ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/09 12h00 GMT
អាមេរិក

សម្ព័ន្ធអារ៉ាប់​ស្នើលោក​ដូណាល់ ត្រាំ​ឲ្យ​ពិនិត្យមើល​ឡើងវិញ​នូវ​ជំហរ​ស្តីពី​លក្ខន្តិក​ទីក្រុង​យេរ៉ុយសាឡិម

media  
សម្ព័នអារ៉ាប់​ស្នើលោក​ដូណាល់ ត្រាំ​ឲ្យ​ពិនិត្យមើល​ឡើងវិញ​នូវ​ជំហរ​ស្តីពី​លក្ខន្តិក​ទីក្រុង​យេរ៉ុយសាឡិម Reuters/Mohamed Abd El Ghany

នៅ​ថ្ងៃ​អាទិត្យ ទី២៩ មករា សម្ព័ន្ធអារ៉ាប់​បាន​អំពាវនាវ​ឲ្យ​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ពិនិត្យមើល​ឡើង​វិញ​នូវ​ជំហរ​របស់​លោក​ទាក់ទង​នឹង​លក្ខន្តិក​ទីក្រុង​យេរ៉ុយសាឡិម។ ការ​អំពាវនាវ​របស់​សម្ព័ន្ធអារ៉ាប់​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​ដូណាល់ ត្រាំ​បាន​សន្យា​នា​សម័យ​ឃោសនា​បោះឆ្នោត​ថា បើ​លោក​ជាប់ឆ្នោត លោក​នឹង​ផ្ទេរ​ស្ថានទូត​អាមេរិក​នៅ​អ៊ីស្រាអែល​ពី​ទីក្រុង Tel-Aviv ទៅ​ដាក់​នៅ​ទីក្រុង​យេរ៉ុយសាឡិម​វិញ។

ជាង ១សប្តាហ៍​បន្ទាប់​ពី​ទទួល​បាន​កូនសោ​សេតវិមាន លោក​ប្រធានាធិបតី​អាមេរិក​ថ្មី​ដូណាល់ ត្រាំ​បាន​ធ្វើ​ឲ្យ​ពិភពលោក​ច្រួលច្របល់ ភ័យ​ស្លន់ស្លោ​សឹង​គ្មាន​រលួស​ថ្ងៃ។ ច្រួលច្របល់ ភ័យ​ស្លន់ស្លោ​ក៏​ដោយសារ​ថា ពាក្យ​សន្យា​ទាំង​អំបាលម៉ាន​ក្នុង​សម័យ​ឃោសនា​បោះឆ្នោត​ត្រូវ​បាន​លោក​ត្រាំ​ផ្តើម​អនុវត្តន៍​ជាក់ស្តែង​ដោយ​គ្មាន​ខ្លាច​រអា​នឹង​ផលវិបាក​អ្វី​ទាំង​អស់។ គ្រាន់​តែ​ជាង ១សប្តាហ៍​ប៉ុណ្ណោះ មាន​ក្រឹត្យ​ជា​ច្រើន​ត្រូវ​បាន​លោក​ត្រាំ​ចុះ​ហត្ថលេខា រួម​មាន ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក ឬ​មួយ​ក៏​ក្រឹត្យ​ហាម​មិន​ឲ្យ​ពលរដ្ឋ​កាន់​សាសនា​អ៊ីស្លាម​ចំនួន ៧ប្រទេស​ចូល​ក្នុង​ទឹកដី​អាមេរិក​ជា​ដើម។

តែ​អ្វី​ដែល​សម្ព័ន្ធអារ៉ាប់​កំពុង​សម្តែង​ក្តីបារម្ភ​ខ្លាំង​របស់​ខ្លួន​ពេល​នេះ គឺ​ជំហរ​របស់​លោក​ដូណាល់ ត្រាំ​ដែល​ចង់​ផ្ទេរ​ទីតាំង​ស្ថានទូត​អាមេរិក​ប្រចាំ​អ៊ីស្រាអែល​ពី​ទីក្រុង Tel-Aviv ទៅ​ដាក់​នៅ​ក្នុង​ទីក្រុង​យេរ៉ុយសាឡិម​វិញ។ ជំហរ​របស់​លោក​ត្រាំ​របៀប​នេះ​មាន​ន័យ​ថា អាមេរិក​បាន​ទទួល​ស្គាល់​យេរ៉ុយសាឡិម​ជា​ទីក្រុង​របស់​អ៊ីស្រាអែល។ តែ​បញ្ហា​នៅ​ត្រង់​ថា លក្ខន្តិក​របស់​ទីក្រុង​មួយ​នេះ​កំពុង​បន្ត​ក្លាយ​ជា​ជម្លោះ​ស៊ីសាច់​ហុច​ឈាម​គ្នា​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស៊ីន។
 
លោក Saïd Abou Ali អគ្គនាយករង​សម្ព័ន្ធអារ៉ាប់​បាន​គូស​បញ្ជាក់​ថា សម្ព័ន្ធអារ៉ាប់​សង្ឃឹម​ថា​រដ្ឋបាល​អាមេរិក​របស់​លោក​ត្រាំ​នឹង​ពិនិត្យមើល​ឡើង​វិញ​នូវ​ជំហរ​របស់​ខ្លួន​ទាក់ទង​នឹង​ទីក្រុង​យេរ៉ុយសាឡិម។ លោក Ali បាន​បន្ថែម​ថា អាមេរិក​គួរ​ណា​បន្ត​រក្សា​តួនាទី​ជា​អាជ្ញាកណ្តាល​នៅ​ក្នុង​ដំណើរ​ស្វែង​រក​សន្តិភាព​ឲ្យ​ជម្លោះ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ យោង​តាម​លោក Ali ការ​ផ្ទេរ​ទីតាំង​ស្ថានទូត​អាមេរិក​ប្រចាំ​អ៊ីស្រាអែល​ទៅ​ដាក់​នៅ​ទីក្រុង​យេរ៉ុយសាឡិម គឺ​ជា​ការ​បំពាន​លើ​សិទ្ធិ​ប៉ាឡេស្ទីន និង​ទីក្រុង​អមតៈ​របស់​ប៉ាឡេស្ទីន​នៅ​យេរ៉ុយសាឡិមខាងកើត។
 
សូម​ជម្រាប​ជូន​ថា​ថ្មីៗ​នេះ លោក​ចន ឃែរី​ដែល​ជា​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​អូបាម៉ា​ធ្លាប់​បាន​ព្រមាន​ពី​ការ​ផ្ទុះ​ហានិភ័យ​ក្នុង​តំបន់ ប្រសិន​បើ​អាមេរិក​ប្តូរ​ទីតាំង​ស្ថានទូត​នៅ​អ៊ីស្រាអែល​ពី​ទីក្រុង Tel-Aviv ទៅ​ដាក់​នៅ​ក្នុង​ទីក្រុង​យេរ៉ុយសាឡិម​នោះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ