ការដាក់ពាក្យសុំផ្លាស់ប្តូរអត្តសញ្ញាណភេទពីសំណាក់មនុស្សភេទទីបីកំពុងកើនឡើងនៅទីក្រុងញ៉ូវយក
ចុះផ្សាយនៅថ្ងៃ៖
រយៈពេលពីរឆ្នាំចុងក្រោយនេះ អាជ្ញាធរទីក្រុងញ៉ូវយកបានទទួលពាក្យសុំពីសំណាក់ មនុស្សភេទទីបីជាង ៧០០ នាក់ ដែលបានស្នើសុំផ្លាស់ប្តូរអត្តសញ្ញាណភេទរបស់ពួកគេតាមរយៈសំបុត្រកំណើត។ នេះជាកំណើនដ៏ខ្ពស់មួយមិនដែលធ្លាប់មានបើប្រៀបធៀបនឹងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ កំណើននេះក៏ដោយសារតែនិតិវិធីរដ្ឋបាលសុំផ្លាស់អត្តសញ្ញាណនៅទីក្រុងញ៉ូវយកមានលក្ខណៈសាមញ្ញបង្កលក្ខណៈងាយស្រួលដល់មនុស្សភេទទីបី។ សន្ទុះនៃការសុំផ្លាស់ប្តូរអត្តសញ្ញាណភេទនេះក៏បំផុសសង្គ្រាមពាក្យសំដី គឺ សង្គ្រាមបន្ទប់ទឹក ដែលកំពុងតែធ្វើមតិសាធារណជនអាមេរិកខ្វែងយោបល់គ្នា។
ចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ មកម្ល៉េះ អាជ្ញាធរទីក្រុងញ៉ូវយកបានអនុវត្តនិតិវិធីសាមញ្ញ ដើម្បីសំរួលដល់មនុស្សភេទទីបីក្នុងការដាក់ពាក្យសុំផ្លាស់ប្តូរអត្តសញ្ញាណភេទរបស់ពួកគេ។ ចាប់តាំងពីកាលបរិច្ឆេទនោះមក មានមនុស្សភេទទីបីចំនួន ៧៣១ នាក់ដែលមានអាយុចន្លោះពី ៥ ឆ្នាំដល់ ៧៦ ឆ្នាំបានបំពេញសំណុំបែបបទផ្លូវការ ដើម្បីផ្លាស់ប្តូរអត្តសញ្ញាណភេទនៅលើលិខិតកំណើតរបស់គេ។ សូមបញ្ជាក់ថា រយៈកាលប៉ុន្មានឆ្នាំកន្លងទៅនេះ ពុំសូវមានអ្នកដាក់ពាក្យសុំច្រើនទេ។ ពោល គឺមានតែចំនួនប្រហែល ២០ នាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ។
បើតាមតួលេខ ក្នុងចំណោមអ្នកបានដាក់ពាក្យសុំជាង ៧០០ នាក់ចាប់តាំងពីឆ្នាំ២០១៥ មានមនុស្សចំនួន ៥៥% បានសុំចុះអត្តសញ្ញាណជាស្រី ខណៈពេលដែលលិខិតកំណើតដើមរបស់ពួកគេបញ្ជាក់ភេទជាប្រុស។ ចំណែក ៤៥% ផ្សេងទៀតជាមនុស្សស្រីបានដាក់ពាក្យសុំផ្លាស់ប្តូរអត្តសញ្ញាណទៅជាមនុស្សប្រុស។ ហើយក្នុងចំណោមអ្នកដាក់ពាក្យសុំទាំងអស់នោះ មាន ៤១ នាក់ជាកុមារ។ ឱពុកម្តាយរបស់កុមារទាំងនោះបានយល់ព្រមឯកភាពឲ្យកូនៗរបស់ពួកគេសុំផ្លាស់ប្តូរអត្តសញ្ញាណភេទ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរក៏បានឲ្យដឹងផងដែរថា ញ៉ូវយកស្ថិតក្នុងចំណោមបណ្តាទីក្រុងមួយចំនួននៅសហរដ្ឋអាមេរិក ដែលប្រកាន់នយោបាយសណ្តោសប្រណី និងប្រកាន់គោលការណ៍កំណែទម្រង់ប្រពៃណីសង្គម។ ហើយចាប់តាំងពីឆ្នាំ២០១៦ ញ៉ូវយកក៏ជាទីក្រុងតំបូងគេបង្អស់ ដែលហ៊ានចេញលិខិតកំណើតបញ្ជាក់ថា អន្តរភេទ (hermaphrodite) ដល់ទារកណាដែលកើតមកមានប្រដាប់ភេទពុំជាក់លាក់ ឬអាចនិយាយថាជាមនុស្សភេទទីបីពីកំណើត។
លោកស្រី Mary Bayssett នាយិការនាយកដ្ឋានសុខាភិបាលក្រុងញ៉ូវយកបានអបអរសាទចំពោះកំណើននៃការសុំផ្លាស់ប្តូរអត្តសញ្ញាណភេទនេះ។ ចំពោះលោកស្រី នេះសបញ្ជាក់ឲ្យឃើញអំពីការតាំងចិត្តរបស់អាជ្ញាធរក្រុងញ៉ូវយក ដែលហ៊ានធ្វើកំណែទម្រង់ប្រពៃណីឲ្យជឿនលឿនស្របទៅតាមការវិវត្តន៍ជាក់ស្តែងរបស់សង្គម។ ប៉ុន្តែ សន្ទុះនៃការសុំផ្លាស់ប្តូរអត្តសញ្ញាណនេះក៏សបញ្ជាក់ឲ្យឃើញផងដែរអំពីភាពផ្ទុយគ្នានឹងនយោបាយអភិរក្សរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ កុម្ភៈកន្លងទៅនេះ រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសបញ្ឈប់សារាចរណ៍ទាក់ទងនឹងការប្រើប្រាស់បន្ទប់ទឹកសំរាប់មនុស្សភេទទីបី។ សារាចរណ៍នេះត្រូវបានចុះហត្ថលេខាដោយលោកអតីតៈប្រធានាធិបតី បារ៉ាក់ អូបាមា ដែលបានណែនាំឲ្យគ្រឹះស្ថានសិក្សានានានៅសហរដ្ឋអាមេរិកអនុញ្ញាតឲ្យសិស្ស និសិត្ស អាចប្រើប្រាស់បន្ទប់ទឹកអាស្រ័យទៅតាមអត្តសញ្ញាណភេទរបស់ពួកគេ។ ក្នុងន័យនេះ ឧទាហរណ៍ថាមនុស្សប្រុស ប៉ុន្តែមានអារម្មណ៍ក្នុងចិត្តគិតថាខ្លួនឯងជាមនុស្សស្រី ហើយជាប់ជំពាក់ចិត្តនឹងអត្តសញ្ញាណភេទស្រីនេះអាចទៅប្រើប្រាស់បន្ទប់ទឹក ឬបន្ទប់ផ្លាស់សំលៀកបំពាក់របស់មនុស្សស្រីបាន។ ហើយករណីនេះក៏អាចអនុវត្តបានផងដែរសំរាប់មនុស្សស្រីដែលគិតថាខ្លួនជាមនុស្សប្រុស។
ប៉ុន្តែ ក្រុមអភិរក្សមិនយល់ស្របឡើយចំពោះវិធានការណ៍កំណែទម្រង់ប្រពៃណីសង្គមរបស់លោកអតីតៈប្រធានាធិបតី អូបាម៉ា។ សង្គ្រាមពាក្យសំដីជុំវិញបញ្ហានេះក៏បានផ្ទុះឡើងនៅតាមបណ្តារដ្ឋជាច្រើនទូទាំងសហរដ្ឋអាមេរិក។ ទាំងមជ្ឈដ្ឋានសាធារណៈជន ទាំងមជ្ឈដ្ឋានសារព័ត៌មានក៏បានហៅជម្លោះនេះថា សង្គ្រាមបន្ទប់ទឹក។ បច្ចុប្បន្ន មានរដ្ឋអាមេរិកចំនួន ១១ បានដាក់ពាក្យបណ្តឹងទៅតុលាការសហព័ន្ធ ដើម្បីជំទាស់នឹងសេចក្តីសំរេចដ៏ចម្រូងចម្រាស់
របស់លោកអតីតៈប្រធានាធិបតី អូបាម៉ា។
សំរាប់ពួកអភិរក្សនិយម សេចក្តីរបស់រដ្ឋាភិបាលមុនអាចបង្កឲ្យមានភាពភាន់ភ័ន្តច្រឡំ ជាពិសេសអាចបង្កឲ្យមានភាពច្របូកច្របល់ ឬអាចឈានដល់ការឆ្លៀតលួចរំលោភបំពានផ្លូវភេទពីសំណាក់មនុស្សប្រុសខិលខូចមួយចំនួន។ ហេតុដូចនេះហើយទើបបានជារដ្ឋាភិបាល របស់លោក ដូណាល់ ត្រាំ មិនយល់ស្រប់ចំពោះការអនុញ្ញាតិនេះ ដោយផ្អែកលើអំណះអំណាងថា សិស្ស និសិត្ស ត្រូវតែប្រើប្រាស់បន្ទប់ទឹកអាស្រ័យទៅលើភេទ ដែលបានកំណត់ក្នុងសំបុត្រកំណើត។ ពោល គឺមិនមែនអាស្រ័យលើភេទ ដែលមានក្នុងអារម្មណ៍ឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ