ប្រធានាធិបតីប្រេស៊ីលជាប់ចោទពុករលួយ តុលាការកំពូលបើកអង្កេត
ប្រេស៊ីលវិលវល់ក្នុងអំពើពុករលួយមិនអស់មិនហើយសោះ។ រឿងអាស្រូវពុករលួយទើបបានទម្លាក់លោកស្រី ឌីលម៉ា រ៉ូសេហ្វ ឱ្យខ្ទាតពីតំណែងប្រធានាធិបតីប្រេស៊ីលមិនទាន់បានមួយឆ្នាំស្រួលបួលផង ឥលូវប្រធានាធិបតីថ្មីប្រេស៊ីល លោក មីស្ហែល ទេមែរ Michel Temer ក៏កំពុងរងការចោទប្រកាន់ពុករលួយទៀត។ តុលាការកំពូលបានសម្រេចបើកអង្កេត លោកប្រធានាធិបតីកំពុងសាកល្បងស្វែងរកគាំទ្រពីព្រឹទ្ធសភា ដើម្បីអាចតោងអំណាចជាប់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៣១
ប្រធានាធិបតីប្រេស៊ីល លោក មីស្ហែល ទេមែរ ដែលទើបឡើងកាន់អំណាចមិនទាន់បានមួយឆ្នាំ កំពុងរងព្យុះអាស្រូវពុករលួយយ៉ាងខ្លាំង។ ជោគវាសនារបស់លោកអាចនឹងត្រូវសម្រេចនៅប៉ុន្មានថ្ងៃទៀតខាងមុខនេះ ប្រសិនបើលោកមិនអាចរកសម្ព័ន្ធមិត្តនយោបាយមកគាំទ្រ កុំឱ្យឯកា និងផុយស្រួយទេ។
រឿងអាស្រូវបានផ្ទុះឡើងខ្លាំង បន្ទាប់ពីសារព័ត៌មានដ៏ធំរបស់ប្រេស៊ីលបានផ្សព្វផ្សាយសំឡេងលោកប្រធានាធិបតីដែលគេលួចថតដោយសម្ងាត់ កំពុងនិយាយសូកលុយ អតីតប្រធានសភា ដើម្បីបំបិទមាត់គាត់មិនឱ្យបើកកកាយរឿងអាស្រូវពុករលួយPetrobas។ ការទម្លាយព័ត៌មាននេះ បានជំរុញឱ្យតុលាការកំពូល សម្រេចបើកអង្កេតភ្លាម នៅល្ងាចថ្ងៃថ្ងៃព្រហស្បតិ៍ម្សិលមិញ។ ពលរដ្ឋប្រេស៊ីលជាច្រើនពាន់នាក់នាំគ្នាចុះថ្នល់ធ្វើបាតុកម្ម ហើយបក្សប្រឆាំងបានធ្វើញត្តិចាប់ថ្នាក់ ទាមទារឱ្យលោកប្រធានាធិបតីលាលែងចេញពីតំណែង និងបានដាក់ស្នើទៅកាន់សភាឱ្យដកតំណែងប្រធានាធិបតី។
សូមរំលឹកថាគឺរឿងអាស្រូវពុករលួយថ្នាក់ជាតិ ប៉េត្រូបាសនេះហើយ ដែលបានរុញទម្លាក់ប្រធានាធិបតីប្រេស៊ីលមុន គឺលោកស្រី ឌីលម៉ា រ៉ូសេហ្វ ឱ្យខ្ទាតចេញពីតំណែង កាលពីខែសីហា ២០១៦ តែបានរុញលោក ទេមែរ ដែលជាអនុប្រធានាធិបតី ឱ្យបានក្លាយជាប្រមុខរដ្ឋ ជំនួសលោកស្រី។ កាលណោះលោកស្រី រ៉ូសេហ្វ បានចោទប្រកាន់ លោក ទេមែរ ថារួមដៃជាមួយអតីតប្រធានសភា ធ្វើរដ្ឋប្រហារដើម្បីដណ្តើមអំណាចពីលោកស្រី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ