អានតួអត្ថបទ
វ៉េណេស៊ុយអេឡា

វិបត្តិ​នយោបាយ​កាន់​តែ​ធ្លាក់​ចុះ​ជ្រៅ នៅ​វ៉េណេស៊ុយអេឡា

ប៉ូលិស និង​បាតុករ​បាន​ប៉ះទង្គិច​គ្នា មួយ​ប្រាវ នៅ​ថ្ងៃសៅរ៍​ម្សិលមិញ នៅ​ទីក្រុង​ការ៉ាកាស​របស់​ប្រទេស​វ៉េណេស៊ុយអេឡា។ ការប៉ះទង្គិច​ដែល​មិន​បាន​បង្ក​ឲ្យ​មាន​អ្នករបួស​។ នេះ​បើតាម​ប៉ូលិស។ ក្នុង​រយៈពេល មួយ​សប្តាហ៍ នេះ​ជា​លើក​ទី ៤ ដែល​បាតុកម្ម​ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​ប្រឆាំង​រដ្ឋាភិបាល របស់​លោក​នីកូឡា ម៉ាឌូរ៉ូ។ វ៉េណេស៊ុយអេឡា​ដែល​កំពុង​ក្រពុល​មុខ​ខ្លាំង ដោយសារ​វិបត្តិ​សេដ្ឋកិច្ច ពេល​នេះ​កំពុង​ស្ថិតនៅ​មាត់ជ្រោះ​នៃ​វិបត្តិ​នយោបាយ ហើយ​និង​រដ្ឋប្រហារ​យោធា។

បាតុករ​វ៉េណេស៊ុយអេឡា​នៅ​ទីក្រុង​ការ៉ាកាស ថ្ងៃទី ៨​មេសា ២០១៧
បាតុករ​វ៉េណេស៊ុយអេឡា​នៅ​ទីក្រុង​ការ៉ាកាស ថ្ងៃទី ៨​មេសា ២០១៧ ©REUTERS/Carlos Garcia Rawlins
ផ្សាយពាណិជ្ជកម្ម

នៅ​វ៉េណេស៊ុយអេឡា ទាំង រដ្ឋាភិបាល និង​ប្រជាជន​ចាប់ផ្តើម​ទ័លគំនិត​លែង​ទ្រាំទ្រ​បាន​នឹង​វិបត្តិ​សេដ្ឋកិច្ច ដែល​កើតឡើង ដោយសារ​តែ​ធ្លាក់​តម្លៃ​ប្រេង ដែល​ជា​ប្រភព​ចំណូល​តែ​មួយ​របស់​ប្រទេស។ ប្រឈមនឹង​អប្រជាប្រិយភាព​ខ្លាំង​មិន​ធ្លាប់​មាន​នៅក្នុង​ប្រទេស លោក​ប្រធានាធិបតី​នីកូឡា ម៉ាឌូរ៉ូ​បាន​ដើរ​ក្រឡាអុក ដើម្បី​បំបាត់​សំឡេង​ក្រុមប្រឆាំង។

 
រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា ត្រូវ​រងការរិះគន់ ទាំង​ក្នុង​ស្រុក និង​ពី​សហគមន៍​អន្តរជាតិ បន្ទាប់​ពី​ឲ្យ​តុលាការ​កំពូល ដែល​ស្ថិតនៅ​ក្រោម​ឥទ្ធិពល​របស់​លោក​ប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ បាន​សម្រេច​រឹបអូស​យក​អំណាច​ពី​សភា ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រឆាំង។ វិបត្តិ​នយោបាយ​នៅ វ៉េណេស៊ុយអេឡា​ចាប់ផ្តើម​លេចមុខ នៅ​ឆ្នាំ ២០១៥ ចាប់តាំង​ពី​គណបក្ស​ប្រឆាំង ឈ្នះឆ្នោត ចូល​កាន់កាប់​សភា ដែល​ធ្លាប់​តែ​គ្រប់គ្រង​ដោយ​គណបក្ស​កាន់អំណាច។

គណបក្ស​ប្រឆាំង​ដែល​បាន​បរិហារ​រិះគន់ ការគាបសង្កត់ រំលោភ​លទ្ធិប្រជាធិបតេយ្យ​ពី​សំណាក់​រដ្ឋាភិបាល​របស់​លោក ម៉ាឌូរ៉ូ បាន​អំពាវនាវ​ឲ្យ​មាន​អន្តរាគមន៍​របស់​យោធា ឬ​រដ្ឋប្រហារ​យោធា ហើយ​និង​បាតុកម្ម ដង្ហែរក្បួន​តាមដងផ្លូវ ប្រឆាំង​លោក​ម៉ាឌូរ៉ូ។ នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ នៅក្នុង​បាតុកម្ម​ជាលើក​ទី ៤ ក្នុង​រយៈពេល​តែ​មួយសប្តាហ៍ ប្រជាជន​វ៉េណេស៊ុយអេឡា​រាប់ពាន់​នាក់​បាន​ចូលរួម​ធ្វើ​បាតុកម្ម​ជាមួយ​គណបក្ស​ប្រឆាំង។ បាតុកម្ម​ភ្លូកទឹក ភ្លូកដី នៅ​ទីក្រុង​ការ៉ាកាស​ធ្វើឡើង បន្ទាប់​ពី​មេបក្ស​ប្រឆាំង​ម្នាក់ ដែល​ឡើង​កូដខ្លាំង និង​ដែល​អាច​ជាប់ឆ្នោត ប្រធានាធិបតី​នៅ​ឆ្នាំ ២០១៨ ត្រូវ បាន​រដ្ឋាភិបាល​សម្រេច ហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល ១៥ឆ្នាំ។ លោក Henriques Capriles ដែល​ចាញ់​ឆ្នោត​ប្រធានាធិបតី​យ៉ាងប្រផិតប្រផើយ នៅ​ឆ្នាំ ២០១៣ ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​ពិន័យ ពី​បទ​គ្រប់គ្រង​មិន​ល្អ ក្នុង​ពេល​លោកធ្វើ​ជា​អភិបាល​រដ្ឋមីរ៉ង់ដា។

“ការដាក់​មេបក្សប្រឆាំង ដែល​មាន​ប្រជាប្រិយភាព​ឲ្យ​នៅ​ក្រៅសៃង្វៀន​នយោបាយ មិន​អាច​បន្ទុចបង្អាក់​សំឡេង​ប្រឆាំង​បាន​ទេ។ ការតស៊ូ​ទើប​តែ​ចាប់ផ្តើម​នៅពេល​ទេ” នេះ​ជា​សំដី​របស់​អ្នកគាំទ្រ​បក្ស​ប្រឆាំង​វ៉េណេស៊ុយអេឡា៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ