អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​បញ្ឈប់​ការបង់​វិភាគទាន​ឱ្យ​មូលនិធិ​ប្រជាជន​នៃ​អង្គការ​សហប្រជាជាតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក ដូណាល់ត្រាំ បាន​ទន្ទេញ​ជាប់​​ពាក្យ​ថា ​កាត់​បន្ថយ ​ ឬ​ចង់​លុប​ចោល តែ​ម្តង ជំនួយហិរញ្ញវត្ថុ​ទៅ​ឱ្យ​​ស្ថាប័ន​​អង្គការ​សហប្រជាជាតិ​ ឬ​អង្គការ​អន្តរជាតិ​នានា។ នៅ​ថ្ងៃ​ចន្ទ​នេះ សហរដ្ឋ​អាមេរិករបស់​លោក ត្រាំ បាន​បញ្ចេញ​វិធានការ​ជាក់ស្តែងដំបូង ដោយ​​បាន​ប្រកាស​​​​បញ្ឈប់​ការ​បង់​វិភាគ​ទាន​​ឱ្យ​មូលនិធិអង្គការ​សហប្រជាជាតិ​ដើម្បី​​ប្រជាជន​ ហៅកាត់​ថា UNFPA។ ហេតុ​អ្វីអាមេរិក​ដៅ​​មូលនិធិ​ប្រជាជន ? តើ​មូលនិធិ​ជាអ្វី មាន​តួនាទី​និង​បេសកកម្ម​យ៉ាងណា​ខ្លះ ?

ស្លាក​សញ្ញា​មូលនិធិ​អង្គការ​សហប្រជាជាតិ​ដើម្បី​ប្រជាជន (UNFPA).
ស្លាក​សញ្ញា​មូលនិធិ​អង្គការ​សហប្រជាជាតិ​ដើម្បី​ប្រជាជន (UNFPA). © UNFPA/Wikipédia
ផ្សាយពាណិជ្ជកម្ម

មូលនិធិប្រជាជន UNFPA ជា​មូលនិធិរបស់​អង្គការ​ប្រជាជាតិ ដើម្បីសកម្មភាព​ប្រជាជន ដែល​ត្រូវ​បាន​បង្កើត​​ក្នុង​ទម្រង់​ជា​មូលនិធិ​ពិសេស​នៅ​ឆ្នាំ​ ១៩៦៧ និង​ដែល​ចាប់​ផ្តើម​​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ បំរើ​កម្មវិធី​ប្រជាជន​​ តាំង​ពី​ឆ្នាំ ១៩៦៩​មក និង​មាន​ឈ្មោះ​ជា​ផ្លូវការ ជា​មូលនិធិ​ប្រជាជន នៅ​ឆ្នាំ​១៩៨៧​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ននេះ។

បេសកកម្ម​ចំបង​របស់​មូលនិធិ គឺជួយ​ស្ថាបនា​ពិភពលោក​មួយ​ដ៏​ល្អ​ប្រពៃ ដែល​ស្ត្រី​គ្រប់​រូប​ពរ​ពោះ តាម​​បំណង​ប្រាថ្នា ដែល​គ្មាន​គ្រោះ​ហានិភ័ហ​នៅ​ពេល​សម្រាល​កូន និង​ដែល​គ្រប់​យុវវ័យ​ អាច​បញ្ចេញ​សក្តានុពល​របស់​ខ្លួន​បាន​យ៉ាង​ពេញ​លេញ។ មាន​ន័យ​ថា​ មូលនិធិ​ប្រជាជន​ ចង់​ធានា​រ៉ាប់​រង​ឱ្យ​ពលរដ្ឋ​លើ​ភព​ផែន​ដី ក្នុង​ប្រទេស​ចំនួន​ជាង​១៥០ ជាពិសេស​ស្ត្រី​និង​យុវតី មាន​សមភាព​ផ្នែក​ផ្លូវភេទ អាចទទួល​បាន​សេវា​សុខភាព​ ផ្នែក​ផ្លូវ​ភេទ​និង​ការ​បង្ក​បង្កើត​កូន​ មាន​គុណភាព​ខ្ពស់ ស្រប​តាម​ផែនការ​គ្រួសារ ដោយ​អាច​ជ្រើសរើស​​ដោយ​សេរី​និង​យ៉ាង​ច្បាស់​លាស់ អំពី​ជីវិត​ស្នេហា​និង​ការ​បង្ក​បង្កើត បង្អាក់​កំណើត ឬ​សិទ្ធិរម្លូត​កូន​ជា​ដើម។

UNFPA ​គាំទ្រ​សិទ្ធិ​​រម្លូត​កូនរបស់​ស្ត្រី​​ នៅ​ចិន

រដ្ឋាភិបាល​អាមេរិក របស់​លោក​ត្រាំ ដែល​ជា​អ្នក​សាធារណរដ្ឋ​និយម មាន​និន្នាការ​​អ្នក​អភិរក្ស​ខ្លាំងណាស់ ! រដ្ឋមន្ត្រី​មួយ​ភាគ​ធំ សុទ្ធ​តែ​ជា​អ្នក​ប្រឆាំង​នឹង​ការ​រម្លូត​កូន​​។ ដូច​បាន​សន្យា​ក្នុង​ពេល​ឃោសនា​បោះឆ្នោត គ្រាន់តែ​បានចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ភ្លាម លោក ដូណាល់ ត្រាំ បានចេញ​ក្រិត្យ នៅ​ថ្ងៃ​ទី ២៣​មករា ២០១៧ ​​ដាក់​បម្រាម​ហាមឃាត់​មិន​ឱ្យ​រដ្ឋាភិបាល​អាមេរិក​ផ្តល់​ជំនួយ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ណា ដែល​សម្រួលនិង​គាំទ្រ​​ការ​រម្លូត​កូន​នេះ​ទេ។

នៅ​សហរដ្ឋ​អាមេរិក ពលរដ្ឋ​មាន​សិទ្ធ​រម្លូត​កូន​តាំង​ពី​ឆ្នាំ​១៩៧៣​មក តាម​រយៈ​ការ​ចែង​ជា​ច្បាប់ ប៉ុន្តែ​នៅ​ពេល​ណា​មាន​ប្រធានាធិបតី​ជា​អ្នក​សាធារណរដ្ឋ​ឡើង​កាន់​អំណាច​ ច្បាប់​នេះ​តែង​ត្រូវ​ព្យួរ។ ហើយ​មិន​ខុស​ពី​ប្រធានាធិបតី​អាមេរិក​​អ្នក​សាធារណរដ្ឋ​​មុនៗ លោក ត្រាំ​ក៏​បាន​ចេញ​ក្រិត្យ​ព្យួរ​ច្បាប់​នេះ​ កាលពី​ខែ​មករា ក្រោម​ស្នូរ​បាតុកម្ម​របស់​ពលរដ្ឋ និង​បាន​ប្រកាស​ផ្តាច់​ជំនួយ​នៅ​ថ្ងៃ​នេះ ដោយ​បានពន្យល់​​បញ្ជាក់​យ៉ាង​ត្រង់ៗ​ថា មក​ពី​មូលនិធិ​ប្រជាជន បាន​គាំទ្រ ឬ​បាន​ចូល​រួម​ចំណែក​ចាត់​ចែង​បង្កើតកម្មវិធី​​រម្លូត​កូន ឱ្យ​ក្លាយ​ជា​​​ច្បាប់ និង​ឱ្យ​មនុស្ស​ស្ត្រី​អារ​ដោយ​អចេតនា ទើប​រដ្ឋាភិបាល​​សម្រេច​បញ្ឈប់​ការ​បង់​វិភាគ​ទាន។

​សម្រាប់​មូលនិធិ​ប្រជាជន ​រដ្ឋាភិបាល​អាមេរិក​ ទទួល​ព័ត៌មាន​ និង​បក​ស្រាយ​ខុស​ ដែល​ថា​មូលនិធិ​គាំទ្រ​នយោបាយ​រម្លូត​កូន ដោយ​បង្ខំ និង​ធ្វើ​ឱ្យ​ស្ត្រី​ធ្លាក់​ខ្លួន​អារ ដូច​ករណី​នៅ​ប្រទេស​ចិន។​ តាមការ​ពិត ការ​រម្លូត​កូន​ដែល​អង្គការ​គាំទ្រ គឺ​បាន​សង្គ្រោះ​ជីវិត​ស្ត្រី​​ជា​ម្តាយ​​ឱ្យ​ជួ​ប​គ្រោះ​មរណៈ​ពេល​ឆ្លង​ទន្លេ​ មិន​ឱ្យ​មាន​កូន​កើត​មក​ក្នុង​ភាពពិការ​ធ្ងន់ធ្ងរ​ គឺ​ដូច​បាន​​ទប់​ស្កាត់ជា​ពិសេស​​​មិន​ឱ្យ​មាន​វិបត្តិមនុស្សធម៌​ពិភពលោក​វិវឌ្ឍន៍​លឿន​ពេក។​​

​អាមេរិក​ប្រទេស​ផ្តល់​ជំនួយ​លំដាប់​ទី​បួន

មូលនិធិ​ ជា​ស្ថាប័ន​មួយ​របស់​អង្គការ​សហប្រជាជាតិ មាន​ក្រុម​ប្រឹក្សា​​សមាជិក​ចំនួន​៣៦​ប្រទេស តំណាង​ឱ្យ​ទ្វីប​អាហ្វ្រិក​៨​នាក់ អាស៊ីប៉ាស៊ីហ្វិក ៧​នាក់ បួន​នាក់​អឺរ៉ុបខាង​កើត ៥​នាក់​សម្រាប់អាមេរិកឡាទីន និង​១២​នាក់​សម្រាប់អឺរ៉ុប​​ខាង​លិច​និងបណ្តាប្រទេស​ជឿនលឿន មាន​រដ្ឋាបាល មាន​បេឡា និង​មាន​កម្មវិធី​ច្បាស់​លាស់​ ក្នុង​ការ​​ចេញ​ធ្វើ​បេសកកម្ម ស្រប​តាម​កញ្ចប់​ថវិកា​ប្រមូល​បាន។ ថវិកានោះ​ បាន​មក​ពី​ការ​បង់​វិភាគ​ទាន ជា​ប្រាក់​ឧបត្ថម្ភ​​ដោយ​ស្ម័គ្រ​ចិត្ត របស់​​រដ្ឋាភិបាលប្រទេស​អ្នក​ផ្តល់​ជំនួយ​ អង្គការ​អន្តររដ្ឋាភិបាល ក្រុមហ៊ុនឯកជន មូលនិធិ​ឬ​ជន​សាមញ្ញ តែ​​មិនមែន​ជាថវិការបស់​​អង្គការសហប្រជាជាតិ​ទេ។

អាមេរិក​ជាប្រទេស​​ផ្តល់​វិភាគ​ទាន​ ដ៏​សំខាន់ លំដាប់​ទី​បួន របស់​មូលនិធិ។ នៅ​​ក្នុង​ឆ្នាំ​២០១៥ ប្រាក់​វិភាគ​ទាន​ដែល​មូលនិធិ​ប្រមូល​បាន​ មាន​ទំហំ​៩៧៩​លាន​ដុល្លារ​អាមេរិក (ពោល​គឺ​តិច​ជាង​ឆ្នាំ​២០១៤​ចំនួន ៧៩​លាន)​ ក្នុង​នោះ ៧៥​លាន​ដុល្លារ​បាន​មក​ពី​​សហរដ្ឋអាមេរិក​។ បើ​តាម​​គម្រោង សហរដ្ឋ​អាមេរិកត្រូវ​​ផ្តល់​ថវិកា​ ៣២,៥​លាន​ឱ្យមូលនិធិ នៅ​ឆ្នាំ​២០១៧នេះ តែសម្រេច​សម្រួច​ទៅ​បែរ​​ត្រូវ​បញ្ឈប់​ទាំង​ស្រុង​តែ​ម្តង​ទៅ​វិញ។

​កញ្ចប់​ថវិកា​មូលនិធិ​ប្រជាជន​ត្រូវ​រួម​តូច ផលវិបាក​នឹង​មាន​ទំហំ​ប៉ុនណា អង្គការ​សហប្រជាជាតិ​នៅ​មិន​ទាន់កំណត់​បញ្ជាក់​ទេ ហើយ​ក៏គ្មាន​នរណា​អាច​ដឹង​បាន​ដែរ​ថា ​តើ​នៅ​ថ្ងៃ​ស្អែក អាមេរិក​អាច​កាត់​ជំនួយ​សម្រាប់​ស្ថាប័ន​ណា​មួយ​ទៀត​នោះ។ គេ​ដឹង​តែ​ម្យ៉ាង​ថា ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ចង់​កាត់​បន្ថយ​​ថវិកាផ្នែក​ជំនួយការទូត និង​ជំនួយ​អន្តរជាតិ​ ចំនួន​២៨%៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ