អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​លោក​​​ដូណាល់​ ត្រាំ ជ្រើស​យក​​មួយ​ណា​? ​នយោបាយ ឬ​ជំនួញ​​លក់​យន្តហោះ Boeing ទៅ​ឲ្យ​អ៊ីរ៉ង់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុមហ៊ុន​ផលិត​យន្តហោះ​អាមេរិក​ Boeing បាន​ប្រកាស​អំពី​កិច្ច​សន្យា​លក់​យន្តហោះ ចំនួន ៦០ គ្រឿង​ទៅ​ឲ្យ​ក្រុមហ៊ុនឯកជន​ Iran Aseman Airlines នៃ​ប្រទេស​អ៊ីរ៉ង់។​ កិច្ច​ព្រម​ព្រៀង​នេះ​ជា​ឱកាស​បង្កើត​ការងារ​ដល់​ពលរដ្ឋ​អាមេរិក។​ ប៉ុន្តែ ទន្ទឹម​គ្នា​នេះ​ផងដែរ កិច្ច​ព្រមព្រៀង​នេះ​ក៏​អាច​ជួប​ឧបសគ្គ​ធំៗ​មួយ​ចំនួន​ផងដែរ​ ព្រោះ​អ៊ីរ៉ង់​នៅ​ជាប់​ទណ្ឌកម្ម​​សេដ្ឋកិច្ច​​ថ្មី​មួយ​ចំនួនដែល​អាមេរិកទើប​តែ​បាន​ដាក់។​ ក្នុង​កាលៈទេសៈ​បែប​នេះ​ តើ​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ ដែល​តែង​រិះគន់​របប​ដឹកនាំ​អ៊ីរ៉ង់​ ត្រូវ​ចាប់​យក​ជម្រើស​មួយ​ណា​ឲ្យ​ពិត​ប្រាកដ​?​ ជម្រើស​រវាង​ធ្វើ​ជំនួញ​លក់​យន្តហោះ​ឲ្យ​អ៊ីរ៉ង់​ ឬ​ជម្រើស​អនុវត្ត​នយោបាយ​ប្រឆាំង​អ៊ីរ៉ង់​ដោយ​ឥត​លក្ខខណ្ឌ?

យន្តហោះ​ប៊ូអ៊ីង​ធុន​787-10 នៅ​ដំណាក់​កាល​ចុងក្រោយ​នៃ​ការសាងសង់​នៅ​រោងចក្រ​នៅ​រដ្ឋ​ការ៉ូលីន​ខាងត្បូង សហរដ្ឋ​អាមេរិក ថ្ងៃទិ ៣១​មីនា ២០១៧
យន្តហោះ​ប៊ូអ៊ីង​ធុន​787-10 នៅ​ដំណាក់​កាល​ចុងក្រោយ​នៃ​ការសាងសង់​នៅ​រោងចក្រ​នៅ​រដ្ឋ​ការ៉ូលីន​ខាងត្បូង សហរដ្ឋ​អាមេរិក ថ្ងៃទិ ៣១​មីនា ២០១៧ ©REUTERS/Randall Hill
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​ Boeing បាន​ប្រកាស​កិច្ច​ព្រមព្រៀង​នេះ កាល​ពី​ថ្ងៃ​អង្គារ ទី​៤ មេសា​កន្លង​ទៅនេះ។ នេះ​ជា​កិច្ច​សន្យា​លក់​យន្តហោះ​ Boeing ប្រភេទ​ 737 MAX ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​របស់​ប្រទេស​អ៊ីរ៉ង់​ គឺ​ Iran Aseman Airlines។​ តាម​រយៈ​កិច្ច​សន្យា​នេះ ក្រុមហ៊ុន​អាកាសចរណ៍​ឯកជន​អ៊ីរ៉ង់​មួយ​នេះ​គ្រោង​នឹង​បញ្ជា​ទិញ​បិទជិត​ (ឬ​មាន​ន័យ​ថា​ដោយ​មិន​ផ្លាស់​ប្តូរ​ចិត្ត)​នូវ​យន្តហោះ​ដឹក​អ្នក​ដំណើរ​ប្រភេទ​ 737 MAX ចំនួន​ ៣០ គ្រឿង​ពី​ក្រុមហ៊ុន​ Boeing។ កិច្ច​សន្យា​នេះ​ក៏​ផ្តល់​ជម្រើស​បើក​សិទ្ធិ​ឲ្យ​ក្រុម​ហ៊ុន​អ៊ីរ៉ង់អាច​បញ្ជា​ទិញយន្តហោះ​ប្រភេទ​ដដែល​នេះ​ចំនួន​ ៣០ គ្រឿង​បន្ថែម​ទៀត។

 
បើ​យោង​តាម​តម្លៃ​លក់​បច្ចុប្បន្ន​ ​កិច្ច​សន្យា​នេះ​អាច​ស្ថិត​ក្នុង​រង្វង់​ទឹកប្រាក់​ចំនួន​ ៦ ពាន់​លាន​ដុល្លារ។​ ​ប្រសិន​បើ​រដ្ឋាភិបាល​អាមេរិក​ផ្តល់​ភ្លើង​ខៀវ​ និង​​សុពល​ភាព​ដល់​កិច្ច​សន្យា​នេះ​ យន្តហោះ​ទាំង​នោះ​អាច​នឹង​ត្រូវ​ផលិត​រួចរាល់​ជាបណ្តើរៗ​ចាប់​ពីឆ្នាំ​២០២២។​ ប៉ុន្តែ ដំណឹង​ល្អ​នេះ​ក៏​កំពុង​តែ​ធ្វើ​ឲ្យ​ក្រុម​ការងារ​រដ្ឋ​ការ​របស់​លោក​ ដូណាល់​ ត្រាំ ​ក្រពុល​មុខ​ឈឺក្បាល​យ៉ាង​ខ្លាំង​ផង​ដែរ។​ មែន​ទែន​ទៅ ​ក្រុម​ការងារ​ខុទ្ទកាល័យ​ប្រចាំ​សេតវិមាន​របស់​លោក​ប្រធានាធិបតី​អាមេរិក​ក៏​មាន​សិទ្ធិ​ត្រូវ​ពិនិត្យ​​លើ​សំណុំ​រឿង​កិច្ច​សន្យា​លក់​យន្តហោះ​នេះ។​ ថ្វីត្បិត​តែ​​ក្រុមហ៊ុន Boeing ​ជា​របស់​ឯកជន​មែន​ ប៉ុន្តែ រដ្ឋាភិបាល​អាមេរិក​តំណាង​ឲ្យ​ផែ្នក​ប្រតិបត្តិ​មាន​សិទ្ធិ​អារកាត់​ផ្តល់​ភ្លើង​ខៀវ​​ ឬ​រាំង​ខ្ទប់​មិន​ឲ្យ​ក្រុមហ៊ុន​ Boeing លក់​យន្តហោះ​ទៅ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ឯកជន​អ៊ីរ៉ង់។

​គិត​ចាប់​តាំង​ពីបាន​ចូល​កាន់​​តំណែង​ប្រធានាធិបតី ​​កាលពី​ថ្ងៃ​ ២០​ មករា​កន្លង​មក​នេះ​ នេះ​ជា​លើក​ទីមួយ​ហើយដែល​លោក ដូណាល់​ ត្រាំ ត្រូវ​ប្រឈម​នឹង​ជម្រើស​ដ៏​លំបាក​បំផុត​មួយ។​ គឺ ជម្រើស​រវាង​គោល​ការណ៍​នយោបាយ​ការ​ប្រឆាំង​របប​ដឹកនាំ​អ៊ីរ៉ង់​​ និង​ឱកាស​ធ្វើ​ជំនួញ​។ ម៉្យាង​​ កិច្ច​សន្យា​របស់​ក្រុមហ៊ុន Boeing​ នេះ​​ វា​ជា​ឱកាស​ធ្វើ​ជំនួញ​មួយ​ដែល​ពិបាក​ប្រកែក​ណាស់​​ ព្រោះ​កិច្ច​សន្យា​នេះ​អាច​បង្កើត​ការងារ​ដល់​ពលរដ្ឋ​អាមេរិក​ជាង​ ១៨ ០០០ នាក់។ ​កាល​ពី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត លោក​ ដូណាល់​ ត្រាំ​ ធ្លាប់​បាន​និយាយ​ក្តែងៗ​ថា​នឹង​ធ្វើ​គ្រប់​បែប​យ៉ាង​ ដើម្បី​បង្កើត​ការងារ​ដល់​ពលរដ្ឋ​អាមេរិក​ ជា​ពិសេស​ គឺ​ក្នុង​ឧស្សាហកម្ម​ផលិត​យន្តហោះនេះ​តែ​ម្តង។

ម៉្យាង​ទៀត​ សេចក្តី​ប្រកាស​កិច្ច​សន្យា​លក់​យន្តហោះ​របស់​ក្រុមហ៊ុន​ Boeing​ នេះ​ក៏​កំពុង​តែ​ជួន​គ្នា​ ខណៈ​ពេល​ដែល​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីងតោន​ និង​តេអេរ៉ង់​កំពុង​តែ​តឹង​តែង​ស្រាប់​ទៅ​ហើយ។​ កាលពី​ខែ​មីនា​កន្លង​ទៅនេះ រដ្ឋាភិបាល​អាមេរិក​ថ្មី​ក្រោម​ការ​ដឹកនាំ​របស់​លោក​ ដូណាល់​ ត្រាំ បាន​សំរេច​ចិត្ត​ដាក់​ទណ្ឌកម្ម​ថ្មីៗ​ទៀត​មក​លើ​ប្រទេស​អ៊ីរ៉ង់​ ក្រោយ​ពី​របប​ដឹកនាំ​នេះ​បាន​បាញ់​សាកល្បង​អាវុធ​ម៉ីសីល​រយៈ​ចំងាយ​ឆ្ងាយ។​ សំរាប់​អាមេរិក​ ទង្វើ​ដ៏​ព្រហើន​របស់​អ៊ីរ៉ង់​គឺ​ ជា​ឥរិយាបថ​ខុស​ច្បាប់អន្តរជាតិ​​ទាំង​ស្រុង។

កាន់​តែ​ធ្ងន់​ធ្ងរ​ជាង​នេះ​ទៅ​ទៀត​ ​អ៊ីរ៉ង់​ក៏​ជា​ប្រទេស​មួយ​ស្ថិត​នៅ​ក្នុង​ចំណោម​បញ្ជី​ប្រទេស​ ដែល​លោក​ ដូណាល់​ ត្រាំ ហាម​ឃាត់​មិន​ឲ្យ​ពលរដ្ឋ​ប្រទេស​នោះ​ជាន់​ជើង​ចូល​ទឹកដី​អាមេរិក។​ ប៉ុន្តែ បច្ចុប្បន្ន​ វិធានការណ៍​តាម​រយៈ​ក្រឹត្យ​ប្រធានាធិបតី​នេះ​កំពុង​តែ​ កក​ស្ទះ​ពុំ​អាច​អនុវត្ត​បាន​ដោយសារ​តែ​មាន​ការ​ជំទាស់​ពី​តុលាការ​អាមេរិក។

កន្លង​មក​ លោក​ ដូណាល់​ ត្រាំ តែង​បង្ហាញ​គោលជំហរ​ប្រឆាំង​នឹង​របប​ដឹក​នាំ​ប្រទេស​អ៊ីរ៉ង់​ជានិច្ច។​ ជាពិសេស​ គាត់​តែង​រិះគន់​ប្រឆាំង​នឹង​កិច្ច​ព្រម​ព្រៀង​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ដែល​​អតីត​ប្រធានាធិបតី លោក​បារ៉ាក់​ អូបាម៉ា​ បាន​ចុះ​ហត្ថលេខា​ កាលពី​ឆ្នាំ​២០១៥។​ កិច្ច​ព្រម​ព្រៀង​អន្តរជាតិ​នោះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​រវាង​ប្រទេស​អ៊ីរ៉ង់​ និង​ប្រទេស​មហា​អំណាច​ដូចជា​៖ សហរដ្ឋ​អាមេរិក​ រុស្សី​ ចិន​ បារាំង​ អង់គ្លេស​ និង​អាល្លឺម៉ង់​។ ចំនុច​ឯកភាព​មួយ​នៃ​កិច្ច​ព្រម​ព្រៀងនោះ​ គឺ​ការលើកលែង​ទណ្ឌ​កម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​អ៊ីរ៉ង់​ ជា​ថ្នូរ​នឹង​ការ​សន្យា​របស់​រដ្ឋាភិបាល​ក្រុង​តេអេរ៉ង់​ក្នុង​ការ​កំរិត​កម្មវិធី​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​ជា​លក្ខណៈ​ស៊ីវិល។​ ​ជាពិសេស​ អាជ្ញាធរ​អ៊ីរ៉ង់​នឹង​អនុញ្ញាត​ឲ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ចុះ​ត្រួត​ពិនិត្យ​ដល់​ទី​កន្លែង​តែ​ម្តង។​

លោក​ ដូណាល់​ ត្រាំ យល់​ឃើញ​ថា​កិច្ច​ព្រម​ព្រៀង​នេះ​មិន​ខុស​ពី​ហុច​ដៃ​ទុក​ឱកាស​ឲ្យ​អ៊ីរ៉ង់​លួច​បន្លំ​បង្កើត​កម្មវិធី​នុយក្លេអ៊ែរ​យោធា​ ដើម្បី​ឈាន​ទៅ​ដល់​ការ​ផលិត​អាវុធ​ប្រល័យ​លោក។​ សំរាប់​លោក​ ត្រាំ ប្រទេស​អ៊ីរ៉ង់​តំណាង​ឲ្យ​សភាវៈ​អាក្រក់​ ដែល​តែង​បង្ក​អស្ថេរភាព​​មិន​ចេះ​ឈប់​ឈរ​នៅ​តំបន់​មជ្ឈិម​បូព៌ា​ និង​ជា​ប្រទេស​មួយ​ដែល​គេ​សង្ស័យ​ថា​បាន​ជួយគាំទ្រ​ក្រុម​ភេរវករ​អន្តរជាតិ។ ម៉្យាង​ទៀត​ លោក​ ត្រាំ ក៏​ធ្លាប់​បាន​ព្រមាន​ហើយ​ថា​ គាត់​ប្រហែល​ជា​អាច​នឹង​សើរើ​ពិនិត្យ​មើល​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​នេះ​ឡើង​វិញ​ផង​ដែរ។

ស្ថិត​ក្នុង​បរិបទ​បែប​នេះ​ តើ​លោក​ ដូណាល់​ ត្រាំ ត្រូវ​គិត​យ៉ាង​ដូចម្តេច? តើ​គាត់​ត្រូវ​ចាប់​យក​ឱកាស​មួយ​ណា?​ ឱកាស​ធ្វើ​ជំនួញ​ជាមួយ​អ៊ីរ៉ង់​ដោយ​ត្រូវ​បង្ខំ​ចិត្ត​បិទ​មាត់​ឈប់​រិះគន់​របប​ដឹកនាំ​របស់​ប្រទេស​នេះ ឬ​នៅ​បន្ត​អនុវត្ត​នយោបាយ​ប្រឆាំង​អ៊ីរ៉ង់​ជា​ដរាប?

តាម​ពិត​ទៅ កាល​កន្លង​ទៅ​នេះ ពោល​គឺ កាលពី​ខែ​ធ្នូ ឆ្នាំ ២០១៦​ ក្រុម​ហ៊ុន​ Boeing ធ្លាប់​បាន​ចុះ​កិច្ច​សន្យា​មួយ​រួច​មក​ហើយ​ជាមួយ​ក្រុម​ហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​អ៊ីរ៉ង់​មួយ​ទៀត​ គឺ​ Iran Air។​ កិច្ច​សន្យា​នោះ​ គឺ​លក់​យន្តហោះ​ចំនួន​ ៨០ គ្រឿង​ក្នុង​ទំហំ​ទឹក​ប្រាក់​ ១៦,៦ ពាន់​លាន​ដុល្លារ។​ កិច្ច​សន្យា​នោះ​នៅ​មាន​សុពល​ភាព​ និង​ពុំ​ចោទ​ជា​បញ្ហា​អ្វី​ឡើយ​ ព្រោះ​​ ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​នោះ គឺ​ស្ថិត​ក្រោម​រដ្ឋាភិបាល​របស់​លោក​អតីតៈ​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ