អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាមេរិក​បង្កើន​ប្រតិបត្តិការ​យោធា​កម្ទេច​ពួកជីហាត​នៅ​ស៊ីរី តែ​បន្ត​មិន​ទម្លាយ​ផែនការសម្ងាត់

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ថ្ងៃ​អង្គារ ទី២១ មីនា ក្រុមប្រទេស​សម្ព័ន្ធមិត្ត​អន្តរជាតិ​ទាំង ៦៨ប្រទេស​ដែល​បង្កើត​ឡើង​ដោយ​លោក​អតីត​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​ក្នុង​ឆ្នាំ ២០១៤ បាន​រួម​ប្រជុំ​គ្នា​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន។ នេះ​ជា​កិច្ចប្រជុំ​លើក​ទី១ រៀបចំ​ដោយ​រដ្ឋបាល​អាមេរិក​របស់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ។ លោក​ត្រាំ​មិន​មាន​វត្តមាន​នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ទេ តែ​លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក Rex Tillerson បាន​ប្រាប់​ឲ្យ​ដឹង​ពី​គោលដៅ​របស់​អាមេរិក​ក្នុង​ការ​កំចាត់​មេ​អង្គការ​រដ្ឋអ៊ីស្លាម​អាប៊ូបា អាល់បាដាឌី។ ការ​ប្តេជ្ញាចិត្ត​របស់​អាមេរិក​ពេល​នេះ​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​ទ័ពអាមេរិក​កំពុង​បង្កើន​ប្រតិបត្តិការ​វាយប្រហារ​លើ​ពួកជីហាត​នៅ​មូលដ្ឋាន​រ៉ាក់កា​ស្ថិត​ប៉ែក​ខាង​ជើង​ប្រទេស​ស៊ីរី។

រថយន្ទ​របស់​​ក្រុម​ប្រដាប់​អាវុធ​នៃ​កម្លាំង​ប្រជាធិបតេយ្យ​​ស៊ីរី (FDS)
រថយន្ទ​របស់​​ក្រុម​ប្រដាប់​អាវុធ​នៃ​កម្លាំង​ប្រជាធិបតេយ្យ​​ស៊ីរី (FDS) REUTERS/Rodi Said
ផ្សាយពាណិជ្ជកម្ម

កម្មវត្ថុ​របស់​រដ្ឋបាល​អាមេរិក​ក្នុង​ជំនាន់​លោក​ដូណាល់ ត្រាំ​បច្ចុប្បន្ន​​ក៏​មិន​ខុស​ពី​កម្មវត្ថុ​របស់​រដ្ឋបាល​អាមេរិក​ក្នុង​ជំនាន់​លោក​បារ៉ាក់ អូបាម៉ា​​ដែរ នោះ​គឺ​ការ​កំចាត់​រចនាសម្ព័ន្ធ​របស់​អង្គការ​រដ្ឋអ៊ីស្លាម​ឲ្យ​ដល់​ឫសគល់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី។ តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​ហ៊ាន​ទាំង​ចេញ​មុខ​ធានា​ក្តែងៗ​ពី​ការ​អាច​សម្លាប់​បាន​មេកើយ​អង្គការ​រដ្ឋអ៊ីស្លាម​អាប៊ូបា អាល់បាដាឌី​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។ « កំចាត់​អាប៊ូបា អាល់បាដាឌី​ជា​រឿង​ងាយ គ្រាន់​តែ​ត្រូវ​ការ​ពេល​វេលា​បន្តិច » នេះ​ជា​ឃ្លា​ថ្លែង​ដោយ​លោក Rex Tillerson ប្រមុខ​ការទូត​អាមេរិក​នា​ឱកាស​កិច្ចប្រជុំ​នៃ​ក្រុមប្រទេស​សម្ព័ន្ធមិត្ត​អន្តរជាតិ​ទាំង ៦៨ប្រទេស​ក្នុង​ទីក្រុង​វ៉ាស៊ីតោន​កាល​ពី​ថ្ងៃទី២១ មីនា។

ដើម្បី​បញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន រដ្ឋបាល​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​​បាន​បង្កើន​ការ​វាយប្រហារ​លើ​ពួកជីហាត​នៅ​ក្នុង​ទីក្រុង​រ៉ាក់កា​ស្ថិត​ប៉ែកខាងជើង​ប្រទេស​ស៊ីរី។ ទីក្រុង​រ៉ាក់កា ជា​មូលដ្ឋាន​ស្នូល​មួយ​របស់​អង្គការ​រដ្ឋអ៊ីស្លាម និង​ដែល​មេកើយ​របស់​វា​អាប៊ូបា អាល់បាដាឌី​កំពុង​មាន​វត្តមាន​នៅ​ទីនោះ។ បន្ទាប់​ពី​បាន​ប្រកាស​កាល​ពី​ថ្ងៃទី១០ មីនា​ក្នុង​ការ​បញ្ជូន​ទ័ព​ចំនួន ៤០០នាក់​ទៅ​គាំទ្រ និង​ត្រៀម​ជួយ​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ហៅ​កាត់ FDS ដើម្បី​វាយ​សង្រ្គប់​យក​ក្រុង​រ៉ាក់កា​ទាំង​មូល​មក អាមេរិក​ក៏​បាន​បើក​ការ​វាយប្រហារ​តាម​ឧទ្ធម្ភាគចក្រ និង​បាញ់​គ្រាប់កាំភ្លើងត្បាល់​កាល​ពី​ថ្ងៃទី២២ មីនា​ទៅ​ជួយ​គាំទ្រ​យុទ្ធនាការ​របស់​កម្លាំង FDS ដើម្បី​ដណ្តើម​ទំនប់​វារីអគ្គិសនី​ស្ថិត​ក្នុង​ស្រុក​តាបកា​មាន​ចម្ងាយ ៥០គីឡូម៉ែត្រ​ប៉ែក​ខាង​លិច​ក្រុង​រ៉ាក់កា។

សូម​ជម្រាប​ជូន​ថា កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ហៅ​កាត់ FDS ជា​សម្ព័ន្ធ​មួយ​ដែល​ចូលរួម​ដោយ​កម្លាំង​យុទ្ធជន​អារ៉ាប់ និង​យុទ្ធជន​គួដ​ដោយ​មាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​កម្លាំង​សម្ព័ន្ធមិត្ត​អន្តរជាតិ​ដឹក​នាំ​ដោយ​អាមេរិក។ សម្ព័ន្ធ​មួយ​នេះ​បាន​បើក​យុទ្ធនាការ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៦ ដើម្បី​រំដោះ​ទីក្រុង​រ៉ាក់កា​ដែល​បាន​ធ្លាក់​ក្នុង​កណ្តាប់ដៃ​របស់​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ខែ​សីហា ឆ្នាំ ២០១៤។ បន្ទាប់​ពី​បាន​បើក​យុទ្ធនាការ​ចាស់ដៃ​មក កម្លាំង FDS ទើប​ដណ្តើម​កាន់កាប់​បាន​អាកាសយានដ្ឋាន​យោធា​តាបកា។ ចំណែក​ទំនប់​វារីអគ្គិសនី​នៅ​មិន​ទាន់​ដណ្តើម​បាន​នៅ​ឡើយ​ទេ តែ​បាន​គាំង​ដំណើរការ​ដោយសារ​រចនាសម្ព័ន្ធ​របស់​វា​ទទួល​រង​ការ​ខូចខាត​ដោយ​គ្រាប់បែក។

យ៉ាង​ណា​ក៏​ដោយ ទីក្រុង​រ៉ាក់កា​ដែល​ជា​មូលដ្ឋាន​របស់​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​ទឹកដី​ស៊ីរី​កំពុង​ស្ថិត​ក្រោម​ការ​ឡោមព័ទ្ធ​របស់​កម្លាំង FDS ដោយ​មាន​ការ​ជួយ​គាំទ្រ​ពី​កម្លាំងសម្ព័ន្ធមិត្ត​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក។ សូម​ជម្រាប​ជូន​ថា​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ កម្លាំង​សម្ព័ន្ធមិត្ត​អន្តរជាតិ​បាន​បង្កើន​ការ​វាយប្រហារ​ផ្លូវអាកាស​ក្នុង​ទឹកដី​ស៊ីរី​សំដៅ​លើ​ទីតាំង​របស់​អង្គការ​រដ្ឋអ៊ីស្លាម។ ជាក់ស្តែង​ក្នុង​ខែ​កុម្ភៈ យន្តហោះ​ចម្បាំង​បាន​ចេញ​ប្រតិបត្តិការ​ជិត ៥៦០ដង ខែ​មករា​មាន​ប្រមាណ​ជា ៥០០ដង ហើយ​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០១៦ មាន​មិន​ដល់ ៣០០ដង​ផង។ កំណើន​យុទ្ធនាការ​នេះ​ពិត​ជា​សក្ខីកម្ម​មួយ​ដែល​សម្តែង​ចេញ​ពី​ឆន្ទៈ​របស់​រដ្ឋបាល​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​ក្នុង​ការ​កំចាត់​អង្គការ​រដ្ឋអ៊ីស្លាម​ឲ្យ​ដល់​ឫសគល់ ទោះ​ស្ថិត​នៅ​កន្លែង​ណា​ក៏​ដោយ។

ទន្ទឹម​គ្នា​នេះ លោក​ប្រមុខ​ការទូត​អាមេរិក Rex Tillerson មិន​ភ្លេច​និយាយ​ទេ​ពី​គម្រោង​បង្កើត​តំបន់​បណ្តោះអាសន្ន​មួយ​ដែល​មាន​ស្ថិរភាព និង​ធានា​បទឈប់បាញ់​នៅ​ក្នុង​ទឹកដី​ស៊ីរី​ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការ​វិល​ត្រឡប់​របស់​ជនភៀសខ្លួន និង​ជនបំលាស់ទី​ជនជាតិ​ស៊ីរី។ សហគមន៍អន្តរជាតិ ពិសេស​បារាំង​តាម​រយៈ​លោក​ប្រមុខ​ការទូត​ហ្សង់ម៉ាក អេរ៉ូ​បាន​សម្តែង​ការ​ពេញ​ចិត្ត​ចំពោះ​សេចក្តីសម្រេច​ចិត្ត​របស់​អាមេរិក​ក្នុង​យុទ្ធនាការ​រំដោះ​ទីក្រុង​រ៉ាក់កា។ សម្រាប់​លោក​អេរ៉ូ គឺ​នៅ​ទីក្រុង​រ៉ាក់កា​នោះ​ហើយ​ដែល​ពួកជីហាត​បាន​រៀបចំ​ផែនការ​ភេវរកម្ម​វាយប្រហារ​លើ​ទឹកដី​អឺរ៉ុប។ ក៏​ប៉ុន្តែ រូប​ប្រមុខ​ការទូត​បារាំង​មិន​យល់ស្រប​តាម​អាមេរិក​ក្នុង​ការ​បង្កើត​ឲ្យ​មាន​តំបន់​បណ្តោះអាសន្ន​លើ​ទឹកដី​ស៊ីរី​ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការ​វិល​ត្រឡប់​របស់​ជនភៀសខ្លួន និង​ជនបំលាស់ទី​ជនជាតិ​ស៊ីរី​ទេ។

អ្វី​ដែល​លោក​អេរ៉ូ​ចង់​បាន​នៅ​ក្រោយ​ការ​រំដោះ​ទីក្រុង​រ៉ាក់កា​ពី​ពួកជីហាត គឺ​បង្កើត​អភិបាល​ស៊ីរី​មួយ​ដឹក​នាំ​ដោយ​ក្រុមប្រឆាំង​កណ្តាលនិយម។ នៅ​ត្រង់​ចំណុច​នេះ លោក​អេរ៉ូ​នៅ​មិន​ទាន់​បាន​ទទួល​ចម្លើយ​ជាក់ច្បាស់​ពី​អាមេរិក​នៅ​ឡើយ​ទេ។ មួយ​វិញ​ទៀត និង​អ្វី​ដែល​សហគមន៍​អន្តរជាតិ​កំពុង​ចង់​ដឹង​ពី​អាមេរិក​នោះ គឺ​ផែនការ​សម្ងាត់​ក្នុង​ការ​កំចាត់​អង្គការ​រដ្ឋអ៊ីស្លាម។ ផែនការសម្ងាត់​មួយ​នេះ​ត្រូវ​បាន​លើក​ឡើង​ដោយ​លោក​ដូណាល់ ត្រាំ​នា​សម័យ​ឃោសនា​បោះឆ្នោត។ តែ​រហូត​មក​ដល់​ពេល​នេះ ផែនការ​សម្ងាត់​នោះ​នៅ​បន្ត​ស្ងាត់ រហូត​ធ្វើ​ឲ្យ​លោកស្រី​ហ៊ីលឡារី គ្លីនតុន​ដែល​ជា​បេក្ខជន​ប្រធានាធិបតី​ចាញ់ឆ្នោត​ដៀមដាម​ឲ្យ​ថា "ការ​បន្ត​មិន​បញ្ចេញ​ផែនការ​សម្ងាត់ ក៏​ដោយសារ​តែ​គ្មាន​ផែនការ​សម្ងាត់​ស្អី​ណាដើម្បី​បញ្ចេញ​​នោះ​ទេ"៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ