អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សហរដ្ឋអាមេរិក-ចិន៖​ ​ជំនួប​កំពូល​លើកដំបូង​រវាង​លោក​ ដូណាល់ ត្រាំ​ និង​លោក​ ស៊ី ជីនពីង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នា​សប្តាហ៍​នេះ​ លោក​ប្រធានាធិបតី​ចិន​ ស៊ី ជីន​ពីង​ នឹង​មក​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​រយៈ​ពេល​ពីរ​ថ្ងៃ​ ពោល​ គឺ​ចន្លោះ​ពី​ថ្ងៃ​ទី​៦ និង​៧​ មេសា​នេះ។ នេះ​ជា​ជំនួប​កំពូល​តំបូង​​រវាង​លោក​ ស៊ី​ ជីន​ពីង​ និង​លោក​ ដូណាល់​ ត្រាំ​។ ​ជំនួប​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នា​លំនៅ​ដ្ឋាន​ឯក​ជន​ដ៏​មហា​ស្កឹម​ស្កៃ​ Mar-a-Lago ​របស់​លោក​ប្រធានាធិបតី​អាមេរិក​ ដែល​ស្ថិត​នៅ​ទីក្រុង​មាត់​សមុទ្រ​ Palm Beach ​ក្នុង​រដ្ឋ​ Florida។​ កន្លង​មក​ គេ​មិន​ដែល​នឹក​ស្រមៃ​ថា​នឹង​មាន​ជំនួប​រវាង​មេដឹកនាំ​ទាំង​ពីរ​រូប​នេះ​ឡើយ។​ តើ​ម្រមុខ​រដ្ឋ​ទាំងពីរ​អាចនឹង​លើក​បញ្ហា​អ្វី​ខ្លះ​មក​ជជែក​ពិភាក្សា​គ្នា​?​

​ប្រធានាធិបតី​ចិន លោក Xi Jinping និង​​សមភាគី​​អាមេរិក លោក Donald Trump.
​ប្រធានាធិបតី​ចិន លោក Xi Jinping និង​​សមភាគី​​អាមេរិក លោក Donald Trump. REUTERS/Toby Melville/Lucas Jackson/File Photos
ផ្សាយពាណិជ្ជកម្ម

ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​មេដឹកនាំ​ចិន​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ក្រសួង​ការ​បរទេស​ចិន​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បត្តិ៍ ទី​៣០ មិនា​ សប្តាហ៍​មុន។​ ​ភ្លាមៗ​នោះ​ផង​ដែរ​ សេតវិមាន​ក៏​បាន​អះអាង​បញ្ជាក់​ព័ត៌មាន​នៃ​ទស្សនកិច្ច​ផ្លូវការ​នេះ។

បើ​តាម​កម្មវិធី​បដិសណ្ឋារកិច្ចដែល​បាន​គ្រោង​ទុក​​ លោក​ប្រធានាធិតី ដូណាល់​ ត្រាំ និង​ភរិយា​​នឹង​រៀបចំ​ពិធី​ជប់​លៀង​ពិសារ​អាហារ​ផ្លូវការ​មួយ​នា​ល្ងាច​ថ្ងៃ​ព្រហ្បត្តិ៍​ ទី​៦​ មេសា​នេះ ដើម្បី​ស្វាគមន៍​លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង​ និង​ភរិយា​។​ មែនទែន​ទៅ​ លោក​ ស៊ី​ ជីនពីង​ នឹង​ក្លាយ​ជា​ប្រមុខ​រដ្ឋ​ទីពីរ​នៅ​លើ​ពិភព​លោក ដែល​ត្រូវ​បាន​លោក​ ដូណាល់​ ត្រាំ​ ទទួល​ស្វាគមន៍​នៅ​លំនៅ​ដ្ឋាន​ឯកជន​ Mar-a-Lago បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្រ្តី​ជប៉ុន Shinzo Abe ដែល​បាន​មក​ធ្វើ​ទស្សន​កិច្ច​ជាផ្លូវការ​កាលពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ។

ដំណើរ​ទស្សនកិច្ច​នេះ​ក៏​អាច​លេច​ចេញ​ជារូបរាង​បាន​​ ក្រោយ​ពី​ប្រមុខ​ការ​ទូត​អាមេរិក​ គឺ​លោក​​ Rex Tillerson បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​កាលពី​ប្រមាណ​ពីរ​សប្តាហ៍​មុន។ តាម​ពិត​ទៅ​ បើ​គេ​ងាក​ត្រលប់​មក​ពិនិត្យ​សំដី​កន្លង​មក​របស់​លោក​ ដូណាល់​ ត្រាំ​ កាល​ពី​​ប៉ុន្មាន​ខែ​មុន​ គឺ​គេ​មិន​អាច​នឹក​ស្រមៃ​ថា​នឹង​មាន​ជំនួប​កំពូល​រវាង​មេដឹកនាំ​អាមេរិក​-​ចិន​ឡើយ។​​
សូម​បញ្ជាក់​ផង​ដែរ​ថា​ កាលពី​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ប្រធានាធិបតី លោក​ ដូណាល់​ ត្រាំ តែង​​ធ្វើការ​រិះគន់ប្រទេស​ចិន​ជាញឹក​ញយ​ថា​បាន​លួច​ការងារ​ពលរដ្ឋ​អាមេរិក​រាប់​លាន​នាក់។ ហើយ​ លោក​ ដូណាល់​ ត្រាំ ក៏​បាន​និយាយ​គំរាម​​កំហែង​បើក​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​​ចិន​ទៀត​ផង តាម​រយៈ​ការ​ដាក់​បង្ខំ​យក​ពន្ធ​អាករ​​លើ​ការ​នាំចូល​ទំនិញ​មក​ពី​ប្រទេស​ចិន។

លើស​ពី​នេះ​ទៅ​ទៀត​ ភ្លាមៗ​ក្រោយ​ពី​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​ កាលពី​ខែ​វិច្ឆិកា​​ ឆ្នាំ​២០១៦​​កន្លង​ទៅ​នេះ​​ លោក​ ដូណាល់​ត្រាំ ក៏​បាន​បង្ក​បញ្ហា​ធ្វើ​ប្រទេស​ចិន​ក្តៅ​ស្លឹក​ត្រចៀក​​ផងដែរ​។​ តួយ៉ាង​ដូច​ជា​ ការ​មិន​ចង់​​គោរព​គោលការណ៍​អធិបតេយ្យ​ចិន​តែ​មួយ​ ដែល​ប្រទេស​ចិន​កុម្មុយនិស្ត​ដីគោក​បាន​​ដាក់​ចេញ​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩​ ដោយ​ទាមទារ​ឲ្យ​គ្រប់​ប្រទេស​ទាំង​អស់​ពុំ​ត្រូវ​មាន​ទំនាក់​ទំនង​​ផ្លូវការ​ណា​មួយ​ជាមួយ​អាជ្ញាធរ​ដែនដី​កោះ​តៃវ៉ាន់​ឡើយ។​
ធ្ងន់​ធ្ងរ​ជាង​នេះ​ទៅ​ទៀត​ លោក​ ដូណាល់​ ត្រាំ ក៏​បាន​បង្ក​ឲ្យ​ប្រទេស​ចិន​ខឹង​ច្រឡោត​ខ្លាំង​មែន​ទែន​ ក្រោយ​ពី​គាត់​បាន​យល់​ព្រម​ទទួល​ទូរស័ព្ទ​និយាយ​សន្ទនា​ជាមួយ​លោកស្រី​ Tsai Ing-wen ប្រធានាធិបតី​កោះតៃវ៉ាន់។ ប៉ុន្តែ ស្ថាន​ភាព​ហាក់​បាន​ស្រួល​បួល​ឡើង​វិញ​ ក្រោយ​ពី​មាន​​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​ជាលើក​តំបូង​ជាមួយ​ប្រមុខ​មេដឹក​ចិន​ ​និង​អាមេរិក​ កាលពី​​ពាក់​កណ្តាល​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​នេះ​។ ក្នុង​កិច្ច​សន្ទនា​នោះ​ ​លោក​ ដូណាល់​ ត្រាំ បាន​បន្ធូរ​បន្ថយ​ឥរិយាបថ​ ដោយ​បាន​និយាយ​ក្រឡាស់​សំដី​វិញ គឺ​​ប្រកាស​ទទួល​ស្គាល់​គោលការណ៍​អធិបតេយ្យ​ភាព​​ចិន​តែ​មួយ​ ។​ ការ​ផ្លាស់​ប្តូរ​កាយ​វិការនេះ​ហើយ​ជា​បុព្វហតុ​ចម្បង​នាំ​ឲ្យ​មាន​ជំនួប​​កំពូល​តំបូង​រវាង​លោក​ ដូណាល់​ ត្រាំ និង​លោក​ ស៊ី ជិន​ពីង។​

បើ​តាម​ប្រភព​មន្រ្តីការ​ទូត​នានា​ប្រចាំ​នៅ​ទីក្រុង​ប៉េកាំង​បាន​ឲ្យ​ដឹង​ថា​ ក្របខណ្ឌ​នៃ​ជំនួប​កំពូល​​នេះ​ គឺ​មាន​គោល​បំណង​បើក​ផ្លូវ​ឲ្យ​ថ្នាក់​ដឹកនាំ​ទាំងពីរ​រូប​ស្គាល់​គ្នា​ឲ្យ​កាន់​តែ​ច្បាស់​ថែម​ទៀត​។ នេះ​ជា​គោលដៅ​ដ៏​សំខាន់​ជាង​អ្វី​ៗទាំង​អស់​។ ពោល​ គឺ​សំខាន់​ជាង​ការ​ដោះស្រាយ​បណ្តា​សំណុំ​រឿង​ដ៏​រសើបរវាង​ប្រទេស​ទាំង​ពីរ។ បើ​តាម​លោក​ Douglas Paal នាយក​ទទួល​បន្ទុក​ផែ្នក​អាស៊ី​ប្រចាំ​វិទ្យាស្ថាន​ Carnegie Endowment for International Peace ប្រចាំ​នៅ​ទីក្រុង​វ៉ាស៊ីងតោន​បាន​វិភាគ​ឲ្យ​ដឹង​ថា​ ប្រមុខ​រដ្ឋ​ទាំងពីរ​នឹង​ព្យាយាម​មិន​បញ្ឆេះ​សង្គ្រាម​ពាក្យ​សំដី​ឡើយ​ ក្រៅ​តែពី​លើក​យក​ប្រធាន​បទ​​ទូទៅ​ជុំវិញ​បញ្ហា​សេដ្ឋកិច្ច​មក​ជជែកពិភាក្សា។​

ចំណែក​លោក​ Henry Levine អ្នក​វិភាគ​ប្រចាំ​ការិយាល័យ​ឯកជន​ Albright Stonebridge Group (ASG) ដែល​ជា​ក្រុមហ៊ុន​មាន​ជំនាញ​​ផ្តល់​ប្រឹក្សា​យោបល់​ផែ្នក​ជំនួញ​អន្តរជាតិ​បាន​វិភាគ​​ថា​ ជំនួប​កំពូល​រវាង​មេដឹកនាំ​ទាំងពីរ​ និង​អនាគត​នៃ​ទំនាក់​ទំនង​ចិន​-អាមេរិក​ នឹង​សង្កត់​ធ្ងន់​​លើ​ប្រធាន​បទ​​មួយ​ចំនួន​ ដែល​រដ្ឋាភិបាល​របស់​លោក​ ដូណាល់​ ត្រាំ បាន​ដាក់​ជា​អាទិភាព​​រួច​ជា​ស្រេច។​ តួយ៉ាង​ដូចជា​ សំណុំ​រឿង​ពាណិជ្ជកម្ម​រវាង​អាមេរិក​-ចិន​​, វិបត្តិ​នុយ​ក្លេអ៊ែរ​​​ប្រទេស​កូរ៉េ​ខាង​ជើង​, ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ និង​សំណុំ​រឿង​អធិបតេយ្យ​ភាព​កោះ​តៃវ៉ាន់។
កន្លង​មក​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីង​តោន​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដាក់​សម្ពាព​​លើ​​ប្រទេស​​កូរ៉េ​​ខាង​​ជើង​​ ដើម្បី​បញ្ចុះ​បញ្ចូល​ឲ្យ​ប្រទេស​មួយ​នេះ​បោះបង់​ចោល​កម្មវិធី​​ផលិត​​អាវុធ​​នុយ​ក្លេអ៊ែរ​ប្រល័យ​លោក​ និង​អាវុធ​មីស៊ីល​បាលីស្ទិក។ ថ្មីៗ​នេះ​ ប្រទេស​ចិន​បាន​ប្រកាស​​ឈប់​នាំចូល​ធ្យូង​ថ្ម​ពី​ប្រទេស​កូរ៉េ​ខាងជើង។​ ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​កូរ៉េ​ខាង​ជើង​បាត់​ប្រភព​​ចំណូល​​ដ៏​​សំខាន់​មួយ។
បច្ចុប្បន្ន​នេះ​ សហរដ្ឋ​អាមេរិក​ និង​ចិន​ក៏​កំពុង​តែ​ខ្វែង​យោបល់​គ្នា​ផង​ដែរ​ក្នុង​សំណុំ​រឿង​ជម្លោះ​ដែន​​សមុទ្រ​ចិន​ខាង​ត្បូង​។​ ដូច​យើង​បាន​ដឹង​រួច​មក​ហើយ​ សព្វ​ថ្ងៃ​នេះ​ ប្រទេស​ចិន​កំពុង​តែ​ទាម​​ទារ​គ្រប់​គ្រង​អធិតេយ្យ​ភាព​ផ្ទៃ​សមុទ្រ​នេះ​ស្ទើរ​តែ​ទាំង​ស្រុង​។ ប៉ុន្តែ សហរដ្ឋ​អាមេរិក​បដិសេធ​​​ដោយ​ផ្អែក​លើ​អំណះ​អំណាង​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​ ដែល​ប្រទេស​ចិន​គ្មាន​សិទ្ធិ​គ្រប់​គ្រង​ដែន​សមុទ្រ​នេះ​តែ​ម្នាក់​ឯង​ឡើយ។ លើស​ពីនេះ​ ប្រទេស​ចិន​ក៏​មិន​សប្បាយ​ចិត្ត​ឡើយ​ចំពោះ​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ប្រឆាំង​មីស៊ីល​ Thaad របស់​អាមេរិក​នៅ​លើ​ទឹកដី​កូរ៉េ​ខាង​​ត្បូង  ​នាពេល​ថ្មីៗ​កន្លង​ទៅ​នេះ។​ សំរាប់​ចិន​ សកម្ម​ភាព​យោធា​អាមេរិក​នៅ​កូរ៉េ​ខាង​ត្បូង​ជា​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​របស់​ខ្លួន៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ