អាមេរិក៖លោកដូណាល់ ត្រាំចោទលោកបារ៉ាក់ អូបាម៉ាពីបទបានលួចស្តាប់ទូរស័ព្ទគាត់
នៅសហរដ្ឋអាមេរិក លោកប្រធានាធិបតីដូណាល់ ត្រាំបានចោទលោកអតីតប្រធានាធិបតីបារ៉ាក់ អូបាម៉ាពីបទបានលួចស្តាប់ទូរស័ព្ទរបស់គាត់នៅប៉ុន្មានសប្តាហ៍ចុងក្រោយនៃសម័យឃោសនាបោះឆ្នោតប្រធានាធិបតី ពោលមុនការបោះឆ្នោតប្រធានាធិបតីថ្ងៃទី៨ វិច្ឆិកា។ ការចោទរបស់លោកត្រាំចំពោះលោកអូបាម៉ានេះត្រូវបានធ្វើឡើងនាថ្ងៃសៅរ៍ ទី៤ មីនាតាមរយៈបណ្តាញសង្គម Tweeter របស់លោក។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៣៦
ក៏ដូចជាទម្លាប់សព្វមួយដង លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានប្រើកាណាល់បណ្តាញសង្គម Tweeter ដើម្បីបញ្ចេញចំណាប់អារម្មណ៍ ឬមួយប្រតិកម្មទៅលើអ្វីមួយ។ នៅថ្ងៃសោរ៍ ទី៤ មីនា លោកត្រាំបានសរសេរនៅក្នុងគណនី Tweeter របស់លោកចំនួន ៥ដងបន្តបន្ទាប់គ្នាដោយចោទលោកអូបាម៉ាពីបទបានលួចស្តាប់ទូរស័ព្ទរបស់លោកកាលពីខែតុលា ឆ្នាំ ២០១៦ ពោលក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនៃសម័យឃោសនាបោះឆ្នោតប្រធានាធិបតី។
លោកត្រាំបានប្រាប់ឲ្យដឹងថា មានការប៉ុនប៉ងលួចស្តាប់ទូរស័ព្ទម្តងនៅអាគារ Trump Tower របស់លោកក្នុងទីក្រុងញូយ៉ក តែមិនបានលទ្ធផលអ្វីទេ។ ដោយមិនបានផ្តល់ព័ត៌មានលំអិតអ្វីបន្ថែមជុំវិញរឿងលួចស្តាប់ទូរស័ព្ទពីលោកអូបាម៉ា លោកដូណាល់ ត្រាំបានស្តីបន្ទោសឲ្យលោកអូបាម៉ាថាជាមនុស្សអាក្រក់ ឬមនុស្សឈឺ។ លោកដូណាល់ ត្រាំបានប្រដូចទង្វើរបស់លោកអូបាម៉ាទៅនឹងយុទ្ធនាការតាមដានលើក្រុមសកម្មជន និងក្រុមអ្នកគាំទ្រកុម្មុយនិស្តនៅអាមេរិកក្នុងទសវត្សឆ្នាំ ៥០។
ទន្ទឹមគ្នានេះ លោកដូណាល់ ត្រាំក៏ថែមទាំងបានប្រៀបប្រដូចទង្វើនេះទៅនឹងរឿងអាស្រូវ Watergate ដែលជាបទចារកម្មនយោបាយជំរុញឲ្យលោកប្រធានាធិបតីអាមេរិក Richard Nixon ជំនាន់នោះលាចុះពីតំណែងក្នុងឆ្នាំ ១៩៧៤។ យ៉ាងណាក៏ដោយ លោកដូណាល់ ត្រាំមិនបានសរសេរនៅក្នុង Tweeter របស់ខ្លួនទេថា តើលោកមានភស្តុតាងអ្វីមកសំអាងដែលហ៊ានចោទលោកអូបាម៉ាយ៉ាងដូច្នេះ។ ខណៈនេះ លោកអូបាម៉ានៅមិនទាន់បានឆ្លើយតបនឹងការចោទប្រកាន់របស់លោកត្រាំនៅឡើយទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ