អានតួអត្ថបទ
វេណេស៊ុយអេឡា

វិបត្តិ​វ៉េណេស៊ុយអេឡា៖ តុលាការ​កំពូល​រឹបអូស​អំណាច​ពី​រដ្ឋសភា

ក្រៅតែ​ពី​សេដ្ឋកិច្ច វ៉េណេស៊ុយអេឡា​កំពុង​លង់​ជ្រៅ​ទៅក្នុង​វិបត្តិ​នយោបាយ។ ចាប់តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា​បាន​រង​គ្រាប់​ភ្លៀង​រិះគន់​ពី​សហគមន៍​អន្តរជាតិ និង​ការថ្កោលទោស​ពី​ក្រុមអ្នកប្រឆាំង បន្ទាប់​ពី​តុលាការ​កំពូល​របស់​ប្រទេស​នេះ​បាន​សម្រេច​ដកហូត​អំណាច​និតិបញ្ញត្តិ​ពី​រដ្ឋសភា​មក​គ្រប់គ្រង។

អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​លើក​ទង់ជាតិ​វ៉េណេស៊ុយអេឡាដែល​មាន​សរសេរ​ប្រឆាំង​នឹង​អំណាច​ផ្តាច់ការ នៅថ្ងៃទី ៣០​មីនា ២០១៧
អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​លើក​ទង់ជាតិ​វ៉េណេស៊ុយអេឡាដែល​មាន​សរសេរ​ប្រឆាំង​នឹង​អំណាច​ផ្តាច់ការ នៅថ្ងៃទី ៣០​មីនា ២០១៧ © REUTERS/Marco Bello
ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម​រិះគន់ ប្រឆាំង​នឹង​រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា​កើតមាន ​ជាបន្តបន្ទាប់ តាំង​ពី​អង្គការ​សហប្រជាជាតិ អង្គការ​ប្រទេស​អាមេរិកOEA បណ្តា​ប្រទេស​នៅ​អាមេរិក​ខាងជើង និង​នៅ​អាមេរិកឡាទីន។ “ប្រធានាធិបតី​នីកូឡា ម៉ាឌូរ៉ូ​បាន​ធ្វើ​រដ្ឋប្រហារ។ គាត់​បាន​ដក​យក​អំណាច​ពី​ប្រជាជន”។ នេះ​ជា​ការថ្លែង​របស់​លោក Julio Borges ប្រធាន​សភា​វ៉េណេស៊ុយអេឡា ដែល​បាន​អំពាវនាវ​ឲ្យ​យោធា​ចេញមុខ​ធ្វើ​អន្តរាគមន៍ ដើម្បី រៀបចំ​រដ្ឋធម្មនុញ្ញ​ឲ្យ​មាន​សណ្តាប់ធ្នាប់​ឡើង​វិញ។

 
នៅ​ក្នុង​សេចក្តី​សម្រេច ធ្វើឡើង​នៅ​យប់​ថ្ងៃ​ពុធ តុលាការ​កំពូល​វ៉េណេស៊ុយអេឡា​ដែល​ស្និទ្ធ​នឹង​លោក​ប្រធានាធិបតី​នីកូឡា ម៉ាឌូរ៉ូ​បាន​ប្រកាស​ដកហូត​អំណាច​សភា មក​គ្រប់គ្រង។ អំណើះតទៅ គឺ​តុលាការ​កំពូល​ដែល​មាន​សិទ្ធិអំណាច​លើ​រាល់​ការសម្រេច​របស់​រដ្ឋសភា។

នីតិបញ្ញត្ត​ជាអំណាច​ចុងក្រោយ ដែល​លោកប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ បាន​ដណ្តើម​យក​មក​ក្តោបក្តាប់​ដោយ​ផ្ទាល់ បន្ទាប់​ពី​រដ្ឋាភិបាល យោធា និង​តុលាការ។ នៅ​វ៉េណេស៊ុយអេឡា​ វា​មិនមែន​ចៃដន្យ​ទេ ដែល​ប្រធានាធិបតី​បញ្ជា​ឲ្យ​តុលាការ​រឹបអូស ដកអំណាច​របស់​រដ្ឋសភា។ ជាលើក​ទី ១ ក្នុង​រយៈពេល ១៧​ឆ្នាំ​ចុងក្រោយនេះ ក្រុមបក្ស​ប្រឆាំង​បាន​ឈ្នះឆ្នោត ចូល​គ្រប់គ្រង​សភា នៅ​ឆ្នាំ ២០១៥។ តាំង​ពី​ដើម​ឆ្នាំ ២០១៦ តុលាការ​កំពូល បានសម្រេច​រំលាយ​ចោល រាល់​ច្បាប់ ដែល​បោះឆ្នោត​អនុម័ត​ដោយ​រដ្ឋសភា ដែល​គ្រប់គ្រង​ដោយ​បក្ស​ប្រឆាំង។ នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ដកអំណាច​ពី​រដ្ឋសភា តុលាការ​កំពូល បាន​សម្រេចផងដែរ ដក​អភ័យឯកសិទ្ធិ​របស់​សមាជិក​សភា ដែល​នឹង​អាច​បើក​ផ្លូវ​ឲ្យ​ពួកគេ​ប្រឈម​នឹង​ការចោទប្រកាន់ ពី​បទក្បត់ជាតិ​នៅ​តុលាការ​យោធា។

នៅ​អាទិត្យ​មុននេះ រដ្ឋសភា​វ៉េណេស៊ុយអេឡា​បាន​បោះឆ្នោត អនុម័ត​ច្បាប់ សុំ​ឲ្យ​អង្គការក្រុម​ប្រទេស​អាមេរិក OEA អន្តាគម ដាក់​សម្ពាធ​លើ​លោក​ប្រធានាធិបតី​នីកូឡា ម៉ាឌូរ៉ូ។ នៅក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កំពុង​ជួប​វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច គណបក្ស​ប្រឆាំង​បាន​ទាមទារ​ឲ្យ​មាន​ការបោះឆ្នោត​មុនអាណត្តិ ប៉ុន្តែ លោក​ប្រធានាធិបតី​មិនព្រម និង​បាន​ចោទប្រកាន់​អង្គការ​ក្រុមប្រទេស​អាមេរិក ថា កំពុង​ញុះញង់ ឲ្យ​មានអន្តរាគមន៍​អន្តរជាតិ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​វ៉េណេស៊ុយអេឡា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ