អ៊ីរ៉ាក់៖កងទ័ពអាមេរិកបានចាត់ទុកការស្លាប់ជនស៊ីវិលនៅក្រុងមូស៊ូលជា « សោកនាដកម្មដ៏រន្ធត់ »
នៅក្នុងប្រទេសអ៊ីរ៉ាក់ កម្លាំងសម្ព័ន្ធមិត្តអន្តរជាតិដឹកនាំដោយអាមេរិកបានទទួលស្គាល់ពីការស្លាប់ជនស៊ីវិលនៅក្នុងប្រតិបត្តិការទម្លាក់គ្រាប់បែកប្រឆាំងពួកជីហាតអង្គការអ៊ីស្លាមក្នុងទីក្រុងមូស៊ូលកាលពីថ្ងៃទី១៧ មីនាកន្លងទៅ។ មេបញ្ជាការទ័ពអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ាលោកឧត្តមសេនីយ Joe Votel បានចាត់ទុកការស្លាប់ជនស៊ីវិលនៅក្រុងមូស៊ូលជា « សោកនាដកម្មដ៏រន្ធត់ » និងសន្យាបើកការស៊ើបអង្កេតដើម្បីស្វែងរកការពិត។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៥
គឺតាមរយៈសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយក្នុងថ្ងៃអាទិត្យ ទី២៦ មីនាដែលលោកឧត្តមសេនីយ Joe Votel បានចាត់ទុកការស្លាប់ជនស៊ីវិលនៅក្រុងមូស៊ូលជា « សោកនាដកម្មដ៏រន្ធត់ »។ តែលោក Votel មិនបានបញ្ជាក់ជាផ្លូវការពីអ្នកទទួលខុសត្រូវលើការទម្លាក់គ្រាប់បែកសម្លាប់ជនស៊ីវិលក្នុងទីក្រុងមូស៊ូលនោះទេ។ អ្វីដែលលោក Votel បានសន្យា គឺការបើកការស៊ើបអង្កេតមួយដើម្បីស្វែងរកការពិត និងបន្តចាត់វិធានការពិសេសដើម្បីចៀសវាងកុំឲ្យមានព្រឹត្តិការណ៍របៀបនេះកើតមានជាថ្មីម្តងទៀត។ យោងតាមក្រុមអ្នកទទួលខុសត្រូវអ៊ីរ៉ាក់ និងក្រុមសាក្សី ប្រតិបត្តិការផ្លូវអាកាសលើទីក្រុងមូស៊ូលនារយៈពេលចុងក្រោយនេះបានបណ្តាលឲ្យស្លាប់ជនស៊ីវិលជាច្រើននាក់។
មានការលើកឡើងថា មានស្លាប់រហូតដល់រយនាក់ តែគេគ្មានតួលេខផ្លូវការណាមួយដែលបញ្ជាក់ពីចំនួនអ្នកស្លាប់ពិតប្រាកដ ហើយក៏គេគ្មានប្រភពអ្វីដើម្បីផ្ទៀងផ្ទាត់ដែរ។ សូមជម្រាបជូនថា កម្លាំងសម្ព័ន្ធមិត្តអន្តរជាតិដឹកនាំដោយអាមេរិកបានបន្តវាយប្រហារផ្លូវអាកាសតំបន់មួយនៅទីក្រុងមូស៊ូលដែលកំពុងកាន់កាប់ដោយពួកជីហាតអង្គការរដ្ឋអ៊ីស្លាម តែក៏កំពុងមានពលរដ្ឋរស់នៅទីនោះប្រមាណជា ៦០០ ០០០នាក់ដែរ។ អ៊ីចឹងហើយបានជាពលរដ្ឋទាំងនោះមានអារម្មណ៍ថា ពួកគេត្រូវបានគេទុកចោលមិនយកចិត្តទុកដាក់ និងមិនស្រាលចំពោះជីវិតរបស់ពួកគេ។
ម្យ៉ាងទៀត មានជនស៊ីវិលទាំងគ្រួសារៗត្រូវបានពួកជីហាតអង្គការរដ្ឋអ៊ីស្លាមប្រើជារបាំងដើម្បីបញ្ជៀសការទម្លាក់គ្រាប់បែកពីកម្លាំងសម្ព័ន្ធមិត្ត។ ពួកគេនឹងត្រូវពួកជីហាតសម្លាប់ចោល បើហ៊ានរត់ចេញពីលំនៅដ្ឋានដែលពួកជីហាតកំពុងជ្រកកោណជាមួយ។ ជាទូទៅ និងដើម្បីក្របួច ក ពួកជីហាតដែលយកជនស៊ីវិលធ្វើជារបាំង ទ័ពអ៊ីរ៉ាក់បានអំពាវនាវរកជំនួយផ្លូវអាកាសពីកម្លាំងសម្ព័ន្ធមិត្តអន្តរជាតិ។ លោកស្រី Belkis Wille អ្នកស្រាវជ្រាវប្រទេសអ៊ីរ៉ាក់បានបរិហារលើយុទ្ធសាស្រ្តមួយនេះដោយចាត់ទុកជាយុទ្ធសាស្រ្តមិនគិតពីសន្តិសុខជនស៊ីវិល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ