អានតួអត្ថបទ
អាមេរិក-តួកគី

អាមេរិក​បំពាក់​អាវុធ​ឲ្យ​ក្រុមគួឌីស្ថាន នៅ​ស៊ីរី ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត

រដ្ឋបាល​អាមេរិក​របស់​លោក​ដូណាល់​ត្រាំ នៅ​ថ្ងៃ​អង្គារ​ទី ៩​ឧសភា បាន​សម្រេច​បំពាក់​អាវុធ​ឲ្យ​ក្រុមគួឌីស្ថាន នៅ​ស៊ីរី នោះ​បើទោះបី​ជា​មាន​ការចេញ​មុខ​ប្រឆាំង ដ៏​ខ្លាំងក្លា​ពី​រដ្ឋាភិបាល​តួកគី ដែល​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ក៏ដោយ។ ទីក្រុង​អង់ការ៉ា​ដែល​ធ្លាប់​ចេញ​ទៅ​ទម្លាក់​គ្រាប់បែក​វាយប្រហារ​ក្រុមគួឌីស្ថាន​នៅ​ស៊ីរី បាន​ចាត់ទុក​ក្រុមនេះ​ជា​ដៃជើង គ្នីគ្នា​របស់​ក្រុមគួដ​តួកគី ដែល​ជា​សត្រូវ​សួរពូជ​របស់​រដ្ឋាភិបាល​តួកគី។

ក្រុម​ទាហាន​អាមេរិក​អម​ដំណើរ​ដោយ​ទាហាន​គួឌីស្ថាន នៅ​ទឹកដី​ស៊ីរី​ក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​តួកគី នៅ​ខែ​មេសា ២០១៧
ក្រុម​ទាហាន​អាមេរិក​អម​ដំណើរ​ដោយ​ទាហាន​គួឌីស្ថាន នៅ​ទឹកដី​ស៊ីរី​ក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​តួកគី នៅ​ខែ​មេសា ២០១៧ ©AFP
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​តួកគី តាមរយៈ​ឧបនាយករដ្ឋមន្រ្តី​បាន​ប្រតិកម្ម​ខ្លាំង​នៅ​ថ្ងៃ​ពុធ​នេះ ដោយ​ចាត់ទុក​ការសម្រេចចិត្ត​របស់​ទីក្រុង​វ៉ាស៊ីនតោន​ថា ជា​ការមិនអាច​ទទួល​យកបាន។ នៅ​ថ្ងៃ​អង្គារ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​សម្រេច​យល់ព្រម​តាម​សំណើ​របស់​មន្ទីរបញ្ចកោន ដែល​ចង់​ឲ្យ​អាមេរិក​បំពាក់​អាវុធ​ដល់​ទាហាន​របស់​ក្រុមគួឌីស្ថាន នៅ​ប្រទេស​ស៊ីរី។ តាម​អ្នកនាំពាក្យ​របស់​ក្រសួងការពារ​ជាតិ​អាមេរិក លោក​Jeff Davis លោក​ប្រធានាធិបតី​អាមេរិក​បាន​អនុញ្ញាត​ឲ្យ​មន្ទីរបញ្ចកោន​ផ្តល់​អាវុធ​ដល់​ក្រុមទាហាន​គួឌីស្ថាន ស៊ីរី ដើម្បី​វាយឈ្នះ​លើ​ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម នៅ​ទីក្រុង​រ៉ាកា ក្នុង​ទឹកដី​ស៊ីរី។

 

កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី ដែល​ជា​សម្ព័ន្ធ​អារ៉ាប់ គួឌីស្ថាន​បាន​ស្វាគម​ការសម្រេច​ចិត្ត​របស់​ទីក្រុង​វ៉ាស៊ីនតោន ដែល​បើតាម​ពួកគេ គឺ​នឹង​ជួយ​ឲ្យ​គេ​វាយឈ្នះ​កាន់តែ​ឆាប់ ក្រុម​ជីហាត អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី។

 

មន្រ្តី​យោធា​ជាន់ខ្ពស់​ម្នាក់​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាននិយាយ​ថា ជាមួយ​នឹង​ភ្លើងខៀវ​របស់​ប្រធានាធិបតី អាមេរិក​អាច​ផ្តល់​ទៅ​ឲ្យ​ក្រុមទាហាន​គួឌីស្ថាន ស៊ីរី នូវ​អាវុធ​ធុនស្រាល គ្រាប់បែក និង​រថពាសដែក​ជាដើម។

 

ផ្តល់​អាវុធ​ទៅ​ឲ្យ​ក្រុមគួឌីស្ថាន​ស៊ីរី ដែល​តួកគី បាន​ចាត់ទុក​ជា​សត្រូវរួម​គ្នា​ជាមួយ​ក្រុមគួឌីស្ថាន​តួកគី តើ​អាមេរិក​របស់​លោក​ដូណាល់​ត្រាំ ប្រុង​ដើរ​នយោបាយ​អ្វី​ជាមួយ​តួកគី ដែល​ជា​ដៃគូ សម្ព័ន្ធមិត្ត សំខាន់​របស់​អាមេរិក នៅក្នុងអង្គការ​អូតង់។ ម្យ៉ាងទៀត ការសម្រេចចិត្ត​របស់​លោក​ដូណាល់ ត្រាំ បំពាក់​អាវុធ​ឲ្យ​ក្រុមគួឌីស្ថាន ធ្វើឡើង​នៅ​តែ​មួយ​អាទិត្យ មុន​ដែល​លោក​ប្រធានាធិបតី​តួកគី លោករេស៊ីប អ៊ែរដូហ្កាន ត្រូវ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅ​ទីក្រុង​វ៉ាស៊ីនតោន។ នៅក្នុង​វេទិកា​សាធារណៈ កាលពី​ពីរសប្តាហ៍​មុន លោក​ប្រធានាធិបតី​តួកគី ធ្លាប់​បាន​អះអាង​ថា លោក​នឹង​បញ្ចុះបញ្ចូល លោក​ដូណាល់ ត្រាំ ឲ្យ​យល់​ឃើញថា ក្រុមគួឌីស្ថាន ស៊ីរី ដែល​អាមេរិក​កំពុង​ជួយ​ផ្នែក​សព្វាវុធ តាមពិត​ជា​សាខា គ្នីគ្នា​របស់​ក្រុមគួឌីស្ថាន​តួកគី ដែល​អង់ការ៉ា និង​ប្រទេស​លោក​ខាងលិច ចាត់ចូល​ក្នុង​បញ្ជីរ​ភេរវនិយម​ពិភពលោក។

 

មជ្ឈមណ្ឌល​ប្រឆាំង​ភេរវកម្ម​អាមេរិក​ផ្ទាល់​ធ្លាប់​បាន​ចាត់ទុក​ក្រុមគួឌីស្ថាន​ស៊ីរី​ថា ជា​ក្រុម​ភេរវនិយម ប៉ុន្តែ អាមេរិក​បាន​ប្តូរជំហរ​នេះ​មកវិញ  នៅ​ឆ្នាំ ២០១៤ នៅពេល​ទ័ព​អាមេរិក​ចាប់ផ្តើម​រួមដៃ​ធ្វើការ​ជាមួយ​ក្រុមនេះ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម នៅ​ស៊ីរី។

 

សម្រាប់​អ្នកវិភាគ​មួយ​ចំនួន វ៉ាស៊ីនតោននឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​តួកគី​ខឹង​ក្តៅ​ក្រហាយ។ ទីក្រុង​អង់ការ៉ា​នៅ​តែ​បារម្ភខ្លាច​ជាប់​ជានិច្ច​ថា ក្រុម​គួឌីស្ថាន នៅ​ស៊ីរី នឹង​រួមកម្លាំង​ជាមួយ​ក្រុមគួឌីស្ថាន​តួកគី ដើម្បី​បង្ក​អសន្តិសុខ ដណ្តើម​កាន់កាប់​ទឹកដី នៅ​តាម​ព្រំដែនតួកគី ស៊ីរី។ កងទ័ព​តួកគី និង​ក្រុមទាហាន​គួឌីស្ថាន​ស៊ីរី ឧស្សាហ៍​ប៉ះទង្គិច​អាវុធ​គ្នា នៅ​តាម​បណ្តោយ​ព្រំដែនតួកគី​ស៊ីរី។ នៅខែ​មេសា កន្លងទៅ កងទ័ព​តួកគី​ថែម​ទាំង​បាន​ទៅ​ទម្លាក់​គ្រាប់បែក​លើ​ទីស្នាក់ការ​កណ្តាល​របស់​ក្រុម​គួឌីស្ថាន ស៊ីរី ដោយ​បានសម្លាប់​មនុស្ស​២៨នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ