អានតួអត្ថបទ
សហរដ្ឋអាមេរិក

លោកដូណាល់ ត្រាំ​ចង់​ឲ្យ​សព្វាវុធ​នុយក្លេអ៊ែរ​អាមេរិក​​ នាំមុខគេ

ប្រធានាធិបតី​ថ្មី​របស់​អាមេរិក លោកដូណាល់ ត្រាំ មិន​បាន​លាក់បាំង​ពី​មហិច្ឆតា​ពង្រឹង​សព្វាវុធ​នុយក្លេអ៊ែរ។ នៅក្នុង​បទសម្ភាសន៍ នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters លោកដូណាល់ ត្រាំ បាន​អះអាងថា លោក​ចង់​ឲ្យ​អាមេរិក​នាំមុខគេ ក្នុង​ចំណោម​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ។

ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ នៅ​សេតវិមាន​ផ្តល់​បទសម្ភាសន៍​ដល់​Reuters នៅថ្ងៃ​ទី ២៣ កុម្ភៈ ២០១៧
ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ នៅ​សេតវិមាន​ផ្តល់​បទសម្ភាសន៍​ដល់​Reuters នៅថ្ងៃ​ទី ២៣ កុម្ភៈ ២០១៧ ©REUTERS/Jonathan Ernst/File Photo
ផ្សាយពាណិជ្ជកម្ម

ដើម្បី​អាច​នាំមុខ​គេ ក្នុង​ចំណោម​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ អាមេរិក​ត្រូវតែ​ដុសខាត់​វិស័យ​សព្វាវុធ​នុយក្លែអ៊េរ។ នេះបើតាម​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក​ដែល​បាន​ផ្តល់​បទសម្ភាសន៍ ផ្តាច់មុខ ទៅ​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មាន​Reuters កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ សម្រាប់​លោក​ដូណាល់ ត្រាំ អាមេរិក​បាន​ដើរយឺតយ៉ាវ ក្នុង​ការអភិវឌ្ឍ​សមត្ថភាព​នុយក្លេអ៊ែរ​របស់​ខ្លួន។

“គ្មានអ្នកណា​ម្នាក់ ជាពិសេស​ខ្ញុំ​ដំបូងគេ ចង់​ឲ្យ​គេ​មាន​អាវុធ​នុយក្លេអ៊ែរ​នោះទេ។ វា​ជា​ក្តីសុបិន្ត​ដ៏​គួរ​ចង់បាន ដែល​គ្មាន​ប្រទេស​ណាមួយ មាន​នុយក្លេអ៊ែរ។ ប៉ុន្តែ បើមាន​ប្រទេស ដែល​បំពាក់​អាវុធ​នុយក្លេអ៊ែរ នោះអាមេរិក​មិនត្រូវ​ស្ថិតនៅ​ក្រោយ​គេ​នោះទេ នោះ​បើទោះបី​ជា​ប្រទេស​នោះ​ជា​មិត្ត​របស់​អាមេរិក​ក៏ដោយ។ អាមេរិក​ត្រូវ​តែ​ស្ថិតនៅ​ចំណុចកំពូល នាំមុខគេ។” នេះ​ជា​ប្រសាសន៍​របស់លោក​ដូណាល់ ត្រាំ។

ចាប់តាំង​ពី​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក នេះ​ជាលើក​ទី ១​ដែលលោក​ដូណាល់ ត្រាំ លើក​និយាយ​ពី​សព្វាវុធ​នុយក្លេអ៊ែរ។ កាលពី​ចុងខែ​ធ្នូ នៅពេល​លោក​មិនទាន់​ស្បថ​ចូល​កាន់តំណែង លោក​ធ្លាប់​បាន​សរសេរ​សារ Twitter ម្តង បំផុស​ឲ្យ​មាន​ការប្រកួតប្រជែង​អាវុធ​នុយក្លេអ៊ែរ។

នៅក្នុង​បទសម្ភាសន៍ លោកដូណាល់ ត្រាំ​បាន​រិះគន់​ម្តងទៀត សន្ធិសញ្ញា New Start​ដែល​អាមេរិក​បានចុះ​ជាមួយ​រុស្ស៊ី នៅ​ឆ្នាំ ២០១០ និង​ដែលចែងថា ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ទាំងពីរ​ត្រូវ​រក្សា​ឲ្យ​ថេរ ចំនួន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដែល​ខ្លួន​មាន ក្នុង​រយៈពេល​១០​ឆ្នាំ។ លោក​ដូណាល់ ត្រាំ​បាន​វាយតម្លៃថា សន្ធិសញ្ញា New Start​ជា​កិច្ចព្រមព្រៀង​ដ៏​អាក្រក់​មួយទៀត ដែល​បន្សល់​ដោយ​រដ្ឋបាល​មុន ព្រោះ​វា​បាន​ផ្តល់​ប្រយោជន៍​ច្រើន​ទៅ​ឲ្យ​រុស្ស៊ី។

តាម​ក្រុម​ប្រឆាំង​នុយក្លេអ៊ែរ រុស្ស៊ី មាន​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ប្រមាណ ៧៣០០គ្រាប់ ក្នុង​ពេល​ដែល​អាមេរិក​មាន​តិចជាង គឺ​ប្រមាណ ៦៩៧០គ្រាប់។ អ្នកជំនាញ​កំពុង​ចោទ​សួរថា តើ​លោកដូណាល់ ត្រាំ ដែល​រិះគន់​សន្ធិសញ្ញា​ New Start កំពុង​ចង់​រកលេស​លុបចោល​សន្ធិសញ្ញា និង​ចាប់ផ្តើម​ពង្រាយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​អាមេរិក​ឡើងវិញ​ដែរ ឬ​យ៉ាងណា?

នៅថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតី​អាមេរិក​បាន​រិះគន់​ផងដែរ ការពង្រាយ​មីស៊ីល រុស្ស៊ី ដែល​លោក​ចាត់ទុកថា បាន​រំលោភ​សន្ធិសញ្ញា ឆ្នាំ ១៩៨៧ ដែល​បាន​ហាមឃាត់​រាល់​ការពង្រាយ​មីស៊ីល​ចម្ងាយ​មធ្យម របស់​អាមេរិក និង​រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ