អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​​ នាង​​ Ivanka ​Trump ​ពិត​​ជា​​អ្នក​​តស៊ូ​​មតិ​​លើក​​តម្កើង​​សិទ្ធិ​​ស្រ្តី​​មែន​​ដែរ​​ឬ​ទេ​?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​សប្តាហ៍​មុន​ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ និង​ប្រទេស​សហព័ន្ធ​អារ៉ាប់​រួម​បាន​សន្យា​ផ្តល់​ថវិការ​ចំនួន​ ១០០ លាន​ដុល្លារ​ ចំពោះ​គំរោង​បង្កើត​មូលនិធិ​ជួយ​ដល់​ស្រ្តី​របស់​នាង​ Ivanka Trump។​ នាង​​ជា​កូន​ស្រី​បង្កើត​របស់​លោក​ ដូណាល់​ ត្រាំ​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។​ ទន្ទឹម​គ្នា​នោះ​ផង​ដែរ​ នាង​ Ivanka Trump ទើប​តែ​បាន​ចេញ​ផ្សាយ​ស្នាដៃ​សៀវភៅ​មួយ​ ដែល​ចង់​លើក​តម្កើង​តួនាទី​ស្រ្តី​ និង​ចង់​ជំរុញ​ឲ្យ​ស្រ្តី​​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ក្នុង​អាជីព​ការងារ។​ ប៉ុន្តែ បណ្តាញ​សារព័ត៌មាន​អាមេរិក​ ក្រុម​អ្នក​ប្រឆាំង​ និង​បណ្តា​ឥសរ្សជន​មួយ​ចំនួន​កំពុង​តែ​មាន​មន្ទិល​សង្ស័យ​ចំពោះ​បុព្វហេតុ​លើក​តម្កើង​សិទ្ធិ​ស្រ្តី​របស់​នាង​ Ivanka Trump។

Ivanka Trump​ ជាមួួយ​ឪពុក​លោក​ Donald Trump នៅសេតវិមាន​ថ្ងៃទី​២៤ មេសា​​២០១៧​​
Ivanka Trump​ ជាមួួយ​ឪពុក​លោក​ Donald Trump នៅសេតវិមាន​ថ្ងៃទី​២៤ មេសា​​២០១៧​​ REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

ដំណឹង​ស្តីពី​កញ្ចប់​ថវិការ​ចំនួន​ ១០០ លាន​ដុល្លារ​របស់​ប្រទេស​អារ៉ាបប៊ីសាអ៊ូឌីត​ និង​ប្រទេស​សហព័ន្ធ​អារ៉ាប់​រួម​នេះ​ត្រូវ​បាន​មនុស្ស​ជំនិត​ជុំវិញ​លោក​ប្រធានាធិបតី​អាមេរិក​បង្ហើប​ឲ្យ​ដឹង។​​ ពោល​ គឺ​គាប់​ជួន​គ្នា​ក្នុង​ពេល​ដែល​លោក​ ដូណាល់​ ត្រាំ​ បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​មុន នៅ​រដ្ឋ​ធានី​រីយ៉ាដ ប្រទេស​អារ៉ាប៊ីសាអូឌីតមែនទែន​​ទៅ​ ចំនួន​កញ្ចប់​ថវិការ​ផ្តល់​ដោយ​ប្រទេស​មហា​អំណាច​ប្រេង​កាត​ទាំង​ពីរ​នេះ​ត្រូវ​បាន​លោក​ ជីម​ យ៉ុង​ គីម​ (Jim Yong Kim) ប្រធាន​ធនាគារ​ពិភព​លោក​ប្រកាស​ឲ្យ​ដឹង​ក្នុង​កំឡុង​ពេល​ប្រជុំ​តុ​មូល​មួយ​ស្តីពី​ស្រ្តី​។

​នាង​ Ivanka Trump ក៏​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នេះ​ផង​ដែរ។ កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នា​ថ្ងៃ​អាទិត្យ​ ទី​២១ ឧសភា​ នាទីក្រុង​រីយ៉ាដ​ ប្រទេស​អារ៉ាប៊ី​សាអូឌីត។ ពោល​ គឺ​មួយ​ថ្ងៃ​មុន​ដំណើ​រ​ទស្សនកិច្ច​របស់​ឪពុក​នាង​ គឺ​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ នៅ​ក្នុងព្រះ​រាជា​ណាចក្រ​ឈូង​សមុទ្រ​ពែក្ស​មួយ​នេះ។

 

តាមពិត​ទៅ​ គំនិត​បង្កើត​មូលនិធិសំរាប់​ជួយ​ដល់​ស្រ្តី​នេះ​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​រវាង​នា​ង Ivanka Trump និង​លោកស្រី​ Angela Merkel អធិការបតី​អាល្លឺម៉ង់។​ ស្រ្តី​ទាំង​រូប​នេះ​បាន​ជួប​ពិភាក្សា​គ្នា​កាល​ពី​ខែ​មេសា​កន្លង​ទៅ​នេះ​ នៅ​ទីក្រុង​ប៊ែរឡាំង​ ប្រទេស​អាល្លឺម៉ង់​ នា​ឱកាស​ជំនួប​កំពូល​ស្តី​ពី​ស្រ្តី​ និង​ភាព​ជា​សហគ្រិន​។​ ​គំរោង​មូលនិធិ​នេះ គឺ​នឹង​ត្រូវ​បង្កើត​ឡើង​ក្នុង​ន័យ​ជួយ​ផ្តល់​​​​​​​​ឥណទាន​ខ្នាត​តូច​ដល់​ស្រ្តី​ទាំង​ឡាយណា​ ដែល​រស់​នៅ​តាម​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឈន៍​ ដើម្បីឲ្យ​ពួក​គេ​អាច​បើក​អាជីវកម្ម​ខ្នាត​តូច​ចិញ្ចឹម​ជីវិត។

លោក​ប្រធានធនាគារ​ពិភព​លោក​ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ផងដែរ​ថា​ បណ្តា​ប្រទេស​ជឿនលឿន​ដ៏​ទៃ​ទៀត​ ក្នុង​នោះ​ក៏​មាន​សហរដ្ឋ​ផង​ដែរ​ នឹង​ចូលរួម​បរិច្ចាក​ថវិការ​ ដើម្បី​ឲ្យ​មូលនិធិ​សំរាប់​ស្រ្តី​នេះ​អាច​លេច​ចេញ​ជា​រូបរាង​ឡើង។​ ហើយ​ធនាគារ​ពិភព​លោក​គ្រោង​នឹង​ប្រកាស​ដំណឹង​នេះ​ជា​ផ្លូវ​ការ​នា​ឱកាស​​ជំនួប​កំពូល​ប្រទេស​ G20 ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ខែ​កក្កដា​ខាង​មុខ​នេះ ​នៅ​ទីក្រុង​ Hambourg ប្រទេស​អាល្លឺម៉ង់។

មិន​ត្រឹម​តែ​ជា​កូនស្រី​របស់​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ នាង​ Ivanka Trump ក៏​មាន​ឋានៈ​ជា​ទីប្រឹក្សាផ្ទាល់​របស់​​លោក​ ដូណាល់​ ត្រាំ​ ផងដែរ។​ នាង​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ភែ្នក​ត្រចៀក​ និង​ជា​មនុស្ស​មាន​ឥទ្ធិពល​អាច​ឲ្យ​ឪពុក​នាង​ផ្លាស់​ប្តូរ​យោបល់​លើ​អ្វី​មួយ​។​​ នាង​ក៏​ជា​ភរិយា​របស់​លោក​ Jared Kushner ដែល​ជា​ទីប្រឹក្សា​ពិសេស​របស់​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ និង​ជា​មនុស្ស​មាន​អំណាច​ស្ទើរ​តែ​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ឡើយ​នៅ​សេត​វិមាន។

ដើម្បី​អាច​បំពេញ​តួនាទី​នេះ​ នាង​ Ivanka Trump សុខ​ចិត្ត​អត់​ទទួល​យក​ប្រាក់​ខែ។​ ហើយ​នាង​បាន​លាលែង​តំណែង​ចេញ​ពីក្រុមហ៊ុន​ Trump Organization របស់​ឪពុក​នាង ​និង​ក្រុមហ៊ុន​របស់​នាង​ផ្ទាល់​ដែល​គ្រប់​គ្រង​ជំនួញជា​ច្រើន​មុខ​។​ ក្រោយ​ពី​ឪពុក​នាង​បាន​ជាប់​ឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី នាង​ Ivanka Trump បាន​ដើរ​តួរ​សំខាន់​មួយ​មិន​ធ្លាប់​មាន​ពីមុន​មក។​ ពេល​ខ្លះ​​ នាង​​សឹង​តែ​ក្លាយ​ជា​ស្រ្តី​ទីមួយ​ ​ ពោល​ គឺ​សឹង​តែ​ដើរតួ​លេចធ្លោជំនួស​ភរិយា​របស់​ឪពុក​នាង​ គឺ​លោកស្រី​ Melania Trump។ ពេល​ខ្លះ​​ទៀត​ នាង​ក៏​ដើរ​តួនាទី​ជា​ទីប្រឹក្សា​ផ្ទាល់ ​ដោយ​មាន​គំរោង​ជួយ​លើក​កម្ពស់​សិទ្ធិ​ស្រ្តី​។

បើ​ក្រឡេក​មើល​ទៅ​ ​តួនាទី​ទាំង​នេះ​ហាក់​មាន​ភាព​ស្រពិច​ស្រពិល​មិន​ច្បាស់​លាស់​ឡើយ។​ មិន​ច្បាស់​លាស់​ដោយសារ​តែ​នាង​ជា​មនុស្ស​ជំនិត​ការពារ​គោលនយោបាយ​របស់​ឪពុក​នាង​។​ ចាប់​តាំង​ពី​បាន​ក្លាយ​ជា​ប្រធានាធិបតី លោក​ ដូណាល់​ ត្រាំ បាន​លប់​ចោល​ជំនួយ​ថវិកា​ដើម្បី​​អនុញ្ញាតិ​ឲ្យ​ស្រ្តី​​អាច​ពន្លូត​កូន​ និង​ឈប់​ឧបត្ថម្ភ​ជំនួយ​ដល់​ទីភ្នាក់​ងារ​អភិវឌ្ឍន៍​អាមេរិក​ ដែល​គាំទ្រ​កម្មវិធី​ពន្យារ​កំណើត​នៅ​តាម​ប្រទេស​កំពុង​អភិវឌ្ឍន៍។

កាលពី​ដើម​ខែ​ឧសភា​នេះ​ នាង​ក៏​បានចេញផ្សាយ​សៀវភៅ​មួយ​ក្បាល​ដែល​មាន​ចំណង​ជើង​ថា​ ស្រ្តី​ប្រឡូក​ក្នុង​ការងារ​៖​ សរសេរ​គន្លិះ​ជោគជ័យ​ឡើង​វិញ​។ នៅ​ក្នុង​សៀវភៅ​នេះ​ នាង​បាន​រៀបរាប់​ពី​បំណង​ក្នុង​ការ​បង្កើត​គំរោង​មួយ​ចំនួន​សំរាប់​ស្រ្តី​។​ ក្នុង​នោះ​មាន​ដូចជា ១) គឺ​កម្មវិធី​មាតុភាព​ថ្នាក់​ជាតិ​ក្នុង​ការ​ផ្តល់ពេល​ឈប់​សំរាក​ដោយ​មាន​ប្រាក់​បៀវត្សរ៍​ដល់​ស្រ្តី​អាមេរិក​ទាំង​ឡាយ​ណា ​ដែល​ត្រូវ​ឈប់​សំរាក​ពីការងារ​ក្រោយ​ពី​សម្រាល​កូន​។ សព្វ​ថ្ងៃ​នេះ​ មាន​ស្រ្តី​អាមេរិក​ចំនួន​តែ ១២% ប៉ុណ្ណោះ​បាន​ទទួល​សិទ្ធិ​ឈប់​សំរាប​បែប​នេះ ដោយសារ​តែ​ក្រុមហ៊ុន​របស់​ខ្លួន​ជា​អ្នក​ផ្តល់​ឲ្យ។ នាង​មាន​បំណង​បញ្ចុះ​បញ្ជូល​ពួក​សមាជិក​សភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​ឲ្យ​ជួយ​គាំទ្រ​គំនិត​ផ្តួច​ផ្តើម​នេះ។​

២) គឺ​បង្កើត​មូលនិធិ​សំរាប់​ជួយ​ស្រ្តី​ដែល​ជា​សហគ្រិន​នៅ​តាម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ដូច​ដែល​បាន​ពន្យល់​ពី​ខាង​ដើម។ សៀវភៅ​នេះ​ត្រូវ​បាន​សរសេរ​មុន​ពេល​ឪពុក​នាង​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី។​ ហើយ​សៀវភៅ​នេះ​ត្រូវ​បាន​បោះពុម្ភ​ផ្សាយ​ក្នុង​ឱកាស​គំរប់ខួប​ ១០០ ថ្ងៃ ​ដែល​ឪពុក​នាង​បាន​ឡើង​កាន់​កាប់​អំណាច​។​ បើ​គិត​ឲ្យ​ជ្រៅ​បន្តិច​ តាម​ពិត​​ នេះ​ជា​ជម្រើស​យុទ្ធសាស្រ្ត​ផែ្នក​ទីផ្សារ​សុទ្ធសាធ ​ដើម្បី​ផ្សព្វ​ផ្សាយ​សៀវភៅ​របស់​នាង​ឲ្យ​លក់​ដាច់។​

នៅ​ក្នុង​សៀវភៅ​នេះ បទពិសោធន៍ និង​ភាព​ជោគជ័យ​របស់​មនុស្ស​ល្បី​ឈ្មោះ​ចំនួន ២០៨ នាក់​ត្រូវ​បាន​លើក​យក​មក​​ធ្វើ​ជា​ឧទាហរណ៍​។ បណ្តា​សារព័ត៌មាន​អាមេរិក​ ក្រុម​អ្នក​ប្រឆាំង​នឹង​គោល​នយោបាយ​ឪពុក​នាង​ និង​បណ្តា​ស្រ្តី​មួយ​ចំនួន​ដែល​នាង​ Ivanka Trump កោត​សរសើរ​ក្នុង​សៀវភៅ​នេះ​បាន​បន្ទោស​ថា​ នាង​ Ivanka Trump កំពុង​តែ​យក​លេស​ការ​ពារ​សិទ្ធិ​ស្រ្តី​មក​ធ្វើ​ជា​ខែល ដើម្បី​តែ​ប្រយោធន៍​នយោបាយ​របស់​ឪពុក​នាង​។​ ពួក​គេ​យល់​ថា​​ បុព្វហេតុ​នេះ​គ្រាន់​តែ​ជា​សំបក​ក្រៅ ដើម្បី​ទាក់​ទាញ​ក្រុម​អ្នក​បោះឆ្នោត​ស្រ្តី​តែ​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ