អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នាយក​រដ្ឋមន្ត្រី​កាណាដា​ជួប​ប្រធានាធិបតី​អាមេរិក​ ក្នុង​ទស្សនៈវិស័យ​ផ្ទុយគ្នា

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​នាយក​រដ្ឋមន្ត្រីកាណាដា ជូស្តាំង ទ្រូដូ Justin Trudeau ត្រូវ​ផ្តើម​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ នៅ​សហរដ្ឋអាមេរិក ក្នុង​ថ្ងៃ​ចន្ទ​ទី ១៣ កុម្ភៈ​នេះ។ បន្ទាប់ពីលោកស្រី​នាយក​រដ្ឋមន្ត្រី​អង់គ្លេស Teresa May និង​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន ស្ហ៊ីនហ្សូ អាបេ លោក​ ទ្រូដូជា​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​បរទេស​ទីបី ដែល​លោក​ដូណាល់ ត្រាំ ត្រូវទទួល​ស្វាគមន៍ នៅ​សេតវិមាន។ ប៉ុន្តែ​ជំនួបនេះ បង្កប់​ទៅ​ដោយវិញ្ញាសា​ដ៏​លំបាកៗ​ ព្រោះ​​ប្រមុខ​ដឹកនាំ​ប្រទេស​ជិត​ខាង​ទាំងពីរ មាន​ទស្សនៈ​វិស័យ​សុខ​គ្នា​ស្រលះពេក។

លោក Justin Trudeau នាយក​រដ្ឋមន្ត្រីកាណាដា
លោក Justin Trudeau នាយក​រដ្ឋមន្ត្រីកាណាដា REUTERS/Chris Wattie
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​បាន​ជួប​គ្នា​តាម​ទូរស័ព្ទ​ម្តង ក្រោយ​ពិធី​ឡើង​ចូល​កាន់​តំណែងប្រធានាធិបតី​​ភ្លាម នៅ​ថ្ងៃ​ចន្ទ​នេះ លោក​នាយក​រដ្ឋមន្ត្រីកាណាដាត្រូវ​ជួប ដោយ​ផ្ទាល់​ ​​ជាមួយ​ លោក ដូណាល់ ត្រាំ នៅ​​សេតវិមាន​។ ប៉ុន្តែ​ ​ជំនួប​នេះ​មាន​បង្កប់​ទៅ​ដោយគំនិត​ប្រឆាំង​គ្នា។

ទស្សនៈ​ផ្ទុយគ្នា​​រវាង​លោក ត្រាំ និង​ ទ្រូដូ

លោកដូណាល់ ត្រាំ និង​លោក ជូស្តាំង ទ្រូដូ Justin Trudeau គ្មាន​ទស្សនៈ​វិស័យ​ចំពោះ​ពិភពលោក​ដូច​គ្នា​ទេ ! ប្រវត្តិនយោបាយ​ និង​ស្ទីល ខុស​​គ្នា​ ៖ លោក ទ្រូដូមាន​​ វ័យ​ក៏ក្មេង​ជាង​លោក​ត្រាំ​ច្រើន ប្អូន​ដល់​ទៅ​២៥​ឆ្នាំ ហើយ​ទស្សនៈ​នយោបាយ​ បែង​ចែក​គ្នា​កាន់​តែ​ឆ្ងាយដាច់​​ពី​លោក​ត្រាំ​ទៅ​ទៀត។ នៅ​ពេល​ឡើង​កាន់​តំណែង​ភ្លាម លោក ទ្រូដូ បាន​សន្យា​ដឹកនាំ​ប្រទេស ឆ្ពោះ​ទៅ​រក​អនាគត ប្រកប​ដោយ​សុទិដ្ឋិនិយម និងលើក​តម្កើង​រូបភាពកាណាដា លើ​ឆាក​អន្តរជាតិ ព្រមទាំង​​ជា​អ្នក​សេរីនិយម​ខ្លាំង ការពារនយោបាយ​​ផ្តោះប្តូរ​ពាណិជ្ជកម្ម​សេរី ជាពិសេស​​ជាមួយ​ប្រទេស​ជិត​ខាង។

ឯ​ចំណែក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ​វិញ តាំង​ពី​ជាប់​ឆ្នោត​នៅ​ថ្ងៃ​ទី ៨ វិច្ឆិកា​មក គេ​ឃើញ​មាន​តែ​ការ​បិទ​ផ្លាក​គំរាមកំហែង​ គ្រវី​ទង់​ក្នុងទិសស្លោក​ "ដំបូង​បង្អស់គឺ​ដើម្បី​អាមេរិក” ហើយ​បាន​បង្ហាញ​ខ្លួន​យ៉ាង​ចំហ ជា​អ្នក​ការពារ​តែ​ប្រយោជន៍ជាតិ​ឯង​ខ្លាំងបំផុត។​ ដោយ​សារ​តែ​គំនិត​គិត​តែ​ពី​ផលប្រយោជន៍​ខ្លួន​ឯង​នេះ​ លោក ដូណាល់ ត្រាំ ថែម​ទាំង​បាន​សើ​សុំ​សើរើ​ កិច្ចព្រមព្រៀង​ផ្តោះប្តូរ​ពាណិជ្ជកម្ម​សេរី​ចំណាស់ ២៣​ឆ្នាំ ទៀតផង។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ជំនួប​រវាង​មេ​ដឹកនាំ​ទាំង​ពីរ នៅថ្ងៃ​នេះ ពិតជា​មាន​ការលំបាក​​ខ្លាំង។ តែ​នាយក​រដ្ឋមន្ត្រីកាដាណា​ សន្យា​ថា​នឹង​ជួប​និយាយ​ជាមួយ​លោក​ត្រាំ ឱ្យ​បាន​ច្បាស់​លាស់​ តែ​ក្នុង​អត្ថន័យ​គោរព​គ្នា​។

តើ​កិច្ចព្រមព្រៀង​ផ្តោះប្តូរ​ពាណិជ្ជកម្ម​អាមេរិក​ខាង​ជើងនោះ​ជា​អ្វី ?

កិច្ចព្រមព្រៀង​ផ្តោះប្តូរ​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាង​ជើង ជា​កិច្ចព្រមព្រៀង​បី​ប្រទេស អាមេរិក កាណាដា និង​ម៉ិចស៊ិក ចុះ​ហត្ថលេខា​ នៅ​ឆ្នាំ​១៩៩២ និង​ចូល​ជា​ធរមាន នៅ​ឆ្នាំ​១៩៩៤។ នៅក្នុង​ឆ្នាំ​២០១៥ ដោយ​សារ​កិច្ចព្រមព្រៀង​បើក​ចំហ​ចរាចរណ៍​នាំ​ចេញ​នាំ​ចូលទំនិញ និង ចរាចរណ៍​​បុគ្គល លុប​ពន្ធដារ ... មហាយក្ស​នៅ​អាមេរិក​ខាង​ជើង កាណាដា និង​អាមេរិក បាន​ផ្តោះប្តូរ​ពាណិជ្ជកម្ម​គ្នា ក្នុង​ទំហំ ៨៨៦​ពាន់​លាន​ដុល្លារ​កាដាណា បើ​គិត​ជា​សាច់​លុយ និង​៦៣៦​ពាន់​លាន​អឺរ៉ូ បើ​គិត​ពី​តម្លៃ​សេវាកម្ម។ មាន​ន័យ​ថា​ជា​អាមេរិក​និង​កាណាដា​ជាដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​ជាង​គេ​បង្អស់​មួយ​នៅ​លើ​ពិភពលោក។

​កិច្ចព្រមព្រៀង​នេះ បាន​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​អាមេរិក​ប្រមាណ​ ៩លាន​នាក់ ក្នុងវិស័យ​ពាណិជ្ជកម្ម​និង​វិនិយោគ​ជាមួយ​កាណាដា។ ប៉ុន្តែ​នៅ​ថ្ងៃទី ២០​មករា ថ្ងៃ​ស្បថ​ចូល​កាន់​តំណែង លោក ដូណាល់ ត្រាំ ​បាន​ប្រកាស​ថា ចង់​សើរើ​ចរចា​កិច្ចព្រមព្រៀង​នេះ​ឡើង​វិញ បើ​ដៃ​គូ​មិន​ព្រម​អាមេរិក​នឹង​ដក​ខ្លួន​ចេញ​តែ​ម្តង ព្រោះ​កិច្ចព្រមព្រៀង​នេះ អាក្រក់​សម្រាប់​សហរដ្ឋ​អាមេរិក និង​មិនយុត្តិធម៌​សម្រាប់​ពលរដ្ឋ​អាមេរិក​ទេ។

តាំ​ងពី​ប៉ុន្មាន​ថ្ងៃ​មក​ហើយ​ ដែល​កាណាដា​បាន​បញ្ជូន​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​មក​ជួប​ស្គាល់ និង​ស្ទាប​ស្ទង់​​សមភាគី​អាមេរិក។ លោក ទ្រូដូ ក៏បាន​សន្យា​ថា​នឹង​មក​និយាយ​ឱ្យ​បាន​ដឹង​សខ្មៅ ជាមួយ​លោក ដូណាល់ ត្រាំ នៅ​ថ្ងៃ​នេះ។

ប្រសិន​បើ​មាន​ការចរចា​ឡើង​វិញ​មែន នោះ​អ្នក​ខាត​បង់​ច្រើនជាងគេ​ គឺ​ជា​ពិត​ប្រាកដ​ថា​ជា​កាណដា​ហើយ ! ព្រោះ​ថា ​ការ​នាំ​ចេញ​របស់​កាណាដា ទៅ​អាមេរិក​ តំណាង​ឱ្យ​មួយ​ភាគ​បី​នៃនាំ​ចេញ​សរុប ឯ​អាមេរិក​នាំ​ចូល​មកកាណដា​តែ​១៨%​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត​ទីតាំង​ភូមិសាស្ត្រ​កាណាដា មិន​អំណោច​ផល​ទេ ក្នុង​ផ្នែក​ផ្តោះប្តូរពាណិជ្ជកម្ម​នេះ ! កាណាដា​មាន​ប្រទេស​ជាប់​របង​តែ​មួយ​គត់ គឺ​អាមេរិក។ ដូច្នេះ​​បើកាណាដា​ចង់​ស្វែង​រក​ដៃគូ​ផ្សេង​​ក្នុងទ្វីប ត្រូវ​ឆ្លង​កាត់​អាមេរិក​ទាំង​អស់។

ប៉ុន្តែ​កាណាដា​នៅ​មាន​សង្ឃឹម​មួយ​ ថា​បើ​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៩៤​នេះ ត្រូវ​ធ្លាក់​ទឹក ក៏​កាណាដា​អាច​រំពឹង​លើ​កិច្ចព្រមព្រៀង​ផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​កាណាដា និង​អាមេរិក ឆ្នាំ​១៩៨៧ ដ៏​ស៊ីចង្វាក់​គ្នា​ពីរ​ប្រទេស​ដែរ។ ហើយ​ជា​ចុងក្រោយ​ កាណាដា​មិន​មែន​ជា​ទិសដៅ​វាយប្រហារ​ខ្លាំង​របស់​លោក​ត្រាំ ដូច​ម៉ិចស៊ិក​ឡើយ។

ថាមពលចងភ្ជាប់ ​លោកត្រាំ និង​ ទ្រូដូ

មាន​ប្រធានបទ​បី ដែល​ លោក ដូណាល់ ត្រាំ និង​លោក ជូស្តាំង ទ្រូដូ ត្រូវ​លើក​មក​ជជែកនៅ​ក្នុង​ជំនួប​នេះ ៖ ការផ្តោះប្តូរ​ពាណិជ្ជកម្ម អន្តោប្រវេសន៍ និង​ ថាមពល។ ទស្សនៈ​ផ្ទុយ​គ្នា​ខ្លាំង លើ​សំណុំ​រឿង​ពាណិជ្ជកម្ម​ ឯ​បញ្ហា​អន្តោប្រវេសន៍ ក៏​មិន​ត្រូវ​គ្នា​ដែរ គ្រាន់​តែ​ ​លោក ទ្រូដូ មិន​ធ្វើ​ការ​រិះគន់​ដោយ​ចំៗ ត្រង់ៗប៉ុណ្ណោះ។ មួយ​ថ្ងៃ​ក្រោយ​ការ​ចេញ​​ក្រិត្យ​អន្តោប្រវេសន៍ អាមេរិក​ដ៏​ចម្រូង​ចម្រាស លោក​នាយករដ្ឋមន្ត្រីកាណាដា​បាន​សរសេរ​ទ្វីត​ថា កាណាដា នឹង​ទទួល​ជន​អន្តោប្រវេសន៍​រង​ទុក្ខ​បុក​ម្នេញ​ពី​សង្គ្រាម។ ការ​រស់​​ចម្រុះ​ជាតិសាសន៍ ជា​កម្លាំង​របស់​កាណាដា។

ហើយ​មាន​ប្រធានបទ​តែ​គត់​ប៉ុណ្ណោះ ដែល​មេដឹកនាំ​ទាំង​ពីរ​មាន​ទស្សនៈ​ស្រប​គ្នា នោះ​គឺ​គម្រោង​សំណង់​បំពង់​បង្ហូរប្រេង Keystone XL ដ៏ធំ​បំផុត​ជាមួយ​កាណាដា​​ ដែល​ប្រធានាធិបតីអូបាម៉ា បាន​កប់​មិនឱ្យ​សាងសង់​នៅ​ឆ្នាំ​២០១៥ ដើម្បី​អាកាសធាតុ។ តែ​គ្រាន់​តែ​បាន​ចូល​កាន់​តំណែង​លោក ត្រាំ បាន​ផ្តល់​ជីវិត​ថ្មី​ដល់​គម្រោង​នេះ។ ដូច្នេះ ថ្វី​បើ​មាន​វិស័យ​ខ្លះ​ត្រូវ​ថប់​ដង្ហើម​ ដោយ​ការ​ចរចា​កិច្ចព្រមព្រៀង​​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ឡើង​វិញ​ តែ​វិស័យ​ថាមពល​វិញ​ បាន​ផ្តល់​សន្ទុះ​ថ្មី​ ព្រោះ​អាមេរិក​ត្រូវ​ការ​ប្រេង​និងឧស្ម័ន​ដ៏​សម្បូរ​បែប​របស់​កាណាដា៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ