អានតួអត្ថបទ

អាមេរិក​ចង់​ចាប់​ផ្តើម​ថ្មី​ជាមួយ​នឹង​ប្រទេស​តួកគី

អាមេរិក​មាន​មេ​ដឹកនាំ​ថ្មី តើ​អាច​ជា​ឱកាស​ថ្មី​សម្រាប់​តួកគី​ និង​ភាព​ប្រសើរ​ឡើង​នេះ​ទំនាក់ទំនង​ទ្វេភាគី​ឬ ? អនុប្រធានាធិបតី​អាមេរិក លោក Mike Pence បាន​អះអាង​ប្រាប់​នាយក​រដ្ឋមន្ត្រី​តួកគី លោក Binali Yildirim ថា​រដ្ឋាបាល​អាមេរិក ចង់​ចាប់​ផ្តើម​ផ្សា​ទំនាក់ទំនង​ជា​ថ្មីនឹង​គ្នា​​ឡើង​វិញជាមួយ​ក្រុង​អង់ការ៉ា។ នេះ​បើប្រភព​សារព័ត៌មាន​តួកគី ចេញ​ផ្សាយ​នៅ​ថ្ងៃអាទិត្យ​ ទិ ១៩ កុម្ភៈ។

អនុប្រធានាធិបតី​អាមេរិក Pence និង​នាយក​រដ្ឋមន្ត្រី​តួកគី លោក Yildirim នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ស្តី​ពី​សន្តិសុខ​នៅ​ក្រុង​ម៉ុយនិច
អនុប្រធានាធិបតី​អាមេរិក Pence និង​នាយក​រដ្ឋមន្ត្រី​តួកគី លោក Yildirim នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ស្តី​ពី​សន្តិសុខ​នៅ​ក្រុង​ម៉ុយនិច © Reuters
ផ្សាយពាណិជ្ជកម្ម

បើ​តាម​ទូរទស្សន៍​ជាតិ​តួកគី នា​ឱកាស​ជំនួប​រវាង​នាយក​រដ្ឋមន្ត្រី​តួកគី និង​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក នៅ​ទីក្រុងម៉ុយនិច ប្រទេស​អាល្លឺម៉ង់ ក្រៅ​ក្របខ័ណ្ឌ​សន្និសីទ​អន្តរជាតិ​ស្តីពី​សន្តិសុខ លោកអនុប្រធានាធិបតី​អាមេរិក បាន​បង្ហាញ​ចេតនា​ចង់​អភិវឌ្ឍន៍​ទំនាក់​​ទំនង វ៉ាស៊ីនតោន-​អង់ការ៉ា ដោយ​ចាប់​ផ្តើម​ជា​ថ្មី​ឡើង​វិញ។

ជា​ចម្លើយ​តប​វិញ លោក​នាយករដ្ឋមន្ត្រី​តួកគី បាន​យក​ការ​ធ្វើ​បត្យាប័ន​មេ​បក្ស​ប្រឆាំង​និរទេស​ខ្លួន​នៅ អាមេរិក គឺ​​ប្រមុខ​សាសនា​ ហ្វេតុយឡះ ហ្គូឡិន Fethullah Gülen ជា​លក្ខខណ្ឌ​​នៃ​បើក​ទំព័រ​ថ្មី នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ អាមេរិក-តួកគី។

​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ សេតវិមាន​បាន​អះអាង​ថា ពេល​​ជួប​ពិភាក្សា​គ្នា​ លោក​អនុប្រធានាធិបតី​បាន​រំលឹក​ឡើង​វិញ​អំពី​កិច្ចសន្យា​របស់​អាមេរិក​ចំពោះតួកគី​ ក្នុង​នាម​ជា​ដៃគូ​យុទ្ធសាស្ត្រ និង​សម្ព័ន្ធមិត្ត​ជា​សមាជិក​អូតង់។ ​ប្រមុខ​ដឹកនាំទាំង​ពីរ​រូប ក៏​បាន​​ពិភាក្សា​គ្នា​ដែរ​អំពី​មធ្យោបាយ​​ពន្លឿន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​ ដើម្បី​យក​ឈ្នះ​និង​កម្ចាត់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម ព្រម​ទាំង​ដំណោះស្រាយ​ជា​អចិន្ត្រៃយ៍​សម្រាប់​បិទ​បញ្ចប់​វិបត្តិ​នៅ​ស៊ីរី។ នេះ​បើ​តាមសេចក្តី​ថ្លែងការណ៍​ដដែល។

ក្នុង​សំណុំ​រឿង​ស៊ីរី​នេះ តួកគី​បាន​បង្ហាញ​ផែនការ​ប្រយុទ្ធ​ពីរ​ជូន​អាមេរិក​ រាប់​តាំង​ការ​វាយ​ប្រហារ​លើ​ពួក​យុទ្ធជន​គួដឌីស្ថាន​ ដើម្បី​ច្រាន​ពួក​អង្កការ​រដ្ឋ​អ៊ីស្លាម​ចេញ​ពី​ក្រុង​រ៉ាខា ទីតាំង​សំខាន់​របស់​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី។ អង់ការ៉ា ដែល​បាន​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ នៅ​ភាគ​ខាង​ជើង​ស៊ីរី បាន​ចាត់​ទុក​ពួក​យុទ្ធជន​គួដឌីស្ថាន​ ដែល​គាំទ្រ​ដោយ​អាមេរិក​ថា​ជា​ពួក​ភេរវនិយម។ នា​ឱកា​ស​ជួប​ជា​មួយ​អនុប្រធានាធិបតី​អាមេរិក​នៅ​ទីក្រុង​ម៉ុយនិច តួកគី​ក៏​បាន​ឆ្លៀត​រំលឹក​ប្រាក់​ភាគី​អាមេរិក​ថា ប្រសិន​បើ​វ៉ាស៊ីនតោន​ជ្រើសរើស​គាំទ្រ​ពួក​គួដឌីស្ថាន​ទៀត នោះ​ទំនាក់ទំនង​អាមេរិក-តួកគី ពិត​ជា​ត្រូវ​ជួប​បញ្ហា​ធំ​ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ