អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

រតនាគារជាតិ​អាមេរិក​សម្រេច​មិន​ដំឡើង​អត្រា​ការប្រាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

អត្រាការ​ប្រាក់​នៅ​សហរដ្ឋ​អាមេរិក​នឹង​ស្ថិត​នៅ​ក្នុង​កំរិតទាប​ដដែល។​ នេះ​ជា​សេចក្តី​សម្រេចចិត្ត​របស់​ រតនាគារ​ជាតិ​អាមេរិក​កាលពី​សប្តាហ៍​មុន។​ ប្រឈម​មុខ​នឹង​សេដ្ឋកិច្ច​ពិភពលោកដ៏​ស្រពិច​ស្រពិល​ ជាពិសេស​កម្មវិធី​នយោបាយ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ដ៏​មិន​ច្បាស់លាស់​របស់​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ​​ រតនាគារ​ជាតិ​អាមេរិក​សុខចិត្ត​បន្ត​រក្សា​អត្រា​ការ​ប្រាក់​នេះ​ឲ្យ​នៅ​ទាប​ដដែល។ ប៉ុន្តែ ស្ថាប័ន​នេះ​គ្រោង​ដំឡើង​កំរិត​អត្រាការ​ប្រាក់​សន្សឹមៗ​ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ ប្រសិន​បើ​សន្ទុះ​ជាក់​ស្តែង​នៃ​កំណើន​សេដ្ឋកិច្ច​របស់​អាមេរិក​អំណោយ​ផល​ល្អ។

លោកស្រី Janet Yallen ប្រធាន​រតនាគារជាតិ​អាមេរិក
លោកស្រី Janet Yallen ប្រធាន​រតនាគារជាតិ​អាមេរិក
ផ្សាយពាណិជ្ជកម្ម

បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​រូបិយប័ណ្ណ​នៃ​រតនាគារ​ជាតិ​អាមេរិក​ សព្វថ្ងៃ​នេះ​ អត្រាការ​ប្រាក់​អន្តរធនាគារ​ (មាន​ន័យ​ថា​អត្រា​ប្រាក់​កម្ចី​រវាង​ធនាគារ​) គឺ​ស្ថិត​ក្នុង​ចន្លោះ​ពី​ 0,៥០% ទៅ 0,៧៥%​។ ដោយសារ​តែ​​នយោបាយ​សេដ្ឋកិច្ច​មិន​ទាន់ច្បាស់​លាស់​របស់​រដ្ឋាភិបាល​​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ គណៈកម្មការ​ជំនាញ​នេះ​​បាន​វាយ​តម្លៃ​ថា រតនាគារ​ជាតិ​អាមេរិក​មិន​ហ៊ាន​ប្រថុយ​ប្រថាន​ដំឡើង​អត្រា​ការ​ប្រាក់​ឲ្យ​ខ្ពស់​ឡើយ។

សេចក្តីសម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ឯកច្ឆន្ទ​រវាង​សមាជិក​ទាំង​ ៧​ នាក់របស់​គណៈកម្មការ។ សេចក្តី​ប្រកាស​ព័ត៌មាន​ក៏​បាន​គូស​លំអិត​ផងដែរ​ថា​ ហានិភ័យ​រយៈពេល​ខ្លី​សំរាប់​សេដ្ឋកិច្ច​អាមេរិក​ហាក់​មិន​គួរ​ឲ្យ​ព្រួយ​បារម្ភ​ឡើយ​។​ សំរាប់​រដ្ឋាភិបាល​អាមេរិក​ថ្មី​ក្រោម​ការ​ដឹកនាំ​របស់​លោក​ ដូណាល់​ ត្រាំ ក៏​ដូច​ជា​សំរាប់​ពលរដ្ឋ​អាមេរិក​ និង​ក្រុមហ៊ុន​ក្នុង​ស្រុក​អាមេរិក​នានា​ ព័ត៌មាន​របស់​រតនាគារ​ជាតិ​នេះ​ហាក់​ធ្វើ​ឲ្យ​គេ​ធូរ​ស្បើយ​ចិត្ត​បន្តិច។​ មុន​នេះ​បន្តិច​ ម្នាក់ៗ​មាន​ក្តី​ព្រួយ​បារម្ភ​ខ្លាច​អត្រាការ​ប្រាក់​ឡើង​ខ្ពស់​ដែល​វា​អាច​បង្ក​ឧបសគ្គ​ដល់​សមត្ថភាព​ចំណាយ​ប្រចាំ​ថ្ងៃ​សំរាប់​គ្រួសារ​ពលរដ្ឋ​អាមេរិក​ទូទៅ​ដែល​កំពុង​ជាប់​បំណុល​ធនាគារ។

សូម​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​ទី​១៤ ខែធ្នូ​ ឆ្នាំ​២០១៦​ កន្លង​ទៅ​នេះ​ រតនាគារ​ជាតិ​អាមេរិក​បាន​ដំឡើង​អត្រាការ​ប្រាក់​ចំនួន​ 0,២៥%​ ដែល​ធ្វើ​ឲ្យ​អត្រាការ​ប្រាក់​គោល​បច្ចុប្បន្ន​ស្ថិត​ក្នុង​កំរិត​ 0,៧៥%។ ការ​តំឡើង​នេះ​ គឺ​ដោយ​យោង​លើ​កំណើន​សេដ្ឋកិច្ច​អាមេរិក​ក្រោយ​ពី​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ​២០០៨។ គួរ​រំលឹក​ជូន​ថា​ ក្នុង​កំឡុង​ឆ្នាំ​២០០៨​ ដែល​ជាឆ្នាំ​នៃ​វិបត្តិ​សេដ្ឋកិច្ច​សកល រតនាគារ​ជាតិ​អាមេរិក​បាន​ទម្លាក់​អត្រាការ​ប្រាក់​គោល​ជា​បន្ត​បន្ទាប់​ពី​កំរិត​៣,៥០%​ រហូត​មក​ត្រឹម​តែ​ 0,២៥% ប៉ុណ្ណោះ។​ ការ​ទំលាក់​ដ៏​គំហុក​បែប​នេះ​ គឺ​ក្នុង​ន័យ​សម្រប​ខ្លួន​នឹង​ស្ថានភាព​សេដ្ឋកិច្ច​ជាក់​ស្តែង​ ជាពិសេស​ គឺ​ជួយ​សង្គ្រោះ​ពលរដ្ឋអាមេរិក​ និង​សហគ្រាស​ក្នុង​ស្រុក​អាមេរិក​ណា​ដែលជាប់​បំណុល​ធនាគារ ដើម្បី​អាច​ឲ្យ​ពួក​គេ​​អាច​មាន​សមត្ថភាព​បង់​ប្រាក់​រំលួស​ប្រចាំ​ខែ។

ការ​រក្សា​កំរិត​អត្រាការ​ប្រាក់​គោល​ឲ្យ​នៅ​ដដែល​បែប​នេះ​ក៏​ជា​សញ្ញា​ល្អ​ផងដែរ។​ នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ​បន្ថែម​ទៀត​ ខណៈ​ពេល​ដែល​ចំនួន​អ្នក​គ្មាន​ការងារ​ធ្វើ​ក្នុង​ស្រុក​កំពុង​ធ្លាក់​ចុះ​។ ម៉្យាង​ ​កំណើន​សេដ្ឋកិច្ច​អាមេរិកក៏​កំពុង​តែ​រើប​ឡើង​គួរ​សម​ផងដែរ។​ ហើយ​ កំរិត​អតិផរណា​ក៏​ពុំ​សូវ​កើន​ឡើង​ខ្ពស់​ឡើយ​ដោយ​ស្ថិត​ក្នុង​កំរិត​តែ​ ១,៦%​ តែ​ប៉ុណ្ណោះ។​ ដោយ​យោង​លើ​កត្តា​ទាំង​អស់​នេះ​ រតនាគារ​ជាតិ​អាមេរិក​ទំនង​ជា​អាច​ដំឡើង​អត្រាការ​ប្រាក់​គោល​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។​ បើតាម​ការ​វិភាគ​ វា​ទំនង​ជា​អាច​ដំឡើង​នា​ខែ​មិនា​ខាងមុខ​នេះ។
ធនាគារ​កណ្តាល​អាមេរិក​ក៏​ធ្លាប់​បាន​ប្រកាស​កាលពី​ខែ​ធ្នូ​កន្លង​ទៅ​នេះ​ផងដែរ​ថា​ ក្នុង​កំឡុង​ឆ្នាំ​២០១៧​នេះ​ ស្ថាប័ន​ខ្លួន​គ្រោង​ដំឡើង​អត្រា​ការ​ប្រាក់​នេះ​ជា​បី​តំណាក់​កាល។

គោលដៅ​ គឺ​ចង់​ឲ្យ​អត្រា​នេះ​ឡើង​ដល់​កំរិត​ ១,៤%។ ប៉ុន្តែ នេះ​គ្រាន់​តែ​ជា​ការ​គ្រោង​ទុក​តែ​ប៉ុណ្ណោះ​ ព្រោះ​រតនាគារ​ជាតិ​អាមេរិក​ខ្លាច​ការ​ដំឡើង​អត្រាការ​ប្រាក់​រហ័ស​ពេក​អាច​បង្ក​ឲ្យ​កំរិត​អតិផរណា​ឡើង​ខ្ពស់​ផងដែរ។​ ហើយ​ប្រសិន​បើ​អតិផរណា​ត្រូវ​ឡើង​ខ្ពស់​ មាន​ន័យ​ថា​កំរិត​ប្រាក់​ខែ​បុគ្គលិក​កម្មករ​អាមេរិកក្នុង​ស្រុក​ក៏ត្រូវ​ឡើង​ទៅ​តាម​នោះ​ផងដែរ។​ ដូច​នេះ​ ការ​តំឡើង​គំហុក​ភ្លាមៗ​អាច​គំរាម​កំហែង​ដល់​ទីផ្សារ​ការងារ​ដែល​កំពុង​តែ​តូច​ចង្អៀត​ និង​ផុយ​ស្រួយស្រាប់​ផង។ តាមពិត​ទៅ មុន​នឹង​សំរេច​ចិត្ត​ដំឡើង​អត្រាការ​ប្រាក់​ជា​យថាហេតុ​ណាមួយ រតនាគារ​ជាតិ​អាមេរិក​ត្រូវ​ការពឹង​ផែ្អក​លើ​កត្តា​ពីរ។

ចំណុច​ទីមួយ​ គឺ​រងចាំ​របាយការណ៍​របស់​ក្រសួង​ការងារ​អាមេរិក​ស្តីពី​ស្ថានភាព​ចំនួន​អ្នក​គ្មានការងារ​ធ្វើ។ គេ​ត្រូវ​ការ​របាយការណ៍​នេះ​​យ៉ាង​ហោច​ណាស់​ក៏​ចំនួន​ ២ ដើម្បី​អាច​វិភាគ​អំពី​ស្ថានភាព​ជាក់​ស្តែង​នៃលំនឹង​ទីផ្សារ​ការងារ​ក្នុង​ស្រុក។​ ​ចំណុច​ទីពីរ​ គឺ​គេ​ត្រូវ​រង់ចាំ​មើល​ទំហំ​ថវិការ​ជាតិ​អាមេរិក និង​ដំណើរ​ការ​ក្នុង​ការ​អនុម័ត​ថវិការ​នេះ​ពី​សភា​​។ កន្លង​មក​ លោកស្រី​ Janet Yallen ប្រធាន​រតនាគារជាតិ​អាមេរិក​ក៏​ធ្លាប់​បាន​ប្រកាស​ជា​ញឹកញយ​ផងដែរ​ថា​ ស្ថាប័ន​របស់​លោកស្រី​កំពុង​តាមដាន​ដោយ​ប្រយ័ត្ន​ប្រយែង​បំផុត​ចំពោះ​វិធានការណ៍​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​របស់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ។

វិធានការណ៍​ទាំងនោះ​មាន​ដូចជា​ការ​បញ្ចុះ​ពន្ធ​ប្រាក់​ខែ​បុគ្គលិក​កម្មករ​ និង​សហគ្រាស​ក្នុង​ស្រុក និង​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ។​ វិធានការណ៍​ទាំងពីរ​នេះ​អាច​បង្ក​ឲ្យ​អតិផរណា​ឡើង​ខ្ពស់។ លោកស្រី​ Janet Yalle   នឹង​ផ្តល់​ព័ត៌មាន​លំអិត​បន្ថែម​ទៀត​នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ​ខាង​មុខ​នេះ​​នៅ​ចំពោះ​មុខ​សមាជិក​សភា​ Congrès៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ