អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បញ្ហា​អាកាស​ធាតុ​ត្រូវ​បាន​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​តំបន់​អាកទិក​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុម​ប្រឹក្សា​តំបន់អាកទិក​បាន​រៀបចំ​កិច្ច​​ប្រជុំ​ប្រចាំ​ឆ្នាំ​មួយ​ កាល​ពី​ថ្ងៃព្រហស្បតិ៍​ ទី​១១ ឧសភា​សបា្តហ៍​មុន​ នៅ​រដ្ឋ​អាឡាសស្កា​។​ សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ជា​ប្រធាន​នៃ​វេទិកា​អន្តរ​រដ្ឋាភិបាល​នេះ​អស់​រយៈ​ពេល​ ២ ឆ្នាំ​មក​ហើយ។​ ក្រោម​វត្តមាន​រដ្ឋ​មន្រ្តី​ការបរទេស​នៃ​បណ្តា​ប្រទេស​សមាជិក​ទាំង​ ៨​ ដែលជាប់​តំបន់​អាកទិក​ កិច្ច​ប្រជុំ​នេះ​​ត្រូវ​បាន​បិទបញ្ចប់​ដោយ​បាន​ធ្វើ​សេចក្តី​សំរេច​ធំៗ​មួយ​ចំនួន​ តួយ៉ាង​សំណុំ​រឿង​អាកាស​ធាតុ​, ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​​ និង​កិច្ច​សហការ​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​។​

អាកាសធាតុ​ប្រែប្រួល មហាសមុទ្ទ​ទឹកកក​រលាយ​លឿន​ហួស​ការព្រៀង​ទុក
អាកាសធាតុ​ប្រែប្រួល មហាសមុទ្ទ​ទឹកកក​រលាយ​លឿន​ហួស​ការព្រៀង​ទុក REUTERS/Fabian Bimmer
ផ្សាយពាណិជ្ជកម្ម

សហរដ្ឋ​អាមេរិក​បាន​រៀបចំ​ជំនួប​ក្រុម​ប្រឹក្សា​តំបន់​អាកទិក​ជា​លើក​ចុង​ក្រោយ​ក្នុង​ឋានៈ​ខ្លួន​ជា​ប្រធាន។​ កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ Fairbanks ស្ថិត​នៅ​ភាគពាយ័ព្យ​នៃ​រដ្ឋ​អាឡាសស្កា។​ សូម​រំលឹក​ជូន​ផង​ដែរ​ថា​ កាល​ពី​ដើម​ឡើយ​ ពោល​ គឺ​កាលពី​ ១៥០​ ឆ្នាំ​មុន​ សហរដ្ឋ​អាមេរិក​បាន​ទិញ​ទឹកដី​នេះ​ពី​ប្រទេស​រុស្សី។​ ហើយ​សហរដ្ឋ​អាមេរិក​បាន​ដាក់​បញ្ជូល​ទឹកដី​អាឡាស្កា​នេះ​ជា​រដ្ឋ​មួយ​របស់​ខ្លួន​កាលពី​ឆ្នាំ​១៩៥៩។

 

ប្រធាន​បទ​សំខាន់ៗនៃ​កិច្ច​ប្រជុំ​នេះ​​មាន​ដូចជា​ ការ​ប្រែប្រួល​អាកាស​ធាតុ​ បញ្ហា​ភូមិ​សាស្រ្ត​នយោបាយ​ និង​ជាពិសេស​ គឺ​វត្ថុបំណង​​របស់សហរដ្ឋ​អាមេរិក​ក្នុង​ក្រុម​ប្រឹក្សា​តំបន់​អាកទិក​ ក្រោម​ការ​ដឹកនាំ​ក្នុង​​រដ្ឋការថ្មី​របស់​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ។​លោក​រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក​ Rex Tillerson បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ប្រជុំ​នេះ ដោយ​បាន​អះអាង​ថា​ សហរដ្ឋ​អាមេរិក​នៅ​តែ​បន្ត​ចូលរួម​​សហការ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​តំបន់​អាកទិក​នេះ។​ ក៏​ប៉ុន្តែ​ សហរដ្ឋ​អាមេរិក​នឹង​មិន​ប្រញាប់​ប្រញាល់​អនុម័ត​គោល​នយោបាយ​អ្វី​មួយ​ឡើយ​ជុំវិញ​សំណុំ​រឿង​ការ​ប្រែប្រួល​អាកាស​ធាតុ។ ហើយ​រាល់​ការ​សម្រេច​ចិត្ត​យ៉ាង​ណា​នោះ​ គឺ​នឹង​ផ្អែក​លើ​ប្រយោជន៍​ជា​ចម្បង​របស់​សហរដ្ឋ​អាមេរិក​។

សូម​បញ្ជាក់​ថា​ ក្រុម​ប្រឹក្សា​តំបន់​អាកទិក​មាន​ប្រទេស​ជា​សមាជិក​ចំនួន​ ៨​ មាន​ជាអាទិ៍​ដូចជា៖​ កាណាដា​ រុស្សី​ ន័រវែស​ ដាណឺម៉ាក​ សហរដ្ឋ​អាមេរិក​ អ៊ីសឡង់​ ស៊ុយ​អែដ​ និង​ហ្វាំង​ឡង់។​ ហើយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​តំណាង​ឲ្យ​ជនជាតិ​ដើម​រស់​នៅ​តំបន់​អាកទិក​ និង​ប៉ូល​ខាង​ជើង​ចំនួន​ ៦​ ក៍​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​នេះ​ផង​ដែរ។

ក្រុម​ប្រឹក្សា​ប្រមូល​ផ្តុំ​ប្រទេស​ជាប់​តំបន់​អាកទិក​នេះ​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​១៩៩១។​ ស្ថាប័ន​​នេះ​មាន​គោលបំណង​លើកស្ទួយ​កិច្ច​ពិភាក្សា​ និង​កិច្ច​សហការ​គ្នា​រវាង​ប្រទេស​សមាជិក​ លើ​ផែ្នក​បរិស្ថាន​ ផ្នែក​រុករក​ប្រេង​កាត​ និង​ធនធាន​រ៉ែ​ ផ្នែក​ចរាចរណ៍​សមុទ្រ​ ផែ្នក​នេសាទ​ និង​ផែ្នក​ទេសចរណ៍​នៅ​ក្នុង​តំបន់​អាកទិក។​ កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​តំបន់​អាកទិក​នេះ​តែង​ត្រូវ​រៀបចំ​ធ្វើ​រៀងរាល់​ ៦​ ខែ​ម្តង​នៅ​ក្នុង​ទីក្រុង​មួយ​របស់​ប្រទេស​ដែល​ជា​ប្រធាន​ដឹកនាំ​ក្រុម​ប្រឹក្សា​នេះ។​ ហើយ​ប្រទេស​ជា​ប្រធាន​ត្រូវ​បាន​ឆ្លាស់​វេន​គ្នា​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​ទាំង​ ៨​ សំរាប់​អាណត្តិ​រយៈពេល​ ២ ឆ្នាំ។

សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​នេះ​កាលពី​ឆ្នាំ​២០១៥​ មក​ម្ល៉េះ​ ខណៈ​ពេល​ដែល​លោក​ John Kerry ធ្វើ​ជា​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​ក្រោម​អាណត្តិ​របស់​លោក​អតីតៈ​ប្រ​ធានាធិបតី​ បារ៉ាក់​ អូបាម៉ា។​ លោក​ John Kerry ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​ស្រលាញ់​ការពារ​បរិស្ថាន​ដ៏​មោះម៉ុត​ និង​ជា​អ្នក​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ។​ ហើ​​យ​លោក​ក៏​ជា​មនុស្ស​ម្នាក់​សកម្ម​ផង​ដែរ​ ក្នុង​ការ​ជួយ​ជំរុញ​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​អន្តរជាតិ​ស្តីពី​អាកាស​ធាតុ​ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេ​ខា​កាលពី​ចុង​ឆ្នាំ​២០១៥​ នៅ​ទីក្រុង​ប៉ារីសពីសំណាក់​ប្រទេស​ចំនួន​ ១៩៦។​

កាលពី​ក្នុង​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត​ លោក​ ដូណាល់​ ត្រាំ បាន​សន្យា​ថា​នឹង​លប់​ចោល​កិច្ច​ព្រម​ព្រៀង​អាកាស​ធាតុ​នេះ​។​ ប៉ុន្តែ រហូត​មក​ដល់ពេល​នេះ​ លោក​ ត្រាំ​ ស្ទាក់​ស្ទើ​រ​ចិត្ត​មិន​ហ៊ាន​សម្រេច​អ្វី​ឡើយ​ក្នុង​សំណុំ​រឿង​នេះ។​ គាត់បាន​សន្យា​ថា​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​យ៉ាង​យូរ​នា​ចុង​ខែ​ឧសភា​នេះ។

ហើយ​កាលពី​ចុង​ខែ​មេសាកន្លង​ទៅ​នេះ​ លោក​ ដូណាល់​ ត្រាំ​ បាន​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ​ប្រធានាធិបតី​មួយ​ ដើម្បី​ដាក់​បញ្ជា​ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​បម្រាម​ទាំង​ឡាយណា​ ដែល​លោក​អតីតៈ​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ បាន​ដាក់​ចេញ​ក្នុង​គោល​បំណង​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ការ​រុក​រក​ និង​ធ្វើ​អាជីវកម្ម​ធនធាន​ប្រេង​ និង​ឧស្ម័ន​នៅ​តំបន់​អាកទិក។

កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​តំបន់​អាកទិក​នេះ​ត្រូវ​បាន​បិទ​បញ្ចប់​តាមរយៈ​​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ ដោយ​ប្រទេស​ជា​សមាជិក​ឯកភាព​ថា​ ការ​កើន​កំដៅ​ភព​ផែនដី​បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​អេកូ​នៅ​តំបន់​អាកទិក​កំពុង​ទទួល​រង​ផល​ប៉ះពាល់។​ ហើយ​ភាគី​ទាំង​អស់​ក៏​យល់​ព្រម​អនុញ្ញា​ត​ឲ្យ​ក្រុម​អ្នក​ជំនាញ​ផែ្នក​អាកាស​ធាតុ​អាច​ចូល​ទៅ​សិក្សា​ស្រាវជ្រាវ​នៅ​តំបន់​ដែន​ទឹក​អន្តរជាតិ​ក្នុង​មហាសមុទ្រ​អាកទិក​ផង​ដែរ។

ក្រោយ​កិច្ច​ប្រជុំ​នេះ ​ប្រទេស​ហ្វាំង​ឡង់​បាន​ទទួល​វេន​ក្លាយ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​នេះ ​ ពោល​ គឺ​​រហូតដល់​ឆ្នាំ​២០១៩។ សំរាប់​ចក្ខុវិស័យ​​​​​រយៈ​ពេល​ ២ ឆ្នាំ​ខាង​មុខ​ ប្រទេស​ហ្វាំង​ឡង់​បាន​ដាក់​ចេញ​ជា​អាទិភាព​មួយ​ចំនួន​ ក្នុង​នោះ​មាន​ដូចជា​៖​ កិច្ច​ការពារ​បរិស្ថាន​នៅ​តំបន់​អាកទិក​,​ ការ​តំឡើង​ប្រព័ន្ធ​ទូរគមនាគមន៍​,​ ការចែករំលែក​ទិន្នន័យ​ឧត្តុនិយម​រវាង​ប្រទេស​សមាជិក​​ និង​ការ​លើក​កម្ពស់​វិស័យ​អប់រំ​ដល់​ជនជាតិ​ដើម​នៅ​តំបន់​នោះ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ