ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/04 12h00 GMT

ការដាក់​ពាក្យ​សុំ​ផ្លាស់​ប្តូរ​អត្តសញ្ញាណ​ភេទ​ពី​សំណាក់​មនុស្ស​ភេទ​ទីបី​កំពុង​កើនឡើង​នៅ​ទីក្រុង​ញ៉ូវយក​

ការដាក់​ពាក្យ​សុំ​ផ្លាស់​ប្តូរ​អត្តសញ្ញាណ​ភេទ​ពី​សំណាក់​មនុស្ស​ភេទ​ទីបី​កំពុង​កើនឡើង​នៅ​ទីក្រុង​ញ៉ូវយក​ Scouts ឬ​កាយរឹទ្ធអាមេរិក​ពីររូប​ដែលជាអ្នក​ស្រឡាញ់​​ភេទ​​ដូច​​គ្នា​​ត្រូវ​គេ​ហាម​លែង​ឲ្យ​ចូលរួមក្នុងក្រុមទៀត​ REUTERS/Michael Prengler

    រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​ អាជ្ញាធរ​ទីក្រុង​ញ៉ូវយក​បាន​ទទួល​ពាក្យ​សុំ​ពី​សំណាក់​ ​មនុស្សភេទ​ទីបី​ជាង​ ៧០០ នាក់ ដែល​បាន​ស្នើ​សុំ​ផ្លាស់​ប្តូរ​អត្តសញ្ញាណ​ភេទ​របស់​ពួក​គេ​តាម​រយៈ​សំបុត្រ​កំណើត។​ ​នេះ​ជា​កំណើនដ៏​ខ្ពស់​មួយ​មិន​ដែល​ធ្លាប់​មាន​បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។​ កំណើន​នេះ​ក៏​​ដោយសារ​តែ​និតិ​វិធី​រដ្ឋបាល​សុំ​ផ្លាស់​អត្តសញ្ញាណ​នៅ​ទីក្រុង​ញ៉ូវយក​មាន​លក្ខណៈ​សាមញ្ញ​បង្ក​លក្ខណៈងាយស្រួលដល់មនុស្ស​ភេទ​ទី​បី។សន្ទុះ​នៃ​ការ​សុំ​ផ្លាស់​ប្តូរ​អត្ត​សញ្ញាណ​ភេទនេះក៏បំផុសសង្គ្រាមពាក្យសំដីគឺសង្គ្រាមបន្ទប់ទឹកដែលកំពុងតែធ្វើមតិសាធារណជនអាមេរិកខ្វែងយោបល់គ្នា។

     

    ចាប់​តាំង​ពី​ថ្ងៃ​ទី​១​ ខែ​មករា​ ឆ្នាំ​២០១៥​ មក​ម្ល៉េះ​ អាជ្ញាធរ​ទីក្រុង​ញ៉ូវយក​បាន​អនុវត្ត​និតិ​វិធី​សាមញ្ញ​ ដើម្បី​សំរួល​ដល់​មនុស្ស​ភេទ​ទីបី​​ក្នុង​ការ​ដាក់​ពាក្យ​សុំ​ផ្លាស់​ប្តូរ​អត្តសញ្ញាណ​ភេទ​របស់​ពួក​គេ។​ ចាប់​តាំងពី​កាល​បរិច្ឆេទ​នោះ​មក​ មាន​មនុស្ស​ភេទ​ទីបី​ចំនួន​ ៧៣១ នាក់​ដែលមាន​អាយុ​ចន្លោះ​ពី​ ៥ ឆ្នាំ​ដល់​ ៧៦ ឆ្នាំ​បាន​បំពេញ​សំណុំ​បែប​បទ​ផ្លូវ​ការ​ ដើម្បី​ផ្លាស់​ប្តូរ​អត្តសញ្ញាណ​ភេទ​នៅ​លើ​លិខិត​កំណើត​របស់​គេ​។ សូម​បញ្ជាក់​ថា​ រយៈ​កាល​​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​ ពុំ​សូវ​មាន​អ្នក​ដាក់​ពាក្យ​សុំ​ច្រើន​ទេ​។ ពោល​ គឺ​មាន​តែ​ចំនួន​ប្រហែល​ ២០ នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។

    បើ​តាម​តួលេខ​ ក្នុង​ចំណោម​អ្នក​បាន​ដាក់​ពាក្យ​សុំ​ជាង​ ៧០០ នាក់​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​ មាន​មនុស្ស​ចំនួន​ ៥៥% បាន​សុំ​ចុះ​អត្ត​សញ្ញាណ​ជា​ស្រី​ ខណៈ​ពេល​ដែល​លិខិត​កំណើត​ដើម​របស់​​ពួក​គេ​​បញ្ជាក់​​ភេទ​ជា​ប្រុស។​ ចំណែក​ ៤៥%​ ផ្សេង​ទៀត​ជា​មនុស្ស​ស្រី​បាន​ដាក់​ពាក្យ​សុំ​ផ្លាស់​ប្តូរ​អត្តសញ្ញាណ​ទៅ​ជា​មនុស្ស​ប្រុស។ ហើយ​ក្នុង​ចំណោម​អ្នក​ដាក់​ពាក្យ​សុំ​ទាំង​អស់​នោះ​ មាន​ ៤១​ នាក់​ជា​កុមារ​។ ​ឱពុក​ម្តាយ​របស់​កុមារ​ទាំង​នោះ​បាន​យល់​ព្រម​ឯកភាព​ឲ្យ​កូនៗ​របស់​ពួក​គេ​សុំ​ផ្លាស់​ប្តូរ​អត្តសញ្ញាណ​ភេទ។​
     
    យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ ញ៉ូវយក​ស្ថិត​ក្នុង​ចំណោម​បណ្តា​ទីក្រុង​មួយ​ចំនួន​នៅ​សហរដ្ឋ​អាមេរិក​ ដែល​ប្រកាន់​នយោបាយ​សណ្តោស​ប្រណី​ និង​ប្រកាន់​គោលការណ៍​កំណែ​ទម្រង់​ប្រពៃណី​សង្គម។ ហើយ​ចាប់​តាំងពី​ឆ្នាំ​២០១៦​ ញ៉ូវយក​ក៏​ជា​ទីក្រុង​តំបូង​គេ​បង្អស់​ ដែល​ហ៊ាន​ចេញ​លិខិត​កំណើត​បញ្ជាក់​ថា​ អន្តរ​ភេទ​ (hermaphrodite) ដល់​ទារក​ណា​ដែល​កើត​មក​មាន​ប្រដាប់​ភេទ​ពុំ​ជាក់​លាក់​ ឬ​អាច​និយាយ​ថា​ជាមនុស្ស​ភេទ​ទីបី​ពី​កំណើត។
     
    លោកស្រី​ Mary Bayssett នាយិការ​នាយកដ្ឋាន​សុខាភិបាល​ក្រុង​ញ៉ូវយក​បាន​អបអរសាទ​ចំពោះ​កំណើន​នៃ​ការ​សុំ​ផ្លាស់​ប្តូរ​អត្តសញ្ញាណ​ភេទ​នេះ​។​ ចំពោះ​លោកស្រី​ នេះ​សបញ្ជាក់​ឲ្យ​ឃើញ​អំពី​ការ​តាំង​ចិត្ត​របស់​អាជ្ញាធរ​ក្រុង​ញ៉ូវយក​ ដែល​ហ៊ាន​ធ្វើ​កំណែទម្រង់​ប្រពៃណី​ឲ្យ​ជឿន​លឿន​ស្រប​ទៅ​តាម​ការ​វិវត្តន៍​ជាក់​ស្តែង​របស់​សង្គម​។ ប៉ុន្តែ​ សន្ទុះ​នៃ​ការ​សុំ​ផ្លាស់​ប្តូរ​អត្ត​សញ្ញាណ​នេះ​ក៏​សបញ្ជាក់​ឲ្យ​ឃើញ​ផងដែរ​អំពី​ភាព​ផ្ទុយ​គ្នា​នឹង​នយោបាយ​អភិរក្ស​របស់​លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ។​
     
    សូម​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​ទី​២២ កុម្ភៈ​កន្លង​ទៅនេះ​ រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ បាន​ប្រកាស​បញ្ឈប់​សារាចរណ៍​ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​បន្ទប់​ទឹក​សំរាប់​មនុស្ស​ភេទ​ទីបី។​ សារាចរណ៍​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក​អតីតៈ​ប្រធានាធិបតី​ បារ៉ាក់ អូបាមា​ ដែល​បាន​ណែនាំ​ឲ្យ​គ្រឹះស្ថាន​សិក្សា​នានា​នៅ​សហរដ្ឋ​អាមេរិក​អនុញ្ញាត​ឲ្យ​សិស្ស និសិត្ស​ អាច​ប្រើប្រាស់​បន្ទប់​ទឹក​អាស្រ័យ​ទៅ​តាមអត្ត​សញ្ញាណ​ភេទ​របស់​ពួក​គេ។​ ​ ក្នុង​ន័យ​នេះ​ ឧទាហរណ៍​ថា​មនុស្ស​ប្រុស​ ប៉ុន្តែ​មាន​អារម្មណ៍​ក្នុង​ចិត្ត​គិត​ថា​ខ្លួន​ឯង​ជា​មនុស្ស​ស្រី​ ហើយ​ជាប់​ជំពាក់​ចិត្ត​នឹង​អត្តសញ្ញាណ​ភេទស្រី​នេះ​អាច​ទៅ​ប្រើ​ប្រាស់​បន្ទប់​ទឹក​ ឬ​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​របស់​មនុស្ស​ស្រី​បាន។​ ហើយ​ករណី​នេះ​ក៏​អាច​អនុវត្ត​បាន​ផងដែរ​សំរាប់​មនុស្ស​ស្រី​ដែល​គិត​ថា​ខ្លួន​ជា​មនុស្ស​ប្រុស​។
     
    ប៉ុន្តែ ក្រុម​អភិរក្ស​មិន​យល់​ស្រប​ឡើយ​ចំពោះ​វិធានការណ៍​កំណែ​ទម្រង់​ប្រពៃណី​សង្គម​របស់​លោកអតីតៈ​ប្រធានាធិបតី​​ អូបាម៉ា​។​ សង្គ្រាម​ពាក្យ​សំដី​ជុំវិញ​បញ្ហា​នេះ​ក៏​បាន​ផ្ទុះ​ឡើង​នៅ​តាម​បណ្តា​រដ្ឋ​ជា​ច្រើន​ទូទាំង​សហរដ្ឋ​អាមេរិក។​ ទាំង​មជ្ឈដ្ឋាន​សាធារណៈជន ទាំង​មជ្ឈដ្ឋាន​សារព័ត៌មាន​ក៏​បាន​ហៅ​ជម្លោះ​នេះ​ថា​ សង្គ្រាម​បន្ទប់​ទឹក។ បច្ចុប្បន្ន​ មាន​រដ្ឋ​អាមេរិក​ចំនួន​ ១១ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅតុលាការ​សហព័ន្ធ​ ដើម្បី​ជំទាស់​នឹង​សេចក្តី​សំរេច​ដ៏​ចម្រូង​ចម្រាស់​
    របស់​លោក​អតីតៈ​ប្រធានាធិបតី អូបាម៉ា។​

    សំរាប់​ពួក​អភិរក្ស​និយម​ សេចក្តី​របស់​រដ្ឋាភិបាល​មុន​អាចបង្ក​ឲ្យ​មាន​ភាព​ភាន់​ភ័ន្ត​ច្រឡំ​ ជាពិសេស​អាច​បង្ក​ឲ្យ​មាន​ភាព​ច្របូក​ច្របល់​ ឬ​អាច​ឈាន​ដល់​ការ​ឆ្លៀត​លួច​រំលោភ​បំពាន​ផ្លូវ​ភេទ​ពី​សំណាក់​មនុស្ស​ប្រុស​ខិល​ខូច​មួយ​ចំនួន។ ហេតុ​ដូច​នេះ​ហើយ​ទើប​បាន​ជា​​រដ្ឋាភិបាល​ របស់​លោក​ ដូណាល់​ ត្រាំ មិន​យល់​ស្រប់​ចំពោះ​ការ​អនុញ្ញាតិ​នេះ​ ដោយ​ផ្អែក​លើ​អំណះ​អំណាង​ថា​ សិស្ស​ និសិត្ស​ ត្រូវ​តែ​ប្រើ​ប្រាស់​បន្ទប់​ទឹក​អាស្រ័យ​ទៅលើ​ភេទ​ ដែល​បាន​កំណត់​ក្នុង​សំបុត្រ​កំណើត​។ ពោល​ គឺ​មិន​មែន​អាស្រ័យ​លើ​ភេទ​ ដែល​មាន​ក្នុង​អារម្មណ៍​ឡើយ៕

     

    1. 1
    2. 2
    3. 3
    4. ...
    5. បន្ទាប់ >
    6. ចុងក្រោយ >
    កម្មវិធីផ្សាយផ្សេងទៀត
     
    សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ