សុន្ទរកថាប្រធានាធិបតីរបស់លោកដូណាល់ ត្រាំ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៥៩
លោកដូណាល់ ត្រាំបានឡើងថ្លែងសុន្ទរកថា ជាលើកទី១ នៅមុខសភាពេញអង្គ នៅថ្ងៃអង្គារម្សិលមិញ។ នៅក្នុងសុន្ទរកថា ជាងមួយម៉ោងកន្លះ លោកដូណាល់ ត្រាំ រៀបឫកពារជារដ្ឋបុរស និងមានសំឡេងទន់ភ្លន់ ជាងមុន។ មានជំហរទន់ភ្លន់ ប៉ុន្តែ ខ្លឹមសារ និងអត្ថន័យនៅតែដដែល មិនផ្លាស់ប្តូរ។ លោកដូណាល់ ត្រាំនៅតែប្រកាន់ខ្ជាប់នយោបាយធ្វើអ្វីៗ ដើម្បីប្រយោជន៍ប្រជាជនអាមេរិកាំងដំបូងគេ។
នៅក្នុងសុន្ទរកថា ជាងមួយម៉ោង គេគ្មានលឺលោកដូណាល់ ត្រាំ ស្រែករិះគន់អ្នកដែលប្រឆាំងនឹងនយោយបាយរបស់លោក។ ការរិះគន់យក ប្រព័ន្ធផ្សព្វផ្សាយ ធ្វើជាសត្រូវផ្សព្វផ្សាយ ហើយនិងរឿងអាស្រូវ ជាប់ពាក់ព័ន្ធនឹងរុស្ស៊ី ដែលជំរុញឲ្យទីប្រឹក្សាសន្តិសុខជាតិរបស់លោកដូណាល់ ត្រាំ ចុះចេញពីតំណែង និងដែលកំពុងរញ្ជួយរដ្ឋបាលលោកដូណាល់ បានស្ងាត់ បាត់មុខពីក្នុងសុន្ទរកថា របសលោកដូណាល់ ត្រាំ នៅមុខសភា ពេញអង្គ។
នៅ មុខសភា លោកដូណាល់ ត្រាំ មានចរិកឫកពាជារដ្ឋបុរស ជាប្រធានាធិបតី ដែលបានអំពាវនាវឲ្យមានការរួបរួមគ្នា ជាធ្លុងមួយ នៅអាមេរិក។ ខុសពីមុនលើកមុនៗ ដែលចេះតែបញ្ចេញសាររិះគន់ អ្នកប្រឆាំងតាមសារTwitter លោកដូណាល់ ត្រាំបានហុចដៃ ចង់ធ្វើការជាមួយអ្នកនយោបាយមកពីគណបក្សប្រជាធិបតេយ្យ ក្នុងគោលដៅធំ គឺ ដើម្បីប្រយោជន៍ជាអាទិភាពរបស់ប្រជាជនអាមេរិកាំង។
លោកដូណាល់ ត្រាំ នៅ បានបិទបញ្ចប់មន្ទិលសង្ស័យ ដែលថា ក្រឹត្យប្រឆាំងជនអន្តោប្រវេសន៍របស់លោក អាចលើកទឹកចិត្តឲ្យមានការស្អប់ជនបរទេស។ ដោយលើកយកករណីវាយប្រហារទៅលើសហគមន៍ជនជាតិជ្វីហ្វ ហើយនិងការបាញ់សម្លាប់បុរសជាតិឥណ្ឌា នៅរដ្ឋKansasលោកបានប្រកាសថ្កោលទោស សកម្មភាពស្អប់នៅគ្រប់ទម្រង់ នៅក្នុងទឹកដីអាមេរិក។ “
សុន្ទរកថា របស់លោកដូណាល់ ត្រាំ នៅសភាពេញអង្គមានលក្ខណៈផ្សះផ្សារជាតិ បើប្រៀបធៀបនឹងសុន្ទរកថា ដែលលោកបានថ្លែង នៅពេលស្បថចូលកាន់តំណែង។ សុន្ទរកថារបស់លោក នៅពេលស្បថចូលកាន់តំណែង និយាយច្រើនតែពីអតីតកាលខ្មៅងងឹត ដែលរដ្ឋបាលមុនបានបន្សល់ទុក។ ប៉ុន្តែ នៅក្នុងសុន្ទរកថា នៅថ្ងៃម្សិលមិញ លោកដូណាល់ ត្រាំ ហាក់មានសុទិដ្ឋិនិយមច្រើន ដោយបានលើកនិយាយច្រើនតែពីការបោះជំហានទៅមុខ និងថា រឿងអតីតកាលជារឿងចាស់ ដែលគេត្រូវបំភ្លេចចោល។ លោកដូណាល់ ត្រាំបានលើកនិយាយពីចំណុចគោលនយោបាយសំខាន់ៗ ដែលនាំអាមេរិកទៅជួបការចំរុងចំរើន នៅក្នុងថ្ងៃអនាគត។ លោកដូណាល់ ត្រាំបានពន្លយឲ្យដឹងពីការបោះឆ្នោតពន្យារអាណត្តិរបស់លោក ដើម្បីអាចឲ្យការអនុវត្តនយោបាយទាំងនោះបានសម្រេចជោគជ័យ។
លោកដូណាល់ ត្រាំ ដែលផ្លាស់ប្តូរជំហរ និងសំឡេង ១៨០ដឺក្រេយ៉ាងដូច្នេះ គឺគ្មានអ្វីក្រៅតែពីចង់ស្តារមុខមាត់កូដប្រជាប្រិយភាពរបស់ខ្លួនឡើងវិញនោះទេ។ តាមការស្ទង់មតិរបស់ទូរទស្សន៍អាមេរិកាំង CNN នៅមុនឡើងថ្លែងនៅមុខសភា លោកដូណាល់ ត្រាំ មានកូដប្រជាប្រិយភាពតែ៤៤ភាគរយ កម្រិតដ៏ទាប ដែលគ្មានប្រធានាធិបតីអាមេរិកណា ធ្លាប់មាន។
នៅក្រោយឡើងថ្លែងសុន្ទរកថា កូដប្រជាប្រិយភាពរបស់លោកដូណាល់ ត្រាំ បានឡើងខ្ពស់ ដោយប្រជាជនអាមេរិកាំងប្រមាណ ៥៧%បានផ្តល់ចំណុចវិជ្ជមានទៅឲ្យសុន្ទរកថា លោកដូណាល់ ត្រាំ ក្នុងពេលដែលប្រជាជនអាមេរិកាំង ៦៩%ជឿជាក់ច្រើនជាងមុនទៅលើអនាគតរបស់អាមេរិក នៅក្រោយសុន្ទរកថារបស់លោកដូណាល់ ត្រាំ។
លោកដូណាល់ ត្រាំចង់ជ្រើសរើសជនអន្តោប្រវេសន៍
សុន្ទរកថា ទន់ភ្លន់ ប៉ុន្តែ អត្ថន័យនៅតែដដែល មិនផ្លាស់ប្តូរ។ អាចថា សំណុំរឿងនៅតែដដែល ប៉ុន្តែ គ្រាន់តែលោកដូណាល់ ត្រាំ ចេះលើកមកនិយាយ ដោយមិនប្រើពាក្យធ្ងន់ៗ តែប៉ុណ្ណោះ។ បញ្ហាអន្តោប្រវេសន៍ សន្តិសុខ ការពារជាតិ សុខភាព ពន្ធ ហើយនិងហេដ្ឋារចនាសម្ព័ន្ធ ទាំងអស់នេះជានយោបាយអាទិភាព ដែលលោកដូណាល់ ត្រាំបានលើកយកទៅនិយាយនៅសភាពេញអង្គ។
លោកដូណាល់ ត្រាំ បានសុំឲ្យសភាទាំងពីរជាន់ថ្នាក់ អនុម័តកញ្ចប់ថវិកាប្រមាណ ១ ពាន់ ពាន់លានដុល្លារ សម្រាប់យកទៅកែលម្អហេដ្ឋារចនាសម្ព័ន្ធ។ ជាមួយនឹងកញ្ចប់ថវិកា១ពាន់ ពាន់លានដុល្លារ អាមេរិកនឹងអាចបង្កើតការងារ និងកែលម្អកម្រិតជីវភាពរបស់ប្រជាជនអាមេរិកាំងឡើងវិញ។ សម្រាប់លោកដូណាល់ ត្រាំ អាមេរិក ចំណាយលុយជាង ៦ពាន់ ពាន់លានដុល្លារ សម្រាប់ដើមបូព៌ា នៅក្នុងពេលដែលហេដ្ឋារចនាសម្ព័ន្ធអាមេរិកត្រូវរដ្ឋាភិបាលអាមេរិកបោះបង់ចោល មិនរវីរវល់។
នៅក្នុងរឿងអន្តោប្រវេសន៍វិញ លោកដូណាល់ ត្រាំហាក់បន្ទន់ជំហរជាងមុន។ លោកដូណាល់ ត្រាំមិនបានលើកនិយាយពីក្រឹត្យអន្តោប្រវេសន៍ដែលហាមប្រជាជនមកពីប្រទេសអ៊ីស្លាមចូលទឹកដីអាមេរិកនោះទេ។ លោកនៅតែប្រឆាំងនឹងអន្តោប្រវេសន៍ខុសច្បាប់ ប៉ុន្តែ គេមិនបានលឺលោកនិយាយ ចង់ឲ្យមានការចាប់បញ្ជូនចេញជនអន្តោប្រវេសន៍ ដែលរស់នៅខុសច្បាប់ នៅអាមេរិក ដូចមុនដែរ។ ដោយយកគំរូតាមកាណាដា និងអូស្ត្រាលី លោកដូណាល់ ត្រាំ បានស្នើឲ្យមានការជ្រើសរើសជនអន្តោប្រវេសន៍ ដោយមើលទៅលើគុណូបការៈ ឬសមត្ថភាព។ មានន័យថា រាល់ជនអន្តោប្រវេសន៍ដែលរស់នៅខុសច្បាប់ យូរជាង ២ឆ្នាំ និងដែលគ្មានឈ្មោះក្នុងបញ្ជីថ្កោលទោសរបស់តុលាការអាចនឹងត្រូវអាមេរិករបស់លោកដូណាល់ ត្រាំ ទទួលឲ្យរស់នៅអាមេរិក។
គាំទ្រអូតង់ ដោយគ្មានងាករេ
នៅក្នុងសុន្ទរកថា ថ្ងៃម្សិលមិញ លោកដូណាល់ ត្រាំ បានបញ្ជាក់ការគាំទ្រ ពេញទំហឹងរបស់អាមេរិក ដល់សម្ព័ន្ធយោធាអូតង់ ប៉ុន្តែ ជាមួយគ្នានោះ លោកបានជំរុញផងដែរ ឲ្យប្រទេសសម្ព័ន្ធមិត្តអឺរ៉ុប គិតគូរដំឡើងថវិកា ដើម្បីកុំឲ្យអាមេរិករែកបន្ទុកចំណាយខ្លាំងពេក។ ការប្រកាសរបស់លោកដូណាល់ ត្រាំ នៅពេលនេះ គឺរឹតតែធ្វើឲ្យសម្ព័ន្ធមិត្តជឿទុកចិត្ត លែងបារម្ភខ្លាចអាមេរិកដកខ្លួនពីអង្គការអូតង់ ដូចមុនទៀតហើយ។ លោកដូណាល់ ត្រាំ នៅពេលចូលកាន់តំណែងភ្លាមៗធ្លាប់បានចោទអង្គការអូតង់ថា ហួសសម័យ និងគំរាមដកខ្លួន បើសិនសមាជិកអឺរ៉ុបផ្សេងទៀត មិនបង្កើនថវិកាសម្រាប់អូតង់។
នៅសភា លោកដូណាល់ ត្រាំ បានស្នើផងដែរ ឲ្យមានការកាត់បន្ថយជំនួយសម្រាប់បរទេស ហើយនិងការទូតអាមេរិក ដើម្បី យកលុយទាំងនោះ មកទប់ទល់នឹងការដំឡើងថវិកាការពារជាតិ ដែលចង់ឲ្យមានដល់ ៥៤ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០១៨។ លោកដូណាល់ ត្រាំ បានប្រកាសដំឡើងថវិកាយោធា ដោយបញ្ជាក់ផងដែឬ ពីបំណងប្រាថ្នា ចង់បានសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ