អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សហរដ្ឋ​អាមេរិក​​គ្រោង​​បន្ថយ​ថវិកា​​ក្រសួង​ការបរទេស​​និង​​ជំនួយ​​អន្តរជាតិ​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

គម្រោង​ថវិកា​ជាតិ​សំរាប់​ឆ្នាំ​២០១៨​ របស់​រដ្ឋាភិបាល​លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​កាលពី​ថ្ងៃ​ព្រសហ្បត្តិ​មុន​នេះ។​ គម្រោង​ថវិកា​នេះ​នឹង​ត្រូវ​ដាក់​ជូន​សភា​ទាំង​ពីរ​ថ្នាក់​ ដែល​គេ​ហៅ​ថា​សភា​កុងគ្រែស (Congrès) ពិនិត្យ​អនុម័ត។ តាម​រយៈ​តួលេខ​ត្រួសៗ​ រដ្ឋការ​របស់​លោក​ ដូណាល់​ ត្រាំ​ គ្រោង​កាត់​បន្ថយ​ការ​ចំណាយ​លើ​វិស័យ​ការ​ទូត​ ​បរិស្ថាន សិល្បៈ​ និង​ជា​ពិសេស​ជំនួយ​អន្តរជាតិ​។​ ផ្ទុយ​ទៅ​វិញ​ ​រដ្ឋាភិបាល​ថ្មី​នេះ​នឹង​បង្កើន​ការ​ចំណាយ​យ៉ាង​គំហុក​លើ​វិស័យ​ការពារ​ ជាតិ។ តើ​គម្រោង​ថវិកា​នេះ​អាច​នឹង​ត្រូវ​បាន​សភា​អនុម័ត​ដែរ​ឬទេ?​ តើ​ការ​បន្ថយ​ថវិកា​ក្រសួង​ការបរទេស​អាច​ប៉ះពាល់​អ្វី​ខ្លះ​ដល់​នយោបាយ​ការ​ ទូត​អាមេរិក?

U.S. President Donald Trump holds a rally at Municipal Auditorium in Nashville, Tennessee, U.S. March 15, 2017.
U.S. President Donald Trump holds a rally at Municipal Auditorium in Nashville, Tennessee, U.S. March 15, 2017. REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

 

ក្រោយ​ពី​ទន្ទឹង​រង់ចាំ​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ​ ទីបំផុត​ លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ បាន​បង្ហាញ​គម្រោង​ថវិកា​ជាតិ​របស់​រដ្ឋាភិបាល​អាមេរិក​ក្រោម​អាណត្តិ​ដឹកនាំ​របស់​លោក។​ គម្រោង​ថវិកា​ជាតិ​នេះ​មាន​ទំហំ​ទឹក​ប្រាក់​សរុប​ចំនួន​ប្រមាណ​ ៤០០០​ ពាន់​លាន​ដុល្លារ។​ ក្នុង​នោះ​ រដ្ឋាភិបាល​អាមេរិក​គ្រោង​នឹង​បង្កើន​ថវិកា​លើ​វិស័យ​យោធា​ប្រមាណ​ ៥៤​ ពាន់​លាន​ដុល្លារបន្ថែម​ទៀត​។ បច្ចុប្បន្ន​នេះ​ ថវិកា​វិស័យ​ការពារ​ជាតិ​អាមេរិក​តំណាង​ឲ្យ​ ៣,៣%​ នៃ​ផលិត​ផល​ដុល​ក្នុង​ស្រុក​ ពោល​គឺ ប្រមាណ​ជិត​ ៦០០ ពាន់​លាន​ដុល្លារ។​

សូម​បញ្ជាក់​ថា​ អាមេរិក​ជា​មហា​អំណាច​យោធា​ទីមួយ​លើ​លោក​ ដែល​​ចំណាយ​ថវិកា​ដ៏​មហាសាល​នេះ។ ហើយ​ថវិកា​លើ​វិស័យ​យោធា​អាមេរិក​នេះ​ គឺ​លើស​ប្រទេស​ចិន​បី​ដង​ឯណោះ​។ ចិន​ដែលត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មហា​អំណាច​យោធា​ទីពីរ​លើ​លោក។

បង្កើន​ការ​ចំណាយ​លើ​វិស័យ​យោធា​ក៏​ពិត​មែន​ ប៉ុន្តែ រដ្ឋាភិបាល​លោក​ ដូណាល់​ ត្រាំ ​ក៏​គ្រោង​​កាត់​បន្ថយ​ថវិកាសំរាប់​ស្ថាប័ន​ផ្សេងៗ​​មាន​ជាអាទិ​​ក្រសួង​ការ​បរទេស​ ទីភ្នាក់ងារ​អភិវឌ្ឈន៍​អន្តរជាតិ​អាមេរិក​ (USAID)និង​ទីភ្នាក់ងារ​ជាតិ​បរិស្ថាន​ជាដើម។ សំរាប់​វិស័យ​ការបរទេស​ រដ្ឋាភិបាល​អាមេរិក​ថ្មី​គ្រោង​ បន្ថយ​ថវិកា​​ចំនួន​ ២៨%។ ពោល​ គឺ​ក្រសួង​ការបរទេស​អាមេរិក​នឹង​មាន​ថវិកា​តែ​ ៣៧,៦​ ពាន់​លាន​ដុល្លារ​តែ​ប៉ុណ្ណោះសំរាប់​ឆ្នាំ​២០១៨។ ផ្ទុយ​ទៅ​វិញ​ បើ​យើង​ប្រៀប​ធៀប​នឹង​ថវិកា​ឆ្នាំ​២០១៧​នេះ​ ដែល​ត្រូវ​បាន​អនុម័ត​រួច​ហើយ​កាលពី​សម័យ​លោក​អតីតៈ​ប្រធានាធិបតី បារ៉ាក់​ អូបាម៉ា​ គឺ​ស្ថាប័នការបទេស​អាមេរិក​នេះ​មាន​ថវិកា​ចំនួន​ ៥០,៩​ ​ពាន់​លាន​ដុល្លារ។

គួរ​រំលឹក​ផងដែរ​ថា​ ក្រសួង​ការបរទេស​អាមេរិក គឺ​ជា​ស្ថាប័ន​ការទូត​ធំ​ជាង​គេ​បង្អស់​នៅ​លើ​ពិភព​លោក។​ ក្រសួង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​១៧៨៩​ ដោយ​មាន​បុគ្គលិក​បំរើការ​ចំនួន​ ៧ ម៉ឺន​នាក់​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីងតោន​។ ហើយ​ក្រសួង​ការ​បរទេស​អាមេរិក​មាន​បណ្តាញ​ស្ថានទូត​ និងស្ថាន​កុងស៊ុល​ចំនួន ​២៥០​ កន្លែង​នៅ​ជុំវិញ​ពិភពលោក។

ក្រៅ​ពី​វិស័យ​ការបរទេស​ ជំនួយ​អន្តរជាតិ​ និង​ថវិកា​បរិច្ចាក​ដល់​អង្គការ​សហ​ប្រជាជាតិ​ (អ.ស.ប) ក៏​នឹង​ត្រូវ​កាត់​បន្ថយ​យ៉ាង​គំហុក​ផងដែរ។​ ចាប់​ពី​អំណេះ​នេះ​តទៅ​ សហរដ្ឋ​អាមេរិក​នឹង​បរិច្ចាក​ប្រាក់​មិន​លើស​ពី​ ២៥% ឡើយ​សំរាប់​ការ​ចំណាយ​លើ​ប្រតិបត្តិការ​រក្សា​សន្តិភាព​របស់​ទាហាន​មួក​ខៀវ​នៅ​លើ​ពិភព​លោក។​ បច្ចុប្បន្ន​ ​ អាមេរិក​រ៉ាប់​រង​ការ​ចំណាយ​នេះ​រហូត​ទៅ​ដល់​ ២៨%​ ឯណោះ។​ លោក​ស្រី​ Nikki Haley អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ អ.ស.ប ​បាន​ពន្យល់​ថា​ បច្ចុប្បន្ន​នេះ​ អ.ស.ប​ ចាយ​វាយ​ថវិកា​ខ្ជះខ្ជាយ​ច្រើន​សន្ធឹក​សន្ធាប់​លើស​ពី​តម្រូវ​ការ​ជាក់​ស្តែង។​ ហើយ​បើ​ប្រៀប​ធៀប​ជាមួយ​នឹង​ប្រទេស​ដ៏ទៃ​ទៀត​ សហរដ្ឋ​អាមេរិក​មាន​បន្ទុក​ធ្ងន់​ជាង​គេ​បំផុត​ ក្នុង​ការ​រ៉ាប់រង​ការ​ចំណាយ​របស់​ស្ថាប័ន​អន្តរជាតិ​ដ៏ធំ​នេះ។

គិត​មក​ដល់​ពេល​នេះ​ អ.ស.ប ​ពុំ​ទាន់​មាន​ប្រតិកម្ម​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ​ចំពោះ​គម្រោង​ថវិកា​ជាតិ​អាមេរិក​ ដែល​បះពាល់​ដល់​កិច្ច​ដំណើរ​ការ​របស់​ស្ថាប័ន​ខ្លួន។​ ប៉ុន្តែ លោក​ Stéphane Dujarric អ្នក​នាំ​ពាក្យ​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​អំពី​ការ​កាត់​បន្ថយ​ថវិកា​ដ៏​គំហុក​បែប​នេះ​របស់​សហរដ្ឋ​អាមេរិក​ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សកម្មភាព​មនុស្ស​ធម៌​ និង​ការ​រក្សា​សន្តិភាព​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ ដែល​កំពុង​មាន​សង្គ្រាម​ស៊ីវិល។​

ក្រៅ​ពី អ.ស.ប អង្គការ​អន្តរជាតិ​ធំៗ​មួយ​ចំនួន​ក៏​កំពុង​បារម្ភ​ផង​ដែរ​ចំពោះ​កង្វះ​ថវិកា​ដំណើរ​ការ​ស្ថាប័ន​ខ្លួនជាពិសេស​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch។ អង្គការ​នេះ​បាន​រិះគន់​លោក​ ដូណាល់ ត្រាំ ថា​កំពុង​តែ​ធ្វើ​ឲ្យ​ស្ថាប័ន​រដ្ឋាភិបាល​ និង​ក្រៅ​រដ្ឋាភិបាល​អាមេរិកផែ្នក​សិទ្ធិ​មនុស្ស​​កំពុង​ចុះ​ខ្សោយ​។​លោកស្រី​ Nisha Biswal មន្រ្តី​ការ​ទូត​អាមេរិក​ដែល​ត្រូវ​បាន​តែងតាំង​កាល​ពី​សម័យ​លោក​អតីតៈ​ប្រធានាធិបតី​ អូបាម៉ា​ ហើយ​ត្រូវ​គេបាន​បញ្ឈរ​ជើង​ឲ្យ​មក​ធ្វើ​ការ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីងតោន​វិញ​បាន​សំដែង​ការ​រិះគន់​តាម​រយៈ​បណ្តាញ​សង្គម​ Twitter ថា​ ស្រប​ពេល​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​បញ្ហា​ស្មុគ​ស្មាញ​ធំៗ​ជាច្រើន​ ការ​កាត់​បន្ថយ​ថវិកាលើ​វិស័យ​ការទូត​នេះ​ជាការ​បង្ហាញ​លក្ខណៈ​មិន​ទទួល​ខុស​ត្រូវ​ និង​បង្ក​ឲ្យ​មាន​ភាព​រង្គោះ​រង្គើ​ដល់​នយោបាយ​ការ​បរទេស​អាមេរិក​ទាំងមូល​ជុំវិញ​ពិភព​លោក។

​ បុគ្គលិក​ក្រសួង​ការ​បរទេស​​រូប​នេះ​សង្ឃឹម​ថា ​សភាទាំងពីរ​ថ្នាក់​ ពោល​គឺ​សភា​​កុងគ្រែ​ស (Congrès) នឹង​ធ្វើ​អន្តរាគមន៍​រារាំង​មិន​ឲ្យ​​គម្រោង​ថវិកា​ជាតិ​នេះ​អាច​អនុម័ត​បាន។ ជាធម្មតា​ ក្រោយ​ពី​សភា​អនុម័ត​ ថវិកា​នេះ​​និង​ត្រូវ​ចូល​សុពល​ភាព​ចាប់​ពី​ថ្ងៃទី​១​ ខែ​តុលា​ ឆ្នាំ​២០១៧ នេះ​។​ គេ​នឹង​រង់ចាំ​តាម​ដាន​ការ​ជជែក​ដេញ​ដោល​គ្នា​រវាង​សមាជិក​សភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​ និង​គណបក្ស​ប្រជាធិបតេយ្យ​ជុំវិញ​គម្រោង​ថវិកា​ជាតិ​ដ៏​ចម្រូង​ចម្រាស​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ