អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នីគី ហាឡេ៖ អាមេរិក​ត្រៀមខ្លួន​ដើម្បី​វាយប្រហារ​ស៊ីរី​ជាថ្មី បើ​សិន​ចាំបាច់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឯកអគ្គរដ្ឋទូត អាមេរិក និង​រុស្ស៊ី នៅ​ថ្ងៃ​សុក្រ​ទី ៧ មេសា បាន​ដំឡើងសំឡេង​ដាក់​គ្នា ខ្លាំងៗ នៅក្នុង​កិច្ចប្រជុំបន្ទាន់​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ សម្រាប់​អ្នកតំណាង​រុស្ស៊ី ដោយ​សម្រេច​ឯកតោភាគី វាយប្រហារ​ទៅលើ​មូលដ្ឋានទ័ព​អាកាស​ស៊ីរី អាមេរិក​បាន​រំលោភ​ដែន​អធិបតេយ្យភាព​របស់​ស៊ីរី។ លោកស្រី នីគី ហាឡេ ឯកអគ្គរដ្ឋទូត​អាមេរិក នៅ​អង្គការ​សហប្រជាជាតិ​បាន​ចេញមុខ​ការពារ​ប្រតិបត្តិការ​យោធា​របស់​អាមេរិក និង​ថា អាមេរិក​ត្រៀមខ្លួន វាយប្រហារ​ជាថ្មី ទៅលើ​កងទ័ព​ស៊ីរី​បើសិន​ជា​ចាំបាច់។

La console
La console RFI/Khmer
ផ្សាយពាណិជ្ជកម្ម

រុស្ស៊ី​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ស៊ីរី និង​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​យោធា នៅ ក្នុង​ទឹកដី​ស៊ីរី បាន​ទាមទារ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កោះប្រជុំ​បន្ទាន់ នៅ​ថ្ងៃ​សុក្រ ទី ៧​មេសា ក្នុង​គោលដៅ ចោទប្រកាន់ ដាក់កំហុស​លើ​ប្រតិបត្តិការ​យោធា​របស់​អាមេរិក។ ប៉ុន្តែ លោកស្រី នីគី ហាឡេ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ មិនត្រឹម​តែ​ឡើង​ការពារ​ជំហរ​របស់​រដ្ឋាភិបាល​អាមេរិក​តែប៉ុណ្ណោះទេ ប៉ុន្តែ នៅ​បាន​ព្រមាន​ថា អាមេរិក​ត្រៀមខ្លួន ដើម្បី វាយប្រហារ​ស៊ីរី ជាថ្មី បើសិន​ចាំបាច់។

 
នៅ​ថ្ងៃ​ព្រហស្បតិ៍ ទៅតាម​បញ្ជា​របស់​លោក​ ប្រធានាធិបតី​ដូណាល់​ត្រាំ កងទ័ព​អាមេរិក​បាន​បាញ់​មីស៊ីល ចំនួន ៥៩​គ្រាប់ ទៅលើ​មូលដ្ឋាន ទ័ព​អាកាស​ស៊ីរី ដើម្បី​ជាការ​ឆ្លើយតប​ទៅ​នឹង​របបស៊ីរី ដែល​បាន​ទម្លាក់​គ្រាប់បែក​គីមី សម្លាប់ប្រជាជន​ស៊ីវិល​ស៊ីរី ៨៦​នាក់ ដែលនៅក្នុងនោះ ២៧​នាក់ ជា​កុមារ។

សម្មតិកម្ម​ជា​ច្រើន​បង្ហាញថា ប្រតិបត្តិការ​យោធា​របស់​អាមេរិក ដែល​បាញ់​មីស៊ីល​ទៅលើ​មូលដ្ឋាន​ទ័ព​អាកាស នៅ​ថ្ងៃ​ព្រហស្បតិ៍ គឺ​គ្រាន់​តែ​ការព្រមាន ដែល​មាន​លក្ខណៈ​នយោបាយ ច្រើន​ជាង​យុទ្ធសាស្រ្ត​យោធា យូរអង្វែង​នៅ​ស៊ីរី។

ទី១ ការខូចខាត​នៅ​មូលដ្ឋាន​ទ័ព​អាកាស​ស៊ីរី ដោយសារ​ការវាយប្រហារ​របស់​អាមេរិក​មិន​សូវ​ធ្ងន់ធ្ងរ។ តាម​កងទ័ព​រុស្ស៊ី ក្នុង​ចំណោម​គ្រាប់មីស៊ីល​៥៩គ្រាប់​របស់​អាមេរិក​ដែល​បាញ់​សំដៅ​មូលដ្ឋាន​ទ័ព​អាកាស​ស៊ីរី មាន​ជាងពាក់កណ្តាល​ជា​គ្រាប់​ស្អុយ មិនផ្ទុះ។ អង្គការ​តាមដាន​សិទ្ធិ​មនុស្ស​ស៊ីរី ដែលមាន​មូលដ្ឋាន នៅ​ទីក្រុង​ឡុងដ៍ បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍នេះ​ដែរថា យន្តហោះ​ចម្បាំង​ស៊ីរី នៅ​តែ​អាច​ហោះ​ចេញ ពី​ព្រលាន​យន្តហោះ ដែល​ទើបរង​ការវាយប្រហារ​របស់អាមេរិក ដើម្បីទៅ​ទម្លាក់​គ្រាប់​លើ​ជំរំ​ពួក​ឧទ្ទាម​នៅទីក្រុង​អ៊ីដលីប។ រដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោក​រេច ធីល័រសុន​វិញ​បាន​អះអាង​ថា អាមេរិក ដោយ​ពិតទៅ បាន​ជៀសវាង មិន​បាញ់​កម្ទេច​ពីស ចុះចត និង​ហោះ​ឡើង​​របស់​យន្តហោះ​ចម្បាំង​ស៊ីរី។ ប៉ុន្តែ លោក​មិន​បាន​លម្អិត​ពីហេតុផល​ដែល​ធ្វើ​ឲ្យ​អាមេរិក​ធ្វើ​ដូច្នេះ​នោះទេ។

សម្រាប់​អ្នកវិភាគ​ជាច្រើន ការវាយប្រហារ​របស់​អាមេរិក​ទៅលើ​មូលដ្ឋាន​ទ័ព​ស៊ីរី នៅ​ថ្ងៃ​ព្រហស្បតិ៍ លើក​ទឹកចិត្ត​ឲ្យ​មាន​ការចរចា​នយោបាយ ច្រើន​ជាង​ការប្រឈមមុខ​ដាក់គ្នា​ផ្នែក​យោធា រវាង​​អាមេរិក និង​រុស្ស៊ី។ ជាក់ស្តែង ទោះជា​រុស្ស៊ី ខឹង និង​សម្រេច​ផ្អាក ព្យួរ ខ្សែទាក់ទង យោធា​ជាមួយ​អាមេរិក ប៉ុន្តែ រុស្ស៊ី​មិន​បាន​ប្រកាស​លុបចោល ជំនួប​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក ដែល​ត្រូវ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ រុស្ស៊ី នៅ​សប្តាហ៍​ក្រោយ​នោះទេ។

ទាំង រុស្ស៊ី និង​អាមេរិក ចង់​ដោះស្រាយ​វិបត្តិ​ស៊ីរី តាម​ផ្លូវ​នយោបាយ គឺ​ដើម្បី​កុំ​ឲ្យ​ស៊ីរី ធ្លាក់​ទៅ​ក្នុង​ស្ថានភាព វឹកវរ​ដូច​នៅ​លីប៊ី​មួយ​ទៀត។ គេ​រំពឹង​ថា ការដែល​អាមេរិក​សម្រេច​វាយប្រហារ​ជាលើក​ទី១ ទៅលើ​កងទ័ព​ស៊ីរី នឹង​អាច​ចាប់​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ស៊ីរី របស់​លោក​ប្រធានាធិបតី​បាស្ហា អាល់អាសាដ ចូល​តុ​ចរចា បង្កើត​រដ្ឋាភិបាល​ជាមួយ​ក្រុម​ប្រឆាំង ពោល​គឺ​មិនអាច​ដោះស្រាយ វិបត្តិ​ស៊ីរី តាមការប្រើ​កម្លាំងទ័ព និង​ប្រើ​អាវុធ​គីមី​សម្លាប់​មនុស្ស​តាម​ចិត្ត​ចង់​នោះទេ។

ហេតុអ្វី​បាន​ជា​របបស៊ីរី​អាវុធ​គីមី?
របប​ស៊ីរី​របស់​លោក​បាស្ហា អាល់អាសាដ  វិះតែ​នឹងត្រូវ​អាមេរិក​របស់​លោក​អូបាម៉ា វាយប្រហារ​ម្តងហើយ នៅ​ឆ្នាំ ២០១៣។ កាលណោះ រដ្ឋាភិបាល​ស៊ីរី​ត្រូវ​បាន​អន្តរជាតិ​ចោទថា បាន​ប្រើ​អាវុធ​គីមី សម្លាប់​មនុស្ស​ជាង ១៤០០​នាក់ នៅ​ក្បែរ​ទីក្រុង​ដាម៉ាស។

តាម​ប្រភព​ស៊ើបការណ៍​សម្ងាត់​អាមេរិក កងទ័ព​រដ្ឋាភិបាល​ស៊ីរី​បាន​ដឹកអាវុធ​គីមី ចេញ​ពី​ព្រលានយន្តហោះ ក្នុង​ទីក្រុង​ហូម សំដៅ​ទៅ​សម្លាប់​មនុស្ស​នៅ​ខេត្ត​អ៊ីដលីប ដែល​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម ហើយ​និង​ក្រុមជីហាត​អ៊ីស្លាម​ជ្រុលនិយម។ កងទ័ព​ស៊ីរី​បាន​បដិសេធ​ថា ខ្លួន​មិន​បាន​បាញ់​គ្រាប់​អាវុធ​គីមី នោះទេ ប៉ុន្តែ រុស្ស៊ី​វិញ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ស៊ីរី​បាន​អះអាងថា យន្តហោះ​ស៊ីរី​ពិត​ជា​បាន​បាញ់​ទៅលើ​ទីតាំង​របស់​ក្រុមឧទ្ទាម ដែល​កំពុង​មាន​អាវុធ​គីមី​ក្នុង​ដៃ។ របបស៊ីរី របស់​លោក​បាស្ហាអាល់ អាសាដ ​ជាអ្នកបញ្ជា​ឲ្យ​ប្រើ​អាវុធ​គីមី សម្លាប់​មនុស្ស​នៅ​ខេត្ត​អ៊ីដលីប។ របបស៊ីរី អាច​លែង​ខ្វល់ ការគំរាម​របស់​អាមេរិក ដោយសារ​តែ​អាង​លើខ្នងបង្អែក​រុស្ស៊ី។

ឧបមាថា កងទ័ព​រដ្ឋាភិបាល​ស៊ីរី មិន​បាន​ទម្លាក់​គ្រាប់​អាវុធ​គីមី ដោយ​ផ្ទាល់ មែន ប៉ុន្តែ ការដែល​ពួកគេ​បាញ់ ដោយ​ចេតនា ​ទៅលើ​កន្លែង​ដែល​គេ​ដឹងថា មាន​ស្តុកទុក​អាវុធ គីមី ក៏​ត្រូវ​ចាត់ទុក​ជា​ឧក្រិដ្ឋកម្ម​សម្លាប់​មនុស្ស​ដែរ។ រុស្ស៊ីវិញ នឹង​ទើសទាល់​ចិត្ត​មិនតិចទេ នៅក្រោយ​រឿងនេះ ព្រោះ​ដើម្បី​ជាថ្នូរ កុំ​ឲ្យ​អាមេរិក​របស់​លោកអូបាម៉ា វាយប្រហារ​ស៊ីរី នៅ​ឆ្នាំ ២០១៣ រុស្ស៊ី ធ្លាប់​បាន​សន្យា​ជាមួយ​អាមេរិក ថា នឹង​ជួយ​រដ្ឋាភិបាល​ស៊ីរី បំផ្លាញ​ចោល​ឲ្យអស់​អាវុធ​គីមី។

ទី២​វិញ អាវុធ​គីមី ដែល​គេ​ប្រើ​សម្លាប់​ប្រជាជន​ស៊ីវិល អាច​មិនមែន​ជា​ស្នាដៃ ឬ​ការបញ្ជារ​ផ្ទាល់​របស់​រដ្ឋាភិបាល​ស៊ីរី។ គេ​សង្ស័យ​ថា ​ពួក​ទាហានអ៊ីរ៉ង់ ដែល​ចូលរួម​ប្រយុទ្ធ​កៀកស្មា​កងទ័ព​ស៊ីរី ឬ​ក្រុមប្រឆាំង​ស៊ីរីផ្ទាល់ ដែល​គាំទ្រ​ដោយ​តួកគី អាច​ជាប់ពាក់ព័ន្ធ​ក្នុង​ការប្រើ​អាវុធ​គីមីលើកនេះ។ អ៊ីរ៉ង់ សម្ព័ន្ធមិត្ត​របស់​ប្រធានាធិបតី​បាស្ហា អាល់​អាសាដ ចំណែក​តួកគី មិន​ចង់​ឃើញ លោក​បាស្ហា អាល់អាសាដ​បន្ត ដឹកនាំ​ស៊ីរី។ គឺ​ប្រទេស​ទាំងពីរ ដែលអាច​ជំរុញ​ឲ្យ​មាន​ការប្រើ​អាវុធ​គីមី ដើម្បី យកលេស បង្កាត់​សង្រ្គាម​បន្ត​ទៅមុខ​ទៀត​នៅ​ស៊ីរី ដើម្បី​ផលប្រយោជន៍ ឥទ្ធិពល​របស់ខ្លួន​នៅក្នុង​តំបន់។

រូបភាព​ផ្កាយរណប​បង្ហាញ​ទីតាំងមូលដ្ឋាន​ទ័ព​អាកាស​ស៊ីរី ​ដែល​អាមេរិក​វាយប្រហារនៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៦មេសា ២០១៧​
រូបភាព​ផ្កាយរណប​បង្ហាញ​ទីតាំងមូលដ្ឋាន​ទ័ព​អាកាស​ស៊ីរី ​ដែល​អាមេរិក​វាយប្រហារនៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៦មេសា ២០១៧​ ©Courtesy U.S. Department of Defense/Handout via REUTERS

ព្រួញមួយ បាញ់​បាន​សត្វបី អ៊ីរ៉ង់ ស៊ីរី និង​កូរ៉េខាងជើង
នៅកញ្ចក់​ទូរទស្សន៍ លោកដូណាល់​ត្រាំ​អាច​បង្ហាញថា លោក​តក់ស្លុត និង​សម្រេចចិត្ត​វាយប្រហារ​ទៅលើ​កងទ័ព​ស៊ីរី ដើម្បី​សងសឹក​ចិត្ត​ឲ្យ​មនុស្ស​ដែល​ស្លាប់​ដោយសារ​ការវាយប្រហារ​ប្រើ​អាវុធ​គីមី របស់​កងទ័ព​រដ្ឋាភិបាល​ស៊ីរី។

នយោបាយ​របស់​លោកដូណាល់ ត្រាំ​នៅពេល​នេះ គឺ​ជា​នយោបាយ​កំញើញ បាញ់​ព្រួញ​មួយ សម្លាប់​បាន​សត្វ​ដល់​ទៅបី។ ដោយ​វាយប្រហារ ដោយ​មិន​ប្រាប់​ឲ្យ​គេ​ដឹងមុន  លោកដូណាល់ ត្រាំ ចង់​បង្ហាញ ទៅ​មេដឹកនាំ ស៊ីរី កូរ៉េខាងជើង ហើយ​និង​អ៊ីរ៉ង់ ដែល​ជា​សត្រូវ​របស់​អាមេរិក ថា លោក​ជា​ប្រធានាធិបតី​ដែល​ហ៊ាន​អារកាត់ និង​សម្រេច​ចិត្ត​ភ្លាមៗ ទៅតាម​ស្ថានការណ៍ កាលៈទេសៈ។ រហូតមក លោក​ដូណាល់ ត្រាំ ល្បី​ខាង​ជា​ប្រធានាធិបតី​ដែល​មាន​ចិត្ត​ប្រែប្រួល និយាយ​មិនទៀត ដែល​គេ​មិន​អាចទាយទុក​មុនបាន។

មួយវិញទៀត នៅក្នុង​ការរៀបចំ​គម្រោងការ​វាយប្រហារ​ទៅលើ​មូលដ្ឋានទ័ព​ស៊ីរី គេ​ឃើញថា លោក​ដូណាល់ ត្រាំ ត្រូវ​បាន​ឡោមព័ទ្ធ​ទៅ​ដោយ​អ្នកជំនាញ​យោធា ដែល​ភាគច្រើន សុទ្ធតែ​មាន​ប្រវត្តិ​ធ្វើសង្រ្គាម ជាពិសេស​រដ្ឋមន្រ្តី​ការពារ​ជាតិ​លោក​ម៉ាទីស​តែម្តង។ ដោយសារ​តែ​គ្មាន​បទពិសោធន៍​ខាងនយោបាយ​ការបរទេស លោក​ដូណាល់ ត្រាំ បាន​ផ្តល់​ការជឿទុកចិត្ត ១០០ភាគរយ​ទៅលើ​ក្រុមអ្នកជំនាញ​យោធា។ កូរ៉េខាងជើង របស់​លោក​គីម ជុងអ៊ុន អ៊ីរ៉ង់ ឬ​ស៊ីរី ក្តី​របស់​លោក​ប្រធានាធិបតី​បាស្ហា អាល់អាសាដ ទំនង​មិន​អាច​មើលស្រាល​អាមេរិក នោះទេ។ មួយវិញទៀត រុស្ស៊ី និង​ចិន ដែល​សុទ្ធតែ​មាន​សំឡេង​វេតូ នៅក្រុមប្រឹក្សា​សន្តិសុខ នឹង​អាច​ប្រុងប្រយ័ត្ន​ជាងមុន បើសិន​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ ចង់​គំរាម​ធ្វើ​អ្វី​មួយនោះ។ អាច​ថា ចិន​នឹង​បង្ខំចិត្ត​ដាក់​សំពាធ​ទៅលើ​កូរ៉េខាងជើង ដើម្បី​ជៀសវាង​ប្រទូស្តរាយ ការវាយប្រហារ​យោធា​របស់​អាមេរិក ក្នុង​តំបន់។ ចំណែក​រុស្ស៊ី​វិញ នឹង​អាច​ដាក់​គំនាប​លើ​ប្រធានាធិបតី​ស៊ីរី ដើម្បី​ឲ្យ​ចូល​តុ​ចរចា បញ្ចប់​សង្រ្គាម​នៅ​ស៊ីរី។
 
ចង់ ឬ​មិន​ចង់ ការបាញ់​មួយប្រាវ​មីស៊ីល​របស់​អាមេរិក អាច​ជួយ​ដាស់ ភាគី​ជម្លោះ ឬ​អ្នកពាក់ព័ន្ធ ឲ្យ​ភ្ញាក់​ពី​ដំណេក ដើម្បី​រក​ដំណោះស្រាយ​ពិតប្រាកដ គឺ​មិនមែន​ចេះ​តែ​អង្គាម បណ្តែត​បណ្តោយ ដែល​នឹង​ផ្តល់​ផល​ចំណេញ​ដល់​ក្រុមជីហាត អ៊ីស្លាម​ជ្រុលនិយមនោះទេ។
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ