ហេតុអ្វីបានជាកងទ័ពអាមេរិកប្រើប្រាស់ «មេគ្រាប់បែក» ជាលើកតំបូងនៅប្រទេសអាហ្វហ្គានីស្ថាន?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:២៥
សហរដ្ឋអាមេរិកបានប្រើប្រាស់ «មេគ្រាប់បែក» ជាលើកតំបូងបង្អស់កាលពីថ្ងៃព្រហ្បត្តិ ទី១៣ មេសាកន្លងទៅនេះដើម្បីកំទេចទីតាំងក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមនៅប្រទេសអាហ្វហ្គានីស្ថាន។ នេះជាប្រភេទគ្រាប់បែកមិនមែននុយក្លេអ៊ែរ ដែលត្រូវបានកងយោធាអាមេរិកចាត់ទុកថា វាមានកម្លាំងខ្លាំងក្លាបំផុត។ តើមេគ្រាប់បែកនេះមានផ្ទុកសារជាតិអ្វីខ្លះ? តើមេគ្រាប់បែកនេះមានតម្លៃប៉ុន្មាន?
ប្រតិបត្តិការណ៍ទម្លាក់មេគ្រាប់បែក GBU-43/B របស់យោធាអាមេរិកកំពុងតែបង្កជាចម្ងល់មួយចំនួនជុំវិញយុទ្ធសាស្រ្តសង្គ្រាមអាមេរិកនៅប្រទេសអាហ្វហ្គានីស្ថាន។ បើយោងតាមវេបសាយសារព័ត៌មាន Slate បានឲ្យដឹងថា ការប្រើប្រាស់មេគ្រាប់បែកនេះ គឺជាយុទ្ធសាស្រ្តផ្លូវចិត្តផង និងយុទ្ធសាស្រ្តសង្គ្រាមផង។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្តាញសារព័ត៌មានទូទៅពុំសូវជាផ្តោតចំណាប់អារម្មណ៍នឹងស្ថានភាពនយោបាយនៅប្រទេសអាហ្វហ្គានីស្ថាន ឬនៅប្រទេសយ៉េម៊ែនឡើយ។
ជាទូទៅ បណ្តាញសារព័ត៌មានទាំងនោះតែងផ្តោតតែលើសង្គ្រាមនៅប្រទេសស៊ីរីតែប៉ុណ្ណោះ។ស្របពេលគ្នានេះ ចាប់តាំងពីឆ្នាំ២០១៦មក ស្ថានការណ៍នៅប្រទេសអាហ្វហ្គានីស្ថានកាន់តែយ៉ាប់យ៉ឺន។ ពីមួយថ្ងៃទៅមួយថ្ងៃ ពួកឧទ្ទាមតាលីបង់បានវាយឈ្នះដណ្តើមបានទីតាំងមួយចំនួនធំ និងបានវាតទីយកទឹកដីកាន់តែច្រើន ដើម្បីឈានទៅផ្តួលរំលំរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលមានសហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តជាខ្នងបង្អែក។ អស់រយៈពេល ១៥ ឆ្នាំមកហើយ ដែលអាមេរិកបានផុងខ្លួននឹងសង្គ្រាមនៅប្រទេសអាហ្វហ្គានីស្ថាន។ វាជាសង្គ្រាមដែលមានរយៈពេលយូរជាងគេ ដែលយោធាអាមេរិកពុំដែលបានជួបប្រទះ។
ទន្ទឹមគ្នានឹងការវាតទីរបស់ពួកតាលីបង់ ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមក៏បានចាក់ឬសយ៉ាងជ្រៅផងដែរនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ក្រុមនេះបានបង្កភាពហឹង្សាមិនចេះឈប់ឈរនៅតាមភូមិស្រុកនានា ជាពិសេស គឺបានបង្កអំពើភេរវកម្មនៅតាមទីក្រុងមួយចំនួនក្នុងប្រទេសអាហ្វហ្គានីស្ថាន។ គេសង្ស័យថា សព្វថ្ងៃនេះ មានសកម្មប្រយុទ្ធជីហាតអង្គការរដ្ឋអ៊ីស្លាមប្រមាណចន្លោះពី ៦០០ ទៅ ៨០០ នាក់កំពុងសំងំលាក់ខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ភាគច្រើននៃក្រុមភេរវនិយមទាំងនោះបានបោះទីតាំងយ៉ាងរឹងម៉ាំនៅលើទឹកដីនៃខេត្ត Nangarha។ ហើយ គឺនៅក្នុងស្រុក Achin នៃខេត្តនេះហើយ ដែលសហរដ្ឋអាមេរិកបានទម្លាក់មេគ្រាប់បែកជាលើកតំបូង។
តើមេគ្រាប់បែកនេះមានផ្ទុកសារជាតិអ្វីខ្លះ? តើវាមានតម្លៃប៉ុន្មានក្នុងមួយគ្រាប់?
គ្រាប់បែក GBU-43/B នេះមានឈ្មោះបច្ចេកទេសថា គ្រាប់បែកមានកម្លាំងកំសួលដ៏មហិមា (Massive Ordnance Air Blast Bomb)។ ប៉ុន្តែ ទាហានអាមេរិកនិយមហៅជាសាមញ្ញថា មេគ្រាប់បែក (Mother of All Bombs)។ មេគ្រាប់បែកនេះមានផ្ទុកសារជាតិសំខាន់ចំនួនពីរ គឺនីត្រាតអាមុយនីញូម និងម្សៅអាលុយមីញូម។ សារជាតិទាំងពីរនេះអាចបង្កជាសម្លេងផ្ទុះដ៏ខ្លាំងបង្កើតបានជាផ្ទាំងផ្សែងដ៏ធំមហិមា និងផ្កាភ្លើងដ៏សន្ធោសន្ធៅ។ ហើយកម្លាំងផ្ទុះនេះអាចបំផ្លាញអ្វីៗដែលនៅជុំវិញទីចំនុចផ្ទុះចំនួនរាប់រយម៉ែត្រ។
គ្រាប់បែកនេះមានប្រវែង ៣០ ម៉ែត្រ និងទម្ងន់ ៩,៨ តោន។ សមត្ថភាពបំផ្ទុះរបស់មេគ្រាប់បែកនេះ គឺស្មើនឹងម្សៅ TNT ចំនួន ១១ តោន។ ក្នុងប្រតិបត្តិការយោធាកាលពីសប្តាហ៍មុន កងយោធាអាមេរិកបានដឹកមេគ្រាប់បែកនេះតាមរយៈយន្តហោះ MC-130 ដែលជាប្រភេទយន្តហោះទម្លាក់គ្រាប់បែក។ មេគ្រាប់បែកនេះត្រូវបានគេផ្ទុកនៅលើថាសដែក ឬរទេះកង់បួនមួយ។ ហើយគេព្រលែងរទេះដែលមានផ្ទុកគ្រាប់នោះចេញពីពោះផែ្នកខាងក្រោយយន្តហោះ។
នៅលើអាកាស មេគ្រាប់បែកនោះខ្ទាតចេញពីថាស ហើយវាត្រូវសណ្តោងយ៉ាងយឺតៗដោយឆ័ត្រយោងមួយ ដើម្បីឲ្យក្បាលគ្រាប់បែកនោះសំយ៉ុងចុះក្រោមក្នុងគោលដៅអាចចុះទៅបុកដីដើម្បីបំផ្ទុះ។នៅលើអាកាស មេគ្រាប់បែកនឹងមានលំនឹង ហើយអាចងាកខ្លួនធ្វើចលនាបានដោយសារតែកូនស្លាបទាំងបួនបំពាក់មកជាមួយ។ ការបំលាស់ទីរបស់គ្រាប់បែកនោះ គឺតាមរយៈការបញ្ជាពីចម្ងាយដោយប្រព័ន្ធ GPS។ ពេលរំកិលខ្លួនចុះជិតដល់គោលដៅ មេគ្រាប់បែកនោះនឹងត្រូវផ្ទុះមុននឹងប៉ះដល់ដី។ កម្លាំងផ្ទុះរបស់មេគ្រាប់បែកនេះនឹងបង្កឲ្យមានការរញ្ជួយដីក្នុងរយៈចម្ងាយរហូតទៅដល់ ៣ គីឡូម៉ែត្រការ៉េឯណោះ។
តើកងយោធាអាមេរិកបានចំណាយថវិការប៉ុន្មានក្នុងការផលិតមេគ្រាប់បែកនេះ?
មេគ្រាប់បែកនេះត្រូវបានកងទ័ពអាមេរិកអភិវឌ្ឈក្នុងកំឡុងពេលសង្គ្រាមឈ្លានពានប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំ២០០៣។ ហើយសហរដ្ឋអាមេរិកបានសាកល្បងវាជាលើកតំបូងកាលពីខែមិនាឆ្នាំ២០០៣ នៅតំបន់ឈូងសមុទ្រពែក្ស។ ប៉ុន្តែ អាមេរិកពុំបានប្រើប្រាស់មេគ្រាប់បែកនេះក្នុងកំឡុងសង្គ្រាមនៅអ៊ីរ៉ាក់ឡើយ។ សហរដ្ឋអាមេរិកបានចំណាយប្រាក់សរុបចំនួន ៣១៤ លានដុល្លារដើម្បីអភិឌ្ឈកម្មវិធីស្រាវជ្រាវបង្កើតមេគ្រាប់បែកនេះ។
សំរាប់មេគ្រាប់បែកមួយគ្រាប់ គេត្រូវពេលវេលាចំនួន ៩ សប្តាហ៍ដើម្បីតម្លើង និងត្រួតពិនិត្យឲ្យបានជាក់លាក់។ មេគ្រាប់បែកនេះមានតម្លៃ ១៦ លានដុល្លារក្នុងមួយគ្រាប់។ អ្នកជំនាញសព្វាវុធបានប៉ាន់ប្រមាណថា កងទ័ពអាមេរិកប្រហែលជាមានមេគ្រាប់បែកនេះក្នុងដៃចំនួនជាង ១៥ គ្រាប់។ បើតាមការប្រកាសរបស់ក្រសួងការពារជាតិអាមេរិក មេគ្រាប់បែកនេះត្រូវបានចាត់ទុកថា វាអាវុធមានឥទ្ធិពលខ្លាំងបំផុតរបស់កងទ័ពអាមេរិក។ មេគ្រាប់បែកនេះមានសមត្ថភាពអាចបំផ្លាញជម្រកសត្រូវនៅក្នុងរូងភ្នំ និងបណ្តាញផ្លូវក្រោមដី។
បើតាមលោក Hans Kristensen អ្នកជំនាញប្រចាំសហព័ន្ធអ្នកវិទ្យាសាស្រ្តអាមេរិកផែ្នកសង្កេតការណ៍សព្វាវុធយោធាបានឲ្យដឹងថា មេគ្រាប់បែកនេះមានកម្លាំងតិចជាងគ្រាប់បែកនុយក្លេអ៊ែរ B61-12 បច្ចុប្បន្នរហូតទៅដល់ ៣០ ដងឯណោះ។ ហើយមេគ្រាប់បែកនេះក៏ពុំខ្លាំងដូចគ្រាប់បែកនុយក្លេអ៊ែរ ដែលអាមេរិកបានទម្លាក់កាលពីឆ្នាំ១៩៤៥ ក្នុងកំឡុងសង្គ្រាមលោកលើកទីពីរឡើយ។ កាលពីសម័យនោះ អាមេរិកបានទម្លាក់គ្រាប់បែកនុយក្លេអ៊ែរចំនួនពីរគ្រាប់។ គឺនៅទីក្រុង Hiroshima ដែលមានកម្លាំងផ្ទុះនៃម្សៅ TNT ស្មើទម្ងន់ ១៥ ០០០ តោន និងនៅទីក្រុង Nagasaki ដែលមានទម្ងន់ស្មើនឹង ២១ ០០០ តោន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ