អានតួអត្ថបទ

ប្រធានាធិបតីប្រេស៊ីលជាប់​ចោទ​​ពុករលួយ តុលាការ​កំពូល​បើក​អង្កេត

ប្រេស៊ីល​វិល​វល់​ក្នុង​អំពើ​ពុក​រលួយ​មិន​អស់​មិន​ហើយ​សោះ។ រឿងអាស្រូវ​ពុក​រលួយ​ទើប​បាន​ទម្លាក់លោកស្រី ឌីលម៉ា រ៉ូសេហ្វ ឱ្យ​ខ្ទាត​ពី​តំណែង​​ប្រធានាធិបតី​​ប្រេស៊ីល​មិន​ទាន់​បាន​មួយ​ឆ្នាំ​ស្រួល​បួល​ផង ឥលូវ​ប្រធានាធិបតី​ថ្មី​ប្រេស៊ីល​ លោក មីស្ហែល ទេមែរ Michel Temer ក៏​កំពុង​រង​ការ​ចោទ​ប្រកាន់​ពុក​រលួយ​ទៀត។ តុលាការ​កំពូល​បាន​សម្រេច​បើក​អង្កេត​ លោក​ប្រធានាធិបតី​កំពុង​សាក​ល្បង​ស្វែង​រក​គាំទ្រ​ពី​ព្រឹទ្ធ​សភា ដើម្បី​អាច​តោង​អំណាច​ជាប់។

លោក Michel Temer ប្រធានាធិបតី​ប្រេស៊ីល
លោក Michel Temer ប្រធានាធិបតី​ប្រេស៊ីល REUTERS/Ueslei Marcelino
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​ប្រេស៊ីល​​ លោក មីស្ហែល ទេមែរ ដែល​ទើប​ឡើង​កាន់​អំណាច​មិន​ទាន់​បាន​មួយ​ឆ្នាំ កំពុង​រង​ព្យុះ​អាស្រូវ​ពុក​រលួយយ៉ាង​ខ្លាំង។ ជោគវាសនា​របស់​លោក​​អាច​នឹង​ត្រូវ​សម្រេច​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​ខាង​មុខ​នេះ ប្រសិន​បើ​លោក​មិន​អាច​រក​សម្ព័ន្ធមិត្ត​នយោបាយមក​គាំទ្រ​ កុំ​ឱ្យ​​ឯកា និង​ផុយស្រួយទេ។

រឿង​អាស្រូវ​បាន​ផ្ទុះ​ឡើង​​ខ្លាំង បន្ទាប់​ពី​​សារព័ត៌មាន​ដ៏​ធំ​របស់​ប្រេស៊ីល​បាន​ផ្សព្វផ្សាយ​សំឡេងលោក​ប្រធានាធិបតី​​ដែល​គេ​លួច​ថត​ដោយ​សម្ងាត់ ​កំពុង​និយាយ​សូក​លុយ អតីត​ប្រធាន​សភា​ ដើម្បី​​បំបិទ​មាត់គាត់​មិន​ឱ្យ​បើក​កកាយ​រឿងអាស្រូវ​ពុក​រលួយ​Petrobas។ ការ​ទម្លាយ​ព័ត៌មាន​នេះ បាន​ជំរុញ​ឱ្យ​តុលាការ​កំពូល សម្រេច​បើក​អង្កេត​ភ្លាម​​ នៅ​ល្ងាច​ថ្ងៃ​​ថ្ងៃព្រហស្បតិ៍ម្សិលមិញ​។ ពលរដ្ឋ​ប្រេស៊ីល​ជា​ច្រើន​ពាន់​នាក់​នាំ​គ្នា​ចុះ​ថ្នល់​ធ្វើ​បាតុកម្ម ហើយ​បក្ស​ប្រឆាំង​បាន​ធ្វើ​ញត្តិ​ចាប់​ថ្នាក់ ទាមទារ​​ឱ្យ​លោក​ប្រធានាធិបតី​លាលែង​ចេញ​ពី​តំណែង និងបាន​ដាក់​ស្នើ​ទៅ​កាន់​សភា​ឱ្យ​ដក​តំណែង​ប្រធានាធិបតី។​​

សូម​រំលឹក​ថា​គឺ​រឿង​អាស្រូវ​ពុក​រលួយថ្នាក់​ជាតិ ​ប៉េត្រូ​បាស​​​​នេះ​ហើយ ដែល​បាន​រុញ​ទម្លាក់​​ប្រធានាធិបតី​ប្រេស៊ីល​មុន​ គឺ​លោក​ស្រី ឌីលម៉ា រ៉ូសេហ្វ​ ឱ្យ​ខ្ទាត​ចេញ​ពី​តំណែង កាលពី​ខែ​សីហា ២០១៦ តែ​បាន​រុញ​លោក ទេមែរ ដែល​ជា​អនុប្រធានាធិបតី​ ឱ្យ​បាន​ក្លាយ​​ជា​ប្រមុខ​រដ្ឋ​ ជំនួស​លោកស្រី។ កាលណោះ​លោកស្រី រ៉ូសេហ្វ​ ​​បាន​ចោទ​ប្រកាន់ លោក ទេមែរ​ ថារួម​ដៃ​ជាមួយ​អតីត​ប្រធានសភា​​ ​​ធ្វើ​​រដ្ឋប្រហារ​ដើម្បី​ដណ្តើម​អំណាច​ពី​លោកស្រី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ