អានតួអត្ថបទ
អ.ស.ប.

អ.ស.ប.៖​ក្រុមប្រឹក្សាសន្តិសុខ​ពង្រឹង​វិធានការ​ការពារ​បេតិកភ័ណ្ឌ​វប្បធម៌​ពិភពលោក

ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​នៅ​ថ្ងៃ​សុក្រ ទី២៤ មីនា​លើ​សេចក្តីសម្រេចចិត្ត​មួយ​ដើម្បី​ពង្រឹង​វិធានការ​ការពារ​បេតិកភ័ណ្ឌ​វប្បធម៌​ពិភពលោក។ ការ​សម្រេចចិត្ត​យ៉ាង​ដូច​នេះ​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​បាន​មើល​ឃើញ​ថា មាន​សម្បត្តិ​បេតិកភ័ណ្ឌ​វប្បធម៌​ក្នុង​លោក​កាន់​តែ​ច្រើន​ឡើងៗ​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដោយ​ជម្លោះ​ប្រដាប់អាវុធ និង​ទង្វើ​ភេរវនិយម។ ចាប់​ពី​ពេល​នេះ​ទៅ ជនដៃដល់​ដែល​បំផ្លាញ​សម្បត្តិ​បេតិកភ័ណ្ឌ​វប្បធម៌​នឹង​ត្រូវ​ចោទប្រកាន់​ពី​បទឧក្រិដ្ឋកម្ម​សង្រ្គាម។

អ.ស.ប.៖​ក្រុមប្រឹក្សាសន្តិសុខ​ពង្រឹង​វិធានការ​ការពារ​បេតិកភ័ណ្ឌ​វប្បធម៌​ពិភពលោក
អ.ស.ប.៖​ក្រុមប្រឹក្សាសន្តិសុខ​ពង្រឹង​វិធានការ​ការពារ​បេតិកភ័ណ្ឌ​វប្បធម៌​ពិភពលោក Manuel ELIAS / SC Chamber / AFP
ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​សម្បត្តិបេតិកភ័ណ្ឌ​វប្បធម៌​ក្នុង​លោក​ជា​ច្រើន​បាន​ក្លាយ​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយ​បំផ្លិចបំផ្លាញ​ពី​ក្រុមជន​ប្រដាប់​អាវុធ ក៏​ដូច​ជា​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ ជាក់ស្តែង រូបព្រះពុទ្ធ Bamiyan នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន កំណត់ត្រា​ដោយ​ដៃ Tombouctou នៅ​ក្នុង​ប្រទេស​ម៉ាលី ឬ​មួយ​ក៏​ប្រាសាទ Palmyre នៅ​ក្នុង​ប្រទេស​ស៊ីរី។ នៅ​ក្នុង​ន័យ​នេះ សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​បាន​អំពាវនាវ​ឲ្យ​ការពារ​សម្បត្តិ​បេតិកភ័ណ្ឌ​វប្បធម៌​ពិភពលោក​ជា​អចិន្ត្រែយ៍​នៅ​គ្រប់​តំបន់​ជម្លោះ​ក្នុង​លោក​ដោយ​គ្មាន​ការ​កម្រិត​ភូមិសាស្រ្ត និង​ការ​គំរាមកំហែង​គ្រប់​ប្រភេទ រួម​មាន ការ​វាយ​កម្ទេចចោល ការ​លួច​យក ឬ​មួយ​ក៏​ការ​រត់ពន្ធ។

សេចក្តីសម្រេចចិត្ត​ដដែល​បាន​គូសបញ្ជាក់​ថា ទង្វើ​វាយប្រហារ​ដោយ​ចេតនា​លើ​ទីតាំង​សម្បត្តិ​បេតិកភ័ណ្ឌ​វប្បធម៌ ឬ​សាសនា​អាច​ចាត់​ទុក​ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម។ ទន្ទឹម​គ្នា​នេះ សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ក៏​បាន​អំពាវនាវ​ដល់​គ្រប់​ប្រទេស​ឲ្យ​បង្កើត​កង​ឯកភាព​ជំនាញ​មួយ​ដោយ​សហការណ៍​ជា​មួយ​អន្តរជាតិ​សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​ការ​ជួញដូរ​សម្បត្តិ​បេតិកភ័ណ្ឌ​មនុស្សជាតិ​ដែល​លួច​ចេញ​ពី​តំបន់​មាន​ជម្លោះ​ប្រដាប់​អាវុធ។ លោកស្រី Audrey Azoulay រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​បារាំង​បាន​ប្រដូច​ទង្វើ​បំផ្លិចបំផ្លាញ​សម្បត្តិបេតិកភ័ណ្ឌ​មនុស្សជាតិ​ទៅ​នឹង​ទង្វើ​សម្លាប់​មនុស្ស។

តាម​លោកស្រី Audrey Azoulay យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​បំផ្លាញ​សម្បត្តិ​មនុស្សជាតិ​ក៏​ជា​វិធានការ​សន្តិសុខ​មួយ​យ៉ាង​សំខាន់​ព្រោះ​ទឹកប្រាក់​បាន​មក​ពី​ការ​ជួញ​ដូរ​សម្បត្តិ​បេតិកភ័ណ្ឌ​ពិភពលោក​បាន​ចូលរួម​ចិញ្ចឹម​អំពើ​ភេរវនិយម។ ដោយឡែក នាយិកា​អង្គការ Unesco លោកស្រី Irina Bokova ដែល​គាំទ្រ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​បាន​ទទួល​ស្គាល់​ថា ការ​ពង្រឹង​វិធានការ​ការពារ​សម្បត្តិ​បេតិកភ័ណ្ឌ​មនុស្សជាតិ​តម្រូវ​ឲ្យ​មាន​ការ​ចំណាយ​ច្រើន និង​បាន​កើន​ឡើង​ជានិច្ច។

កាល​ពី​ថ្ងៃ​ចន្ទ ទី២០ មីនា ប្រទេស​ចំនួន ៧ ក្នុង​នោះ​មាន​បារាំង រួម​ទាំង​អ្នកផ្តល់ជំនួយ​ឯកជន​ម្នាក់​បាន​សន្យា​ផ្តល់​លុយ​សរុប​ប្រមាណ​ជា ៧៥លានដុល្លារ​សម្រាប់​ការពារ​បេតិកភ័ណ្ឌ​វប្បធម៌​ដែល​កំពុង​ទទួល​ការ​គំរាមកំហែង​ដោយ​សង្រ្គាម និង​ភេរវនិយម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ