អានតួអត្ថបទ
ស៊ីរី-អ.ស.ប.

លោក Filippo Grandi៖​គេ​ត្រូវ​បន្ត​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ស៊ីរី​​តាម​ផ្លូវទូត និង​ផ្លូវចរចា

លោក Filippo Grandi ឧត្តមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​អាឡិប និង Homs ក្នុង​ប្រទេស​ស៊ីរី។ នៅ​ពេល​ទៅ​ដល់​ទីក្រុង​អាឡិប លោក Grandi មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដោយ​ឃើញ​ស្ថានភាព​ទីក្រុង​មួយ​នេះ​បាន​ខ្ទេចខ្ទី​យ៉ាង​ខ្លាំង​ហួស​ពី​ការ​ស្មាន​ទុក។ ទន្ទឹម​គ្នា​នេះ លោក Grandi បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​បន្ត​ជួយ​ដោះស្រាយ​ឲ្យ​វិបត្តិស៊ីរី​តាម​ផ្លូវ​ការទូត និង​ផ្លូវ​ចរចា និង​បាន​ទាត់ចោល​លើ​សំណើ​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ដែល​ចង់​បង្កើត​ឲ្យ​មាន​តំបន់​សន្តិសុខ​នៅ​ក្នុង​ទឹកដី​ស៊ីរី។

លោក Filippo Grandi ឧត្តម​ស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន
លោក Filippo Grandi ឧត្តម​ស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន ONU/A.Voisard
ផ្សាយពាណិជ្ជកម្ម

« ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​អាឡិប​ប៉ែក​ខាង​កើត ហើយ​ខ្ញុំ​នឹក​ស្មាន​មិន​ដល់​សោះ​ឡើយ​ពី​ទំហំ​នៃ​ការ​ខូចខាត ខ្ទេចខ្ទី​របស់​ទីក្រុង​មួយ​នេះ។ ខ្ញុំ​បាន​ឃើញ​សង្កាត់​ជា​ច្រើន​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ទាំង​ស្រុង​ដោយសារ​សង្រ្គាម។

អ្វី​ដែល​ប្រទេស​ស៊ីរី​ត្រូវ​ការ​ជា​បន្ទាន់​នៅ​ចំពោះ​មុខ គឺ​ផែនការ​កសាង​ប្រទេស​ឡើង​វិញ។ ក៏​ប៉ុន្តែ ការ​កសាង​ប្រទេស​ឡើង​វិញ​អាច​នឹង​ធ្វើ​ទៅ​បាន លុះ​ត្រា​តែ​មាន​សន្តិភាព។ តែ​បញ្ហា​នៅ​ត្រង់​ថា ស៊ីរី​នៅ​មិន​ទាន់​មាន​សន្តិភាព និង​ក៏​នៅ​មិន​ទាន់​មាន​ច្រកចេញ​ផ្លូវ​នយោបាយ​ពី​ជម្លោះ​ផ្ទៃក្នុង​មួយ​នេះ​ដែរ។
 
ក្នុង​ពេល​ជា​មួយ​គ្នា​នេះ លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ស្នើ​ឲ្យ​បង្កើត​តំបន់​សន្តិសុខ​នៅ​លើ​ទឹកដី​ស៊ីរី។ ខ្ញុំ​គិត​ថា សំណើ​នេះ​មិនមែន​ជា​គំនិត​ល្អ​ទេ។ អស់​លោក​មាន​នៅ​ចាំ​ព្រឹត្តិការណ៍​នៅ​ក្រុង​សេប្រេនីកា ប្រទេស​ប្រទេស​បូស្ន៊ី​ទេ កាល​ណោះ ក្រុង​មួយ​នេះ​ត្រូវ​បាន​គេ​សន្មត់​ជា​តំបន់​សន្តិសុខ តែ​ស្រាប់​មាន​មនុស្ស​ជា​ច្រើន​ពាន់​នាក់​ត្រូវ​គេ​សម្លាប់​ចោល។
 
ដូច្នេះ គេ​គួរ​តែ​បោះបង់​ចោល​នូវ​ផែនការ​ចង់​បង្កើត​ឲ្យ​មាន​តំបន់​សន្តិសុខ​ដែល​មិន​ប្រាកដ​ជា​មាន​សន្តិសុខ និង​សុវត្ថិភាព​ដោយ​ផ្តោត​លើ​ដំណើរ​ស្វែង​រក​សន្តិភាព និង​ដាក់​ចេញ​នូវ​ផែនការ​កសាង​ប្រទេស​ស៊ីរី​ឡើង​វិញ​ដែល​ខ្ញុំ​គិត​ថា នឹង​អនុញ្ញាត​ឲ្យ​ជនភៀសខ្លួន​ស៊ីរី​ត្រឡប់​ចូល​ស្រុក​កំណើត​របស់​ខ្លួន​វិញ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ