អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បាន​ជា​កងទ័ព​អាមេរិក​ប្រើប្រាស់​ «មេគ្រាប់បែក»​ ជា​លើក​តំបូង​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហរដ្ឋ​អាមេរិក​បាន​ប្រើប្រាស់​ «មេ​គ្រាប់​បែក​»​ ជា​លើក​តំបូង​បង្អស់​កាលពី​ថ្ងៃ​ព្រហ្បត្តិ​ ទី​១៣​ មេសា​កន្លង​ទៅ​នេះដើម្បី​កំទេច​ទីតាំង​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន។​ នេះ​ជា​ប្រភេទ​គ្រាប់​បែក​មិន​មែន​នុយក្លេអ៊ែរ​ ដែល​ត្រូវ​បាន​កងយោធា​អាមេរិក​ចាត់​ទុក​ថា​ វា​មាន​កម្លាំង​ខ្លាំង​ក្លា​បំផុត។​ តើ​មេ​គ្រាប់បែក​នេះ​មាន​ផ្ទុក​សារជាតិ​អ្វី​ខ្លះ​?​ តើ​មេ​គ្រាប់​បែក​នេះ​មាន​តម្លៃ​ប៉ុន្មាន? 

មេគ្រាប់បែក​​ GBU-43/B របស់យោធាអាមេរិក​ប្រើជាលើកតំបូង​កាលពីថ្ងៃ​ព្រហស្បតិ៍​១៣​មេសា​ដើម្បី​កំទេច​ទីតាំង​ជីហាត​នៅ​អាហ្វហ្គានីស្ថាន​
មេគ្រាប់បែក​​ GBU-43/B របស់យោធាអាមេរិក​ប្រើជាលើកតំបូង​កាលពីថ្ងៃ​ព្រហស្បតិ៍​១៣​មេសា​ដើម្បី​កំទេច​ទីតាំង​ជីហាត​នៅ​អាហ្វហ្គានីស្ថាន​ REUTERS
ផ្សាយពាណិជ្ជកម្ម

ប្រតិបត្តិការណ៍​ទម្លាក់​មេ​គ្រាប់​បែក​ GBU-43/B ​របស់​យោធា​អាមេរិកកំពុង​តែ​បង្ក​ជា​ចម្ងល់​មួយ​ចំនួន​ជុំវិញ​យុទ្ធសាស្រ្ត​សង្គ្រាម​អាមេរិក​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​។ បើ​យោង​តាម​វេបសាយ​សារព័ត៌មាន​ Slate បាន​ឲ្យ​ដឹង​ថា​ ការ​ប្រើប្រាស់​មេ​គ្រាប់​បែក​នេះ​ គឺ​ជា​យុទ្ធសាស្រ្ត​ផ្លូវ​ចិត្ត​ផង​ និង​យុទ្ធ​សាស្រ្ត​សង្គ្រាម​ផង។​ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ បណ្តាញ​សារព័ត៌មាន​ទូទៅ​​ពុំ​សូវ​ជា​ផ្តោត​ចំណាប់​​អារម្មណ៍​នឹង​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​អាហ្វ​ហ្គានីស្ថាន ឬ​នៅ​ប្រទេស​យ៉េម៊ែន​ឡើយ។​

 
ជា​ទូទៅ​​ បណ្តាញ​សារព័ត៌មាន​ទាំង​នោះ​តែង​ផ្តោត​តែ​លើ​សង្គ្រាម​នៅ​ប្រទេស​ស៊ីរី​តែ​ប៉ុណ្ណោះ។​ស្រប​ពេល​គ្នា​នេះ​​ ចាប់​តាំង​ពី​ឆ្នាំ​២០១៦​មក​​ ស្ថានការណ៍​នៅ​ប្រទេស​អាហ្វ​ហ្គានីស្ថាន​កាន់​តែ​យ៉ាប់​យ៉ឺន។​ ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ពួក​ឧទ្ទាម​តាលីបង់​​បាន​វាយ​ឈ្នះ​ដណ្តើម​​បាន​ទីតាំង​មួយ​ចំនួន​ធំ​ និង​បាន​វាតទី​យក​ទឹកដី​កាន់​តែ​ច្រើន​ ដើម្បី​ឈាន​ទៅ​ផ្តួល​រំលំ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន ដែល​មាន​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​សម្ព័ន្ធ​មិត្ត​ជា​ខ្នង​បង្អែក។ អស់​រយៈ​ពេល​ ១៥ ឆ្នាំ​មក​ហើយ​ ដែល​អាមេរិក​បាន​ផុង​ខ្លួន​នឹង​សង្គ្រាម​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន។​ វាជា​សង្គ្រាម​ដែល​មាន​រយៈ​ពេល​យូរ​ជាង​គេ​ ដែល​យោធា​អាមេរិក​ពុំ​ដែល​បាន​ជួប​ប្រទះ។

ទន្ទឹម​គ្នា​នឹង​ការ​វាតទី​របស់​ពួក​តាលីបង់​ ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម​ក៏​បាន​ចាក់​ឬស​យ៉ាង​ជ្រៅ​ផងដែរ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​។​ ក្រុម​នេះ​បាន​បង្ក​ភាព​ហឹង្សា​មិន​ចេះ​ឈប់ឈរ​នៅ​តាម​ភូមិ​ស្រុក​នានា​ ជាពិសេស​ គឺ​បាន​បង្ក​អំពើ​ភេរវកម្ម​នៅ​តាម​ទីក្រុង​មួយ​ចំនួន​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ ​គេ​សង្ស័យ​ថា​ សព្វថ្ងៃ​នេះ​ មាន​សកម្ម​ប្រយុទ្ធ​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម​ប្រមាណ​ចន្លោះ​ពី ៦០០ ទៅ​ ៨០០ នាក់​កំពុង​សំងំ​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ ភាគច្រើន​នៃ​​ក្រុម​ភេរវនិយម​ទាំង​នោះ​បាន​បោះទីតាំង​យ៉ាង​​រឹងម៉ាំ​នៅ​លើ​ទឹកដី​នៃ​ខេត្ត​ Nangarha។​ ហើយ​ គឺ​នៅ​ក្នុង​ស្រុក​ Achin នៃ​ខេត្ត​នេះ​ហើយ​ ដែល​សហរដ្ឋ​អាមេរិក​បាន​ទម្លាក់​មេ​គ្រាប់​បែក​ជា​លើក​តំបូង។

តើ​មេ​គ្រាប់​បែក​នេះ​មាន​ផ្ទុក​សារ​ជាតិ​អ្វី​ខ្លះ​?​ តើ​វា​មាន​តម្លៃ​ប៉ុន្មាន​ក្នុង​មួយ​គ្រាប់?
គ្រាប់​បែក​ ​ GBU-43/B នេះ​មាន​ឈ្មោះ​បច្ចេកទេស​​ថា​ គ្រាប់​បែក​មាន​កម្លាំងកំសួល​ដ៏​មហិមា (Massive Ordnance Air Blast Bomb)។​ ប៉ុន្តែ ទាហាន​អាមេរិក​និយម​ហៅ​ជា​សាមញ្ញ​ថា​ មេ​គ្រាប់​បែក​ (Mother of All Bombs)។​ មេគ្រាប់​បែក​នេះ​មាន​ផ្ទុក​សារ​ជាតិ​សំខាន់​ចំនួន​ពីរ​ គឺ​នីត្រាត​អាមុយនីញូម​ និង​ម្សៅ​អាលុយមីញូម​។ សារជាតិ​ទាំងពីរ​នេះ​អាច​បង្ក​ជា​សម្លេង​ផ្ទុះ​ដ៏​ខ្លាំង​បង្កើត​បាន​ជា​ផ្ទាំង​ផ្សែង​ដ៏​ធំមហិមា​ និង​ផ្កា​ភ្លើង​ដ៏​សន្ធោសន្ធៅ។​ ហើយ​កម្លាំង​ផ្ទុះ​នេះ​​អាច​បំផ្លាញ​អ្វីៗ​ដែល​នៅ​ជុំវិញ​ទីចំនុច​​ផ្ទុះ​ចំនួន​រាប់រយ​ម៉ែត្រ។

គ្រាប់​បែក​នេះ​មាន​ប្រវែង​ ៣០ ម៉ែត្រ​ និង​ទម្ងន់​ ៩,៨ តោន។ សមត្ថភាព​បំផ្ទុះ​របស់​មេ​គ្រាប់​បែក​នេះ​ គឺ​ស្មើ​នឹង​ម្សៅ​ TNT ចំនួន​ ១១ តោន​។ ក្នុង​ប្រតិបត្តិការ​យោធា​កាលពី​សប្តាហ៍​មុន​ កងយោធា​អាមេរិក​បាន​ដឹក​មេគ្រាប់​បែក​នេះ​តាម​រយៈ​​យន្តហោះ​ MC-130 ដែល​ជា​ប្រភេទ​យន្តហោះ​ទម្លាក់​គ្រាប់​បែក។ មេ​គ្រាប់​បែក​នេះ​ត្រូវ​បាន​គេ​ផ្ទុក​នៅ​លើ​ថាស​ដែក​ ឬ​រទេះ​កង់​បួន​មួយ​។ ហើយ​គេ​ព្រលែង​រទេះ​ដែល​មាន​ផ្ទុក​គ្រាប់​នោះ​ចេញ​ពី​ពោះ​ផែ្នក​ខាង​ក្រោយ​យន្តហោះ។
​ នៅ​លើ​អាកាស​ មេគ្រាប់​បែក​នោះ​ខ្ទាត​ចេញ​ពី​ថាស​ ហើយ​វា​ត្រូវ​សណ្តោង​យ៉ាង​យឺតៗ​​ដោយ​ឆ័ត្រ​យោង​មួយ​ ដើម្បី​ឲ្យ​ក្បាល​គ្រាប់​បែកនោះ​​សំយ៉ុង​ចុះ​ក្រោម​ក្នុង​គោលដៅ​អាចចុះ​ទៅ​​បុក​ដី​​ដើម្បី​បំផ្ទុះ។​នៅ​លើ​អាកាស​ មេ​គ្រាប់​បែក​នឹង​មាន​លំនឹង​ ហើយ​អាច​ងាក​ខ្លួន​ធ្វើ​ចលនា​បាន​ដោយសារ​តែ​កូន​ស្លាប​ទាំង​បួន​បំពាក់​មក​ជាមួយ។​ ការ​បំលាស់​ទី​របស់​គ្រាប់​បែក​នោះ​ គឺ​តាម​រយៈ​ការ​​បញ្ជា​ពី​ចម្ងាយ​ដោយ​ប្រព័ន្ធ​ GPS។​ ពេល​រំកិល​ខ្លួន​ចុះ​ជិត​ដល់​គោលដៅ​ មេគ្រាប់​បែក​នោះ​នឹង​ត្រូវ​ផ្ទុះ​មុន​នឹង​ប៉ះ​ដល់​ដី។​ កម្លាំង​ផ្ទុះ​របស់​មេ​គ្រាប់​បែក​នេះនឹង​​បង្ក​ឲ្យ​មាន​ការ​រញ្ជួយ​ដី​ក្នុង​រយៈ​ចម្ងាយ​រហូត​ទៅ​ដល់​ ៣ គីឡូម៉ែត្រ​ការ៉េ​ឯណោះ។

តើ​កង​យោធា​អាមេរិក​បាន​ចំណាយ​ថវិការប៉ុន្មាន​ក្នុង​ការ​ផលិតមេគ្រាប់បែកនេះ?
មេ​គ្រាប់​បែក​នេះ​ត្រូវ​បាន​កងទ័ព​អាមេរិក​អភិវឌ្ឈ​ក្នុង​កំឡុង​ពេល​សង្គ្រាម​ឈ្លាន​ពាន​ប្រទេស​អ៊ីរ៉ាក់​កាលពី​ឆ្នាំ​២០០៣។​ ហើយ​សហរដ្ឋ​អាមេរិក​បាន​សាកល្បង​វាជាលើក​តំបូង​កាលពី​ខែ​មិនា​ឆ្នាំ​២០០៣​ នៅ​តំបន់​ឈូង​សមុទ្រ​ពែក្ស។ ប៉ុន្តែ អាមេរិក​ពុំ​បាន​ប្រើប្រាស់​មេគ្រាប់​បែក​នេះ​ក្នុង​កំឡុង​សង្គ្រាម​នៅ​អ៊ីរ៉ាក់​ឡើយ។​ សហរដ្ឋ​អាមេរិក​បាន​ចំណាយ​ប្រាក់​សរុប​ចំនួន​ ៣១៤ លាន​ដុល្លារ​ដើម្បី​អភិឌ្ឈ​កម្មវិធី​ស្រាវជ្រាវ​បង្កើត​មេ​គ្រាប់​បែក​នេះ។

សំរាប់​មេ​គ្រាប់​បែក​មួយ​គ្រាប់​​ គេ​ត្រូវ​ពេលវេលា​ចំនួន​ ៩ សប្តាហ៍​ដើម្បី​តម្លើង​ និង​ត្រួត​ពិនិត្យ​ឲ្យ​បាន​ជាក់លាក់។​ មេ​គ្រាប់​បែក​នេះ​មាន​តម្លៃ​ ១៦ លាន​ដុល្លារ​ក្នុង​មួយ​គ្រាប់។​ អ្នក​ជំនាញ​សព្វាវុធ​បាន​ប៉ាន់​ប្រមាណ​ថា​ កងទ័ព​អាមេរិក​ប្រហែល​ជា​មាន​មេគ្រាប់​បែក​នេះ​ក្នុង​ដៃ​ចំនួន​ជាង​ ១៥ គ្រាប់។ បើ​តាម​ការ​ប្រកាស​របស់​ក្រសួង​ការពារជាតិ​អាមេរិក​ មេ​គ្រាប់​បែក​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ វា​អាវុធ​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​របស់​កងទ័ព​អាមេរិក។​ មេ​គ្រាប់​បែក​នេះ​មាន​សមត្ថភាព​អាច​បំផ្លាញ​ជម្រក​សត្រូវ​នៅ​ក្នុង​រូង​ភ្នំ​ និង​បណ្តាញ​ផ្លូវ​ក្រោម​ដី។

បើ​តាម​លោក​ Hans Kristensen អ្នក​ជំនាញ​ប្រចាំ​សហព័ន្ធ​អ្នក​វិទ្យាសាស្រ្ត​អាមេរិក​ផែ្នក​សង្កេត​ការណ៍​សព្វាវុធ​យោធា​បាន​ឲ្យ​ដឹង​ថា​ មេ​គ្រាប់​បែក​នេះ​មាន​កម្លាំង​តិច​ជាង​គ្រាប់​បែក​នុយក្លេអ៊ែរ​ B61-12 បច្ចុប្បន្ន​រហូត​ទៅ​ដល់​ ៣០ ដង​ឯណោះ។ ហើយ​មេ​គ្រាប់​បែក​នេះ​ក៏​ពុំ​ខ្លាំង​ដូច​គ្រាប់​បែក​នុយក្លេអ៊ែរ​ ដែល​អាមេរិក​បាន​ទម្លាក់​កាលពី​ឆ្នាំ​១៩៤៥ ក្នុង​កំឡុង​សង្គ្រាម​លោក​លើក​ទី​ពីរ​ឡើយ។​ កាលពី​សម័យ​នោះ​ អាមេរិក​បាន​ទម្លាក់​គ្រាប់​បែក​នុយក្លេអ៊ែរ​ចំនួន​ពីរ​គ្រាប់​។​ គឺ​នៅ​ទីក្រុង​ Hiroshima ដែល​មាន​កម្លាំង​ផ្ទុះ​នៃ​ម្សៅ​ TNT ស្មើ​ទម្ងន់​ ១៥ ០០០ តោន​ និង​នៅ​ទីក្រុង​ Nagasaki ដែល​មាន​ទម្ងន់​ស្មើ​នឹង​​ ២១ ០០០ តោន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ