ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/05 12h00 GMT

កងទ័ព​អាមេរិក​កំពុង​តែ​បង្កើន​ការវាយប្រហារ​នៅ​ប្រទេស​យេម៉ែន​ដើម្បី​កំចាត់​ក្រុម​អាល់កៃដា​

កងទ័ព​អាមេរិក​កំពុង​តែ​បង្កើន​ការវាយប្រហារ​នៅ​ប្រទេស​យេម៉ែន​ដើម្បី​កំចាត់​ក្រុម​អាល់កៃដា​
 
លោក Donald Trump​ ប្រធានាធិបតី​អាមេរិក​ REUTERS/Jim Lo Scalzo/Pool

រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ កង​ទ័ព​អាមេរិក​បាន​បើក​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​លើ​ទីតាំង​ក្រុម​អាល់កៃដា​នៅ​ភាគ​ខាង​ត្បូង​ក្នុង​ប្រទេស​យេម៉ែន។ គ្រាន់​តែ​រយៈពេល​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ យន្តហោះ​ចម្បាំង​របស់​កងអាកាស​អាមេរិក​បាន​ដឹកនាំ​ការ​វាយ​ប្រហារ​ចំនួន​ ២០​ ដង។​ គោលដៅ​ គឺ​កំទេច​ទីតាំង​របស់​ក្រុម​ភេរវនិយម​អាល់កៃដា​ប្រចាំ​ជ្រោយ​ឧបទ្វីប​អារ៉ាប់។ នេះ​ជា​ប្រតិបត្តិការ​យោធា​ក្រោម​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ។

គ្រាន់​តែ​រយៈពេល​ ២​ ថ្ងៃ​ប៉ុណ្ណោះ​ ពោល​ គឺ​កាលពី​ថ្ងៃ​ព្រហ្បត្តិ​ និង​ថ្ងៃ​សុក្រ​សប្តាហ៍​កន្លង​ទៅ​នេះ​​ សហរដ្ឋ​អាមេរិក​បាន​បើក​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ចំនួន​ជាង​ ២០ ដង​លើទីតាំង​សំខាន់ៗ​របស់​ក្រុម​អាល់កៃដា​ប្រចាំ​ជ្រោយ​ឧបទ្វីប​អារ៉ាប់​ក្នុង​ប្រទេស​យេម៉ែន។ នេះ​ជា​សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​បង្កើន​ការ​វាយ​ប្រហារ​ឲ្យ​កាន់​តែ​ខ្លាំង​ក្នុង​ន័យ​កំទេច​បណ្តាញ​ភេរវនិយម​នេះ​ឲ្យ​រលាប​សាប​សូន្យ​ចេញ​ពី​ទឹកដី​ប្រទេស​យេម៉ែន។

 
ទីបញ្ជាការ​យោធា​អាមេរិក​ប្រចាំ​តំបន់ (Centrom) បានអះអាង​ទទួល​ស្គាល់​ព័ត៌មាន​នេះ ដោយ​​បាន​បញ្ជាក់​ទៀត​ថា​ យន្តហោះ​ចម្បាំង ​ និង​យន្តហោះ​ដ្រូន​គ្មាន​មនុស្ស​បើក​បាន​ចូលរួម​ធ្វើ​ប្រតិបត្តិការ​យោធា​នេះ​ ដោយ​បាន​ទំលាក់​គ្រាប់បែក​ និង​បាញ់​គ្រាប់​ម៉ីសីល​លើ​តំបន់​ដាច់​ស្រយាល​ក្នុង​ប្រទេស​យេម៉ែន។​ ពួក​ភេរវនិយម​អាល់កៃ​ដា​ក្នុង​ប្រទេស​យេម៉ែន​ច្រើន​តែ​សំងំ​លាក់​ខ្លួន​នៅ​តំបន់​ត្រីកោណ​ប្រសព្វ​គ្នា​រវាង​ខេត្ត​ចំនួន​បី​ គឺ​ខេត្ត​ឆាប់វ៉ា​ ខេត្ត​អាប៊ីយ៉ាន​ និង​ខេត្ត​អាល់​បៃដា។​​
 
ជាលទ្ធផល​ ប្រមុខ​អាល់​កៃដា​ប្រចាំ​ខេត្ត​អាប៊ីយ៉ាន​ គឺ​ សាអាដ​ អាតេហ្វ​ បាន​ស្លាប់​កាលពី​ថ្ងៃ​សុក្រ។ ប្រភព​ព័ត៌មាន​ពី​ប្រជាជនក្រុម​សម្ព័ន្ធ​រស់នៅ​តាម​បណ្តា​ខេត្ត​ទាំង​នេះ​បាន​ឲ្យ​ដឹង​ថា​ ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​អាមេរិក​នេះ​ក៏​បាន​បង្ក​ឲ្យ​ជន​ស៊ីវិល​រង​របួស​ផងដែរ។​ គិត​មក​ដល់​ពេល​នេះ​​ គេ​នៅ​មិន​ទាន់​ដឹង​អំពី​ចំនួន​ជនស៊ីវិល​រងរបួស​ ឬ​ស្លាប់នៅ​ឡើយ​ទេ។
 
ទន្ទឹង​គ្នា​នេះ​ដែរ ក្រសួង​ការពារជាតិ​អាមេរិក​បាន​ប្រកាស​ថា​ គោលដៅ​នៃ​ប្រត្តិការ​យោធា​នេះ​ គឺ​សំដៅ​កំទេច​ក្រុម​សកម្ម​ប្រយុទ្ធ​អាល់កៃដា​ កំទេច​សម្ភារៈ​យោធា​របស់​ពួក​ភេរវករ​ និង​កំទេច​ហេដ្ឋារចនា​សម្ព័ន្ធ​របស់​ក្រុម​នេះ។​ ការ​វាយ​ប្រហារ​នេះ​ គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​កម្លាំង​ក្រុម​អាកៃដា​ប្រចាំ​ប្រទេស​នៅ​យេម៉ែន​ចុះ​ខ្សោយ​ និង​ជាពិសេស​បំផុត​ គឺ​ទប់​ស្កាត់​មិន​ឲ្យ​ក្រុម​នេះ​អាច​ដឹកនាំ​ការ​វាយ​ប្រហារភេរវកម្ម​នៅ​តាម​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក ជាពិសេស​នៅ​ប្រទេស​លោក​ខាងលិច។
 
បើ​តាម​មន្រ្តី​ក្រសួង​ការពារ​ជាតិ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​សារព័ត៌មាន​ Washington Post ថា​ ប្រតិបត្តិការ​វាយ​ប្រហារ​នេះ​ត្រូវ​បាន​រៀបចំ​ចាប់តាំង​ពី​ខែ​មករា​មក​ម្ល៉េះ។​ ហើយ​ប្រតិបត្តិការ​នេះ​គឺ ផ្អែក​លើ​ការ​សិក្សា​ព័ត៌មាន​ប្រមូល​បាន​ពី​ប្រភព​យោធា​របស់​រដ្ឋាភិបាល​យេម៉ែន ក្រោម​ការ​​សម្រប​សម្រួល​ពី​លោក​ អាប់ រ៉ាបូ​ មែនសួ​ ហាឌី​ ប្រធានាធិបតី​ប្រទេស​យេម៉ែន។​ បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ AP ដែល​បាន​ដកស្រង់​សំដី​មន្រ្តី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​យេម៉ែន​ម្នាក់​បាន​ឲ្យ​ដឹងថា​ ប្រតិបត្តិការ​យោធា​របស់​កង​ទ័ព​អាមេរិក​នឹង​ត្រូវ​ធ្វើ​ឡើង​បន្ត​ទៀត​ដោយ​គ្មាន​កំណត់​ពេលវេលា​ និង​គោលដៅឡើយ។
 
ក្រសួង​ការពារ​ជាតិ​អាមេរិក​ក៏​បាន​ផ្តល់​ការ​ពន្យល់​លំអិត​ខ្លះៗ​ជុំវិញ​ប្រតិបត្តិការ​នេះ​ផង​ដែរ។​ តាមពិត​ទៅ​ អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​ដែល​យោធា​អាមេរិក​កំពុង​ស្វែង​រក​មធ្យោបាយ​ ដើម្បី​រំលង​ច្បាប់​​រឹត​បន្តឹង​ប្រតិបត្តិការ​យោធាអាមេរិក​នៅ​បរទេស។ សូម​បញ្ជាក់​ថា​ កាលពី​សម័យ​លោក​ប្រធានាធិបតី បារ៉ាក់​ អូបាម៉ា​ រដ្ឋាភិបាល​អាមេរិក​បាន​តាម​ដាន​យ៉ាង​ល្អិត​ល្អន់​បំផុត​ចំពោះ​ប្រតិបត្តិការ​យោធា​នៅ​ប្រទេស​យេម៉ែន​របស់​ក្រសួង​ការពារជាតិ​អាមេរិក​ និង​ទីភ្នាក់ងារ​ស៊ើបការ​សំងាត់​ CIA។ ហើយ​នៅ​ខែ​កក្កដា​ ឆ្នាំ​២០១៦​ លោក​អតីតៈប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ បាន​ចេញ​ក្រឹត្យ​ដើម្បី​រឹត​បន្តឹង​ប្រតិបត្តិការ​យោធា​ដោយ​ហាម​ដាច់​ខាត​មិនឲ្យ​ពង្រាយ​ទាហានថ្មើរ​ជើង​អាមេរិក​នៅ​ប្រទេស​យេម៉ែន។
 
ប៉ុន្តែ​ ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​បាន​ចូល​កាន់​កាប់​មុខ​តំណែង​ លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ​​ បាន​អនុញ្ញាត​ឲ្យ​មាន​ប្រតិបត្តិការ​កង​កុំម្មង់ដូ​ថ្មើរជើង​ពិសេស​មួយ។​ ជាក់​ស្តែង​ នៅ​ថ្ងៃ​ទី​២៩ មករា​កន្លង​ទៅ​នេះ​ កង​ថ្មើរ​ជើង​ពិសេស​ Navy Seals បាន​ដឹកនាំ​ប្រតិបត្តិការផ្ទាល់​ដី។​ ជាលទ្ធផល​ ក្រៅពី​បាន​សម្លាប់​ពួក​អាល់កៃដា​ ​ប្រតិបត្តិការ​ដ៏​រសើប​នេះ​បាន​​បណ្តាល​ឲ្យ​ទាហាន​អាមេរិក​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​ និង​ប្រជាជន​ស៊ីវិល​យេម៉ែន​ស្លូត​ត្រង់​ម្ភៃ​នាក់​រង​របួស​ ក្នុង​នោះ​មាន​ស្រ្តី​ និង​កុមារ។​
 
ក្រោយ​ប្រតិបត្តិការ​នេះ​ លោក​ ដូណាល់​ ត្រាំ បាន​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ ជាពិសេស​ពី​សំណាក់​ក្រុម​គ្រួសារ​របស់​ទាហាន​ដែល​បាន​បាត់​បង់​ជីវិត​ និង​ពី​មន្រ្តី​ជាន់​ខ្ពស់​មួយ​ចំនួន​ក្នុង​ជួរ​គណបក្ស​សាធារណរដ្ឋ។ ប្រទេស​យេម៉ែន​កំពុង​តែ​​ហែកហួរ​ដោយសារ​សង្គ្រាម​ស៊ីវិល​រវាង​កងកម្លាំង​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​ អាប់ រ៉ាបូ​ មែនសួ​ ហាឌី​ និង​ពួក​ឧទ្ទាម​ហ៊ូតស៊ី​ ដែល​សហការ​គ្នា​ជាមួយ​កង​កម្លាំង​របស់​អតីតៈ​ប្រធានាធិបតី​ អាលី​ អាប់ដាឡា សាឡេស។ កាលពី​ខែ​មិនា​ ឆ្នាំ​២០១៥​ ជម្លោះ​ប្រដាប់​អាវុធ​ក្នុង​ប្រទេស​នេះ​បាន​ផុង​ខ្លួនកាន់​តែ​ធ្ងន់​ធ្ងរ​ នៅ​ពេល​ដែល​ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​ដឹកនាំ​ប្រតិបត្តិការ​យោធា​កំទេច​ពួក​ឧទ្ទាម​ហ៊ូតទី។ ក្រុម​ឧទ្ទាម​នេះ​បាន​ចូល​លុក​លុយ​កាន់​កាប់​រដ្ឋធានី​សាណា​ របស់​ប្រទេស​យេម៉ែន។​ ហើយ​ក្រុម​ឧទ្ទាម​នេះ​ត្រូវ​បានគេ​ដឹង​ថា​​គាំទ្រ​ដោយ​ប្រទេសអ៊ីរ៉ង់ ដែល​ជា​សត្រូវ​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត។
 
ខណៈ​ពេល​ដែល​ប្រទេស​យេម៉ែន​រងគ្រោះ​រ៉ាំរ៉ៃ​​បែប​នេះ​ បណ្តាញ​ភេរវនិយម​អាល់​កៃដា​ និង​អង្គការ​រដ្ឋ​ឥស្លាម​បាន​លួច​ឆ្លៀត​ខ្លួន​ចាក់​ឬស​នៅ​ក្នុង​ប្រទេស​នេះ។​ សព្វ​ថ្ងៃ​ ក្រុម​ភេរវនិយម​ទាំង​ពីរ​នេះ​បាន​ធ្វើ​សង្គ្រាម​ដណ្តើម​យក​ទីតាំង​សំខាន់ៗ​មួយ​ចំនួន​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​យេម៉េន។ បើ​យោង​តាម​របាយការណ៍​អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា​ គិត​រហូត​មក​ដល់​ពេល​នេះ​ សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​យេម៉ែន​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន​ ៧ ៥០០ នាក់ និង​រង​របួស​ ៤ សែន​នាក់។​ ភាគ​ច្រើន​នៃ​ជនរងគ្រោះ​សុទ្ធ​សឹង​តែ​ជា​ជន​ស៊ីវិល​ស្លូត​ត្រង់ ​ពិសេស​ស្រ្តី​ និង​កុមារ៕

 

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ