អានតួអត្ថបទ
សហរដ្ឋអាមេរិក

លោក​ដូណាល់​ត្រាំ រង​ការរិះគន់​ពី​ចៅក្រម​ដែល​លោកជ្រើសរើស​សម្រាប់​តុលាការ​កំពូល

ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ នៅ​ព្រឹកថ្ងៃ​ព្រហស្បតិ៍ ទី ៩​កុម្ភៈ​បាន​ចោទប្រកាន់​សមាជិក​ព្រឹទ្ធសភា មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ថា បាន​កែក្រឡាស់​សំដី​របស់​ចៅក្រម Niel Gorsuch។ លោកNiel Gorsuch​ដែល​លោក​ដូណាល់ ត្រាំ បាន​ជ្រើសរើស​ឲ្យ​ធ្វើ​ជាចៅក្រម​តុលាការ​កំពូល​បាន​និយាយ​ប្រាប់​សមាជិក​ព្រឹទ្ធសភា​ថា ការរិះគន់​កន្លងមក​របស់​លោក​ដូណាល់ ត្រាំ គឺធ្វើ​ឲ្យ​គេ​បាក់​ទឹកចិត្ត​ខ្លាំងណាស់។ 

លោក​Niel Gorsuch ត្រូវ​បាន​គេ​មើលឃើញ​ថា ជាចៅក្រម​អភិរក្ស​និយម ដែល​លោក​ដូណាល់​ត្រាំ ចង់​បាន​សម្រាប់​​ពង្រឹង​អំណាច​ ក្រឹត្យ​ប្រធានាធិបតី
លោក​Niel Gorsuch ត្រូវ​បាន​គេ​មើលឃើញ​ថា ជាចៅក្រម​អភិរក្ស​និយម ដែល​លោក​ដូណាល់​ត្រាំ ចង់​បាន​សម្រាប់​​ពង្រឹង​អំណាច​ ក្រឹត្យ​ប្រធានាធិបតី REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

កាំបិត​ចិត​ដង​ឯង។ លោក​ដូណាល់ ត្រាំ​មិន​ចង់​លឺ​ពាក្យ​នេះទេ។ គ្រាន់តែ​ព្រះអាទិត្យ​រះភ្លាម ប្រធានាធិបតី​អាមេរិកាំង ចាប់ភ្លែត ទូរស័ព្ទ សរសេរ​សារ​Twitter​វាយបក​ទៅ​សមាជិក​ព្រឹទ្ធសភា លោក​Richard Blumenthal ដែល​កាលពី​ថ្ងៃ​ពុធ​បាន​និយាយ​ប្រាប់​អ្នកកាសែតថា នៅពេល​ជួប​សន្ទនា​ជាមួយ​លោក ចៅក្រម​Niel Gorsuch ​បាន​ប្រាប់លោក​ថា សំដី​រិះគន់​របស់​ប្រធានាធិបតី​ដូណាល់ ត្រាំ ទៅលើ​ចៅក្រម​អាមេរិកាំង​កន្លងមក គឺជា​សំដី​ធ្វើ​ឲ្យ​គេ​បាក់​ទឹកចិត្ត​ខ្លាំងណាស់។

 
ចៅក្រម​នៅតុលាការ​ឧទ្ធរណ៍ ក្នុង​រដ្ឋ​កូឡូរ៉ាដូ លោក Niel Gorsuch​ទើប​ត្រូវ​បាន​លោក​ដូណាល់ ត្រាំ ជ្រើសរើស កាលពី​ថ្ងៃទី ៣១​មករា ឲ្យ​ធ្វើ​ជា​ចៅក្រម​តុលាការ​កំពូល ដែល​ជា​ស្ថាប័ន​មាន​អំណាច​លើស​គេ នៅ​អាមេរិក។ ជំនួប​នៅថ្ងៃ​ពុធ​រវាង​លោក​ Niel Gorsuchជាមួយ​សមាជិកព្រឹទ្ធសភា Richard Blumenthal ធ្វើឡើង​នៅក្នុង​ក្របខ័ណ្ឌ​នៃ​យុទ្ធនាការ​បញ្ចុះបញ្ចូល​សមាជិក​ព្រឹទ្ធសភា អាមេរិក​ដែល​មាន​នាទី​បោះឆ្នោត​ទទួល​យក​បេក្ខជន​ចៅក្រម ដែល​ស្នើ​ឡើង​ដោយ​ប្រធានាធិបតី។

នៅ​ថ្ងៃ​ពុធ អ្នកនាំពាក្យ​របស់​ចៅក្រម Niel Gorsuch បាន​បញ្ជាក់​ប្រាប់​ទៅ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​AFP ថា លោក Niel Gorsuch​ពិត​ជា​បាន​និយាយ​យ៉ាងដូច្នេះ​មែន ទៅ​សមាជិក​ព្រឹទ្ធសភា។ ប៉ុន្តែ នៅក្នុង​សារTwitter របស់​ខ្លួន លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ បាន​សរសេរ​ថា សមាជិក​ព្រឹទ្ធសភា បាន​ពាក្យ​ក្រឡាស់​សំដី របស់​លោក​ Niel Gorsuch ចៅក្រម​ដែល​លោក​ទើប​ជ្រើសរើស​សម្រាប់​តំណែង​ចៅក្រម​នៅ​តុលាការ​កំពូល។

ប្រធានាធិបតី​អាមេរិក​បាន​ផ្តើម​សង្រ្គាម​រិះគន់ ដំបូង ចៅក្រម​អាមេរិក នៅ​រដ្ឋ​សៀអាថល Seattle ដែល​បាន​សម្រេច​ផ្អាកព្យួរ ការអនុវត្ត​ក្រឹត្យ​អន្តោប្រវេសន៍​របស់​ប្រធានាធិបតី ដែល​បាន​បិទទ្វារ ហាម មិន​ឲ្យ​ប្រជាជន​មក​ពី​ប្រទេស​អ៊ីស្លាម​ចំនួន ៧ ចូល​ក្នុង​ទឹកដី​អាមេរិក។ លោក​ដូណាល់ ត្រាំ ធ្លាប់​បាន​រិះគន់​ចៅក្រម​នៅ​សៀអាថល ថា ជា​ចៅក្រម​ក្លែងក្លាយ។ នៅថ្ងៃ​ពុធ​ម្សិលមិញ ក្រៅតែ​ពី​បរិហារ​ថា តុលាការ​អាមេរិកាំង​មាន​លក្ខណៈ​នយោបាយ លោក​ដូណាល់ ត្រាំ​នៅ​ចោទប្រកាន់ រាល់​ចៅក្រម​ដែល​ប្រឆាំង​នឹង​ក្រឹត្យ​អន្តោប្រវេសន៍ របស់លោក ថា ជាអ្នកធ្វើ​ឲ្យ​សន្តិសុខ​អាមេរិក​ត្រូវ​រងគ្រោះថ្នាក់។

ការប្រឈមមុខ​ដាក់គ្នា​រវាង​ចៅក្រម ហើយ​និង​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ កាន់តែ​រីករាលដាល ពី​មួយថ្ងៃ ទៅមួយថ្ងៃ។ បន្ទាប់ពី​សវនាការ​លើ​ក្រឹត្យ​អន្តោប្រវេសន៍ ដ៏ចម្រូងចម្រាស​នៅ​រដ្ឋមួយចំនួន ដូចជា​នៅ​វ៉ាស៊ីនតោន​ជាដើម នៅ​ចុងសប្តាហ៍​នេះទៀត ចៅក្រមនៅ​សាន់ហ្វា្រន់ស៊ីស្កូ​នឹង​សម្រេច​ថា តើ​ត្រូវ​ផ្អាកព្យួរ​ក្រឹត្យ​អន្តោប្រវេសន៍​របស់​លោក​ដូណាល់ ត្រាំ ដែរឬទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ