អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក៖​ក្រឹត្យ​ប្រឆាំង​ជនអន្តោប្រវេសន៍​របស់​លោក​ដូណាល់ ត្រាំ​ក្លាយ​ជា​ប្រធានបទ​តតាំង​​នៅ​តុលាការ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សហរដ្ឋអាមេរិក ក្រឹត្យ​ប្រឆាំង​ជនអន្តោប្រវេសន៍​ចុះ​ហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​កាល​ពី​ថ្ងៃ​ទី២៧មករា និង​ដែល​ត្រូវ​បាន​ចៅក្រម​សហព័ន្ធ​នៅ Seattel ព្យួរ​ជា​បណ្តោះអាសន្ន​កំពុង​ក្លាយ​ជា​ប្រធានបទ​តតាំង​គ្នា​តាម​ផ្លូវច្បាប់​យ៉ាង​ក្តៅ​គគុក​នៅ​សាលាឧទ្ធរណ៍​ទីក្រុង San Francisco នៃ​រដ្ឋ California។ នា​ថ្ងៃ​អង្គារ ទី៧ កុម្ភៈ សាលាឧទ្ធរណ៍​ទីក្រុង San Francisco បាន​ផ្តើម​ពិនិត្យ សិក្សា​លើ​សំណុំរឿង​ដ៏​ចម្រូងចម្រាស​មួយ​នេះ​ដោយ​ស្តាប់​ការ​លើក​យក​ហេតុផល​ទៅ​ពន្យល់​របស់​ភាគី​ដើមចោទ និង​ភាគី​ចុងចោទ។ ក៏ប៉ុន្តែ អ្នក​ដែល​សម្រេចចិត្ត​ចុង​ក្រោយ​ឲ្យ​បន្ត​អនុវត្តន៍ ឬ​ព្យួរ​ក្រឹត្យ​ប្រឆាំង​ជនអន្តោប្រវេសន៍​របស់​លោក​ត្រាំ គឺ​តុលការកំពូល​នៅ​វ៉ាស៊ីតោន។

សាលា​ឧទ្ធរណ៍​ទីក្រុង San Francisco
សាលា​ឧទ្ធរណ៍​ទីក្រុង San Francisco REUTERS/Noah Berger
ផ្សាយពាណិជ្ជកម្ម

ការ​បើក​សវនាការ​របស់​សាលាឧទ្ធរណ៍​ទីក្រុង San Francisco ក្នុង​ថ្ងៃ​អង្គារ ទី៧ កុម្ភៈ​បាន​ធ្វើ​ឡើង តាម​ការ​ប្តឹង​តវ៉ា​របស់​លោក​ដូណាល់ ត្រាំ​ប្រឆាំង​នឹង​ការ​សម្រេចចិត្ត​របស់​លោក​ចៅក្រម James Robart ដែល​បាន​សម្រេច​ព្យួរ​ការ​អនុវត្តន៍​ក្រឹត្យប្រឆាំង​ជនអន្តោប្រវេសន៍​របស់​លោក។ សវនាការ​នៅ​សាលាឧទ្ធរណ៍​ទីក្រុង San Francisco ត្រូវ​បាន​ធ្វើ​ឡើង​តាម Téléconférence ពោល​មិន​មាន​វត្តមាន​ភាគីដើមចោទ និង​ភាគីចុងចោទ​​នៅ​ក្នុង​តុលាការ​ទេ ហើយ​ក្រុម​មេធាវី​របស់​ភាគី​នីមួយៗ​មាន​រយៈពេល​តែ ៣០នាទី​គត់​ដើម្បី​លើក​យក​ហេតុផល​របស់​កូនក្តី​ខ្លួន​ទៅ​ប្រាប់​ចៅក្រម​ចំនួន ៣រូប។

ភាគីដើម​ចោទ​មាន​ច្រើន ក្នុង​នោះ រដ្ឋចំនួន​ពីរ​កាន់កាប់​ដោយ​គណបក្ស​ប្រជាធិបតេយ្យ គឺ​រដ្ឋ​វ៉ាស៊ីតោន និង​រដ្ឋ Minnesota រួម​ទាំង​ក្រុម​អង្គការ​អ្នកការពារ​សេរីភាព ឬ​ជនភៀសខ្លួន។ បន្ទាប់​មក មាន​គ្រូបង្រៀន​ច្បាប់​ជិត ៣០០នាក់ និង​ក្រុមហ៊ុន​ប្រមាណ​ជា ១៣០ក្រុមហ៊ុន​នៅ Silicon Valley បាន​ចេញ​មុខ​គាំទ្រ​លោក​ចៅក្រម James Robart និង​ចុង​ក្រោយ ក៏​មាន​ការ​ប្រឆាំង​នឹង​ក្រឹត្យ​មួយ​នេះ​របស់​លោក​ត្រាំ​ពី​រដ្ឋ​ជា​ច្រើន​ទៀត​ដែរ។

នៅ​ខាង​ភាគីចុងចោទ គឺ​មាន​រូប​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ និង​រដ្ឋបាល​របស់​លោក​ដែល​ការពារ​ដោយ​ក្រុម​មេធាវី​ពី​ក្រសួង​យុត្តិធម៌។

ភាគីដើមចោទ និង​ភាគីចុងចោទ​សំអាង​លើ​ច្បាប់រដ្ឋធម្មនុញ្ញ​ដូច​គ្នា

នៅ​ខាង​ភាគីចុងចោទ លោក​ដូណាល់ ត្រាំ​បាន​ពន្យល់​ថា ក្រឹត្យ​របស់​លោក​ត្រូវ​បាន​សម្រេច​ឡើង​ដោយ​ផ្អែក​លើ​អំណាច​ប្រធានាធិបតី​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ។ មាត្រា​ទី២ ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា ប្រធានាធិបតី​មាន​សិទ្ធិអំណាច​ក្នុង​ការ​សម្រេចចិត្ត​លើ​កិច្ចការ​នយោបាយ​ការបរទេស និង​នយោបាយ​អន្តោប្រវេសន៍។ លោក​ដូណាល់ ត្រាំ​បាន​សង្កត់​ធ្ងន់​ជា​ពិសេស​លើ​អត្ថបទ​ច្បាប់​មួយ​អនុម័ត​កាល​ពី ៦៥ឆ្នាំ​មុន​ដែល​ចែង​ថា ប្រមុខរដ្ឋ​មាន​សិទ្ធិ​ព្យួរ​ការ​ចូល​ក្នុង​ទឹកដី​អាមេរិកាំង​ពី​សំណាក់​ប្រភេទ​ជនបរទេស​នៃ​ប្រទេស​មួយ​ចំនួន​ដែល​ប្រមុខរដ្ឋ​យល់​ថា ការ​ចូល​ក្នុង​ទឹកដី​អាមេរិក​របស់​ប្រភេទ​ជនបរទេស​នោះ​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​ផលប្រយោជន៍​របស់​អាមេរិក។

ចំណែក​រដ្ឋបាល​របស់​លោក​ត្រាំ​បាន​លើក​យក​ហេតុផល​មួយ​ទៀត​ទៅ​ពន្យល់​ចៅក្រម​ថា តុលាការ​មិន​សូវ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដើម្បី​អាច​សម្រេចចិត្ត​ក្នុង​ផ្នែក​សន្តិសុខជាតិ​បាន​ឡើយ។ នៅ​ក្នុង​ន័យ​នេះ រដ្ឋបាល​របស់​លោក​ត្រាំ​ចង់​និយាយ​សំដៅ​លើ​រូប​ចៅក្រម James Robart ដែល​បាន​សម្រេច​ព្យួរ​ក្រឹត្យប្រឆាំង​ជនអន្តោប្រវេសន៍​របស់​លោក​ដូណាល់ ត្រាំ។

នៅ​ខាង​ភាគីដើមចោទ ពួក​គេ​ក៏​បាន​លើក​យក​ច្បាប់រដ្ឋធម្មនុញ្ញ​ទៅ​សំអាង​ដោយ​បញ្ជាក់​ថា ក្រឹត្យ​របស់​លោក​ត្រាំ​បាន​រំលោភបំពាន​លើ​គោលការណ៍​សំខាន់ៗ​មួយ​ចំនួន​រួម​មាន សេរីភាព​ក្នុង​ការ​បម្លាស់ទី សិទ្ធិស្មើ​គ្នា​រវាង​ពលរដ្ឋ ឬ​មួយ​ការ​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​រើសអើង​ក្នុង​ផ្នែក​សាសនា​ជា​ដើម។ ទន្ទឹម​គ្នា​នេះ ភាគីដើមចោទ​ក៏​បាន​លើក​ឡើង​ពី​ផលវិបាក​កើត​ចេញ​ពី​ក្រឹត្យប្រឆាំង​ជនអន្តោប្រវេសន៍​របស់​លោក​ដូណាល់ ត្រាំ ពិសេស​ក្នុង​វិស័យការងារ កិច្ចការជំនួញ ឬ​មួយ​ក្នុង​វិស័យ​អប់រំ។ នៅ​ចុង​បញ្ចប់ ភាគីដើមបណ្តឹង​បាន​ព្រមាន​ទុក​ជា​មុន​ថា បើ​ក្រឹត្យ​មួយ​នេះ​របស់​លោក​ត្រាំ​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្តន៍​ជា​ថ្មី នោះ​វា​នឹង​បង្ក​ឲ្យ​ភាព​វឹកវរ​សាធារណៈ។

តុលាការកំពូល​នៅ​វ៉ាស៊ីតោន​ជា​អ្នកសម្រេចចិត្ត​ចុងក្រោយ

គេ​ត្រូវ​រង់ចាំ​សាលក្រម​របស់​សាលាឧទ្ធរណ៍​ទីក្រុង San Francisco ដែល​នឹង​ត្រូវ​ចេញ​នៅ​ក្នុង​សប្តាហ៍​នេះ។ នៅ​ក្នុង​សាលក្រម​នោះ សាលាឧទ្ធរណ៍​អាច​សម្រេច​ឲ្យ​បន្ត​អនុវត្តន៍​ក្រឹត្យប្រឆាំង​ជនអន្តោប្រវេសន៍​របស់​លោក​ដូណាល់ ត្រាំ ឬ​មួយ​ក៏​សម្រេច​ឲ្យ​ព្យួរ​ក្រឹត្យ​នោះ​ដូច​ការ​សម្រេច​របស់​ចៅក្រម James Robart។ នៅ​ក្នុង​ករណី​ណា​ដែល​សាលាឧទ្ធរណ៍​សម្រេច​ឲ្យ​ព្យួរ​ក្រឹត្យ​មួយ​នេះ​របស់​លោក​ដូណាល់ ត្រាំ នោះ​សេចក្តីសម្រេច​របស់​ចៅក្រម James Robart នឹង​ត្រូវ​គេ​យក​ទៅ​អនុវត្តន៍​នៅ​ទូទាំង​សហរដ្ឋអាមេរិក ពោល​មិនមែន​តែ​សម្រាប់​រដ្ឋ​នេះ ឬ​រដ្ឋ​នោះ​ទេ។

នៅ​ក្នុង​ករណី​នេះ អ្នកចាញ់​ដែល​មិន​សុខចិត្ត​អាច​សិទ្ធិ​សុំ​ការ​សម្រេច​ចុង​ក្រោយ​របស់​តុលាការកំពូល​នៅ​វ៉ាស៊ីតោន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ