ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 28/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 28/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 28/05 12h00 GMT

អាមេរិក​តែងតាំង​រដ្ឋ​អាជ្ញា​ពិសេសដើម្បី​​អង្កេត​ទំនាក់ទំនង​​លោក​ត្រាំនិង​រុស្ស៊ី

អាមេរិក​តែងតាំង​រដ្ឋ​អាជ្ញា​ពិសេសដើម្បី​​អង្កេត​ទំនាក់ទំនង​​លោក​ត្រាំនិង​រុស្ស៊ី
 
លោក Robert Mueller ទើប​ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋ​អាជ្ញា​ពិសេស​ អង្កេត​រឿង​លោកត្រាំ​និង​រុស្ស៊ី Foto: Reuters

ក្រសួង​យុត្តិធម៌​អាមេរិក​បាន​ប្រកាស​តែង​តាំង​រដ្ឋអាជ្ញា​ពិសេស​ ដើម្បី​ស៊ើប​អង្កេតលើ​​សំណុំ​រឿង​សង្ស័យ ជុំវិញ​​ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​​លោក ដូណាល់ ត្រាំ​ នា​អំឡុង​ពេល​ឃោសនា​បោះឆ្នោត។ តួនាទី​ជា​រដ្ឋ​អាជ្ញាពិសេស​ ត្រូវ​បាន​ប្រគល់ ទៅ​ឱ្យ​លោក រ៉ូបឺត ម៉ូល័រ Robert Mueller អតីត​នាយក​ភ្នាក់ងារ​ចារកិច្ច​FBI ពី​ឆ្នាំ​២០០១-២០១៣។ តើ​​រដ្ឋអាជ្ញាពិសេស ត្រូវ​បង្កើត​ឡើង​​យ៉ាង​ដូចម្តេច?​ មាន​អំណាច និង​ឯករាជ្យភាព​​យ៉ាងណា ?

ជា​ករណី​ដ៏កម្រ​ណាស់​ក្នុង​ប្រវត្តិ​នយោបាយ​យុត្តិធម៌​អាមេរិក ដែល​មាន​ការ​តែង​តាំង​រដ្ឋអាជ្ញាពិសេស​ យ៉ាង​ដូច្នេះ ! ​ព្រោះ​រដ្ឋអាជ្ញាពិសេស​នេះ ត្រូវ​បាន​តែង​តាំង​ឡើង តែ​ក្នុងករណី​មាន​ភាព​សង្ស័យ​ធំ ត្រូវ​អង្កេត​​ក្នុង​ស្ថាប័ន​កាន់​អំណាច​កំពូលៗ​​របស់​ប្រទេស ឬប៉ះពាល់​ដល់​ប្រយោជន៍​ជាតិ។ រដ្ឋ​អាជ្ញាពិសេស​នេះ​ មាន​អំណាច​អង្កេត​ធំទូលាយ​ខ្លាំង​ជាង​រដ្ឋអាជ្ញា​ធម្មតា ហើយ​​មាន​ឯករាជ្យ​ភាព​មែនទែន។

ការ​ជ្រើស​តាំង​រដ្ឋ​អាជ្ញារពិសេស

ជា​ធម្មតា រដ្ឋ​អាជ្ញាពិសេស​ ត្រូវ​បាន​តែង​តាំង​ឡើង​ដោយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ដែល​មាន​អំណាច និង​សេរីភាព​គ្រប់គ្រាន់​ក្នុង​ការ​សម្រេច​ជ្រើសរើស​ឥស្សរជន​ណា​ម្នាក់​ ឱ្យ​មក​បំពេញ​ភារកិច្ច​នេះ មិន​ថា​ឥស្សរជន​នេះ កំពុង​បំរើ​ការ​ក្នុង​វិស័យ​ឯកជន ឬ​សាធារណៈទេ។
 
លោក រ៉ូបឺត មូល័រ Robert Mueller ដែលទើប​ត្រូវ​បាន​លោក​អនុរដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ Rosenstein តែង​តាំងជា​​រដ្ឋអាជ្ញាពិសេស ម្សិលមិញ​​នេះ ​ជាសមាជិក​ការិយាល័យ​ច្បាប់​ឯកជន​មួយ​​ប៉ុណ្ណោះ។ ប៉ុន្តែ​លោក មាន​ប្រវត្តិរូប​​ល្អ ជា​អតីត​នាយក​ទីភ្នាក់ងារ​​ចារកិច្ច​FBI ពី​ឆ្នាំ​២០០១​ដល់​ឆ្នាំ​២០១៣ ក្រោម​រដ្ឋបាល​លោក ប៊ូស និ​ង​លោក​អូបាម៉ា។ ល្បី​ខាង​មាន​ឯករាជ្យ​ភាព​​ខ្លាំង​ ហើយ​ធន់​នឹង​សម្ពាធ​ពី​ក្រៅ​គ្រប់បែប​យ៉ាង។ លោក ជា​បេក្ខជន​ដ៏​ប្រពៃ​សម្រាប់​តួនាទី​ជា​រដ្ឋ​អាជ្ញា​ពិសេស ! ទាំង​អ្នក​ប្រជាធិបតេយ្យ ទាំង​អ្នក​សាធារណរដ្ឋ សុទ្ធ​តែ​អបអរ​ការ​តែង​តាំង​លោក មូល័រ​ ទាំង​អស់គ្នា។ ​​
 
​បេសកកម្ម និង​អំណាច​របស់​រដ្ឋ​អាជ្ញាពិសេស ​
 
បេសកកម្ម​​ដែល​កំពុង​រង់ចាំ​ លោក Robert Mueller  គឺ​បន្ត​​ការ​​​ស៊ើប​អង្កេត​រក​មើល​ភាព​ជាប់​ពាក់ព័ន្ធ​រវាង​លោក​ត្រាំ និង​រុស្ស៊ី ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ ឆ្នាំ​២០១៦​ផង និង​អង្កេតមើល​ថា​តើ​លោក​ត្រាំ​ពិត​ជា​បាន​​ការ​លូក​ដៃ​ប្រើ​អំណាច​​ជា​ប្រធានាធិបតី​ ដើម្បី​រារាំង​ដំណើរ​ការ​អង្កេត​ប្រឆាំង​ក្រុម​ជំនិត​ខ្លួន​ឯង​ ដូច​ការ​ចោទ​ប្រកាន់​មែន​ដែរ​ឬ​អត់។
 
ថ្វី​បើ​រដ្ឋ​អាជ្ញាពិសេស​នេះ ស្ថិត​ក្រោម​បង្គាប់​របស់​ក្រសួង​យុត្តិធម៌ និង​ប្រធានាធិបតី​អាមេរិក​មែន ប៉ុន្តែ​លោក មូល័រ គ្មាន​​កាតព្វកិច្ច ចាំ​បាច់​ត្រូវ​រាយការណ៍​ជូន​ថ្នាក់​លើទាំងពីរ​​ ជា​ប្រចាំ​រាល់​ថ្ងៃ​ឡើយ។ លោក ជា​ដៃគូជជែក​ដោយ​ផ្ទាល់​របស់​លោក Rosenstein អនុរដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ព្រោះ​រដ្ឋមន្ត្រី​ ត្រូវ​ជាប់​បម្រាម​មិន​ឱ្យ​លូក​ដៃ​ក្នុង​សំណុំ​រឿង​នេះ ដោយ​ទំនង​​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​រុស្ស៊ី​ដែរ។
 
លោក មូល័រ ត្រូវ​ជូន​ព័ត៌មាន​ទៅ​លោក Rosenstein រាល់​សកម្មភាព​អង្កេត​សំខាន់ៗ​ ដែល​លោក​ត្រូវ​ធ្វើ ហើយ​លោក​អនុរដ្ឋ​មន្ត្រី​មាន​សិទ្ធិ​ប្រឆាំង និង​អាច​ដក​លោកមូល័រ​វិញ បាន​គ្រប់​ពេល​ប្រសិន​បើ​មើល​ឃើញ​ថា​រដ្ឋ​អាជ្ញា​រូប​នេះ មាន​កំហុស ឬ​ មាន​ទំនាស់​ផលប្រយោជន៍ ជាប់​ក្នុង​សំណុំ​រឿង​អង្កេត។ តែ​លោក​មូល័រ គឺ​ជា​អ្នក​មាន​អំណាច​ចុចគន្លឹះបើក​​ដំណើរការនីតិវិធី ក្នុង​ក្របខ័ណ្ឌ​អង្កេត។
 
​បើ​តាម​ឧទាហរណ៍​​​កន្លង​មក​ រដ្ឋ​អាជ្ញាពិសេសមាន​ឯករាជ្យភាព​ខ្លាំង​ណាស់។ រដ្ឋអាជ្ញាពិសេស​ ​វិះ​តែ​នឹង​ធ្វើ​ឱ្យ​លោក ប៊ីល គ្លីនតុន ធ្លាក់​ពី​តំណែង​ ព្រោះ​សំណុំ​រឿង​ Monica Lewinsky ស្រី​ញី​របស់​លោក​គ្លីនតុន នៅ​ក្នុង​ឆ្នាំ​១៩៩០។ ​រដ្ឋ​អាជ្ញាពិសេស​​ ​ល្បី​ខ្លាំងជាង​គេ ​គឺ​លោក  Archibald Cox ដែល​បាន​បើក​អង្កេត ​​ប្រឆាំង​នឹង​ប្រធានាធិបតី​ និចស៊ុន រហូត​ដល់អតីត​ប្រធានាធិបតី​រូប​នោះលា​លែង​ចេញ​ពី​តំណែង​នៅ​ឆ្នាំ​១៩៧៤។
 
នីតិវិធី​ដក​តំណែង​ប្រធានាធិបតី​
 
ប្រសិន​បើ​ការ​អង្កេត​ឯករាជ្យ​របស់​រដ្ឋអាជ្ញាពិសេស​ រក​ឃើញ​អំពី​ការ​ពាក់ព័ន្ធ​គ្នា​រវាង​លោក ត្រាំ និង​រុស្ស៊ី ក្នុង​ពេលឃោសនា​​បោះឆ្នោតមែន​ ហើយ​លោក​ត្រាំ ពិត​ជា​ប្រើ​អំណាច​រារាំង ឬ​បិទ​ខ្ទប់​​​ដំណើរ​ការ​អង្កេត​របស់​FBI មែន​ នោះ​អាមេរិក​ពិត​ជា​នឹង​អាច​ធ្វើ​ការ​ចោទ​ប្រកាន់​ប្រធានាធិបតី​ ស្រប​តាម​​នីតិវិធី Impeachment នៃមាត្រ​២​របស់​រដ្ឋធម្មនុញ្ញ ដែល​នឹង​អាច​ឈាន​ដល់​ការដក​តំណែង​ប្រធានាធិបតី​បាន​ហើយ​។
 
តាម​ច្បាប់ ដើម្បី​អាច​ចាប់​ផ្តើម​នីតិវិធី​បាន​ ត្រូវ​មាន​អន្តរាគមន៍​ពី​សភា (តំណាង​ប្រជាជន)និង​ព្រឹទ្ធ​សភា (តំណាង​រដ្ឋ)។  
សភា​ជា​អ្នក​ចាប់​ផ្តើម​មុន ដោយ​ចេញ​ញត្តិ​ចាប់​ថ្នាក់ និងបោះឆ្នោត​អនុម័ត។ បើ​ទទួល​បាន​សំឡេង​គាំទ្រ​ភាគ​ច្រើន​ដាច់​ខាត និង​ភស្តុតាង​គ្រប់គ្រាន់ ​សំណុំ​រឿង​នឹង​ត្រូវ​បញ្ជូន​ទៅឱ្យ​​​ព្រឹទ្ធ​សភាអនុម័ត​សម្រេច។ ​ព្រឹទ្ធ​សភាដើរ​តួនាទី​ជា​តុលាការ​ និង​​បើក​សវនការកាត់​ក្តី។ ក្នុង​ពេល​នោះ ជនជាប់​ឆ្នោត ដែល​​​ត្រូវ​ព្យួរ​តំណែងសិន អាច​​មាន​មេធាវី​ការពារ​ក្តី​ ដូច​ក្នុង​ដំណើរ​ព្រហ្មទណ្ឌ​​ទូទៅ ម្នាក់​ឬ​ច្រើន​នាក់។ បើ​​​​ព្រឹទ្ធ​សភា​​​បោះឆ្នោតប្រមូល​​​សំឡេងបាន​​ពីរ​ភាគ​បី​ ចោទ​ថា​ប្រធានាធិបតី​មាន​ទោស នោះ​លោក​ត្រាំ នឹង​ត្រូវ​ដក​ចេញ​ពី​តំណែងភ្លាម ហើយ​អនុប្រធានាធិបតីត្រូវ​​ទទួល​បន្ទុក​ដឹកនាំ​ប្រទេស​បន្តតែម្តង។
 
គិត​ចាប់​ពី​ឆ្នាំ​១៧៨៩​មក​ ឆ្នាំ​ដែល​រដ្ឋធម្មនុញ្ញ​អាមេរិក​ចូល​ជា​ធរមាន​មក អាមេរិក​បាន​ប្រើ​នីតិវិធី ​Impeachment ដក​តំណែង​ ចំនួន​១៩​ដង ក្នុងនោះ​បី​ដង​ប្រឆាំង​នឹង​ប្រធានាធិបតី គឺ​ លោក អង់ដ្រូ ចនសុន​ នៅ​ឆ្នាំ​១៨៦៨ និង​លោក​ ប៊ីល គ្លីនតុន នៅ​ឆ្នាំ​១៩៩០ ពីបទ​រារាំង​តុលាការ​ដើម្បី​បិទ​ខ្ទប់​សំណុំ​រឿង ម៉ូលីកា ឡឺវែនស្គី ប៉ុន្តែ​ប្រធានាធិបតី​ទាំង​ពីរ ត្រូវ​បាន​សង្គ្រោះ នៅ​ព្រឹទ្ធ​សភា។ តែ​ក្នុង​ក្រោយ​ចប់​អាណត្តិ​ លោក គ្លីនតុន ត្រូវ​តុលាការ​កាត់​ទោស​ក្នុង​សំណុំ​រឿង​ដដែល ឱ្យ​បង់​ខាត​ប្រមាណ​២៥​ម៉ឺន និង​ជាប់​ទោស​មិន​អាច​ឈរ​ឈ្មោះ​ធ្វើ​នយោបាយ​៥​ឆ្នាំ។ ចំណែកករណី​លោកប្រធានាធិបតី​ និចស៊ុន ក្នុង​ឆ្នាំ​១៩៧៤​វិញ លោក​បាន​លាលែង​ចេញពី​តំណែង​មុន​​ដំណើរការ​នីតិវិធីហូតអំណាច​​ចាប់​ផ្តើមទៅ​ទៀត។
 
​ក្នុង​ករណី​លោក ត្រាំ អ្វីៗ​កំពុង​ស្ថិត​ក្នុង​ដៃ​អ្នក​សាធារណរដ្ឋ​ហើយ ! អ្នក​សាធារណរដ្ឋ​ មាន​សំឡេង​ភាគ​ច្រើន​នៅក្នុង​សភា និង​ព្រឹទ្ធ​សភា។​ តើ​ពួកគេ​ត្រៀម​នឹង​ដក​តំណែងប្រធានាធិបតី ​​ដែល​ជា​អ្នក​សាធារណរដ្ឋដូចគ្នាឬ​ទេ ? ធម្មតា​គឺគេ​​មិនធ្វើ​​ទេ តែគ្មាន​អ្វី​ប្រាកដ​ទេ​ពេល​នេះ ព្រោះអ្នក​សាធារណរដ្ឋ​ខ្លះ ទំនង​ជា​សុខ​ចិត្ត​ឃើញ​លោក អនុប្រធានាធិបតី​ដឹកនាំ​ប្រទេស​ ច្រើន​ជាង​លោក ត្រាំ។ បើ​តាមការ​ស្ទង់​មតិ ពលរដ្ឋ​អាមេរិក​៤៨%​ ចង់​ដក​លោក ត្រាំ​ចេញ៕

 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    តើ​​លោក​ដូណាល់ ត្រាំ​ អាច​​ខ្ទាត​ពី​​តំណែង​​ប្រធានាធិបតី​អាមេរិក​​ដែរ​​ទេ?​​

    ស្វែងយល់បន្ថែម

  • អាមេរិក

    លោក​​​​ត្រាំ​​​រង​​ការ​​ចោទប្រកាន់​​ថា​ ធ្លាប់​សុំ​​នាយក​FBI​ ​​អោយ​​​​​បញ្ចប់​​ការ​​អង្កេត​​លើ​​អតីត​​​​ទីប្រឹក្សា​​សន្តិសុខ​​ជាតិ​

    ស្វែងយល់បន្ថែម

  • លោក ត្រាំ រង​ការ​ចោទ​ប្រកាន់ថា​បាន​ផ្តល់​ព័ត៌មាន​សម្ងាត់​ទៅ​ឱ្យរុស្ស៊ី

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    លោក​​ដូណាល់ ត្រាំ​​​ ប្តូរ​​ចម្លើយ​​ចុះឡើង​ទាក់ទង​​នឹង​​ការ​​ដក​តំណែង​​នាយក​​​FBI​​

    ស្វែងយល់បន្ថែម

  • សហរដ្ឋអាមេរិក

    លោក​ដូណាល់ ត្រាំ​កំពុង​ដើរ​ជាន់ដាន​របស់​លោក​និចស៊ុន ?

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    អាមេរិក ៖ លោកត្រាំ​បណ្តេញ​នាយក​FBI ចេញ​តំណែង​ ដោយ​គ្មាន​ប្រាប់​មុន​

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ