ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/07 12h00 GMT

សុន្ទរកថា​ប្រធានាធិបតី​របស់​លោកដូណាល់ ត្រាំ

សុន្ទរកថា​ប្រធានាធិបតី​របស់​លោកដូណាល់ ត្រាំ
 
ប្រធានាធិបតី អាមេរិក អម​ដោយ​អនុប្រធានាធិបតី ហើយ​និង​ប្រធាន​សភា​​នៅថ្ងៃ​ទី ២៨​កុម្ភៈ ២០១៧ ©REUTERS/Jim Lo Scalzo

លោកដូណាល់ ត្រាំ​បាន​ឡើង​ថ្លែង​សុន្ទរកថា ជាលើក​ទី១ នៅ​មុខ​សភា​ពេញអង្គ នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ។ នៅក្នុង​សុន្ទរកថា ជាង​មួយម៉ោងកន្លះ លោកដូណាល់ ត្រាំ រៀបឫកពារ​ជា​រដ្ឋបុរស និង​មាន​សំឡេង​ទន់ភ្លន់ ជាងមុន។ មាន​ជំហរ​ទន់ភ្លន់ ប៉ុន្តែ ខ្លឹមសារ និង​អត្ថន័យ​នៅ​តែដដែល មិន​ផ្លាស់ប្តូរ។ លោកដូណាល់ ត្រាំ​នៅ​តែ​ប្រកាន់​ខ្ជាប់​នយោបាយ​ធ្វើអ្វីៗ ដើម្បី​ប្រយោជន៍​ប្រជាជន​អាមេរិកាំង​ដំបូងគេ។

នៅក្នុងសុន្ទរកថា ជាង​មួយម៉ោង គេ​គ្មាន​លឺ​លោកដូណាល់ ត្រាំ ស្រែករិះគន់​អ្នកដែល​ប្រឆាំង​នឹង​នយោយបាយ​របស់លោក។ ការរិះគន់​យក ប្រព័ន្ធ​ផ្សព្វផ្សាយ ធ្វើ​ជាសត្រូវ​ផ្សព្វផ្សាយ ហើយ​និង​រឿង​អាស្រូវ ជាប់ពាក់ព័ន្ធ​នឹង​រុស្ស៊ី ដែល​ជំរុញ​ឲ្យ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​ដូណាល់ ត្រាំ ចុះចេញ​ពីតំណែង និង​ដែល​កំពុង​រញ្ជួយ​រដ្ឋបាល​លោកដូណាល់ បាន​ស្ងាត់ បាត់មុខ​ពីក្នុង​សុន្ទរកថា របសលោក​ដូណាល់ ត្រាំ នៅ​មុខ​សភា ពេញអង្គ។

 
នៅ មុខ​សភា លោក​ដូណាល់ ត្រាំ មាន​ចរិកឫកពា​ជា​រដ្ឋបុរស ជា​ប្រធានាធិបតី ដែល​បាន​អំពាវនាវ​ឲ្យ​មាន​ការរួបរួមគ្នា ជាធ្លុងមួយ នៅ​អាមេរិក។ ខុស​ពី​មុន​លើកមុនៗ ដែល​ចេះ​តែ​បញ្ចេញ​សារ​រិះគន់ អ្នកប្រឆាំងតាម​សារ​Twitter លោក​ដូណាល់ ត្រាំ​បាន​ហុចដៃ ចង់​ធ្វើការជាមួយ​អ្នកនយោបាយ​មកពី​គណបក្ស​ប្រជាធិបតេយ្យ ក្នុង​គោលដៅ​ធំ គឺ ដើម្បី​ប្រយោជន៍​ជាអាទិភាព​របស់​ប្រជាជន​អាមេរិកាំង។
 
លោក​ដូណាល់ ត្រាំ នៅ បាន​បិទបញ្ចប់​មន្ទិល​សង្ស័យ ដែល​ថា ក្រឹត្យ​ប្រឆាំង​ជនអន្តោប្រវេសន៍​របស់លោក អាច​លើកទឹកចិត្ត​ឲ្យ​មាន​ការស្អប់​ជនបរទេស។ ដោយ​លើក​យក​ករណី​វាយប្រហារ​ទៅលើ​សហគមន៍​ជនជាតិ​ជ្វីហ្វ ហើយ​និង​ការបាញ់​សម្លាប់​បុរស​ជាតិឥណ្ឌា នៅ​រដ្ឋ​Kansas​លោក​បាន​ប្រកាស​ថ្កោលទោស សកម្មភាព​ស្អប់​នៅ​គ្រប់​ទម្រង់ នៅក្នុង​ទឹកដី​អាមេរិក។ “
 
សុន្ទរកថា របស់លោក​ដូណាល់ ត្រាំ នៅ​សភា​ពេញអង្គ​មាន​លក្ខណៈ​ផ្សះផ្សារ​ជាតិ បើប្រៀបធៀប​នឹង​សុន្ទរកថា ដែល​លោក​បាន​ថ្លែង នៅពេល​ស្បថ​ចូល​កាន់តំណែង។ សុន្ទរកថា​របស់​លោក នៅពេល​ស្បថ​ចូល​កាន់តំណែង និយាយ​ច្រើន​តែ​ពី​អតីតកាល​ខ្មៅងងឹត ដែល​រដ្ឋបាលមុន​បាន​បន្សល់ទុក។ ប៉ុន្តែ នៅក្នុង​សុន្ទរកថា នៅ​ថ្ងៃម្សិលមិញ លោក​ដូណាល់ ត្រាំ ហាក់​មាន​សុទិដ្ឋិនិយម​ច្រើន ដោយ​បាន​លើក​និយាយ​ច្រើន​តែ​ពីការបោះជំហាន​ទៅមុខ និង​ថា រឿងអតីតកាល​ជា​រឿង​ចាស់ ដែល​គេ​ត្រូវ​បំភ្លេចចោល។ លោក​ដូណាល់ ត្រាំ​បាន​លើកនិយាយ​ពី​ចំណុច​គោល​នយោបាយ​សំខាន់ៗ ដែលនាំ​អាមេរិក​ទៅ​ជួប​ការចំរុងចំរើន នៅក្នុង​ថ្ងៃ​អនាគត។ លោក​ដូណាល់ ត្រាំ​បាន​ពន្លយ​ឲ្យ​ដឹង​ពី​ការបោះឆ្នោត​ពន្យារ​អាណត្តិ​របស់លោក ដើម្បី​អាច​ឲ្យ​ការអនុវត្ត​នយោបាយ​ទាំងនោះ​បាន​សម្រេច​ជោគជ័យ។
 
លោក​ដូណាល់ ត្រាំ ដែល​ផ្លាស់ប្តូរ​ជំហរ និង​សំឡេង ១៨០ដឺក្រេ​យ៉ាងដូច្នេះ គឺ​គ្មាន​អ្វី​ក្រៅតែពី​ចង់​ស្តារ​មុខមាត់​កូដប្រជាប្រិយភាព​របស់ខ្លួន​ឡើងវិញ​នោះទេ។ តាម​ការស្ទង់មតិ​របស់​ទូរទស្សន៍​អាមេរិកាំង CNN នៅ​មុន​ឡើង​ថ្លែង​នៅ​មុខ​សភា លោក​ដូណាល់ ត្រាំ មាន​កូដប្រជាប្រិយភាព​តែ​៤៤ភាគរយ កម្រិត​ដ៏ទាប ដែល​គ្មាន​ប្រធានាធិបតី​អាមេរិក​ណា ធ្លាប់មាន។
 
នៅក្រោយ​ឡើង​ថ្លែង​សុន្ទរកថា កូដប្រជាប្រិយភាព​របស់លោក​ដូណាល់ ត្រាំ បាន​ឡើង​ខ្ពស់ ដោយ​ប្រជាជន​អាមេរិកាំង​ប្រមាណ ៥៧%​បាន​ផ្តល់​ចំណុច​វិជ្ជមាន​ទៅ​ឲ្យ​សុន្ទរកថា លោក​ដូណាល់ ត្រាំ ក្នុង​ពេល​ដែល​ប្រជាជន​អាមេរិកាំង ៦៩%​ជឿជាក់​ច្រើន​ជាងមុន​ទៅ​លើ​អនាគត​របស់​អាមេរិក នៅក្រោយ​សុន្ទរកថា​របស់​លោកដូណាល់ ត្រាំ។
 
លោកដូណាល់ ត្រាំ​ចង់ជ្រើសរើស​ជនអន្តោប្រវេសន៍
សុន្ទរកថា ទន់ភ្លន់ ប៉ុន្តែ អត្ថន័យ​នៅ​តែដដែល មិន​ផ្លាស់ប្តូរ។ អាច​ថា សំណុំរឿង​នៅ​តែដដែល ប៉ុន្តែ គ្រាន់តែ​លោក​ដូណាល់ ត្រាំ ចេះ​លើក​មក​និយាយ ដោយ​មិន​ប្រើ​ពាក្យ​ធ្ងន់ៗ តែ​ប៉ុណ្ណោះ។ បញ្ហា​អន្តោប្រវេសន៍ សន្តិសុខ ការពារ​ជាតិ សុខភាព ពន្ធ ហើយ​និង​ហេដ្ឋារចនាសម្ព័ន្ធ ទាំងអស់​នេះ​ជានយោបាយ​អាទិភាព ដែលលោក​ដូណាល់ ត្រាំ​បាន​លើក​យក​ទៅ​និយាយ​នៅសភា​ពេញអង្គ។
 
លោកដូណាល់ ត្រាំ បាន​សុំឲ្យ​សភា​ទាំង​ពីរ​ជាន់ថ្នាក់ អនុម័ត​កញ្ចប់​ថវិកា​ប្រមាណ ១ ពាន់ ពាន់​លាន​ដុល្លារ សម្រាប់​យក​ទៅ​កែលម្អ​ហេដ្ឋារចនា​សម្ព័ន្ធ។ ជាមួយ​នឹង​កញ្ចប់​ថវិកា​១ពាន់ ពាន់​លាន​ដុល្លារ អាមេរិក​នឹង​អាច​បង្កើត​ការងារ និង​កែលម្អ​កម្រិតជីវភាព​របស់​ប្រជាជន​អាមេរិកាំង​ឡើងវិញ។ សម្រាប់​លោក​ដូណាល់ ត្រាំ អាមេរិក ចំណាយ​លុយ​ជាង ៦ពាន់ ពាន់​លាន​ដុល្លារ សម្រាប់​ដើមបូព៌ា នៅក្នុង​ពេល​ដែល​ហេដ្ឋារចនាសម្ព័ន្ធ​អាមេរិក​ត្រូវ​រដ្ឋាភិបាល​អាមេរិក​បោះបង់ចោល មិន​រវីរវល់។
 
នៅក្នុង​រឿង​អន្តោប្រវេសន៍​វិញ លោកដូណាល់ ត្រាំ​ហាក់​បន្ទន់​ជំហរ​ជាង​មុន។ លោក​ដូណាល់ ត្រាំ​មិន​បានលើក​និយាយ​ពី​ក្រឹត្យ​អន្តោប្រវេសន៍​ដែល​ហាម​ប្រជាជន​មក​ពី​ប្រទេស​អ៊ីស្លាម​ចូល​ទឹកដី​អាមេរិក​នោះទេ។ លោក​នៅ​តែ​ប្រឆាំង​នឹង​អន្តោប្រវេសន៍​ខុសច្បាប់ ប៉ុន្តែ គេ​មិន​បាន​លឺ​លោក​និយាយ ចង់​ឲ្យ​មាន​ការចាប់​បញ្ជូន​ចេញ​ជនអន្តោប្រវេសន៍ ដែលរស់នៅ​ខុសច្បាប់ នៅ​អាមេរិក ដូច​មុនដែរ។ ដោយ​យក​គំរូ​តាម​កាណាដា និង​អូស្ត្រាលី ​លោក​ដូណាល់ ត្រាំ បាន​ស្នើ​ឲ្យ​មាន​ការជ្រើសរើស​ជនអន្តោប្រវេសន៍ ដោយ​មើលទៅលើ​គុណូបការៈ ឬសមត្ថភាព។ មានន័យថា រាល់ជនអន្តោប្រវេសន៍​ដែល​រស់នៅ​ខុសច្បាប់ យូរជាង ២​ឆ្នាំ និង​ដែល​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​ថ្កោលទោស​របស់​តុលាការ​អាច​នឹង​ត្រូវ​អាមេរិក​របស់លោកដូណាល់ ត្រាំ ទទួល​ឲ្យ​រស់នៅ​អាមេរិក។
 
គាំទ្រ​អូតង់ ដោយ​គ្មាន​ងាករេ
នៅក្នុង​សុន្ទរកថា ថ្ងៃ​ម្សិលមិញ លោក​ដូណាល់ ត្រាំ បាន​បញ្ជាក់​ការគាំទ្រ ពេញទំហឹង​របស់​អាមេរិក ដល់​សម្ព័ន្ធ​យោធា​អូតង់ ប៉ុន្តែ ជាមួយគ្នានោះ លោក​បាន​ជំរុញ​ផងដែរ ឲ្យ​ប្រទេស​សម្ព័ន្ធមិត្ត​អឺរ៉ុប គិតគូរ​ដំឡើង​ថវិកា ដើម្បី​កុំ​ឲ្យ​អាមេរិក​រែកបន្ទុក​ចំណាយ​ខ្លាំងពេក។ ការប្រកាស​របស់​លោកដូណាល់ ត្រាំ នៅពេលនេះ គឺរឹត​តែ​ធ្វើ​ឲ្យ​សម្ព័ន្ធមិត្ត​ជឿទុកចិត្ត លែង​បារម្ភ​ខ្លាច​អាមេរិក​ដក​ខ្លួន​ពី​អង្គការ​អូតង់ ដូចមុនទៀតហើយ។ លោកដូណាល់ ត្រាំ នៅពេល​ចូល​កាន់តំណែងភ្លាមៗ​ធ្លាប់​បាន​ចោទ​អង្គការ​អូតង់​ថា ហួសសម័យ និង​គំរាម​ដកខ្លួន បើសិន​សមាជិក​អឺរ៉ុប​ផ្សេងទៀត មិន​បង្កើន​ថវិកា​សម្រាប់​អូតង់។
 
នៅ​សភា លោកដូណាល់ ត្រាំ បាន​ស្នើ​ផងដែរ ឲ្យ​មាន​ការកាត់បន្ថយ​ជំនួយ​សម្រាប់​បរទេស ហើយ​និង​ការទូតអាមេរិក ដើម្បី យក​លុយ​ទាំងនោះ មក​ទប់ទល់​នឹង​ការដំឡើង​ថវិកា​ការពារ​ជាតិ ដែល​ចង់​ឲ្យ​មាន​ដល់​ ៥៤ពាន់​លាន​ដុល្លារ សម្រាប់ឆ្នាំ ២០១៨។ លោក​ដូណាល់ ត្រាំ បាន​ប្រកាស​ដំឡើង​ថវិកា​យោធា ដោយ​បញ្ជាក់​ផងដែឬ ពី​បំណង​ប្រាថ្នា ចង់​បាន​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់៕
 

 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    អាមេរិក៖​លោក​ដូណាល់ ត្រាំ​ថ្លែង​សុន្ទរកថា​លើកទី១ នៅ​មុខ​សភាពេញអង្គ

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ម៉ិចស៊ិក​ដំឡើង​សំឡេង​ដាក់​អាមេរិក​ក្នុង​រឿង​លុយ​សង់​ជញ្ជាំង

    ស្វែងយល់បន្ថែម

  • សហរដ្ឋអាមេរិក

    លោកដូណាល់ ត្រាំ​ចង់​ឲ្យ​សព្វាវុធ​នុយក្លេអ៊ែរ​អាមេរិក​​ នាំមុខគេ

    ស្វែងយល់បន្ថែម

  • រុស្ស៊ី-អាមេរិក-អឺរ៉ុប

    អាមេរិក​សន្យាថា​នៅ​តែ​ជា​សម្ព័ន្ធមិត្ត​អឺរ៉ុប ​ខណៈ​រុស្ស៊ី​ប្រឹង​បញ្ចុះបញ្ចូល​ឲ្យ​ងាក​ទៅ​ខាង​ខ្លួន

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    នយោបាយ​ការ​បរទេស​របស់​រដ្ឋាភិបាល​អាមេរិក​ថ្មី​នៅ​តែ​បង្កប់​ភាព​ស្រពិច​ស្រពិល​ និង​មិន​ច្បាស់​លាស់​ចំពោះ​អឺរ៉ុប

    ស្វែងយល់បន្ថែម

  • ម៉ិចស៊ិក-អាមេរិក

    ទស្សនកិច្ច​បង្កប់​ដោយ​រឿងរស៊ើប​របស់​រដ្ឋមន្រ្តី​ការបរទេស និង​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខជាតិ​អាមេរិក​នៅ​ម៉ិចស៊ិក

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ