អានតួអត្ថបទ
ម៉ិចស៊ិក-អាមេរិក

ទស្សនកិច្ច​បង្កប់​ដោយ​រឿងរស៊ើប​របស់​រដ្ឋមន្រ្តី​ការបរទេស និង​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខជាតិ​អាមេរិក​នៅ​ម៉ិចស៊ិក

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៣ កុម្ភៈ​នេះ រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក Rex Tillerson និង​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខជាតិ​អាមេរិក​លោក John Kelly ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ម៉ិចស៊ិក។ ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ិចស៊ិក​ក្បែរខាង​របស់​លោក Tillerson និង Kelly ពេល​នេះ​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ​បន្ទាប់​ពី​រដ្ឋបាល​អាមេរិក​បាន​ផ្សព្វផ្សាយ​សេចក្តីណែនាំ​ថ្មី​សំដៅ​រឹតបន្តឹង​លើ​អ្នក​ដែល​គ្មាន​ក្រដាសស្នាម​ស្រប​ច្បាប់​រស់​ក្នុង​ទឹកដី​អាមេរិកាំង។

រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក Rex Tillerson
រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក Rex Tillerson Reuters
ផ្សាយពាណិជ្ជកម្ម

មាន​សំណុំរឿង​ជា​ច្រើន​ដែល​រដ្ឋមន្រ្តី​អាមេរិក​ទាំង​ពីរ​រូប គឺ​លោក Rex Tillerson និង​លោក John Kelly ត្រូវ​លើក​យក​ទៅ​ជជែក​ជាមួយ​ភាគី​ម៉ិចស៊ិក។ តែ​ប្រធានរឿង​ដែល​កំពុង​រសើប​ខ្លាំង និង​ដែល​កំពុង​បង្ក​ឲ្យ​មាន​សង្រ្គាមពាក្យសម្តី​រវាង​អាមេរិក និង​ម៉ិចស៊ិក​ពេល​នេះ​មាន​ពីរ ទី១ គឺ​គម្រោង​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ចង់​សាងសង់​ជញ្ជាំង​នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ​ក្នុង​គោលដៅ​ទប់​ស្កាត់​លំហូរ​ជនអន្តោប្រវេសន៍​​ខុសច្បាប់​ចូល​ក្នុង​ទឹកដី​អាមេរិក។

តាម​លោក​ដូណាល់ ត្រាំ ម៉ិចស៊ិក​ជា​អ្នក​ចំណាយ​លុយ​លើ​ការ​សាងសង់​ជញ្ជាំង​នោះ ហើយ​បើ​ម៉ិចស៊ិក​បដិសេធ អាមេរិកនឹង​ដក​យក​លុយ​ពី​ពន្ធ​នាំ​​​ចូល។ ចំណែក​ប្រធានរឿង​រសើប​ទី២ គឺ​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​ដោះដូរ​សេរី។ តាម​លោក​ដូណាល់ ត្រាំ កិច្ចព្រមព្រៀង​ដោះដូរ​សេរី​រវាង​អាមេរិក និង​ម៉ិចស៊ិក​ជា​កិច្ចព្រមព្រៀង​មិន​ស្មើភាព។ ក្រៅ​ពី​ប្រធានរឿង​រសើប​ទាំង​ពីរ​ដែល​នៅ​មិន​ទាន់​បាន​ដោះស្រាយ រដ្ឋបាល​អាមេរិក​របស់​លោក​ត្រាំ​ទើប​បាន​ផ្សព្វផ្សាយ​សេចក្តីណែនាំ​ថ្មី​មួយ​ទៀត​ស្តីពី​ការ​បណ្តេញ​អ្នក​គ្មាន​ក្រដាសស្នាម​ចេញ​ពី​ទឹកដី​អាមេរិកាំង។

ចាប់​ពី​ពេល​នេះ​ទៅ អាមេរិក​នឹង​ចាប់​បញ្ជូន​ទៅ​កាន់​ម៉ិចស៊ិក​នូវ​ជន​ទាំង​ឡាយ​ណា​ដែល​បាន​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ចូល​ទឹកដី​អាមេរិក​នៅ​ប៉ែក​ខាងត្បូង ទោះ​បី​ជា​ជន​នោះ​មាន​ជនជាតិ​អ្វី​ក៏​ដោយ។ សេចក្តីណែនាំ​ដដែល​បាន​កំណត់​ថា បើ​ជន​ឆ្លង​ដែន​ខុស​ច្បាប់​នោះ​ជា​កូនក្មេង​មិន​ទាន់​គ្រប់​អាយុ តែ​មាន​ក្រុមគ្រួសារ​រស់នៅ​សហរដ្ឋអាមេរិក គឺ​ឱពុកម្តាយ​របស់​កូនក្មេង​នោះ​នឹង​ត្រូវ​ទទួល​ទោស។ ឃើញ​ថា ទាំង​នេះ​សុទ្ធសឹង​ជា​បញ្ហា​រសើប​ដែល​លោក Tillersion និង​លោក Kelly ត្រូវ​ព្យាយាម​និយាយ​ពន្យល់ និង​សម្របសម្រួល​ជាមួយ​ភាគី​ម៉ិចស៊ិក។

បើ​តាម​មើល​ទៅ ភាគី​ម៉ិចស៊ិក​ពិបាក​នឹង​ទទួល​យក​នូវ​វិធានការ​មួយ​ចំនួន​របស់​លោក​ដូណាល់ ត្រាំ។ លោក​រដ្ឋមន្រ្តី​ការបរទេស​ម៉ិចស៊ិក​បាន​ថ្លែង​នៅ​មុន​ការ​ទៅ​ដល់​របស់​លោក Tillerson និង​លោក Kelly ថា ម៉ិចស៊ិក​មិន​អាច​ទទួល​យក​វិធានការ​អន្តោប្រវេសន៍​អនុម័ត​ដោយ​រដ្ឋបាល​អាមេរិក​របស់​លោក​ត្រាំ​បាន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ