ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/10 12h00 GMT
អាមេរិក

មនុស្ស​ជំនិត​ម្នាក់​ទៀត​របស់​លោក​ដូណាល់ ត្រាំ ធ្លាប់​ជួប​ប្រាស្រ័យជាមួយ​រុស្ស៊ី

media រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ថ្មីលោកJeff Sessions នៅក្នុង​សវនការ​ព្រឹទ្ធសភា ©REUTERS/Kevin Lamarque

រដ្ឋមន្រ្តី​ម្នាក់ទៀត​របស់​លោក​ដូណាល់ ត្រាំ​បាន​រង​ការចោទប្រកាន់​ថា បាន​និយាយ​ទាក់ទង​ជាមួយ​រុស្ស៊ី។ តាម​ការចុះផ្សាយ​របស់​កាសែត Washington Post នៅ​ថ្ងៃ​ពុធ​ម្សិលមិញ លោក Jeff Session ដែល​ព្រឹទ្ធសភា​អាមេរិក​ទើប​បោះឆ្នោត យល់ព្រម​ឲ្យ​ធ្វើ​ជា​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ ធ្លាប់​បាន​ជួប​ពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អាមេរិក នៅក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ប្រធានាធិបតី។

រឿង​អាស្រូវ​ស្តីពី​ការជួប​និយាយ​ទាក់ទង​ជាមួយ​រុស្ស៊ី បាន​រាលដាល​ដល់​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ថ្មី​របស់​រដ្ឋបាល​លោក​ដូណាល់ ត្រាំ។ តាម​កាសែត​អាមេរិកាំង Washington Post​ដែល​បាន​ដកស្រង់​សំដី​របស់​អ្នកនាំពាក្យ​ផ្ទាល់​របស់​លោក​Jeff Session លោក​Jeff Session ធ្លាប់​បាន​ជួប​សន្ទនា​ពីរ​ដង ជាមួយ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំ​អាមេរិក លោក Sergueï Kislyak។

 
តាម​លោកស្រី Sarah Isgur Flores លោក​Jeff Session បាន​ជួប​សន្ទនា​ជាមួយ ឯកអគ្គរដ្ឋទូត​រុស្ស៊ី ក្នុង​នាម​ជា​សមាជិក​គណៈកម្មការ​ការពារ​ជាតិ​របស់​ព្រឹទ្ធសភា។ ដូច្នេះ វា​ជារឿង​សមស្រប​តាម​ផ្លូវច្បាប់ និង​គ្មានអ្វី​ដែល​ចម្លែក​ទេ។

ប៉ុន្តែ បញ្ហា​ដែល​ចោទ គឺ​នៅ​ត្រង់​ថា លោក​Jeff Session អាយុ ៧០​ឆ្នាំ ជា​សមាជិក​ព្រឹទ្ធសភា របស់​បក្ស​សាធារណរដ្ឋ ដំបូងគេ​ដែល​បាន​គាំទ្រ និង​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត របស់​បេក្ខជន​លោក​ដូណាល់ ត្រាំ នៅ​ខែ​កុម្ភៈ។ ជំនួប​ពីរលើក​របស់​លោក Jeff Session ជាមួយ​អ្នកតំណាង​រុស្ស៊ី នៅ​អាមេរិក ធ្វើឡើង នៅ​ខែ​មិថុនា និង​ខែ​កញ្ញា ពោល​គឺ​នៅ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​អាមេរិក។ នៅក្នុង​សវនាការ​សួរ​ដេញដោល​នៅ​ព្រឹទ្ធសភា ដែល​ជាអ្នកមាន​សិទ្ធិ​បោះឆ្នោត យល់ព្រម​ឲ្យ​លោក​ធ្វើ​ជា​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ លោក​Jeff Session បាន​និយាយ​ថា លោក​មិន​ដែល​ធ្លាប់​និយាយ ទាក់ទង​ជាមួយ​រដ្ឋាភិបាល​រុស្ស៊ី នៅមុន​ពេល​បោះឆ្នោត​នោះទេ។

នៅ​ថ្ងៃ​ម្សិលមិញ នៅក្រោយ​ការចេញ​ផ្សាយ​របស់​កាសែត Washington Post សមាជិក​សភា មកពី​បក្ស​ប្រជាធិបតេយ្យ​បាន​ទាមទារ​ឲ្យ​មាន​ការស៊ើបអង្កេត​ឯករាជ្យ​ទៅលើ​ការលូកដៃ​ណាមួយ​របស់​រុស្ស៊ី នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក នៅឆ្នាំ ២០១៦។ លោកស្រី Nancy Pelosi ​ប្រធាន​ក្រុមបក្ស​ប្រឆាំង នៅ​សភា​អ្នកតំណាងរាស្រ្ត ដែល​ចាត់ទុក​លោក​Jeff Session ​ថា បាន​និយាយ​កុហក នៅ​ព្រឹទ្ធសភា បាន​ទាមទារ​ឲ្យ​លោក​Jeff Session​ចុះចេញ​ពី​តំណែង​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌។ ក្នុង​នាម​ជា​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ លោក​ Jeff Session​មាន​អំណាច​គ្រប់គ្រង​រដ្ឋអាជ្ញា​សហព័ន្ធ​ចំនួន ៩៣រូប ទៅលើ​ប៉ូលិស​សហព័ន្ធ FBI ដែល សព្វថ្ងៃនេះ​កំពុង​ស៊ើបអង្កេត​ទៅលើ​ការវាយប្រហារ​អ៊ីនធ័រណេត​របស់​រុស្ស៊ី ហើយ​និង​ទំនាក់ទំនង​ជាយថាហេតុ រវាង​វិមានក្រេមឡាំង ហើយ​និង​ក្រុមធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​ដូណាល់ ត្រាំ។

លោក​ Jeff Session រដ្ឋមន្រ្តី​យុត្តិធម៌​ថ្មី ជាមនុស្ស​ជំនិត​ទី​២​របស់លោក​ដូណាល់ ត្រាំ​ដែលរង​ការចោទប្រកាន់ ថា ធ្លាប់​មាន​ទំនាកទំនង​ជាមួយ​រុស្ស៊ី។ កាលពី​ខែ​ដើម​ខែ​កុម្ភៈ លោក​Michael Flynn ទីប្រឹក្សា​ការពារជាតិ​របស់លោក​ដូណាល់ ត្រាំ បាន​បង្ខំចិត្ត​ចុះចេញ​ពី​តំណែង នៅបន្ទាប់​ពី​មាន​បែកធ្លាយ​រឿងអាស្រូវ​ថា លោក​ធ្លាប់​បាន​ជួប​ពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត​រស្ស៊ី នៅ​មុន​ពេល​លោក​ដូណាល់ ត្រាំ​បាន​ជាប់ឆ្នោត ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក។ តាម​កាសែត Washington post និង New york Times ដែល​បាន​ទទួល​ព័ត៌មាន​ពី​មន្រ្តីចារកិច្ច​អាមេរិក មនុស្ស​ជាច្រើននាក់ នៅក្នុង​ក្រុម​របស់​លោកដូណាល់ ត្រាំ ធ្លាប់​បាន​ជាប់ទាក់ទង​ជាមួយ​រុស្ស៊ី នៅ​មុន​ពេល​លោក​ដូណាល់ ត្រាំ​ឈ្នះឆ្នោត នៅ​ខែ​វិច្ឆិកា​ឆ្នាំមុន៕
 

 

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ