អានតួអត្ថបទ
ស៊ីរី-ក្រុមជីហាត

ការ​​​វាយលុក​ចុង​​​ក្រោយ​​ប្រឆាំង​​ទល់​​នឹង​​​អង្គការ​​រដ្ឋ​អ៊ីស្លាម​​នៅ ​​Raqa​​​ នឹង​​ត្រូវ​​ធ្វើ​​នៅ​​ដើម​​រដូវ​​រ​ក្តៅ​​នេះ​

ក្រុម​សម្ព័ន្ធ​អារ៉ាប់-គួឌីស្ថាន​ដែល​គាំទ្រ​ដោយ​ទីក្រុង​វ៉ាស៊ីនតោន បាន​ជូន​ដំណឹង​អំពី​ការ​ចាប់​ផ្តើម​វាយលុក​ដ៏​ធំធេង​ចុងក្រោយ​​ប្រឆាំង​ទៅ​លើ​ក្រុង Raqa នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ដើម​រដូវ​ក្តៅ​នេះ ដើម្បី​វាយ​រុញ​ច្រាន​​ក្រុម​អ៊ីស្លាម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម​ចេញ​ពី​ក្រុង​រ៉ាកា​​ដែល​ជា​ដែន​ត្រួតត្រា​របស់​ពួក​អ៊ីស្លាម​ជីហាត​នៅ​ក្នុង​ប្រទេស​ស៊ីរី។

យានយន្ត​របស់​កងទ័ព​អាមេរិក​​នៅខាងជើង​តំបន់​ Manbij ក្នុងប្រទេស​ស៊ីរី​ថ្ងៃ​ទី​៩​មីនា​២០១៧​
យានយន្ត​របស់​កងទ័ព​អាមេរិក​​នៅខាងជើង​តំបន់​ Manbij ក្នុងប្រទេស​ស៊ីរី​ថ្ងៃ​ទី​៩​មីនា​២០១៧​ REUTERS/Rodi Said
ផ្សាយពាណិជ្ជកម្ម

 

ការ​វាយប្រហារ​ប្រឆាំង​ទៅ​លើ​ទីក្រុង រ៉ាកា​ដែល​ក្តោបក្តាប់​ដោយ​ក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ​ប្រហែលជា​នឹង​ចាប់​ផ្តើម​នៅ​ខែ​មិថុនា​ខាង​មុខ -នេះបើយោង​តាម​ការ​គូស​បញ្ជាក់​របស់​មេ​បញ្ជាការ​នៃ​​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​(FDS)​។​

ការ​ច្បាំង​ដណ្តើម​យក​ទីក្រុង​នេះ​ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​​ប្រទេស​ស៊ីរី​កាលពី​ថ្ងៃ​ពុធ​មុន បន្ទាប់ពី​ការប្រយុទ្ធគ្នា​អស់រយៈពេល​ជាច្រើន​សប្តាហ៍​មក គឺ​ជា​ជ័យ​ជំនះ​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​ជ័យជំនះ​ជា​ច្រើនផ្សេង​ទៀត​របស់​កម្លាំង​ប្រជាធិបតេយ្យ​​ស៊ីរី​(FDS)​។

កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​នេះ​ដែល​ប្រមូលផ្តុំដោយ​​ក្រុម​សម្ព័ន្ធ​អារ៉ាប់-គួឌីស្ថាន​និង​គាំទ្រ​ដោយ​ទីក្រុង​វ៉ាស៊ីនតោន បាន​វាយប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​ក្រុម​ជីហាត​តាំង​ពី​ឆ្នាំ​២០១៥​មកម្ល៉េះ។​

ម្យ៉ាងទៀត​ការវាយ​ដណ្តើម​បាន​ក្រុង​គន្លិះ​មួយ​នៅ​ Tabqa កាលពី​យប់​ថ្ងៃ​ពុធ​១០​ឧសភា​មុន​ត្រូវ​​បានប្រព្រឹត្ត​ទៅ​មួយ​ថ្ងៃ​បន្ទាប់​​ពី​អាមេរិក​បាន​ជូន​ដំណឹង​ពី​ចេតនា​របស់​ខ្លួន​ក្នុង​ការ​ផ្គត់ផ្គង់​អាវុធ​និង​យានយន្ត​​ផ្សេង​ៗ​ទៀតអោយ​​ដល់​ក្រុម​យុទ្ធជន​គួឌីស្ថាន ក្រុម​អង្គភាព​ការពារ​ប្រជាជន​​គួឌីស្ថាន(YPG)​។

ក៏ប៉ុន្តែ​មកទល់ពេលនេះ​ កម្លាំង​​គួឌីស្ថាន​នៅ​ពុំទាន់​បាន​ទទួល​អាវុធ​ទាំង​នោះ​នៅ​ឡើយ​ទេ​ តែ​គេ​ក៏​រំពឹងទុក​ដែរ​នឹង​បាន​ទទួល​នៅ​ក្នុងពេល​ឆាប់ៗខាងមុខនេះ។​

គួរបញ្ជាក់ថានៅ Tabqa ដែល​ស្ថិត​នៅ​លើ​ផ្លូវ​នៃ​ក្រុង ​Raqa​ ក្រុម​អ្នកកាសែត​នៃ​ទីភ្នាក់ងារ​ព័ត៌មាន​​បារាំង AFP​ បាន​សង្កេត​ឃើញ​ស្បោង​ខ្សាច់​​ដែល​ពួក​ជីហាត​បាន​ប្រើប្រាស់​ធ្វើ​ជា​របាំង​ការពារ​ខ្លួន​និង​យាន្តជំនិះ​ត្រូវ​អន្តរាយ​ខ្ទេចខ្ទី​​ក៏​ព្រម​ទាំង​​រណ្តៅ​ធំៗ​​ដែល​​ទំនង​ជា​ត្រូវ​ទទួល​​រង​នូវ​ការវាយប្រហារពីសំណាក់​កងទ័ពចំរុះអន្តរជាតិ​ក្រោម​ការដឹកនាំរបស់អាមេរិក។​

ចាប់តាំងពី​ការ​ចាប់​ផ្តើម​ការវាយប្រហារ​ដ៏​ធំធេង​នៅ​ខែ​វិច្ឆកា​ឆ្នាំ​មុន​ដើម្បី​រំដោះ​ទីក្រុង​ Raqa ​នោះ កង​កម្លាំង​ប្រជាធិបតេយ្យស៊ីរី(FDS)​ បាន​វាយ​ដណ្តើម​យក​បាន​តំបន់​នានា​ដ៏​ធំធេង​នៅ​ក្នុង​ខេត្ត​ដែល​មាន​ឈ្មោះ​ដូច​​គ្នា​នេះដែរ។ ក្នុងខណៈនេះ ​​​​​​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​(FDS) ​កាន់តែវាយរុលទៅមុខ និងរំកិល​ខិត​ទៅ​ជិត​ដល់​ក្រុង​Raqa​ហើយ​គឺ​នៅសល់​ចម្ងាយ​តែ​៨​គម​តែ​ប៉ុណ្ណោះ។ គួរបញ្ជាក់​ថា​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​(FDS)​ដែល​មាន​យុទ្ធជន​នៃ​អង្គភាព​ការពារ​ប្រជាជន​គួឌីស្ថាន​(YPG)​ភាគ​ច្រើន​ គឺ​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​អាមេរិកនៅ​ក្នុង​ការ​វាយ​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​ក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី៕​​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ