អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ពលរដ្ឋ​​អាមេរិក​​ជាង​​ ៨​ លាន​នាក់​​កំពុង​​តែ​​​មាន​​ជម្ងឺ​​ផ្លូវចិត្ត​​កំរិត​​ធ្ងន់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

យោង​តាម​លទ្ធផល​នៃ​ការ​សិក្សា​វិទ្យាសាស្រ្ត​មួយ​បាន​ឲ្យ​ដឹង​ថា​ មាន​ពលរដ្ឋ​អាមេរិក​ចំនួន​ប្រមាណ​ ៨,៣ លាន​នាក់​កំពុង​តែ​មាន​ជំងឺ​ផ្លូវ​ចិត្ត​កំរិត​ធ្ងន់​។ ហើយ​អ្នក​ជម្ងឺ​ទាំង​នោះ​ចាំបាច់​ត្រូវ​ការ​ទទួល​ការ​ព្យាបាល​ជា​បន្ទាន់។ ការ​សិក្សា​នោះក៏​បាន​លាត​ត្រដាង​ឲ្យ​ដឹង​ផង​ដែរ​ថា​ កំណើន​អ្នក​ជម្ងឺ​ផ្លូវ​ចិត្ត​នេះ​ក៏​បាន​ជះ​ឥទ្ធិពល​ធ្វើ​ឲ្យ​ចំនួន​ពល​រដ្ឋ​​អាមេរិក​​ធ្វើ​អត្តឃាត​កាន់​តែ​កើន​ឡើង​ផង​ដែរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ស្រប​ពេល​គ្នា​នេះ​ ​ គុណភាព​សេវា​សុខាភិបាល​សាធារណៈ​ផែ្នក​វិកល​ចរិត​នៅ​សហរដ្ឋ​អាមេរិក​ក៏​កំពុង​តែ​ថយ​ចុះ​។​ ជាពិសេស​ ថវិការ​ដ្ឋ​សំរាប់​​សេវា​សាធារណៈ​នៃ​​ជម្ងឺ​នេះ​ក៏​ត្រូវ​បាន​កាត់​បន្ថយ​ជា​លំដាប់។ 

ប្រជាជន​នៅ​ញូវយក
ប្រជាជន​នៅ​ញូវយក REUTERS/Brendan McDermid
ផ្សាយពាណិជ្ជកម្ម

ចំនួន​ពល​រដ្ឋ​អាមេរិក​មាន​ជម្ងឺ​ផ្លូវ​ចិត្ត​កំពុង​តែ​កើនឡើង​ឥត​ឈប់ឈរ​។ នេះ​ជា​ការ​ប្រកាស​អាសន្ន​នៅ​ក្នុង​របាយការណ៍​នៃការ​សិក្សា​វិទ្យាសាស្រ្ត​មួយ​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ​ ទី​១៧ មេសា​កន្លង​ទៅ​នេះ​។​ លទ្ធ​ផល​នៃការ​សិក្សា​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​តាម​អ៊ិនធ័រណេត​នៅ​ក្នុង​ព្រឹត្តិប័ត្រ​វិទ្យាសាស្រ្ត​ Psychiatric services។ ​លោកស្រី​វេជ្ជបណ្ឌិត​ Judith Weissman ​អ្នក​ស្រាវជ្រាវ​ប្រចាំ​មជ្ឈមណ្ឌល​វេជ្ជសាស្រ្ត​ Langone នៃ​សាកល​វិទ្យាល័យ​ញ៉ូវយក​ជា​អ្នក​ដឹកនាំ​ក្រុម​អ្នក​ស្រាវជ្រាវ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​សិក្សា​នេះ។

ឆ្លង​តាម​រយៈ​ការ​សិក្សា​វិភាគ​ស្ថិតិ​របស់​រដ្ឋាភិបាល​សហព័ន្ធ​ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ទាញ​សេចក្តី​សន្និដ្ឋាន​ថា​ បច្ចុប្បន្ន​នេះ​ មាន​ពលរដ្ឋ​អាមេរិក​ជាង​ ៨,៣ លាន​នាក់​កំពុង​តែ​មាន​ជម្ងឺ​ផ្លូវ​ចិត្ត​កំរិត​ធ្ងន់​ធ្ងរ។​ នេះ​ជា​ចំនួន​ដ៏​ច្រើន​លើស​លប់​ពុំ​ដែល​ធ្លាប់​មាន​ពីមុន​មក​។​ ហើយ​ចំនួន​នេះ​ គឺ​តំណាង​ឲ្យ​ ៣,៤%​ នៃ​ចំនួន​ប្រជាជន​អាមេរិក​សរុប។​ បើ​ប្រៀប​ធៀប​នឹង​កាលពី​ដប់​ឆ្នាំ​មុន​ ចំនួន​នេះ​មាន​តែ​ ៣%​ តែ​ប៉ុណ្ណោះ។​ ការ​សិក្សា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ចន្លោះ​ពី​ឆ្នាំ​២០០៦​ ដល់​ឆ្នាំ​ ២០១៤។ ពលរដ្ឋ​អាមេរិក​ដែល​មាន​ជម្ងឺ​ផ្លូវ​ចិត្ត​នោះ​មាន​អាការៈ​ផ្សេងៗ​ដូច​ជា​៖ សម្ពាធ​ផ្លូវ​ចិត្ត​ ការ​តាន​តឹង​អារម្មណ៍​ និង​ការ​ក្រៀម​ក្រំ​ផ្លូវ​ចិត្ត​ជា​ដើម។​ ហើយ​អ្នក​មាន​អាការៈ​ជម្ងឺ​ទាំង​អស់​នោះ​ចាំ​បាច់​ត្រូវ​ទទួល​ការ​ព្យាបាល​ជា​បន្ទាន់។

​ការសិក្សា​នេះ​ក៏​ផ្អែក​លើ​ការ​ធ្វើ​អង្កេត​ដោយ​ផ្ទាល់​មួយ​ជាមួយនឹង​ពលរដ្ឋ​អាមេរិក​ចំនួន​ ៣៥ ០០០ គ្រួសារ​ ដែល​ស្មើ​នឹង​មនុស្ស​ចំនួន ២ សែន​នាក់​មក​ពី​គ្រប់​ស្រទាប់​វណ្ណៈ​និង​ សហគមន៍​ជាតិសាសន៍​នានា។​ ពលរដ្ឋ​ទាំង​នោះ​បាន​ចូលរួម​សហការ​ជា​រៀង​រាល់​ឆ្នាំ​ជាមួយ​មជ្ឈមណ្ឌល​បង្កា​រ និង​គ្រប់​គ្រង​ជម្ងឺ​ផ្លូវ​ចិត្ត​ (CDC) ដែល​មាន​ទីតាំង​នៅ​គ្រប់​ទី​កន្លែង​នានា​ទូទាំង​សហរដ្ឋ​អាមេរិក។​ អ្នក​ចូល​រួមសហការ​ជាមួយ​នឹង​ការ​ធ្វើ​​អង្កេត​សិក្សា​នេះ​បានរៀប​រាប់​អំពី​ស្ថានភាព​ផ្លូវ​ចិត្ត​របស់​ពួក​គេ​ដោយ​ផែ្អក​លើ​អារម្មណ៍​ចំនួន​ ៦។​ ក្នុង​នោះ​មាន​ជា​អាទិ​ដូចជា​៖ ​១)អារម្មណ៍​​ទុក្ខ​សោក​ ២)អារម្មណ៍​គិត​ថា​ខ្លួន​គ្មាន​ប្រយោធន៍​ ៣)អារម្មណ៍​រវើ​រវាយ​កាយ​ ៤)អារម្មណ៍​នឿយ​ហត់​រាង​កាយ​ ៥)​អារម្មណ៍​ខឹង​ច្រឡោត​ និង​៦)​ការ​បាត់​បង់​សមត្ថភាព​ចង់​ប្រឹង​ប្រែង​ធ្វើ​អ្វី​មួយ។​

បើ​យោង​តាម​សំដី​របស់​លោកស្រី​វេជ្ជបណ្ឌិត​ Judith Weissman ​បាន​ឲ្យ​ដឹង​ថា​ កំណើន​អ្នក​ជម្ងឺ​ផ្លូវ​ចិត្ត​ក្នុង​ចំណោម​ពលរដ្ឋ​អាមេរិក​ គឺ​អាច​បណ្តាល​មក​ពី​វិបត្តិ​សេដ្ឋ​កិច្ច​ឆ្នាំ​២០០៨។ វិបត្តិ​នេះ​បាន​បណ្តាល​ពលរដ្ឋ​អាមេរិក​ដែល​បាត់​បង់​ការងារ​ និង​ជាប់​ជំពាក់​បំណុល​ធនាគារ​ធ្លាក់​ខ្លួន​ចូល​ទៅ​ក្នុង​វិបត្តិ​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ។​ ហើយ​ចំពោះ​អ្នក​មាន​បញ្ហា​ជម្ងឺ​ផ្លូវ​ចិត្តស្រាប់​ ពួក​គេ​កាន់​តែ​​មិន​អាច​ងើប​ខ្លួន​ឲ្យ​ចេញ​ផុត​​ពី​វិបត្តិ​នេះ​បាន​ឡើយ។​

វិបត្តិ​ផ្លូវ​ចិត្ត​ក៏​ជះ​ឥទ្ធិពល​អាក្រក់​ និងបង្ក​ផល​វិបាក​យ៉ាង​ច្រើន​ដល់​អ្នក​ជម្ងឺ​រហូត​ធ្វើ​ឲ្យ​គុណភាព​ជីវិត​ និង​សេចក្តី​សង្ឃឹម​រស់នៅ​របស់​គេ​កាន់​តែ​ថយ​ចុះ​ជា​លំដាប់។ បើ​តាម​អ្នក​ជំនាញ​ ចំពោះ​អ្នក​មាន​ជម្ងឺ​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​ឈាន​ទៅ​ដល់​ជម្ងឺ​វិកល​ចរិត ពួក​គេ​​មាន​សេចក្តី​សង្ឃឹម​រស់​នៅ​ថយ​ចំនួន​ ២៥ ឆ្នាំ​។​ នេះ​ប្រសិន​បើ​យើង​ប្រៀប​ធៀប​ជាមួយ​នឹង​ប្រជាជន​ធម្មតា​ដែល​ពុំ​មាន​អាការៈ​ជម្ងឺ​បែប​នេះ។ បើ​តាម​លោកស្រី​វេជ្ជ​បណ្ឌិត Weissman ​ អ្នក​ជម្ងឺ​មាន​អាយុ​ចន្លោះ​ពី​៤៥ ទៅ​៥៩ ឆ្នាំ​ គឺ​ជា​ក្រុម​អ្នក​ជម្ងឺ​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពង់​ជាង​គេ។

​ដោយ​សារ​មូលហេតុ​នេះ​ហើយ​បាន​ជា​អត្រា​អ្នក​ធ្វើ​អត្តឃាត​កាន់​តែ​កើន​ខ្ពស់​ក្នុង​ចំណោម​មនុស្ស​ក្នុង​វ័យ​នេះ។​ ជា​មធ្យម​ មាន​ពលរដ្ឋ​អាមេរិក​ប្រមាណ​ ៤ ៣០០ នាក់​ ក្នុង​មួយ​ឆ្នាំ​ ដែល​បាន​សម្រេច​ចិត្ត​ប្រល័យ​ជីវិត​​ខ្លួន​ឯង​ដោយសារ​តែ​វិបត្តិ​ផ្លូវ​ចិត្ត​តាម​យារយី។​

តាម​រយៈ​ការ​សិក្សា​នេះ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ មួយ​ភាគ​ធំ​នៃ​អ្នក​មាន​ជម្ងឺ​ផ្លូវ​ចិត្ត​ ពួក​គេ​ពុំ​ទទួល​បាន​សេវាកម្ម​ព្យាបាល​ឡើយ។​ មាន​មូល​ហេតុ​ពីរ​យ៉ាង​ដែល​ធ្វើ​ឲ្យ​អ្នក​ជម្ងឺ​ទាំង​នោះ​ពុំ​ទទួល​បាន​ការ​ព្យាបាលត្រឹម​ត្រូវ៖​ ១)​គឺ​អាច​បណ្តាល​មក​ពី​អ្នក​ជម្ងឺ​ទាំង​នោះ​គ្មាន​មធ្យោបាយ​ថវិកាគ្រប់​គ្រាន់​​ ២)​គឺ​ប្រហែល​ជា​អ្នក​ជម្ងឺ​ទាំង​នោះ​ពុំ​អាច​ស្វែង​រក​ដំណោះ​ស្រាយ​បាន​ដោយសារ​តែ​ស្ថាន​ភាព​អាការៈ​ជម្ងឺ​របស់​ពួក​គេ​ធ្ងន់​ធ្ងរ​ពេក។​ ម៉្យាង​ទៀត​ វិបត្តិសេដ្ឋកិច្ច​ និង​សង្គម​បាន​នាំ​ឲ្យ​អ្នក​ជម្ងឺ​មួយ​ចំនួន​ធំ​សំងំ​លាក់​ខ្លួន​ពួន​អាត្មា​តែ​ម្នាក់​ឯង​ដោយ​ពុំ​ហ៊ាន​សុំ​ជំនួយ​ពី​ខាង​ក្រៅ​ ដែល​នេះ​ជា​ការ​លំបាក​ក្នុង​ផ្តល់​សេវា​កម្ម​ព្យាបាល​ដល់​ពួក​គេ។​

លើស​ពីនេះ​ ការ​ថយ​ចុះ​គុណភាព​នៃ​សេវាកម្ម​សុខាភិបាល​ផែ្នក​ជម្ងឺ​ផ្លូវ​ចិត្ត​ និង​ជម្ងឺ​វិកល​ចរិត​ក៏​ជា​ចំណែក​មួយ​សំខាន់​ផង​ដែរ។​ អ្នក​ជម្ងឺ​នោះ​ពុំ​មាន​ការ​ធានាសុខភាព​ឯកជន​ឡើយ។​ ហើយ​នេះ​ជា​ឧបសគ្គ​មួយ​រាំង​ស្ទះ​មិន​អាច​អនុញ្ញាត​ឲ្យ​ពួក​គេ​​មាន​ឱកាស​បាន​ទៅ​ជួប​ពិគ្រោះ​ជម្ងឺ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ផ្លូវ​ចិត្ត។ ម៉្យាង​ទៀត​ មួយ​ផែ្នក​ធំ​នៃ​អ្នក​ជម្ងឺ​ក៏​គ្មាន​ការ​ធានារ៉ាប់រង​ដើម្បី​អាច​ទិញ​ថ្នាំ​ពេទ្យ​ព្យាបាល​។ លើស​ពីនេះ​ កង្វះ​គ្រូពេទ្យ​ឯក​ទេស​ផែ្នក​ជម្ងឺ​ផ្លូវ​ចិត្ត​ និង​ជម្ងឺ​វិកល​ចរិត​ក៏​ជា​កត្តា​មួយ​ជំរុញ​ឲ្យ​មាន​អ្នក​ជម្ងឺ​កាន់​តែ​កើន​ឡើង​ផង​ដែរ។​

សូម​បញ្ជាក់​ថា​ កាលពី​ឆ្នាំ​២០០៨​ សភា​អាមេរិក​បាន​អនុម័ត​ច្បាប់​ពិសេស​មួយ​ស្តីពី​ការ​ផ្តល់​សេវា​ប្រកប​ដោយ​សមភាព​ដល់​អ្នក​ជម្ងឺ​ផ្លូវ​ចិត្ត​។​ លើសពី​នេះ​ កាលពី​ឆ្នាំ​២០១០ ​​ច្បាប់​ធានា​រ៉ាប់រង​សុខភាព​ Obamacare ដែល​ផ្តល់​សេវា​សុខភាព​ឥត​គិត​ថ្លៃ​ដល់​ពលរដ្ឋ​ក្រី​ក្រ​ក៏​ត្រូវ​បាន​សភា​អនុម័ត​ផង​ដែរ​។​ ប៉ុន្តែ ​ជាក់​ស្តែង​ ច្បាប់​ទាំងពីរ​នេះ​ពុំ​បាន​ជួយ​អ្វី​បន្តិច​សោះ​ឡើយ​ដល់​អ្នក​ជម្ងឺ​ផ្លូវ​ចិត្ត​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ