ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន៖លោកដូណាល់ ត្រាំថា ការបង្កើតរដ្ឋពីរមិនមែនជាដំណោះស្រាយតែមួយទេ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៣១
នៅថ្ងៃពុធ ទី១៥ កុម្ភៈ លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានទទួលដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែលបិនយ៉ាមីន នេតាន់យ៉ាហ៊ូនៅសេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោន។ តាំងពីចូលកាន់តំណែងជាផ្លូវការក្នុងថ្ងៃទី២០ មករា នេះជាលើកទី១ ដែលលោកត្រាំបានជួបសន្ទនាផ្ទាល់ជាមួយលោកនេតាន់យ៉ាហ៊ូ។ នៅក្នុងជំនួបទ្វេភាគី ឥស្សរជនទាំងពីរបានលើកយកលើបញ្ហាជាច្រើនក្នុងតំបន់ទៅជជែក ពិសេសជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនដែលលោកត្រាំយល់ថា គោលការណ៍នៃការបង្កើតរដ្ឋពីរមិនមែនជាដំណោះស្រាយតែមួយដើម្បីសន្តិភាពទេ។
ការថ្លែងរបស់លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំដែលថា គោលការណ៍នៃការបង្កើតរដ្ឋពីរមិនមែនជាដំណោះស្រាយតែមួយដើម្បីសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនត្រូវបានធ្វើឡើងនាឱកាសសន្និសីទកាសែតរួមគ្នារយៈពេលខ្លីជាមួយលោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែលបិនយ៉ាមីន នេតាន់យ៉ាហ៊ូ។ គឺជាសន្និសីទកាសែតក្នុងពេលដែលលោកនេតាន់យ៉ាហ៊ូបានមកដល់សេតវិមាន ពោលមិនមែនជាសន្និសីទកាសែតដែលបានរៀបចំនៅក្រោយជំនួបទ្វេភាគីរវាងលោកត្រាំ និងលោកនេតាន់យ៉ាហ៊ូទេ។
នៅក្នុងសន្និសីទកាសែតនោះ លោកដូណាល់ ត្រាំបានយល់ឃើញថា ការបង្កើតរដ្ឋពីរអ៊ីស្រាអែល និងប៉ាឡេស្ទីនរស់ក្បែរគ្នា ឬមួយក៏បង្កើតរដ្ឋតែមួយមិនមែនជារឿងសំខាន់ទេ អ្វីដែលសំខាន់ គឺឲ្យតែអ៊ីស្រាអែល និងប៉ាឡេស្ទីនសប្បាយចិត្តនឹងដំណោះស្រាយមួយណា នោះលោកក៏សប្បាយចិត្តដែរ។ លោកត្រាំបានបន្ថែមថា ពីដំបូង លោកក៏គិតថា មានតែការបង្កើតរដ្ឋពីរទេ ទើបអាចមានសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន តែទីបំផុតទៅ គឺវាអាស្រ័យលើជម្រើស និងការព្រមព្រៀងគ្នារវាងភាគីជម្លោះទាំងពីរប៉ុណ្ណោះ។
សម្រាប់លោកត្រាំ គោលការណ៍បង្កើតរដ្ឋពីរដើម្បីដោះស្រាយជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនមិនមែនជាដំណោះស្រាយតែមួយដើម្បីទទួលបានសន្តិភាពទេ ពោលអាចនឹងមានដំណោះស្រាយផ្សេងទៀត។ ជាការឆ្លើយតបវិញ លោកនេតាន់យ៉ាហ៊ូមានតែការញញឹមបិទមាត់មិនជិត ព្រោះលោកក៏មិនចង់ឃើញអាមេរិកបន្តប្រកាន់ជំហរឲ្យបង្កើតរដ្ឋប៉ាឡេស្ទីនដែរ។ ក៏ប៉ុន្តែ លោកដូណាល់ ត្រាំក៏មិនបានប្រាប់ឲ្យដឹងពីដំណោះស្រាយផ្សេងដើម្បីបិទបញ្ចប់ជម្លោះដ៏រុំារ៉ៃ និងស្មុគស្មាញរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនដែរ។
គ្រប់ប្រធានាធិបតីអាមេរិកមុនលោកដូណាល់ ត្រាំបានគាំទ្រគោលការណ៍បង្កើតរដ្ឋពីរ
គេអាចនិយាយបានថា ជំហររបស់លោកដូណាល់ ត្រាំរបៀបនេះនឹងធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ និងអាមេរិកខ្លួនឯងក្នុងការស្វែងរកសន្តិភាពឲ្យជម្លោះអ៊ីស្រាអែល ប៉ាឡេស្ទីន។ ចូរកុំភ្លេចថា តាំងពីកន្លះសតវត្សមកហើយដែលរូបប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋ ឬគណបក្សប្រជាធិបតេយ្យបានគាំទ្រគោលការណ៍នៃការបង្កើតរដ្ឋពីរអ៊ីស្រាអែល និងប៉ាឡេស្ទីនរស់ក្បែរគ្នាដោយសន្តិភាព និងសន្តិសុខ។
ប្រធានាធិបតីអាមេរិកមុនៗបានយល់ឃើញថា ដរាបណាគ្មានរដ្ឋប៉ាឡេស្ទីនរស់ក្បែររដ្ឋអ៊ីស្រាអែលទេ ដរាបនោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនក៏គ្មានទីបញ្ចប់ដែរ។ តែជាលើកទី១ ដែលមានប្រធានាធិបតីអាមេរិកម្នាក់ គឺលោកដូណាល់ ត្រាំបែរជាហ៊ានប្រកាសថា គោលការណ៍នៃការបង្កើតរដ្ឋពីរដើម្បីដោះស្រាយជម្លោះអ៊ីស្រាអែល ប៉ាឡេស្ទីនមិនមែនជាផ្លូវតែមួយគត់ដើម្បីសន្តិភាពទេ។
សូមជម្រាបជូនថា គោលការណ៍នៃការបង្កើតរដ្ឋពីរសម្រាប់ដំណោះស្រាយឲ្យជម្លោះអ៊ីស្រាអែល ប៉ាឡេស្ទីនមិនមែនការពារដោយរូបប្រធានាធិបតីអាមេរិកគ្រប់ជំនាន់មុនលោកដូណាល់ ត្រាំប៉ុណ្ណោះទេ តែក៏ជាការមើលឃើញ និងការចង់បានរបស់សហគមន៍អន្តរជាតិទាំងមូលដែរ ពិសេសគឺពលរដ្ឋប៉ាឡេស្ទីន។ នៅខាងអ៊ីស្រាអែល រូបលោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែលនេតាន់យ៉ាហ៊ូខ្លួនឯងក៏ធ្លាប់បានសារភាពម្តងក្នុងខែមិថុនា ឆ្នាំ ២០០៩ នាជំនាន់លោកប្រធានាធិបតីអាមេរិកអូបាម៉ាដោយគាំទ្រលើដំណោះស្រាយបង្កើតរដ្ឋពីរដែរ។ តែស្រាប់នៅចំពោះជំហរផ្លាស់ប្តូរ ១៨០អង្សាររបស់លោកត្រាំ លោកនេតាន់យ៉ាហ៊ូបែរជាបានចាក់បណ្តោយតាមលោកត្រាំ។
អន្តរជាតិបន្តរក្សាគោលការណ៍រដ្ឋពីរសម្រាប់ជម្លោះអ៊ីស្រាអែល ប៉ាឡេស្ទីន
ប្រតិកម្មនៅមានតិចតួច តែជាប្រតិកម្មក្នុងន័យប្រឆាំងនឹងជំហររបស់លោកដូណាល់ ត្រាំក្នុងសំណុំរឿងអ៊ីស្រាអែល ប៉ាឡេស្ទីន។ នៅក្នុងជំនួបជាមួយលោកប្រធានាធិបតីអេហ្ស៊ីបអាល់ស៊ីស៊ីក្នុងទីក្រុងគែរ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិអាន់តូនីញ៉ូ ហ្គូទែរស្ហ៍បានថ្លែងការពារដំណោះស្រាយរដ្ឋពីរសម្រាប់ជម្លោះអ៊ីស្រាអែល ប៉ាឡេស្ទីន។ លោកអាន់តូនីញ៉ូបានរម្លឹកជាថ្មីពីភាពចាំបាច់ក្នុងការបង្កើតរដ្ឋពីរ និងថា គេត្រូវធ្វើអ្វីៗគ្រប់បែបយ៉ាងទាំងអស់ដើម្បីសម្រេចឲ្យបាននូវដំណោះស្រាយតាមផ្លូវមួយនេះ។
នៅខាងបារាំង លោកឯកអគ្គរដ្ឋទូតបារាំងប្រចាំអង្គការសហប្រជាជាតិហ្រ្វង់ស័រ ដឺឡាត់បានបញ្ជាក់ថា លោកមិនធ្វើអត្ថាធិប្បាយលើជំហររបស់ប្រទេសផ្សេងទេ តែលោកចង់បញ្ជាក់ពីការគាំទ្ររបស់បារាំងចំពោះដំណោះស្រាយរដ្ឋពីរ។ យ៉ាងណាក៏ដោយ គេពិបាកនឹងជឿលើការនិយាយរបស់លោកត្រាំខ្លាំងណាស់ ព្រោះនរណាក៏ដឹងដែរថា លោកត្រាំបាននិយាយបាតដៃ ខ្នងដៃ ផ្លាស់ប្តូរជំហរស្រេចតែចិត្ត។ ជាក់ស្តែង រឿងរើស្ថានទូតអាមេរិកនៅអ៊ីស្រាអែលទៅដាក់ក្នុងទីក្រុងយេរ៉ុយសាឡិមដែលលោកត្រាំបានសន្យាក្នុងពេលឃោសនាបោះឆ្នោតបែរជាលោកចៀសវាងមិនលើកទៅនិយាយទៅវិញ។
តែទាក់ទងនឹងនយោបាយអាណានិគមលើទឹកដីប៉ាឡេស្ទីនពីសំណាក់អ៊ីស្រាអែល លោកដូណាល់ ត្រាំបានរក្សាជំហរប្រឆាំងដោយនិយាយប្រាប់លោកនេតាន់យ៉ាហ៊ូឲ្យបន្ថយល្បឿន និងឲ្យមានការអត់ធ្មត់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ