អានតួអត្ថបទ

អាមេរិក​ពង្រឹង​សន្តិសុខ​ក្រោយ​ការ​ប៉ុនប៉ុង​ចូល​សេតវិមាន​ញយៗ

ភ្នាក់ងារ​ទទួល​បន្ទុក​រក្សា​សន្តិសុខ​ប្រធានាធិបតី​អាមេរិក បាន​ប្រកាស​ពង្រឹង​ការ​ការពារ​ និង​ត្រួត​ពិនិត្យ​​សេតវិមាន ក្រោយ​ពី​ចាប់​បាន​បុរស​ម្នាក់ ដែល​ប៉ុនប៉ង​ចូល​វិមាន​ប្រធានាធិបតី និង​បាន​គំរាម​​ថា​មាន​ផ្ទុក​​គ្រាប់​បែក​ក្នុង​ឡាន ចត​នៅ​មាត់​ច្រក​ចូល។

សេតវិមាន
សេតវិមាន © Reuters
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​បាន​កើត​ឡើង​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ វេលា​ម៉ោង​១១និង​៥​នាទី​យប់ ម៉ោង​នៅ​សហរដ្ឋ​អាមេរិក។ បុរស​ម្នាក់ បាន​បើក​ឡាន​ទៅ​ឈប់​ដល់​មាត់​ច្រក​ត្រួតពិនិត្យ​ចូល​សេតវិមាន​ ដែល​ភ្នាក់ងារ​ចារកិច្ច​ឈរ​ប្រចាំ​ការ។ ជា​រថយន្ត​ជាប់​​សង្ស័យ ! ភ្នាក់ងារ​ប៉ូលិស​បាន​ចាប់​អ្នក​បើក​បរ​នោះ​ភ្លាម និង​រក្សា​ជំហរ​ត្រៀម​តបត ក្នុង​ករណី​មាន​ការ​វាយប្រហារ​ជា​យថាហេតុ​ណា មួយ។ ជន​ល្មើល​បាន​ថែម​ទាំង​អះអាង​ថា​មាន​គ្រាប់​បែក​លាក់​ក្នុង​រថយន្តទៀត។ នេះ​បើ​តាម​ការ​ពន្យល់​លម្អិត​របស់​អ្នក​នាំ​ពាក្យ​កង​ពល​រក្សា​សន្តិសុខ​ប្រធានាធិបតី​និង​ឥស្សរជន​អាមេរិក។

ប៉ុន្តែលោក​​ប្រធានាធិបតី ដូណាល់ ត្រាំ និង​ភរិយា ​បាន​ចាក​ចេញ​ពី​សេតវិមាន​ ទៅ​សម្រាក​ថ្ងៃ​ចុង​សប្តាហ៍​​នៅ​រដ្ឋ​ផ្លរីដា។

នៅ​មុន​ឧប្បត្តិហេតុ​នេះ​ ប៉ុន្មាន​ម៉ោង មាន​មនុស្ស​ម្នាក់​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ដែរ បន្ទាប់​ពី​បាន​សាកល្បង​លោត​របង​ចូល​ក្នុង​ទីធ្លា​សេតវិមាន តាម​ច្រក​ចេញ​ចូល​សម្រាប់​អ្នក​ជិះកង់។ បើ​តាម​ភ្នាក់ងារ​សម្ងាត់​អាមេរិក បើទោះ​បី​ជា​គ្មានអាវុធ​ជាប់​នឹង​ខ្លួន​ក្តី ក៏​ជន​នេះ​អាច​នឹង​ត្រូវ​ចាប់​ខ្លួន និង​ជាប់​ទោសដែរ។​

កាលពី​សប្តាហ៍​មុន​ ភ្នាក់ងារសន្តិសុខ​សេតវិមាន​បាន​ទាញសញ្ញា​អាសន្ន​​ម្តង​ហើយ បន្ទាប់​ពី​មាន​ការ​គំរាម​កំហែង​ជាក់ស្តែង​​។ នៅ​ថ្ងៃទី ១០​មីនា ក្នុងពេល​ដែល​លោក​ប្រធានាធិបតី​កំពុង​ធ្វើ​ការ​ក្នុង​ការិយាល័យ មាន​បុរស​ម្នាក់ បាន​ជ្រៀត​ចូល​ក្នុង​ផ្ទៃ​​សេតវិមាន​ និង​រត់​លាក់​ខ្លួន​​ពេញ​សួន​ច្បារ​​ ជាង​១៥​នាទី មុន​នឹង​ត្រូវ​ភ្នាក់ងារ​សន្តិសុខ​ចាប់​ខ្លួន​បាន។

មិន​មែន​ជា​ករណី​កម្រ​ទេ ដែល​មាន​មនុស្ស​លួច​ឆ្លង​ចូល​ក្នុង​សេតវិមាន​បាន​នោះ។ កាលពី​ឆ្នាំ​២០១៤ អតីត​យុទ្ធជនពិការ​ផ្លូវចិត្ត​ម្នាក់ មាន​កាបិត​បត់​​ក្នុង​ហោបៅ​ផង បាន​ផ្លោះ​លោត​ចូល​ក្នុង​ទីធ្លា​វិមាន​ប្រធានាធិបតី និង​បាន​រត់​ ​ឆ្លង​កាត់​សួនច្បារ​យ៉ាង​លឿនផង៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ