ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/04 12h00 GMT

ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន៖​លោកដូណាល់ ត្រាំ​ថា ការ​បង្កើត​រដ្ឋពីរ​មិនមែន​ជា​ដំណោះស្រាយ​តែ​មួយ​ទេ

ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន៖​លោកដូណាល់ ត្រាំ​ថា ការ​បង្កើត​រដ្ឋពីរ​មិនមែន​ជា​ដំណោះស្រាយ​តែ​មួយ​ទេ
 
លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ និង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ Reuters

នៅ​ថ្ងៃ​ពុធ ទី១៥ កុម្ភៈ លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ទទួល​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ​នៅ​សេតវិមាន​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន។ តាំង​ពី​ចូល​កាន់​តំណែង​ជា​ផ្លូវការ​ក្នុង​ថ្ងៃទី២០ មករា នេះ​ជា​លើកទី១ ដែល​លោក​ត្រាំ​បាន​ជួប​សន្ទនា​ផ្ទាល់​ជាមួយ​លោក​នេតាន់យ៉ាហ៊ូ។

នៅ​ក្នុង​ជំនួប​ទ្វេភាគី ឥស្សរជន​ទាំង​ពីរ​បាន​លើក​យក​លើ​បញ្ហា​ជា​ច្រើន​ក្នុង​តំបន់​ទៅ​ជជែក ពិសេស​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ដែល​លោក​ត្រាំ​យល់​ថា គោលការណ៍​នៃ​ការ​បង្កើត​រដ្ឋ​ពីរ​មិនមែន​ជា​ដំណោះស្រាយ​តែ​មួយ​ដើម្បី​សន្តិភាព​ទេ។

ការ​ថ្លែង​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ដែល​ថា គោលការណ៍​នៃ​ការ​បង្កើត​រដ្ឋ​ពីរ​មិនមែន​ជា​ដំណោះស្រាយ​តែ​មួយ​ដើម្បី​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ត្រូវ​បាន​ធ្វើ​ឡើង​នា​ឱកាស​សន្និសីទកាសែត​រួម​គ្នា​រយៈពេល​ខ្លី​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ។ គឺ​ជា​សន្និសីទកាសែត​ក្នុង​ពេល​​ដែល​លោក​នេតាន់យ៉ាហ៊ូ​បាន​មក​ដល់​សេតវិមាន ពោល​មិនមែន​ជា​សន្និសីទកាសែត​ដែល​បាន​រៀបចំ​នៅ​ក្រោយ​ជំនួប​ទ្វេភាគី​រវាង​លោក​ត្រាំ និង​លោក​នេតាន់យ៉ាហ៊ូ​ទេ។

នៅ​ក្នុង​សន្និសីទកាសែត​នោះ លោក​ដូណាល់ ត្រាំ​បាន​យល់​ឃើញ​ថា ការ​បង្កើត​រដ្ឋ​ពីរ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​រស់ក្បែរ​គ្នា ឬ​មួយ​ក៏​បង្កើត​រដ្ឋ​តែ​មួយ​មិនមែន​ជា​រឿង​សំខាន់​ទេ អ្វី​ដែល​សំខាន់ គឺ​ឲ្យ​តែ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​សប្បាយ​ចិត្ត​នឹង​ដំណោះស្រាយ​មួយ​ណា នោះ​លោក​ក៏​សប្បាយ​ចិត្ត​ដែរ។ លោក​ត្រាំ​បាន​បន្ថែម​ថា ពី​ដំបូង លោក​ក៏​គិត​ថា មាន​តែ​ការ​បង្កើត​រដ្ឋពីរ​ទេ ទើប​អាច​មាន​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន តែ​ទីបំផុត​ទៅ គឺ​វា​អាស្រ័យ​លើ​ជម្រើស និង​ការ​ព្រមព្រៀង​គ្នា​រវាង​ភាគីជម្លោះ​ទាំង​ពីរ​ប៉ុណ្ណោះ។
 
សម្រាប់​លោក​ត្រាំ គោលការណ៍​បង្កើត​រដ្ឋ​ពីរ​ដើម្បី​ដោះស្រាយ​ជម្លោះ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​មិនមែន​ជា​ដំណោះស្រាយ​តែ​មួយ​ដើម្បី​ទទួល​បាន​សន្តិភាព​ទេ ពោល​អាច​នឹង​មាន​ដំណោះស្រាយ​ផ្សេង​ទៀត។ ជា​ការ​ឆ្លើយ​តប​វិញ លោក​នេតាន់យ៉ាហ៊ូ​មាន​តែ​ការ​ញញឹម​បិទមាត់​មិន​ជិត ព្រោះ​លោក​ក៏​មិន​ចង់​ឃើញ​អាមេរិក​បន្ត​ប្រកាន់​ជំហរ​ឲ្យ​បង្កើត​រដ្ឋប៉ាឡេស្ទីន​ដែរ។ ក៏​ប៉ុន្តែ លោក​ដូណាល់ ត្រាំ​ក៏​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ដំណោះស្រាយ​ផ្សេង​ដើម្បី​បិទបញ្ចប់​ជម្លោះ​ដ៏​រុំារ៉ៃ និង​ស្មុគស្មាញ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ដែរ។
 
គ្រប់​ប្រធានាធិបតី​អាមេរិក​មុន​លោក​ដូណាល់ ត្រាំ​បាន​គាំទ្រ​គោលការណ៍​បង្កើត​រដ្ឋពីរ
 
គេ​អាច​និយាយ​បាន​ថា ជំហរ​របស់​លោក​ដូណាល់ ត្រាំ​របៀប​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហគមន៍​អន្តរជាតិ និង​អាមេរិក​ខ្លួន​ឯង​ក្នុង​ការ​ស្វែង​រក​សន្តិភាព​ឲ្យ​ជម្លោះ​អ៊ីស្រាអែល ប៉ាឡេស្ទីន។ ចូរ​កុំ​ភ្លេច​ថា តាំង​ពី​កន្លះ​សតវត្ស​មក​ហើយ​ដែល​រូប​ប្រធានាធិបតី​អាមេរិក​មក​ពី​គណបក្ស​សាធារណរដ្ឋ ឬ​គណបក្ស​ប្រជាធិបតេយ្យ​បាន​គាំទ្រ​គោលការណ៍​នៃ​ការ​បង្កើត​រដ្ឋពីរ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​រស់ក្បែរ​គ្នា​ដោយ​សន្តិភាព និង​សន្តិសុខ។
 
ប្រធានាធិបតី​អាមេរិក​មុនៗ​បាន​យល់​ឃើញ​ថា ដរាប​ណា​គ្មាន​រដ្ឋ​ប៉ាឡេស្ទីន​រស់ក្បែរ​រដ្ឋ​អ៊ីស្រាអែល​ទេ ដរាប​នោះ​ជម្លោះ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ក៏​គ្មាន​ទីបញ្ចប់​ដែរ។ តែ​ជា​លើកទី១ ដែល​មាន​ប្រធានាធិបតី​អាមេរិក​ម្នាក់ គឺ​លោក​ដូណាល់ ត្រាំ​បែរ​ជា​ហ៊ាន​ប្រកាស​ថា គោលការណ៍​នៃ​ការ​បង្កើត​រដ្ឋពីរ​ដើម្បី​ដោះស្រាយ​ជម្លោះ​អ៊ីស្រាអែល ប៉ាឡេស្ទីន​មិនមែន​ជា​ផ្លូវ​តែ​មួយ​គត់​ដើម្បី​សន្តិភាព​ទេ។
 
សូម​ជម្រាប​ជូន​ថា គោលការណ៍​នៃ​ការ​បង្កើត​រដ្ឋពីរ​សម្រាប់​ដំណោះស្រាយ​ឲ្យ​ជម្លោះ​អ៊ីស្រាអែល ប៉ាឡេស្ទីន​មិនមែន​ការពារ​ដោយ​រូប​ប្រធានាធិបតី​អាមេរិក​គ្រប់​ជំនាន់​មុន​លោក​ដូណាល់ ត្រាំ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការ​មើល​ឃើញ និង​ការ​ចង់​បាន​របស់​សហគមន៍​អន្តរជាតិ​ទាំង​មូល​ដែរ ពិសេស​គឺ​ពលរដ្ឋ​ប៉ាឡេស្ទីន។ នៅ​ខាង​អ៊ីស្រាអែល រូប​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ​ខ្លួន​ឯង​ក៏​ធ្លាប់​បាន​សារភាព​ម្តង​ក្នុង​ខែ​មិថុនា ឆ្នាំ ២០០៩ នា​ជំនាន់​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​ដោយ​គាំទ្រ​លើ​ដំណោះស្រាយ​បង្កើត​រដ្ឋ​ពីរ​ដែរ។ តែ​ស្រាប់​នៅ​ចំពោះ​ជំហរ​ផ្លាស់ប្តូរ ១៨០អង្សារ​របស់​លោក​ត្រាំ លោក​នេតាន់យ៉ាហ៊ូ​បែរ​ជា​បាន​ចាក់​បណ្តោយ​តាម​លោក​ត្រាំ។
 
អន្តរជាតិ​បន្ត​រក្សា​គោលការណ៍​រដ្ឋ​ពីរ​សម្រាប់​ជម្លោះ​អ៊ីស្រាអែល ប៉ាឡេស្ទីន
 
ប្រតិកម្ម​នៅ​មាន​តិចតួច តែ​ជា​ប្រតិកម្ម​ក្នុង​ន័យ​ប្រឆាំង​នឹង​ជំហរ​របស់​លោក​ដូណាល់ ត្រាំ​ក្នុង​សំណុំរឿង​អ៊ីស្រាអែល ប៉ាឡេស្ទីន។ នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ប្រធានាធិបតី​អេហ្ស៊ីប​អាល់ស៊ីស៊ី​ក្នុង​ទីក្រុង​គែរ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​អាន់តូនីញ៉ូ ហ្គូទែរស្ហ៍​បាន​ថ្លែង​ការពារ​ដំណោះស្រាយ​រដ្ឋពីរ​សម្រាប់​ជម្លោះ​អ៊ីស្រាអែល ប៉ាឡេស្ទីន។ លោក​អាន់តូនីញ៉ូ​បាន​រម្លឹក​ជា​ថ្មី​ពី​ភាព​ចាំ​បាច់​ក្នុង​ការ​បង្កើត​រដ្ឋពីរ និង​ថា គេ​ត្រូវ​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ទាំង​អស់​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ដំណោះស្រាយ​តាម​ផ្លូវ​មួយ​នេះ។
 
នៅ​ខាង​បារាំង លោក​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​អង្គការ​សហប្រជាជាតិ​ហ្រ្វង់ស័រ ដឺឡាត់​បាន​បញ្ជាក់​ថា លោក​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ជំហរ​របស់​ប្រទេស​ផ្សេង​ទេ តែ​លោក​ចង់​បញ្ជាក់​ពី​ការ​គាំទ្រ​របស់​បារាំង​ចំពោះ​ដំណោះស្រាយ​រដ្ឋពីរ។ យ៉ាង​ណា​ក៏​ដោយ គេ​ពិបាក​នឹង​ជឿ​លើ​ការ​និយាយ​របស់​លោក​ត្រាំ​ខ្លាំង​ណាស់ ព្រោះ​នរណា​ក៏​ដឹង​ដែរ​ថា លោក​ត្រាំ​បាន​និយាយ​បាតដៃ ខ្នងដៃ ផ្លាស់ប្តូរ​ជំហរ​ស្រេច​តែ​ចិត្ត។ ជាក់ស្តែង រឿង​រើ​ស្ថានទូត​អាមេរិក​នៅ​អ៊ីស្រាអែល​ទៅ​ដាក់​ក្នុង​ទីក្រុង​យេរ៉ុយសាឡិម​ដែល​លោក​ត្រាំ​បាន​សន្យា​ក្នុង​ពេល​ឃោសនា​បោះឆ្នោត​បែរ​ជា​លោក​ចៀសវាង​មិន​លើក​ទៅ​និយាយ​ទៅ​វិញ។
 
តែ​ទាក់ទង​នឹង​នយោបាយ​អាណានិគម​លើ​ទឹកដី​ប៉ាឡេស្ទីន​ពី​សំណាក់​អ៊ីស្រាអែល លោក​ដូណាល់ ត្រាំ​បាន​រក្សា​ជំហរ​ប្រឆាំង​ដោយ​និយាយ​ប្រាប់​លោក​នេតាន់យ៉ាហ៊ូ​ឲ្យ​បន្ថយ​ល្បឿន និង​ឲ្យ​មាន​ការ​អត់ធ្មត់៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ប៉ាឡេស្ទីន-សហរដ្ឋអាមេរិក

    ប៉ាឡេស្ទីន​ព្រមាន​លោកត្រាំ កុំឲ្យ​លើក​ស្ថានទូត​អាមេរិក​ទៅនៅ​Jerusalem

    ស្វែងយល់បន្ថែម

  • សហរដ្ឋអាមេរិក-ប៉ាឡេស្ទីន

    លោក​ Abbas ​សរសេរ​លិខិត​ព្រមាន​លោក​​Trump​ កុំ​ទទួល​ស្គាល់ ​Jérusalem ​ជា​រដ្ឋធានី​អ៊ីស្រាអែល​

    ស្វែងយល់បន្ថែម

  • អាមេរិក-អ៊ីស្រាអែល

    អ៊ីស្រាអែល​បើក​ភ្លើងខៀវ​ជា​ឲ្យសង់​លំនៅឋាន​ថ្មី នៅ​Jérusalem​ខាងកើត

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    នាយក​រដ្ឋមន្រ្តី អ៊ីស្រាអែល​ចោទ​អាមេរិក​ថា លំអៀង

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ