អានតួអត្ថបទ
សហរដ្ឋអាមេរិក-អារ៉ាប៊ីសាអូឌីត-អ៊ីរ៉ង់​

នុយក្លេអ៊ែរ​អ៊ីរ៉ង់​៖លោកTrump​ និង​ព្រះចៅ ​Salmane ​គាំទ្រ​ការ​អនុវត្តន៍​យ៉ាង​តឹងរឹង​បំផុត​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​

លោក Donald Trump ប្រធានាធិបតី​អាមេរិក​និង​ព្រចៅ​ Salmane ​នៃ​រាជាណាចក្រ​អារ៉ាប៊ីសាអ៊ូឌីត បាន​ប្រកាស​ទាមទារ​ឲ្យ​មាន​ការ​អនុវត្ត​យ៉ាង​មធ្យ័ត​ជាទី​បំផុត​នៅ​លើ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់-នេះ​បើយោងតាម​កិច្ច​សន្ទនា​មួយ​តាម​ទូស័ព្ទ​រវាង​ប្រមុខ​រដ្ឋ​ទាំង​ពីរ​ប្រទេស​ដែល​ផ្សព្វ​ផ្សាយ​ដោយ​សេតវិមាន​ប្រធានាធិបតី​អាមេរិក។ 

ព្រះ​ចៅ ​ Salman ​នៃ ប្រទេស​ Arabie Saoudite
ព្រះ​ចៅ ​ Salman ​នៃ ប្រទេស​ Arabie Saoudite REUTERS/Bandar al-Jaloud
ផ្សាយពាណិជ្ជកម្ម

 

ខ្លឺមសារ​នៃ​កិច្ច​សន្ទនា​គ្នា​រវាង​ព្រះចៅ​ ​Arabie saoudite  Salmane ​និង​ប្រធានាធិបតី​អាមេរិក លោក​ Donald Trump នៅ​លើ​ការ​អនុវត្តន៍​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឲ្យ​បាន​​មធ្យ័ត​ជាទី​បំផុត​នោះ  ហាក់​ដូច​ជា​បង្ហាញ​ប្រាប់​ដែរ​ថា លោក​ Donald Trump ​អាច​​មាន​ជំហរ​វិវឌ្ឈន៍​នៅ​លើ​បញ្ហា​នុយក្លេអ៊ែរអ៊ីរ៉ង់​នេះ។ ពីព្រោះ​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក​​ ​រហូត​មក​ទល់​ពេលនេះ មាន​​ជំហរ​​យ៉ាង​រឹងរូស​ជាទីបំផុត​ក្នុង​ការ​ប្រឆាំង​ទល់​នឹង​កិច្ចព្រមព្រៀង​ដ៏​សំខាន់​​របស់​អតីត​ប្រធានាធិបតីអាមេរិក​លោក អូបាម៉ា​។ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​មាន​គោលដៅ​ដើម្បី​​រារាំង​ មិន​ឲ្យ​អ៊ីរ៉ង់​​បំពាក់​នូវ​គ្រាប់បែក​បរមាណូ។

គួរ​រំលឹកថា​នៅឱកាស​​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក លោក Trump ​បាន​ធ្វើការ​ទិះតៀន​ឥត​ឈប់ឈរ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ មិនតែ​ប៉ុណ្ណោះ លោកថែម​​ទាំង​បាន​​តែង​តាំង​ថ្នាក់​ដឹក​នាំ​ដ៏​សំខាន់​ៗ​នៅ​​ក្នុង​ជួរ​រដ្ឋបាល​របស់​លោក​​ដែល​សុទ្ធស៊ឺង​ជា​បុគ្គល​​ចេញ​មុខ​ប្រឆាំង​យ៉ាង​ចំហ​ទល់​នឹង​​អ៊ីរ៉ង់ ដូច​យ៉ាង​អនាគត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមរិក​លោក​Rex Tillerson ជាដើម​ដែល​ចង់​​ឲ្យ​មាន​ការ​សើរើ​ពិនិត្យ​ទាំង​ស្រុង​ឡើងវិញ​​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់នេះ។

នៅ​ក្នុង​កិច្ចសន្ទនា​គ្នា​នេះ​ដែរ​ លោក Donald Trump ​និង​ព្រះចៅ​ Arabie Saoudite ក៏​បាន​ទាមទារ​ផង​ដែរ​​នៅ​លើ​​ភាព​ចាំបាច់​​ក្នុង​ការ​វាយ​ប្រឆាំង​តបត​វិញ​ទល់​នឹង​​សកម្មភាព​បង្ក​អសន្តិសុខ​​​របស់​​អ៊ីរង់​នៅ​ក្នុង​តំបន់។ គួររំលឹកថា អ៊ីរ៉ង់ គឺ​ជា​រដ្ឋ​មួយ​ដែល​ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​ Ryad ស្អប់​ជាទីបំផុត​​ និង ​ក៏​ជា​ប្រទេស​ប្រកួត​ប្រជែង​​មួយ​ដ៏ធំ​របស់​រាជាណាចក្រ​Arabie saoudite នៅ​ក្នុង​តំបន់​ទៀត​ផង។​

ប្រមុខរដ្ឋ​អាមេរិក​និង ​​Arabie saoudite ថែមទាំង​បាន​សន្យា​រួម​គ្នា​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទល់​​នឹង​ការ​រីក​សាយ​ភាយ​នៃ​អំពើ​ភេរវនិយម​របស់​​អង្គការ​រដ្ឋអ៊ីស្លាម​ជីហាត​ទៀត​ផង។

ម្យ៉ាងទៀត តាម​ការ​ស្នើសុំ​របស់​​ប្រធានាធិបតី​អាមេរិក ថ្នាក់​ដឹកនាំ​​ Arabie saoudite និង​អាមេរិក ក៏​បាន​ព្រមព្រៀង​គ្នា​ដើម្បី​បង្កើត​នូវ​”តំបន់​សន្តិសុខ​”​នៅ​ក្នុង​ប្រទេស​យេម៉ែន​និង​នៅស៊ីរី​​ ក៏ព្រម​ទាំង​ផ្តល់​ការ​គាំទ្រ​របស់​ខ្លួននៅ​​លើ​គំនិត​ផ្សេងៗ​ទៀត ដើម្បី​​​ជួយ​ដល់​ជន​ភៀស​ខ្លួន​​ដែល​បាន​ចាកចោល​ប្រទេស​របស់ខ្លួន​ដោយសារតែសង្គ្រាមនៅឆាបឆេះ៕​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ