អានតួអត្ថបទ
សហរដ្ឋអាមេរិក

លោកដូណាល់ ត្រាំ​រិះគន់​ខ្លាំងៗ​​ក្រុមភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិកាំង

លោក​ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ នៅថ្ងៃ​ពុធ បាន​បដិសេធ​ទាត់ចោល ព័ត៌មាន​ចុះផ្សាយ​របស់​កាសែត ដែល​ថា ក្រុមការងារ​ឃោសនា​របស់​លោក​ធ្លាប់​មាន​ជាប់ពាក់ព័ន្ធ​នឹង​រុស្ស៊ី នៅមុន​ពេល​លោក​បាន​ក្លាយ​ជាប្រធានាធិបតី។ លោកដូណាល់ ត្រាំ​ចេញមុខ​ការពារ​ក្រុមរបស់លោក បន្ទាប់​ពី​លោក​Michael Flynn ទីប្រឹក្សា​ផ្នែក​សន្តិសុខ​របស់​លោក​បាន​លាលែង​ចេញ​ពី​តំណែង នៅថ្ងៃ​ចន្ទ នៅ​ក្រោយ​កាសែត​ចុះផ្សាយ​ថា លោក​បាន​និយាយ​ទូរស័ព្ទ ជាមួយ ឯកអគ្គរដ្ឋទូត​រុស្ស៊ី ពីរឿង​ទណ្ឌកម្ម​អាមេរិក​ទៅលើ​រុស្ស៊ី។ 

ប្រធានាធិបតី​រុស្ស៊ី(ស្តាំ) អង្គុយក្បែរ​អតីត​មេបញ្ជារការទ័ព​អាមេរិកលោក Michael Flynn (ឆ្វេង) នៅឱកាស​បុណ្យ​ខួប​១០​ឆ្នាំ ទូរទស្សន៍​រុស្ស៊ី​នៅ​ឆ្នាំ​២០១៥
ប្រធានាធិបតី​រុស្ស៊ី(ស្តាំ) អង្គុយក្បែរ​អតីត​មេបញ្ជារការទ័ព​អាមេរិកលោក Michael Flynn (ឆ្វេង) នៅឱកាស​បុណ្យ​ខួប​១០​ឆ្នាំ ទូរទស្សន៍​រុស្ស៊ី​នៅ​ឆ្នាំ​២០១៥ Sputnik/Mikhail Klimentyev/Kremlin via REUTERS
ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាននិយាយ​ថា ការចោទ​ប្រកាន់​ក្រុមការងារ​របស់លោក​ថា មាន​ជាប់ទាក់ទង​នឹង​រុស្ស៊ី គឺ​ជារឿង​ដែលមិន​ទំនង​ទាល់​តែសោះ។ សម្រាប់​លោកដូណាល់ ត្រាំ ការចុះផ្សាយ​ព័ត៌មាន​ប៉ុន្មាន​ថ្ងៃនេះ គ្រាន់តែ​ជាការប៉ុនប៉ង​ដើម្បី​បិទបាំង​កំហុស​ទាំងឡាយ​របស់​បេក្ខជន​ចាញ់​ឆ្នោត គឺ​លោកស្រី ហ៊ីឡារី គ្លីនតុន។

 
នៅក្នុង​សារបណ្តាញ​សង្គម​Twitter លោក​ដូណាល់ ត្រាំ​បាន​សរសេរ​ចោទសួរ​ផងដែរ​ពីការផ្តល់​ព័ត៌មាន​ដោយ​ខុសច្បាប់ របស់​មន្រ្តី​ប៉ូលិស​សហព័ន្ធ FBI និង​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ NSAទៅ​ឲ្យ​កាសែត អាមេរិកាំង New York Times និង​Washington post។

នៅ​យប់​ថ្ងៃ​អង្គារ ​កាសែត New York Times​បាន​ចុះផ្សាយ ថា គេ​មាន​ភស្តុតាង ជាសំលេង​លួចស្តាប់​ជា​ច្រើន ដែល​បង្ហាញ ថា ក្រុមការងារ​របស់​លោក​ដូណាល់ ត្រាំ ហើយ​និង​អ្នក​ស្និទ្ធ​នឹង​លោក​មួយ​ចំនួន ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​មន្រ្តី​ស៊ើបការណ៍​សម្ងាត់​រុស្ស៊ី នៅក្នុង​ប៉ុន្មាន​ខែ​មុន​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក។

ដំណឹង​បើក​កកាយ​ស្តីពី​ទំនាក់ទំនង​ជាមួយ រុស្ស៊ី កើតមាន​នៅ​មួយថ្ងៃ​ក្រោយ លោក​Michael Flynn ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់ លោក​ដូណាល់ ត្រាំ  ប្រកាស​លាលែង​ចេញពី​តំណែង ដោយសារ​រឿងអាស្រូវ​និយាយ​ទូរស័ព្ទ​ជាមួយ​ឯកអគ្គរទូត​រុស្ស៊ី ប្រចាំ​នៅ​អាមេរិក។ លោក Michael Flynn ធ្លាប់​បាន​បដិសេធ​រហូតមក ថា​លោក​មិន​បាន​និយាយ​ពីរឿង​ទណ្ឌកម្ម​របស់អាមេរិក​ទៅលើ​រុស្ស៊ី ជាមួយ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំ​អាមេរិក។ ប៉ុន្តែ ការចុះ​ផ្សាយ​របស់​កាសែត អាមេរិកាំង New York Times និង​Washington Post ដែល​ដកស្រង់​ប្រភព​ព័ត៌មាន​ពី​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក បាន​បង្ហាញ​ផ្ទុយ​ពីនេះ រហូត​ធ្វើ​ឲ្យ​លោក​Michael Flynn ត្រូវ​បង្ខំចិត្ត​ចុះចេញ​ពីតំណែង។ នៅក្រោយ​ការបើក​កកាយរឿងរ៉ាវ និយាយ​ទូរស័ព្ទ​របស់លោក​Flynn ជាមួយ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី ក្រុមសាធារណរដ្ឋ នៅ​សភា​ដែល​កំពុង​បារម្ភខ្លាំង បាន​ទាមទារ​ផងដែរ ឲ្យ​មាន​ការស៊ើបអង្កេតជាផ្លូវការ​ទៅលើ​ទំនាក់ទំនង​រវាង​សេតវិមាន ហើយ​និង​វិមាន​ក្រេមឡាំង​រុស្ស៊ី។

កាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក មិនទាន់​បាន​១ខែផង លោក​ដូណាល់ ត្រាំ បាន​ធ្លាក់​កូដ​ប្រជាប្រិយ ជាបន្តបន្ទាប់។ រឿងអាស្រូវ​រហូត​ធ្វើ​ឲ្យ​មនុស្សជំនិត​របស់លោក​ដូណាល់ ត្រាំ​ត្រូវ​លាលែង​ចេញពី​តំណែង បាន​បង្ហាញ​ពី​អសមត្ថភាព បរាជ័យ​បន្តបន្ទាប់​គ្នា ក្នុង​ការធ្វើ​នយោបាយ​របស់​លោក​ដូណាល់ ត្រាំ ដែល​កំពុង​រង​ការរិះគន់​នៅឡើយ នៅក្នុង​រឿង​ចេញ​ក្រឹត្យ​ប្រឆាំង​អន្តោប្រវេសន៍ ហាម​មិន​ឲ្យ​ប្រជាជន​មក​ពី​ប្រទេស​អ៊ីស្លាម​ចំនួន ៧ ធ្វើ​ដំណើរ​ចូល​ទឹកដី អាមេរិក៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ