អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តួកគីរំពឹង​លើ​លោក ដូណាល់ ​ត្រាំ ដើម្បី​បាន​ខិត​រក​អាមេរិកវិញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហរដ្ឋ​អាមេរិក​ប្រកាស​ចង់​ចាប់​ផ្តើម​ជា​ថ្មី ជាមួយ​តួកគី។ ឯ​ប្រមុខ​ដឹកនាំ​តួកគី​ក៏​សង្ឃឹម​ថា​នឹង​អាច​ចូល​កាន់​តែ​ជិត​ប្រធានាធិបតី​អាមេរិក​ថ្មី ដូណាល់ ត្រាំ​ ដែរ ដោយ​សុខ​ចិត្ត​ធ្មេញ​ភ្នែក​ធ្វើ​មិន​ឃើញ​មិន​ឮ​​គំនិត​ខ្វែង​គ្នាមួយ​ចំនួន​​ជា​មួយ​លោក​ត្រាំ​ផង។ ប៉ុន្តែ​ដំណើរ​ផ្លូវ​ហាក់​ដូច​ជា​នៅ​វែង​ឆ្ងាយ និង​មាន​ឧបសគ្គ​ច្រើន​ណាស់។

ជំនួប​រវាង​អនុប្រធានាធិបតី​អាមេរិក និង​នាយក​រដ្ឋមន្ត្រី​តួកគី​នៅ​អាល្លឺម៉ង់
ជំនួប​រវាង​អនុប្រធានាធិបតី​អាមេរិក និង​នាយក​រដ្ឋមន្ត្រី​តួកគី​នៅ​អាល្លឺម៉ង់ © Reuters
ផ្សាយពាណិជ្ជកម្ម

អឺរ៉ុប​ភាគ​ច្រើន បាន​អបអរ​ជ័យ​ជំនះ​របស់​លោក ដូណាល់ ត្រាំ ​ជា​ប្រធានាធិបតី​អាមេរិក ដោយ​ចុងមាត់​ចុងក តែ​ក្រុង​អង់ការ៉ា​វិញ រីករាយ​ខ្លាំងណាស់។ ព្រោះ​ថា​ទំនាក់ទំនង​រវាង​លោក​ប្រធានាធិបតី​តួកគី អែរដូហ្កាន និង​សេតវិមាន​សម័យ​លោក​បារ៉ាក់ អូបាម៉ា បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង នា​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ដោយ​ហេតុ​តែ​សំណុំ​រឿង​ស៊ីរី និង​ការ​ទារ​ធ្វើ​បត្យាប័ន​ប្រមុខ​សាសនា​ជា​មេបក្ស​ប្រឆាំង​និរទេស​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក។

ឆ្លៀត​ពេល​ដែល​មាន​វត្តមាន​ជុំ​គ្នា​នៅ​សន្និសីទ​អន្តរជាតិ​ស្តីអំពី​សន្តិសុខ នៅ​ក្រុង​ម៉ុយនិច នាយក​រដ្ឋមន្ត្រី​តួកគី ​បាន​ជួប​ជាមួយ​អនុប្រធានាធិបតី​អាមេរិក ដើម្បី​បាន​ជជែក​គ្នា​ភ្លាម​ អំពី​​សំណុំ​ដ៏​សំខាន់​ទាំង​ពីរ​ដែល​ជា​គន្លឹះនៃ​ចំណងទំនាក់ទំនង​អាមេរិក-តួកគី។ សម្រាប់​តួកគី ការ​ដែល​អាមេរិក​មាន​រដ្ឋបាល​ថ្មី ដូច​យ៉ាង​រដ្ឋបាល​លោក​ត្រាំ​នេះ គឺ​ជាឱកាសដ៏​ប្រពៃ​សម្រាប់​បង្ហាញ​​​គំនិត​ផ្តួច​ផ្តើមដ៏​ច្បាស់​លាស់​ផ្នែក​នយោបាយ​ការបរទេសរបស់​ខ្លួន​ហើយ។

ក្រោយ​ពី​បាន​វាយ​តម្លៃ​ឡើង​វិញ អំពី​ទំនាក់ទំនង​អាមេរិក​ជាមួយ​តួកគី ក្នុង​នាម​ជា​ដៃគូ​ពាណិជ្ជកម្ម យោធា និង​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម​ហើយ រដ្ឋាភិបាល​អាមេរិក​មុខ​ជា​នឹង​ចាត់​វិធាន​ការ​ដើម្បី​ធ្វើ​ឱ្យ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​បាន​ប្រសើរ​ឡើង​ជា​មិន​ខាន។ នេះ​ជា​ការ​រំពឹង​ទុក​របស់​តួកគី។

ជាក់​ស្តែង ៤៨​ម៉ោង​ក្រោយ​ជំនួប​តាម​ទូរស័ព្ទ​រវាង​ប្រធានាធិបតី​អាមេរិក​ លោក ដូណាល់ ត្រាំ​ ជាមួយ​នឹង​ប្រធានាធិបតី​តួកគី អ៊ែរដូហ្កាន​ភ្លាម នាយក​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក សេអ៊ីអា បាន​ធ្វើ​ដំណើរ​​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​តួកគី​ភ្លាម​ ក្រោម​ការ​ទទួល​ស្វាគមន៍​យ៉ាង​អំណរ​ពី​ថ្នាក់​ដឹកនាំ​តួកគី។

ការ​ប្រឹង​រក​គ្រប់​វិធី​ដើម្បី​ខិត​ចូល​ជិត​រដ្ឋបាល​អាមេរិក​ថ្មី គឺ​ជា​អាទិភាព​ចំបង​របស់​រដ្ឋាភិបាល​តួកគី នេះ​បើ​តាម​អ្នក​វិភាគ​ស្និទ្ធ​របប​កាន់​អំណាច​តួកគី។ ថ្នាក់​ដឹកនាំ​តួកគី​សុទ្ធ​តែ​មើលឃើញ​ លោក ដូណាល់ ត្រាំ គឺ​ជា​អ្នក​ដែល​​អាច​ធ្វើ​ឱ្យ​បំណង​ប្រាថ្នា​របស់​គេ​បាន​សម្រេច។ ការ​ខិត​ចូល​គ្នា​ គឺ​ស្ថិត​នៅ​លើ​លោក​ត្រាំ ? គឺ​ដោយ​សារ​តែ​មូលហេតុ​នេះ បាន​ជា​គេ​សង្កេត​ឃើញ​ថា តួកគី មិន​ដែល​បាន​បញ្ចេញ​ប្រតិកម្ម​រិះគន់​លោក​ត្រាំ​ទាល់តែ​សោះ ! សូម្បី​តែ​សុន្ទរកថា នោះ​វាយប្រហារ និង​ប្រឆាំង​ទាំង​ស្រុង​ជំហរ​ដែល​តួកគី​ធ្លាប់​ការពារ​ពី​មុន និង​រហូត​មក​​ក៏​ដោយ !

ជា​ទម្លាប់ ​លោក​អ៊ែរដូហ្កាន តែង​បក​អាក្រាត​បស្ចឹមលោក ថា​ស្អប់​អ៊ីស្លាម ! ប៉ុន្តែ​នៅ​ពេល​លោក​ដូណាល់ ត្រាំ ចេញ​ក្រិត្យ​ហាមឃាត់​មិន​ពលរដ្ឋ​៧​ប្រទេស​ភាគ​ច្រើន​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម ចូល​សហរដ្ឋ​​អាមេរិក ស្រាប់​លោក​ អ៊ែរដូហ្កាន​គ្មាន​​ចេញ​ស្តី​អ្វី​មួយ​ម៉ាត់​ បន្ទោស​ឬ​រិះគន់​លោក​ត្រាំ​សោះ។ មិន​ធ្វើ​អ្វី​ប៉ះពាល់​ដល់​លោក​ត្រាំ ក៏​ព្រោះ​តែ​ប្រមុខ​ដឹកនាំ​តួកគី សង្ឃឹម​ថា អាច​យក​ចិត្ត​សមភាគី​អាមេរិក​ថ្មី​បាន លើ​រាល់​សំណុំ​រឿង​ដែល​ធ្លាប់​បំពុល​​ទំនាក់ទំនង​អាមេរិក-តួកគី​ ក្នុង​សម័យ​លោក​អូបាម៉ា កាន់​អំណាច។

ប៉ុន្តែ បើ​ទោះ​បី​ភាគី​ទាំង​ពីរ​បាន​បង្ហាញ​ឆន្ទៈ​ល្អ ! ​អាមេរិក​ចង់​ចាប់​ផ្តើម​ជា​ថ្មី​ជា​មួយ​តួកគី​ ក៏​ដោយ ក៏​អ្នក​វិភាគ​សំលឹង​ឃើញ​ថា​ទំនាក់ទំនង​អាមេរិក-តួកគី​ ល្អ​មិន​បាន​យូរ​ទេ ! ប្រទេស​ទាំងពីរ​នេះ មាន​គំនិត​មិន​ត្រូវ​គ្នា​ជា​ប្រពៃណី​ទៅ​ហើយ។ ភាព​ល្អូកល្អើន​​ពេល​នេះ គ្រាន់​តែ​ជា​តាកតិច​មួយ​រយៈខ្លី​​ប៉ុណ្ណោះ។

មាន​កត្តា​ពីរ​ដែល​ជាអ្នក​កំណត់​ចំណង​សម្ព័ន្ធ​មេត្រី​អាមេរិក​-តួកគី ៖ ទី​មួយ គឺ​ជំហរ​របស់​រដ្ឋបាល​លោក​ត្រាំ ចំពោះ​ពួក​គូដឌីស្ថាន​នៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី ដែល​លោក​​អូបាម៉ា បាន​ផ្តល់​ជំនួយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម។ ប៉ុន្តែ​សម្រាប់​ក្រុង​អង់ការ៉ា ពួក​នេះ ជា​អង្គការ​ភេរវនិយម​ស្និទ្ធ​នឹង​បក្សពលករ​គួដឌីស្ថាន PKK ដែល​បាន​ងើប​បះបោរ​បង្ហូរ​ឈាមនៅ​ក្នុង​ប្រទេស ​ តាំង​ពី​ឆ្នាំ​១៩៨៤​មក។​ តួកគី​បាន​ស្នើ​ទៅ​អាមេរិក​បើក​ប្រតិបត្តិការ​រួម​គ្នា​រំដោះ​ក្រុង​រ៉ាខា​ របស់​ស៊ីរី ដោយ​គ្មាន​ពួក​គួដឌីស្ថាននេះ​ទេ។

កត្តាទីពីរដែល​អាច​ធ្វើ​ទំនាក់ទំនង​ជាមួយ​អាមេរិក មាន​ការ​វិវឌ្ឍន៍​ គឺ​បញ្ហា​​ប្រមុខ​សាសនា​ ហ្គូឡិន ដែល​អង់ការ៉ា​ចោទ​ថា​ជា​មេ​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​មិន​សម្រេច​កាលពី​ខែ​កក្កដា ២០១៦។ អាមេរិក​បដិសេធជា​រហូត​សំណើ​​របស់​តួកគី​សុំ​ធ្វើ​បត្យាប័ន​ហ្គូឡិនដែល​​និរទេស​ខ្លួន​ទៅ ជ្រកកោន​នៅ អាមេរិក​តាំង​ពី​ឆ្នាំ​១៩៩៩។ ជា​ធម្មតា​ ​ប្រធានាធិបតី​អាមេរិក​មិន​អាច​ផ្តល់​ចម្លើយ​វិជ្ជមាន​​ទេ ព្រោះ​ជា​ការ​សម្រេច​របស់​តុលាការ តែ​ថ្នាក់​ដឹកនាំ​តួកគី សង្ឃឹម​ថា​លោក ត្រាំ អាច​ប្រើ​សម្ពាធ​លើ​រូប​ហ្គូឡិន​បាន​។ លោក​ ត្រាំ​ ក៏​បាន​អះអាង​ប្រាប់​លោក អែរដូហ្កាន រួច​ហើយ​ថា​នឹង​តាមសំណុំ​រឿង​​នេះ​ឱ្យ​កៀកកិត។ នេះ​បើ​តាម​សារព័ត៌មាន​តួកគី​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​។ ប៉ុន្តែ​តើ​កៀកកិត​ប៉ុណ្ណា គ្មាន​នរណា​អាច​ឆ្លើយ​បាន​ឡើយ នៅ​ពេល​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ