អានតួអត្ថបទ
សហរដ្ឋអាមេរិក

អាមេរិក៖​លោកដូណាល់ ត្រាំ​បាន​ទម្លាក់​កំហុស​លើ​​អ្នកកាសែត​ដោយ​ចោទ​ថា ជា​អ្នកនិយាយ​កុហក

នៅ​សហរដ្ឋអាមេរិក លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​ធ្វើ​សន្និសីទកាសែត​មួយ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ កុម្ភៈ។ នៅ​ក្នុង​សន្និសីទកាសែត​ដែល​មិន​បាន​គ្រោង​ទុក​មុន​នោះ លោក​ដូណាល់ ត្រាំ​បាន​លើក​ឡើង​ពី​បន្ទុក​ការងារ​ដែល​បន្សល់​ទុក​ដោយ​លោក​ប្រធានាធិបតី​អូបាម៉ា និង​ពី​កិច្ចការ​ជោគជ័យ​មួយ​ចំនួន​ដែល​លោក​បាន​សម្រេច​ក្នុង​រយៈពេល​ខ្លី។ តែ​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​អ្នកកាសែត​ភ្ញាក់ផ្អើល​ខ្លាំង គឺ​ការ​វាយប្រហារ​របស់​លោក​ត្រាំ​លើ​ក្រុម​អ្នកកាសែត​ដែល​លោក​ចោទ​ជា​ពួក​និយាយ​កុហក។

លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់ ត្រាំ
លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់ ត្រាំ REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ឱកាស​សន្និសីទកាសែត លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​លើក​ឡើង​ពី​ការងារ​ជោគជ័យ​ដែល​លោក​បាន​សម្រេច​ក្នុង​រយៈពេល​នៃ​ការ​កាន់​តំណែង​មិន​ដល់ ១ខែ​ផង។ តែ​ឃ្លា​ដែល​លោក​ត្រាំ​បាន​និយាយ​ច្រំដែល​ច្រើន​ដង​នោះ​គឺ​ថា លោក​បាន​កាន់​តំណែង​នៅ​ក្នុង​ស្ថានភាព​ប្រទេស​គ្មាន​សណ្តាប់ធ្នាប់​ដែល​បន្សល់​ទុក​ដោយ​លោក​ប្រធានាធិបតី​មុន។ ទោះបី​ជា​លោក​ត្រាំ​មិន​បាន​និយាយ​ចំ​ឈ្មោះ​ប្រធានាធិបតី​ណា​ក៏​ដោយ​ក៏​គេ​ដឹង​ថា លោក​ត្រាំ​ចង់​និយាយ​សំដៅ​លោក​អូបាម៉ា។ ដោយ​និយាយ​សរសើរ​ខ្លួន​ឯង លោក​ត្រាំ​បាន​បញ្ជាក់​ថា មិន​ដែល​មាន​រូប​ប្រធានាធិបតី​ណា​អាច​សម្រេច​ការងារ​បាន​ច្រើន​ប្រកប​ដោយ​ជោគជ័យ​ក្នុង​រយៈពេល​ដ៏​ខ្លី​ដូច​នេះ​ទេ និង​ថា លោក​ផ្ញើ​សារ​នេះ​ទៅ​កាន់​ពលរដ្ឋ​អាមេរិក ព្រោះ​ពួក​អ្នកកាសែត​សុទ្ធសឹង​ជា​អ្នក​ភូតកុហក។

តាម​លោក​ដូណាល់ ត្រាំ អ្នកកាសែត​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​ទាំង​អស់​ដែល​បាន​កើត​មាន​កន្លង​មក ហើយ​ពួក​នេះ​ក៏​មាន​ការ​ជួយ​គាំទ្រ​ពី​ក្រុម​ចៅក្រម​ដែរ។ លោក​ដូណាល់ ត្រាំ​បាន​បរិហារ​ខ្លាំងៗ​ថា បើ​អាមេរិក​មិន​អាច​ផ្សះផ្សា​ជាមួយ​រុស្ស៊ី​ឡើង​វិញ គឺ​ជា​កំហុស​របស់​អ្នកកាសែត ហើយ​បើ​ក្រឹត្យប្រឆាំង​ជនអន្តោប្រវេសន៍​បាន​ជាប់គាំង​នៅ​តុលាការ គឺ​ដោយសារ​តែ​សេចក្តីសម្រេចចិត្ត​មិន​ត្រឹមត្រូវ​របស់​តុលាការ។ ទាក់ទង​នឹង​រឿងអាស្រូវ​ស្តីពី​ទំនាក់ទំនង​ស្ងាត់ៗ​ជាមួយ​រុស្ស៊ី​ត្រូវ​បាន​លោក​ត្រាំ​ឆ្លើយ​ថា លោក​មិន​ធ្លាប់​បាន​ទាក់ទង​ជាមួយ​រុស្ស៊ី ហើយ​ក៏​មិន​ធ្លាប់​ទទួល​បាន​ប្រយោជន៍​អ្វី​ពី​ប្រទេស​មួយ​នេះ​ដែរ។

ដោយឡែក លោក​ដូណាល់ ត្រាំ​បាន​បញ្ជាក់​ជា​ផ្លូវការ​ថា ក្រឹត្យថ្មី​មួយ​ទៀត​ស្តីពី​ជនអន្តោប្រវេសន៍​នឹង​ចេញ​នៅ​សប្តាហ៍​ក្រោយ។ តែ​ជា​ក្រឹត្យ​ដែល​នឹង​ធ្វើ​ឡើង​ដោយ​មាន​ការ​ថ្លឹងថ្លែង និង​ដោយ​មាន​ដាក់​បញ្ចូល​នូវ​ការ​ទាមទារ​ចង់​បាន​របស់​តុលាការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ