អានតួអត្ថបទ
អាមេរិក

អាមេរិក៖​លោកដូណាល់ ត្រាំ​ចោទ​លោក​បារ៉ាក់ អូបាម៉ា​ពី​បទ​បាន​លួច​ស្តាប់​ទូរស័ព្ទ​គាត់

នៅ​សហរដ្ឋអាមេរិក លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​ចោទ​លោក​អតីតប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ពី​បទ​បាន​លួច​ស្តាប់​ទូរស័ព្ទ​របស់​គាត់​នៅ​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នៃ​សម័យ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី ពោល​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​ថ្ងៃទី៨ វិច្ឆិកា។ ការ​ចោទ​របស់​លោកត្រាំ​ចំពោះ​លោក​អូបាម៉ា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នា​ថ្ងៃ​សៅរ៍ ទី៤ មីនា​តាម​រយៈ​បណ្តាញ​សង្គម Tweeter របស់​លោក។

លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់ ត្រាំ
លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់ ត្រាំ REUTERS/Jim Lo Scalzo
ផ្សាយពាណិជ្ជកម្ម

ក៏​ដូច​ជា​ទម្លាប់​សព្វ​មួយ​ដង លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ប្រើ​កាណាល់​បណ្តាញ​សង្គម Tweeter ដើម្បី​បញ្ចេញ​ចំណាប់​អារម្មណ៍ ឬ​មួយ​ប្រតិកម្ម​ទៅ​លើ​អ្វី​មួយ។ នៅ​ថ្ងៃ​សោរ៍ ទី៤ មីនា លោក​ត្រាំ​បាន​សរសេរ​នៅ​ក្នុង​គណនី Tweeter របស់​លោក​ចំនួន ៥​ដង​បន្តបន្ទាប់​គ្នា​ដោយ​ចោទ​លោក​អូបាម៉ា​ពី​បទ​បាន​លួច​ស្តាប់​ទូរស័ព្ទ​របស់​លោក​កាល​ពី​ខែ​តុលា ឆ្នាំ ២០១៦ ពោល​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នៃ​សម័យ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី។

លោក​ត្រាំ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មាន​ការ​ប៉ុនប៉ង​លួច​ស្តាប់​ទូរស័ព្ទ​ម្តង​នៅ​អាគារ Trump Tower របស់​លោក​ក្នុង​ទីក្រុង​ញូយ៉ក តែ​មិន​បាន​លទ្ធផល​អ្វី​ទេ។ ដោយ​មិន​បាន​ផ្តល់​ព័ត៌មាន​លំអិត​អ្វី​បន្ថែម​ជុំវិញ​រឿង​លួច​ស្តាប់​ទូរស័ព្ទ​ពី​លោក​អូបាម៉ា លោក​ដូណាល់ ត្រាំ​បាន​ស្តីបន្ទោស​ឲ្យ​លោក​អូបាម៉ា​ថា​ជា​មនុស្សអាក្រក់ ឬ​មនុស្ស​ឈឺ។ លោក​ដូណាល់ ត្រាំ​បាន​ប្រដូច​ទង្វើ​របស់​លោក​អូបាម៉ា​ទៅ​នឹង​យុទ្ធនាការ​តាម​ដាន​លើ​ក្រុម​សកម្មជន និង​ក្រុម​អ្នកគាំទ្រ​កុម្មុយនិស្ត​នៅ​អាមេរិក​ក្នុង​ទសវត្ស​ឆ្នាំ ៥០។

ទន្ទឹម​គ្នា​នេះ លោក​ដូណាល់ ត្រាំ​ក៏​ថែម​ទាំង​បាន​ប្រៀប​ប្រដូច​ទង្វើ​នេះ​ទៅ​នឹង​រឿង​អាស្រូវ Watergate ដែល​ជា​បទចារកម្ម​នយោបាយ​ជំរុញ​ឲ្យ​លោក​ប្រធានាធិបតី​អាមេរិក Richard Nixon ជំនាន់​នោះ​លា​ចុះ​ពី​តំណែង​ក្នុង​ឆ្នាំ ១៩៧៤។ យ៉ាង​ណា​ក៏​ដោយ លោក​ដូណាល់ ត្រាំ​មិន​បាន​សរសេរ​នៅ​ក្នុង Tweeter របស់​ខ្លួន​ទេ​ថា តើ​លោក​មាន​ភស្តុតាង​អ្វី​មក​សំអាង​ដែល​ហ៊ាន​ចោទ​លោក​អូបាម៉ា​យ៉ាង​ដូច្នេះ។ ខណៈ​នេះ លោក​អូបាម៉ា​នៅ​មិន​ទាន់​បាន​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​របស់​លោក​ត្រាំ​នៅ​ឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ