាលី ស៊ូដង់ ស៊ីរី ហើយ​និង​យេម៉ែន ដែល​អាមេរិក​របស់លោកត្រាំ ចាត់ទុក​ជា​ប្រទេស​សំបូរ​ដោយ​ក្រុមភេរវនិយម។ ឆ្លើយ​ទៅកាន់​អ្នកកាសែត លោក​ដូណាល់ ត្រាំ​បាននិយាយ​ថា លោក​មិនខ្វល់​ថា វិធានការ​របស់លោក​នឹង​បង្ក​ឲ្យ​មាន​ការខឹង​សម្បារ​អ្វីនោះទេ ព្រោះថា​ពិភពលោក​សព្វថ្ងៃ កំពុងតែ​ជួប​”រឿងរញ៉េរញ៉ៃ”។ លោកដូណាល់​ត្រាំ បាន​លើកឡើង​ពី​កំហុស​របស់​អាល្លឺម៉ង់ និង​អឺរ៉ុប ដែល​បានទទួល​ជនភៀសខ្លួន​ស៊ីរី រាប់​លាន​នាក់ នៅ​ឆ្នាំ ២០១៦។ លោក​ដូណាល់ ត្រាំ​បាន​បញ្ជារ​ផងដែរ​ឲ្យ​គេ​គិតគូរបង្កើត​តំបន់​សន្តិសុខ​ពិសេស ក្នុង​ទឹកដី​ស៊ីរី ដើម្បី​ទទួល​ជនភៀសខ្លួន ស៊ីរី។

សម្រាប់​ក្រុមការពារ​សិទ្ធិមនុស្ស វិធានការ​របស់​លោក​ត្រាំ ដែល​នឹង​រឹតបន្តឹង​លើ​អ្នកកាន់សាសនា​អ៊ីស្លាម មិន​ឲ្យ​ចូល​ទឹកដីអាមេរិក នឹង​មិនជួយ​ដោះស្រាយវិបត្តិ​ជនភៀសខ្លួន​នោះទេ។ ផ្ទុយទៅវិញ វា​នឹង​ទៅ​បំផុស​ឲ្យមាន​ចលនា​ស្អប់​អាមេរិក កាន់តែខ្លាំង។ ក្រុមជីហាត អង្គការ​ភេរវនិយម នឹង​ទាញ​យក​ប្រយោជន៍​ពីការដែល​អាមេរិក​បែរខ្នង​ដាក់​ជនភៀសខ្លួន។ ក្រុមភេរវនិយម នឹង​ឃោសនា​ទាក់ទាញ​អ្នកគាំទ្រ​របស់ខ្លួន ក្នុង​ហេតុផលថា ប្រធានាធិបតី​អាមេរិក បាន​ប្រកាស​ធ្វើសង្រ្គាម ជាមួយ​អ្នកកាន់​សាសនា​អ៊ីស្លាម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ