អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ដើម្បី​សង់ជញ្ជាំង អាមេរិក​ចង់​ដំឡើង​ពន្ធ​លើទំនិញ​នាំចូល​ពី​ម៉ិចស៊ិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋាភិបាល​អាមេរិក​គ្រោង​នឹង​ដំឡើង​ពន្ធ​ ២០​ភាគរយ​លើ​ផលិតផល​នាំ​ចូល​មក​ពី​ប្រទេស​ម៉ិចស៊ិក ដើម្បី​យក​លុយ​ទៅ​សង់ជញ្ជាំង​នៅព្រំដែន​អាមេរិក និង​ម៉ិចស៊ិក។ ប្រធានាធិបតី​ម៉ិចស៊ិក លោក​Enrique Pena Nieto ដែល​បាន​ថ្កោលទោស​ជញ្ជាំង​របស់​លោក​ដូណាល់ ត្រាំ បាន​ប្រកាស​លុប​ចោល​ជំនួប ជាមួយ​លោក​ដូណាល់ ត្រាំ ដែល​គ្រោង​ធ្វើ​នៅ​ទីក្រុង​វ៉ាស៊ីនតោន នៅថ្ងៃ​ទី ៣១​មករា​ខាងមុខ។​ 

ក្មេងប្រុស​ម៉ិចស៊ិក​ឈរ​មើល​កម្មករ​អាមេរិក​សង់​ជញ្ជាំង​នៅព្រំដែន​អាមេរិក និង​ម៉ិចស៊ិក
ក្មេងប្រុស​ម៉ិចស៊ិក​ឈរ​មើល​កម្មករ​អាមេរិក​សង់​ជញ្ជាំង​នៅព្រំដែន​អាមេរិក និង​ម៉ិចស៊ិក ©REUTERS/Jose Lui
ផ្សាយពាណិជ្ជកម្ម

រដ្ឋបាល​អាមេរិក​ចង់​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ម៉ិចស៊ិក ដល់​ទៅ ២០ភាគរយ គឺ​ដើម្បី​យក​លុយ​ទាំងអស់ហ្នឹង​ទៅ​សាងសង់​ជញ្ជាំង​ដែលលោក​ដូណាល់ ត្រាំ​បាន​ចេញ​ក្រឹត្យ​បញ្ជា​ឲ្យ​សាងសង់​នៅ​ព្រំដែន​ម៉ិចស៊ិក និង​អាមេរិក។ នៅ​ថ្ងៃ​ព្រហស្បតិ៍ នៅក្នុង​សន្និសីទ​កាសែត ក្នុង​យន្តហោះ​ប្រធានាធិបតី ​លោក​Sean Spicer អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​អាមេរិក​បាន​និយាយ​ថា គ្រាន់​តែ​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ម៉ិចស៊ិក រដ្ឋាភិបាល​អាមេរិក​នឹង​ចំណេញ​បាន​ប្រាក់​ប្រមាណ ១០ពាន់​លាន​ដុល្លារ ក្នុង​មួយឆ្នាំ។ គឺ​យក​លុយ​បាន​យ៉ាងស្រួល ពី​ម៉ិចស៊ិក ដើម្បី​ទៅ​សង់ជញ្ជាំង។

 
ការសង់ជញ្ជាំង​នៅ​ព្រំដែន​ម៉ិចស៊ិក និងអាមេរិក គឺ​ជា​នយោបាយ​ចំបង​របស់​លោក​ដូណាល់ ត្រាំ ដែល ធ្លាប់​បាន​សន្យា​ដែរ​ថា នឹង​ធ្វើ​ឲ្យ​ម៉ិចស៊ិក​ចេញ​លុយ​សង់ជញ្ជាំង។ រដ្ឋាភិបាល​ម៉ិចស៊ិក​ដែល​ថ្កោល​ទោស ក្រឹត្យ​បញ្ជា​ឲ្យ​សង់ជញ្ជាំង បាន​ថ្កោលទោស​ជាថ្មី នយោបាយ​ចង់​ដំឡើង​ពន្ធ លើ​ទំនិញ​ម៉ិចស៊ិក នាំចូល​ទៅ​អាមេរិក។

នៅ​ថ្ងៃ​ម្សិលមិញ ប្រមុខការបរទេស​ម៉ិចស៊ិក ដែល​កំពុងស្ថិតនៅ​ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​រៀបចំ​ដំណើរទស្សនកិច្ច​របស់លោក​ប្រធានាធិបតី​ម៉ិចស៊ិក នៅ​សប្តាហ៍​ក្រោយ បាន​និយាយ​ហើយថា ពន្ធ​លើ​ផលិតផល​ម៉ិចស៊ិក​នាំចូល​ទៅ​អាមេរិក មិនមែន​ជា​មធ្យោបាយ​ដើម្បី ចាប់​ម៉ិចស៊ិក​ឲ្យ​ចេញ​លុយ​នោះទេ ប៉ុន្តែ ផ្ទុយទៅវិញ វា​នឹង​ធ្វើ​ឲ្យ​ទំនិញ​ម៉ិចស៊ិក​ឡើងថ្លៃ ក្នុង​ទីផ្សារ​អាមេរិក។ ប្រជាជន​អាមេរិក​នឹង​ចំណាយលុយ​ច្រើន​ជាងមុន​ដើម្បី​ទិញ ផ្លែប័រ ទូរទស្សន៍ ឬ​ម៉ាស៊ីន​បោកខោអាវ​ជាដើម ដែល​នាំចូល​មក​ពី​ម៉ិចស៊ិក ដែល​និង​ដែល​ធ្លាប់​តែ​លក់​ក្នុង​តម្លៃថោក។

អ្នករងគ្រោះ ប៉ះពាល់ ដោយ​នយោបាយ​របស់​លោក​ដូណាល់ ត្រាំ គឺ​ប្រជាជន​ដែល​រស់​នៅ​អាមេរិក​ទៅវិញទេ ដែល​ត្រូវ​ចំណាយ​លុយ​ច្រើន​ជាង​មុន​ដើម្បី​ទិញទំនិញ។ គឺ​ប្រជាជន​អាមេរិកាំង​ដែល​ត្រូវ​បង់ថ្លៃ​សង់ជញ្ជាំង ដែលនេះ ខុសពី​ការសន្យា​របស់​លោក​ដូណាល់ ត្រាំ​ដែល​ធ្លាប់​អះអាងថា គេ​នឹង​មិនយក​លុយ​របស់​ប្រជាជន​អាមេរិក ទៅ​សង់​ជញ្ជាំង​នោះ។

ការដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ម៉ិចស៊ិក​មិន​ខុសអី​ពី​ការប្រកាស​ធ្វើ​សង្រ្គាម​ពាណិជ្ជកម្ម​នោះទេ ដែល​នឹង​ធ្វើ​ឲ្យ​ទាំង​អាមេរិក និង​ម៉ិចស៊ិក ខាតបង់​ដូចគ្នា។ ម៉ិចស៊ិក​អាច​ធ្វើ​ដូច​អាមេរិក ដោយ​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​អាមេរិក ចូលម៉ិចស៊ិក។ ម៉ិចស៊ិក​ជាទីផ្សារ​ធំ​ទី​បី របស់​ផលិត​ផល​អាមេរិក ដែល​មាន​តម្លៃ​២១១​ពាន់​លាន​ដុល្លារ។

ដើម្បី​រំងាប់​មតិរិះគន់ និង​ការខឹងសម្បារ​ពីខាង​ភាគី​ម៉ិចស៊ិក ប្រធាន​ក្រុមការងារ​នៅ​សេតវិមាន បាន​អះអាងថា ការដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ម៉ិចស៊ិក គ្រាន់​តែ​ជា​ជម្រើស​មួយ ប៉ុណ្ណោះ ក្នុង​ចំណោម​ជម្រើស​ច្រើន​ដទៃ​ទៀត ដែល​រដ្ឋបាល​លោក​ត្រាំ កំពុង​គិតគូរ ដើម្បីធ្វើយ៉ាងណា រក​លុយ​ទៅ​សង់​ជញ្ជាំង។

យ៉ាងណាក៏ដោយ បើសិន​ប្រទេស​ទាំងពីរ​ប្រកាស​ធ្វើ​សង្រ្គាម​ពាណិជ្ជកម្ម​នឹងគ្នាមែន ទីបញ្ចប់ គឺ​ម៉ិចស៊ិក​ដែល​នឹង​ខាតបង់​ធ្ងន់ធ្ងរ ព្រោះថា  ៨០ភាគរយ​នៃ​ផលិតផល​នាំចេញ​របស់​ម៉ិចស៊ិក ប្រមាណ ៣០០ពាន់​លាន​ដុល្លារ ត្រូវ​នាំចូល​ទៅក្នុង​ទីផ្សារ​អាមេរិក។ កិច្ចព្រមព្រៀង​ដោះដូរ​សេរី ជាមួយ​កាណាដា និង​អាមេរិក ម៉ិចស៊ិក បាន​ធ្វើ​ឲ្យម៉ិចស៊ិក ដែល​មាន​តម្លៃពលកម្ម​ថោក ស្រូប​បាន​ការវិនិយោគ​​យ៉ាងច្រើន​ពី​ក្រុមហ៊ុន​អាមេរិក។ ត្រង់​ចំណុចនេះ លោក​ដូណាល់ ត្រាំ បាន​ចុះរួចហើយ ​ក្រឹត្យ​ដើម្បី​ចរចា​ឡើងវិញ ជាមួយ​កាណាដា និងម៉ិចស៊ិក ដែល​លោកចោទ​ថា បាន​លួចការងារ ពី​ប្រជាជន​អាមេរិកាំង។ លោក​ដូណាល់ ត្រាំ ដែល​ចង់​ឲ្យ​ក្រុមហ៊ុន​អាមេរិក រើ​ចេញ​ពី​ម៉ិចស៊ិក មក​តាំង​ទី​នៅ​ទឹកដី​អាមេរិក បាន​ព្រមាន​ថា នឹងដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​ជាមួយ​ម៉ិចស៊ិក និង​កាណាដា បើសិន​ការចរចា​ជាថ្មី មិន​ធ្វើ​ឲ្យ​អាមេរិក​ចំណេញ។

ជញ្ជាំង​ដ៏​ចម្រូងចម្រាស
នៅ​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ លោក​ប្រធានាធិបតី​ម៉ិចស៊ិក​បាន​ប្រកាស​លុបចោលទៅវិញ ជំនួប​របស់​លោក​ជាមួយ​លោក​ដូណាល់ ត្រាំ ដែល​គេ​គ្រោង​ធ្វើ​នៅ​ថ្ងៃអង្គារ​ទី ៣១​មករា​ខាងមុខ។ លោក​Enrique Pena Nieto បាន​ប្រកាស​លុប​ចោល​ដំណើរ​របស់​លោក​ទៅ ទីក្រុង​វ៉ាស៊ីនតោន បន្ទាប់​ពី លោក​ដូណាល់ ត្រាំ​បាន​សរសេរ​នៅក្នុង​សារ​Twitter ឆ្លើយបក​ទៅ ប្រធានាធិបតី​ម៉ិចស៊ិក ដែល​ថ្កោលទោស ក្រឹត្យសង់ជញ្ជាំង និង​ថា ម៉ិចស៊ិក​មិន​ចេញលុយ​សង់ជញ្ជាំង។

នៅក្នុង​សារTwitter លោក​ត្រាំ​បាន​សរសេរ​ថា បើ​សិន​ម៉ិចស៊ិក​មិនចេញ​លុយ​សង់ជញ្ជាំង​ទេ ការជួប​ពិភាក្សា នៅថ្ងៃ​អង្គារ នៅទីក្រុង​វ៉ាស៊ីនតោន ក៏​នឹង​គ្មាន​ប្រយោជន៍​អ្វីដែរ។ ​លោក​ដូណាល់​ត្រាំ ធ្លាប់​បាន​ចោទ​ម៉ិចស៊ិក​ថា ជា​ដើមហេតុ​ធ្វើ​ឲ្យ​ប្រជាជន​អាមេរិកាំង​បាត់បង់​ការងារ ហើយ​និង​ការដួលរលំ​នៃ​ឧស្សាហកម្ម​ផលិតរថយន្ត នៅ​អាមេរិក។

នៅ​ម៉ិចស៊ិក លោក​ប្រធានាធិបតី​ម៉ិចស៊ិក​បាន​ទទួល​ការគាំទ្រ ច្រើន​ពី អ្នកនយោបាយ ព្រោះថា បើ​លោក​ទៅ​វ៉ាស៊ីនតោន ទាំង​លោកដូណាល់ ត្រាំ ទាមទារ​ឲ្យ​ចេញ​លុយ​សង់​ជញ្ជាំង ដែល​ម៉ិចស៊ិក​ចាត់ទុក​ជា​ជញ្ជាំង​ដ៏អាម៉ាស់ នោះ គឺមានន័យ​ស្មើ​នឹង​លោក​Enrique Pena Nieto ទៅ​ឲ្យ​លោក​ដូណាល់ ត្រាំ​មើលងាយ​ប្រមាថ​ជាថ្មី​ម្តងទៀត។

លោក​ Enrique Pena Nietoធ្លាប់​បាន​រងការរិះគន់​ម្តងហើយ នៅពេល​លោក​បាន​ទទួល​ជួប​លោក​ដូណាល់ ត្រាំ កាល​នៅ​ជា​បេក្ខជន​ប្រធានាធិបតី។ កាលណោះ លោក​ប្រធានាធិបតី​ម៉ិចស៊ិក​បាន​ទទួល​លោក​ដូណាល់ ត្រាំ បើទោះបី​ជា​លោក​ដូណាល់ ត្រាំ នៅក្នុង​ពេល​ឃោសនា​បោះឆ្នោត ធ្លាប់ បាន​ប្រមាថ​ថា រាល់​ជនជាតិ​ម៉ិចស៊ិក​ជាឧក្រិដ្ឋជន និង​ជនចាប់រំលោភ​ក៏ដោយ។ លើកនេះ ដោយ​មិន​ទៅ​ជួប​លោក​ដូណាល់ ត្រាំ ប្រធានាធិបតី​ម៉ិចស៊ិក​ចង់​ស្តារ​កិត្តិយស​របស់​ខ្លួន​វិញ គឺ​មិន​ទៅ​ឲ្យ​លោកដូណាល់ ត្រាំ​មើលងាយ​នោះទេ។

ចំណែក​លោក​ដូណាល់ ត្រាំ នៅក្រោយ​លោក​ Enrique Pena Nieto ប្រកាស​លុបចោល​ជំនួប​ជាមួយ​លោក បាន​និយាយ​ថា ប្រធានាធិបតី​ម៉ិចស៊ិក គួរ​តែ​មក​និយាយ​ជាមួយ​លោក ដោយ​មើលទៅ​លើ ឱនភាព​ពាណិជ្ជកម្ម​តម្លៃ ៦០ពាន់​លាន​ដុល្លារ ដែល​អាមេរិក​មាន​ជាមួយ​ម៉ិចស៊ិក (ការនាំចេញ​របស់​អាមេរិក ទៅ​ម៉ិចស៊ិក មាន​ចំនួន​តិចជាង ផលិតផល​ម៉ិចស៊ិក​នាំចូល​ទៅ​អាមេរិក)។ លោក​ដូណាល់ ត្រាំ ​ដូណាល់ ត្រាំ ប្រធានាធិបតី ដែលគិត​ពិចារណា​តាម​បែប​អ្នកធ្វើ​ជំនួញ ជាជាង​ប្រើ​ចិត្តសាស្រ្ត​ការទូត កំពុង​ប្រើ​ស្នៀត​​ជំនួញ​ដាក់​គំនាប​ប្រទេស​ជិតខាង​ម៉ិចស៊ិក ដែល​រស់ពឹងអាស្រ័យ​ខ្លាំង​លើ​ការនាំចូល​ទៅទឹកដី​អាមេរិក៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ